៩ខែឆ្នាំនេះ អគ្គនាយកពន្ធដារប្រមូលចំណូលពន្ធ សម្រាប់ថវិកាជាតិបានជិត១.៧ពាន់លានដុល្លារ

FN ៖ រយៈពេល៩ខែ ឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានពន្ធដារ​​ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ៦,‌៧៦៦.៣៧ប៊ីលានរៀល (ប្រមាណ១,៦៩១.៥៩លានដុល្លារអាមេរិក) កើនឡើង១៧.៥៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែតុលានេះ។ លោក គង់ វិបុល ដែលអញ្ជើញជាអធីបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨ នៅថ្ងៃទី១៨ ខែតុលានេះ បានបញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០១៨ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូល បានសរុបចំនួន ៦,‌៧៦៦.៣៧ ប៊ីលានរៀល (ប្រមាណ១,៦៩១.៥៩ លានដុល្លារអាមេរិក) ស្មើនឹង៨៧.៩៥% នៃផែនការ។ ដោយឡែកសម្រាប់ខែកញ្ញា ឆ្នាំ២០១៨ លទ្ធផលប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ ទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូល បាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន៧៥៣.១៧ ប៊ីលានរៀល (ប្រមាណជា១៨៨.២៩លានដុល្លារអាមេរិក) ស្មើនឹង៩.៧៩% នៃផែនការច្បាប់។…

រដ្ឋបាលខេត្តព្រះសីហនុ៖ បឹងព្រែកទប់ត្រូវកែច្នៃជាកន្លែងទេសចរណ៍ លែងជាប្រភពផ្គត់ផ្គង់ទឹកស្អាតទៀតហើយ

FN ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសនៅយប់ថ្ងៃទី១៨​ ខែតុលា ឆ្នាំ២០១៨នេះថា បឹងព្រែកទប់កណ្តាលក្រុងព្រះសីហនុ ដែលធ្លាប់ប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ទឹកសាបជូនប្រជាពលរដ្ឋនោះ នឹងត្រូវកែច្នៃជាកន្លែងទេសចរណ៍ លែងប្រើប្រាស់ជាប្រភពផ្គត់ផ្គង់ទឹកសាបទៀតហើយ។ ការប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើឡើងបន្ទាប់ពីមានការប្រតិកម្មនានាជុំវិញការលុបបឹងមួយនេះ ក៏ដូចជាសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន កាត់ផ្ទៃដីជាង ១១ហិកតាចេញពីតំបន់អភិរក្សបឹងព្រែកទប់។ រដ្ឋបាលខេត្តព្រះសីហនុ បានអះអាងថា ថ្មីៗនេះរាជរដ្ឋាភិបាល បានផ្តល់សិទ្ធិជូនក្រុមហ៊ុនឯកជន កាត់ផ្ទៃបឹងមួយចំណែកសម្រាប់ធ្វើការអភិវឌ្ឍន៍ និងមួយភាគធំទៀតកែលម្អរឲ្យទៅជាសួនរមនីយដ្ឋានទេសចរណ៍។ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានបញ្ជាក់ដែរថា នៅក្នុងគម្រោងដែលបានគ្រោងទុក គឺមានសាងសង់នូវផ្លូវកាត់បឹងព្រែកទប់ ដើម្បីបញ្ជៀសចរាចរ ព្រមទាំងមានការរៀបចំតុបតែងលម្អដោយភ្លើងពណ៌ផងដែរ។ ការរៀបចំកែលម្អផ្ទៃបឹងនេះ នឹងត្រូវធ្វើឡើងប្រកបដោយលក្ខណៈបច្ចេកទេសខ្ពស់ ព្រមទាំងឲ្យក្លាយទៅជារមនីយដ្ឋានទេសចរណ៍កម្សាន្ត ដែលមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត។ បើតាមរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រភពទឹកស្អាតដែលត្រូវផ្គត់ឲ្យការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ​ នឹងត្រូវយកចេញពីអាងស្តុកទឹកតំបន់ក្បាលឆាយ ដែលជាប្រភពទឹកធម្មជាតិ មានវិសាលភាពផ្គត់ផ្គង់លើការប្រើប្រាស់គ្មានការព្រួយបារម្មណ៍ ជំនួសបឹងព្រែកទប់​ ដែលពីមួយឆ្នាំទៅមួយឆ្នាំបានការគោករាក់ និងបាត់បង់គុណភាព៕

កម្ពុជានាំចេញជ័រកៅស៊ូជាង១៤ម៉ឺនតោន បានចំណូលជិត២០០លានដុល្លារ នៅរយៈពេល៩ខែ ឆ្នាំ២០១៨នេះ !

FN ៖ នៅរយៈពេល៩ខែ ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូ បានជាង១៤ម៉ឺនតោន ទទួលចំណូលជិត២០០លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាច ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ។ របាយការណ៍បានបញ្ជាក់ថា រយៈពេល៩ខែ ចាប់ពីខែមករា ដល់ ខែកញ្ញា ឆ្នាំ២០១៨ បរិមាណបញ្ចេញលក់ជ័រកៅស៊ូសរុបចំនួន ១៤០,៣០៣តោន បានកើនឡើងចំនួន ២៥,២៤០តោន ស្មើនឹង២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៧។ សម្រាប់តម្លៃជ័រកៅស៊ូជាមធ្យមក្នុងរយៈពេល៩ខែមកនេះ មានតម្លៃ ១,៣៦៧ដុល្លារក្នុង១តោន តម្លៃនេះបានធ្លាក់ចុះ៣០៤ដុល្លារក្នុង១តោន ស្មើនឹង១៨ភាគរយ។ សូមជម្រាបថា កម្ពុជាមានផ្ទៃដីកៅស៊ូ សរុបចំនួន៤២៧,៩៩៨ហិកតា ដែលក្នុងនោះ មានផ្ទៃដីចៀរជ័រមានចំនួនជាង២០ម៉ឺនហិកតា ស្មើនឹង៤៧ភាគរយ និងផ្ទៃដីថែទាំ មានចំនួនជាង២២ម៉ឺនហិកតា។ សូមបញ្ជាក់ថា នៅឆ្នាំ២០១៧ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត២០ម៉ឺនតោន ទទួនចំណូលប្រមាណ៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕