គ.ជ.ប នឹងរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅថ្ងៃទី២១-២២ ខែកញ្ញា​

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងរៀបចំសន្និបាតបូកសរុបការងារ បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នាថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលសន្និបាតសាលាខេត្តកំពត។

សេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ សន្និបាតនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ លោក នុត សុខុម អនុប្រធាន គ.ជ.ប នឹងថ្លែងសុន្ទរកថា បើកអង្គសន្និបាតនៅចំពោះមន្ដ្រី គ.ជ.ប និងភាគីពាក់ព័ន្ធសរុបប្រមាណ៨០០នាក់។

លុះនៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ពិធីបិទអង្គសន្និបាត នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប។

...Read More

គ.ជ.ប សម្រេចលុបឈ្មោះតំណាងរាស្ត្រ៥០នាក់ ដែលកាន់តំណែងក្នុងរាជរដ្ឋាភិបាល ហើយទទួលស្គាល់តំណាងរាស្រ្តថ្មី៣៨នាក់

FN ៖ ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃនេះ បានសម្រេចលុបឈ្មោះតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា ចំនួន៥០នាក់ ដែលចូលកាន់តំណែងក្នុងរាជរដ្ឋាភិបាល ហើយធ្វើឡើងបន្ទាប់ពីពួកគាត់លាលែងពីសមាជិកសភា។

ទន្ទឹមនឹងនេះ គ.ជ.ប ក៏បានប្រកាសទទួលស្គាល់ តំណាងរាស្ត្រដែលស្ថិតក្នុងលេខរៀងបម្រុង ឲ្យក្លាយជាតំណាងរាស្ត្រពេញសិទ្ធិ ជំនួសតំណាងរាស្ត្រចាស់ របស់គណបក្សប្រជាជនកម្ពុជា ចំនួន៣៨នាក់ផងដែរ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ គ.ជ.ប បានទទួលលិខិតស្នើសុំ ពីគណបក្សប្រជាជនកម្ពុជា ស្តីពីការប្រកាសទទួលស្គាល់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៦។

គណបក្សប្រជាជនកម្ពុជា​ បានជូនដំណឹងថា «ថ្មីៗនេះ មានអ្នកតំណាងរាស្ត្រ និងបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្ស តាមមណ្ឌលរាជធានី ខេត្តមួយចំនួន បានដាក់ពាក្យលាលែង»។

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨​ គ.ជ.ប បានឯកភាពលុបឈ្មោះ និងទទួលស្គាល់បេក្ខជនតំណាងរាស្ត្រ នីតិកាលទី៦ អនុលោមតាមមាតា្រ១៣៩ នៃច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល មាត្រានេះចែងថា «សមាជិករដ្ឋសភា ត្រូវបាត់បង់សមាជិកភាពរបស់ខ្លួន ទៅតាមករណីជាច្រើន តួយ៉ាង សាម៉ីខ្លួនសុំលាឈប់ជាលាយលក្ខណ៍អក្សរ ពីសមាជិករដ្ឋសភា។ សាម៉ីគណបក្សនោះ អាចស្នើជ្រើសតាំងសមាជិកថ្មី ជំនួសដោយជ្រើសរើសក្នុងចំណោមបេក្ខជន ដែលមានឈ្មោះតាមលំដាប់លេខរៀង ក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នៃមណ្ឌលបោះឆ្នោត របស់មណ្ឌលខ្លួនមកជំនួស ដោយមិនបាច់បោះឆ្នោតឡើងវិញ»៕

...Read More

ទីបំផុតលទ្ធផលផ្លូវការបង្ហាញថា គណបក្សប្រជាជនកម្ពុជា ឈ្នះអាសនៈទាំង១២៥ គ្រប់គ្រងអាសនៈសភាទាំងអស់តែម្តង

FN ៖ លទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ បានបង្ហាញទាំងស្រុងហើយ នៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានគ្រប់គ្រងអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភាតែម្តង ចំណែកគណបក្សផ្សេងៗ ដែលចូលរួមក្នុងការបោះឆ្នោតពុំបានទទួលអាសនៈណាមួយឡើយ។

តាមលទ្ធផលផ្លូវការដែលចេញផ្សាយដោយ គ.ជ.ប បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សបានទទួលសំឡេងគាំទ្រច្រើនលើសលប់ រហូតដល់៤,៨៨៩,១១៣សំឡេង ស្មើនឹងប្រមាណ ៧៧ភាគរយនៃសំឡេងសន្លឹកឆ្នោតបានការ ទាំងមូល ៦,៣៦២,២៤១។ នៅគ្រប់បណ្តារាជធានី/ខេត្ត គណបក្សកាន់អំណាច៥ អាណត្តិជាប់ៗគ្នាកន្លងមក ទទួលបានសំឡេងគាំទ្រនាំមុខគេដាច់ បើធៀបនឹងគណបក្សនយោបាយទាំង១៩ផ្សេងទៀត ដែលចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត។

...Read More

លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦

FN ៖ លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសហើយ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងនោះគណបក្សប្រជាជនកម្ពុជា មានសំឡេងនាំមុខលើសលប់ នៅគ្រប់បណ្តាមណ្ឌលរាជធានី ខេត្ត។

តួលេខចុងក្រោយ ដែលបង្ហាញក្នុងលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត ដែលផ្សព្វផ្សាយនៅព្រឹកនេះ បានឱ្យដឹងថា ចំនួនអ្នកចូលរួមបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានចំនួនរហូតដល់ ៦,៩៥៦,៩០០នាក់ ដែលស្មើនឹង ៨៣.០២ភាគរយ នៃចំនួនប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីទាំងអស់។

សម្រាប់លទ្ធផលបណ្តោះអាសន្ននេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចបានទទួលសំឡេងគាំទ្រច្រើនលើសលប់រហូតដល់ ៤,៨៨៩,១១៣សំឡេង ចំណែកគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រ ៣៧៤,៥១០សំឡេង, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ទទួលបានសំឡេង ៣០៩,៣៦៤សំឡេង។ តពីក្រោយនេះ គឺគណបក្សឆន្ទៈខ្មែររបស់កូនប្រុសលោកគង់ គាំ ដែលមានចំនួន ២១២,៨៦៩សំឡេង។

ទោះជាយ៉ាងនេះក្តី ក្នុងការប្រកាសលទ្ធផលបណ្តោះអាសន្ននេះ មិនទាន់ឃើញមានការបង្ហាញចំនួនអាសនៈនៅក្នុងរដ្ឋសភា ដែលគណបក្សនីមួយៗទទួលបាននៅឡើយទេ។ ប៉ុន្តែបើតាមការគណនាតាមរូបមន្ត ដែលកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនោះ គឺតាមរយៈសំឡេងដ៏ច្រើនលើសលប់នេះ គណបក្សប្រជាជនកម្ពុជា អាចនឹងទទួលបានអាសនៈទាំងអស់ចំនួន១២៥ នៅក្នុងរដ្ឋសភាតែម្តង។

យ៉ាងណាក៏ដោយ បន្ទាប់ពីប្រកាសលទ្ធផលបណ្តោះអាសន្ននេះ គ.ជ.ប ក៏អនុញ្ញាតឱ្យគណបក្សផ្សេងៗ ដែលចូលរួមក្នុងការបោះឆ្នោត ដាក់ពាក្យប្តឹងតវ៉ាផងដែរ ប្រសិនបើជំទាស់ទៅនឹងការប្រកាសលទ្ធផលនេះ។ បើសិនជាការប្តឹងជំទាស់មិនកើតមាន ឬដោះស្រាយទាន់ពេលវេលា លទ្ធផលផ្លូវការនឹងត្រូវប្រកាសនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ តែម្តង៕

...Read More

គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការ អំពីលទ្ធផលសវនាការ ជំនុំជម្រះសំណុំរឿង យុទ្ធនាការម្រាមដៃស្អាត នៅខេត្តបាត់ដំបង

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ អំពីលទ្ធផលនៃសវនាការ ជំនុំជម្រះសំណុំរឿងយុទ្ធនាការម្រាមដៃស្អាត នៅខេត្តបាត់ដំបង ដោយក្នុងនោះក្រុមប្រឹក្សាជំនុំជម្រះគ.ជ.ប បានសម្រេចតម្កល់ការផាកពិន័យ១០លានរៀល ទៅលើឈ្មោះ​ជា ជីវ (អតីតតំណាងរាស្រ្ត) ប៉ុន្តែបន្ធូរបន្ថយការផាកពិន័យចំពោះបុគ្គល២រូប និងលើកលែងការផាកពិន័យចំពោះបុគ្គល២រូបផ្សេងផងដែរ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៨ ខែសីហានេះបានឱ្យដឹងថា បន្ទាប់ពីបញ្ចប់សវនាការនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាជំនុំជម្រះគ.ជ.ប បានធ្វើការសម្រេចដូចតទៅ៖

១៖ ឈ្មោះ ជា ជាវ ដែលជាអតីតតំណាងរាស្រ្ត របស់អតីតគណបក្សសង្រ្គោះជាតិ ត្រូវផាកពិន័យ១០លានរៀលដដែល

២៖ ឈ្មោះ ថោង សារឿន និង ឈ្មោះ គ្រុយ គឹមសាំង ត្រូវបានបន្ធូរបន្ថយការផាកពិន័យពី១០លានរៀល មកនៅត្រឹម៥លានរៀល

៣៖ ចំណែកឈ្មោះ ម៉ាង ឈុន និងឈ្មោះ ពៅ តាំង ត្រូវបានលើកលែងការផាកពិន័យ។

ទោះជាយ៉ាងណា បើតាម លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការសម្រេចនេះ គឺដោះស្រាយតែបណ្តឹងពាក់ព័ន្ធនឹងតួនាទីរបស់ គ.ជ.ប ប៉ុណ្ណោះ ប៉ុន្តែចំពោះសំណុំរឿងព្រហ្មទណ្ឌផ្សេងទៀត សម្រាប់បុគ្គលទាំងនោះ មិនមែនជាតួនាទីរបស់ គ.ជ.ប ទេ៕

...Read More

គ.ជ.ប បញ្ចប់ការត្រួតពិនិត្យ និងការផ្ទៀងផ្ទាត់លទ្ធផល នៃការបោះឆ្នោតទាំងស្រុងហើយ

FN ៖ ទីបំផុត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានសម្រេចបញ្ចប់នូវការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី០៦ ជាស្ថាពរហើយ។ ការបញ្ចប់នេះ ធ្វើឡើងនៅថ្ងៃទី០៦ ខែសីហា ម្សិលមិញ។ នេះបើតាមសេចក្តីប្រកាសរបស់​គ.ជ.ប នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះ ដែលទើបបញ្ជូនមកដល់បណ្តាញព័ត៌មាន​ Fresh News នៅរសៀលនេះ។

ការត្រួតពិនិត្យ និងការផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតរបស់ គ.ជ.ប បានធ្វើឡើងរយៈពេល០៣ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ហើយបន្ទាប់ពីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នេះ គ.ជ.ប​ ពុំបានរកឃើញនូវកំហុសណាមួយពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោត កាលពីចុងខែកក្កដា​នោះឡើយ។

សូមបញ្ជាក់ថា ការបង្កើតគណៈកម្មការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតសកលនេះ បានធ្វើឡើងបន្ទាប់ពី គ.ជ.ប បានទទួលពាក់បណ្តឹងចំនួន២៥២៥ពាក្យបណ្តឹង ពីគណបក្សចំនួន០៣ រួមមាន៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំនួន២៥២០ ហើយ៥ពាក្យបណ្តឹងផ្សេងទៀត ប្តឹងដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ ក្នុងចំណោមបណ្តឹងទាំងនោះ មានបណ្តឹងសុំឱ្យផ្តន្ទាទោសចំនួន៣៤បណ្តឹង និង២៤៩១បណ្តឹង ពាក់ព័ន្ធនឹងការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត។

បើតាមការបញ្ជាក់របស់​គ.ជ.ប ក្រោយបញ្ចប់ការដោះស្រាយបណ្តឹងនេះ ជាស្ថាពរហើយមិនតវ៉ាដល់ក្រុមប្រឹក្សាធម្មនុញ្ញនោះ លទ្ធផលបណ្តុះអាសន្ន នឹងត្រូវប្រកាសនៅថ្ងៃទី១១ ខែសីហា ហើយលទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី០៦ នឹងត្រូវប្រកាសនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ តែម្តង៕

...Read More

គ.ជ.ប ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦

FN ៖ នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចាប់រៀបចំត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ រហូតដល់បញ្ចប់ជាស្ថាពរ នៅសាលសន្និសីទ គ.ជ.ប។

ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់នេះ ត្រូវបានចាត់តាំងជា០៤ក្រុមធំៗ រួមមាន៖ ទី១៖ ក្រុមសម្របសម្រួលថ្នាក់កណ្តាល, ទី២៖ ក្រុមទទួលសម្ភារ ឯកសារបោះឆ្នោត, ទី៣៖ ក្រុមកំណត់បែងចែកអាសនៈ និងទី០៤៖ ក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ។

ដោយឡែកក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ ត្រូវបានបែងចែកជា៥ ក្រុមតូចទៀត ដើម្បីជួយបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព៕

...Read More

គ.ជ.ប៖ បណ្តឹងទាំងអស់ មិនប៉ះពាល់ដល់ការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ នៅថ្ងៃទី១៥ ខែសីហាទេ

FN ៖ លោក សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី០១​ ខែសីហា ឆ្នាំ២០១៨នេះ បានអះអាងថា ទោះបីជាមានបណ្តឹងដល់ទៅជាង២០០០ ដែលប្តឹងមកគ.ជ.ប ក៏មិនធ្វើឲ្យប៉ះពាល់ដល់ការប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន និងផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨​ នោះដែរ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះ លោក សោម សូរីដា បានឲ្យដឹងថា បណ្តឹងទាំងអស់ដែលបានដាក់មកគ.ជ.ប មានចំនួន ២៥២៥បណ្តឹង។ ជាមួយគ្នានេះ គណបក្សដែលដាក់ពាក្យបណ្តឹងរួមមាន៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, គណបក្សប្រជាជនកម្ពុជា, និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

អគ្គលេខាធិការរងរូបនេះ បានបន្តថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្តឹងរហូតដល់២៥២០បណ្តឹង ហើយគណបក្សប្រជាជនកម្ពុជា​ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានត្រឹមតែ ៥បណ្តឹងតែប៉ុណ្ណោះ។ លោកបន្ថែមថា ទោះបីជាមានបណ្តឹងច្រើនយ៉ាងនេះក៏ដោយ​ គ.ជ.ប នៅតែអាចប្រកាសលទ្ធផលបណ្តោះអាសន្ន និងផ្លូវការនៃការបោះឆ្នោត បានទាន់ពេលវេលាដែរ។

លោកបានបញ្ជាក់ថា «ប្រភេទបណ្តឹងភាគច្រើនប្រភេទករណីតែមួយ អញ្ចឹងយើងអាចខ្ចប់ហើយចេញសេចក្តីសម្រេចមួយ ដូច្នេះ វាមិនប៉ះពាល់ដល់ការប្រកាសលទ្ធផលបណ្តោះអាសន្ន និងលទ្ធផលផ្លូវការទេ»។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ បានប្រព្រឹត្តទៅដោយរលូន ដោយប្រក្រតី គ្មានអំពើហិង្សា សន្តិសុខត្រូវបានការពារយ៉ាងម៉ត់ចត់​ មិនបានបង្កការភ័យខ្លាចអ្វី ដល់ប្រជាពលរដ្ឋដូចកាលបោះឆ្នោត កាលពីឆ្នាំ២០១៣នោះទេ។ អំឡុងពេលបោះឆ្នោត ក៏គ្មានអំពើហិង្សា ហើយក្រោយពេលបញ្ចប់ការបោះឆ្នោត ក៏គ្មានអំពើហិង្សា ស្របពេលដែលគណបក្សផ្សេងៗ ដែលចូលរួមក្នុងការបោះឆ្នោតលើកនេះ រង់ចាំស្តាប់លទ្ធផលប្រកាសដោយគ.ជ.ប ខាងមុខនេះ។

បើតាមគ.ជ.ប បើគ្មានបណ្តឹងទេ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ នឹងត្រូវប្រកាសនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ហើយលទ្ធផលផ្លូវការ ក៏នឹងប្រកាសនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ផងដែរ...Read More


គ.ជ.ប ចេញសេចក្តីប្រកាសបង្ហាញពីចំនួនសន្លឹកឆ្នោត ដែលគណបក្សនីមួយៗទទួលបាន

FN ៖ ទន្ទឹមគ្នានឹងការប្រកាសអំពីចំនួនប្រជាពលរដ្ឋ ដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦នេះ នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានបង្ហាញលម្អិតអំពីចំនួនសន្លឹកឆ្នោតសរុប ដែលគណបក្សនីមួយៗដែលចូលរួមប្រកួតប្រជែងទទួលបានផងដែរ។

សេចក្តីប្រកាសរបស់ គ.ជ.ប បានឲ្យដឹងថា បន្ទាប់ពីរាប់សន្លឹកឆ្នោតជាបន្តទៀតនៅគ្រប់ការិយាល័យទាំង២២,៩៦៧ហើយនោះ ឃើញអត្រាប្រជាពលរដ្ឋដែល បានទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ បានកើនពី ៨២.១៧% ទៅដល់ ៨២.៨៩ភាគរយ។

ខាងក្រោមនេះជាចំនួនសំឡេងសរុប និងភាគរយ ដែលគណបក្សនយោបាយនីមួយៗទទួលបាន៖

១៖ គណបក្សខ្មែរួបរួមជាតិ ទទួលបានសំលេងគាំទ្រចំនួន ៩៩,៣២០ ចំនួន ១.៥៦%

២៖​ គណបក្សមាតុភូមិយើង ទទួលបានសំលេងគាំទ្រចំនួន ៩,១៤១ ចំនួន ០.១៤%

៣៖ គណបក្សពន្លឺថ្មី ទទួលបានសំឡេងគាំទ្រចំនួន ១៣,៥៤០ ចំនួន០.២១%

៤៖ គណបក្សសញ្ជាតិកម្ពុជា ទទួលបានសំឡេងគាំទ្រចំនួន ៤៥,៣២២ ចំនួន ០.៧១%

៥៖ គណបក្សខ្មែរក្រោក ទទួលបានសំឡេងគាំទ្រចំនួន ២១,៩០០ ចំនួន ០.៣៤%

៦៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រចំនួន ៥៥,៩១២ ចំនួន ០.៨៨%

៧៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបានសំឡេងគាំទ្រ ចំនួន ៧០,២៩១ ចំនួន ១.១១%

៨៖ គណបក្សសាធារណប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រចំនួន ៨,៧៥៧ ចំនួន០.១៤%

៩៖ គណបក្សរស្មីខេមរា ទទួលបានសំឡេងគាំទ្រចំនួន ៤,៣៣៦ ចំនួន ០.០៧%

១០៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រចំនួន ៣០៨,២៩២ ចំនួន ៤.៨៦%

១១៖ គណបក្សខ្មែរសាធារណរដ្ឋ ទទួលបានសំឡេងគាំទ្រចំនួន ៤១,៥៣០ ចំនួន ០.៦៥%

១២៖ គណបក្សខ្មែរឈប់ក្រ ទទួលបានសំឡេងគាំទ្រចំនួន ៥៥,៤០៤ ចំនួន ០.៨៧%

១៣៖ គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រចំនួន ៣៧៣,៥២៦ ចំនួន ៥.៨៨%

១៤៖ គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច ទទួលបានសំឡេងគាំទ្រចំនួន ២៣,២៦០ ចំនួន ០.៣៧%

១៥៖ គណបក្សយុវជនកម្ពុជា ទទួលបានសំឡេងគាំទ្រចំនួន ៣៩,៣២៣ ចំនួន ០.៦២%

១៦៖ គណបក្សធម្មាធិបតេយ្យ...Read More


គ.ជ.ប ចេញសេចក្តីប្រកាស សរុបព្រឹត្តិការណ៍ទូទៅនៃយុទ្ធនាការឃោសនាបោះឆ្នោត២១ថ្ងៃ នៅកម្ពុជា

FN ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសមួយទៀត បង្ហាញលទ្ធផលសរុបព្រឹត្តិការណ៍ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ រយៈពេល២១ថ្ងៃ ដែលបានបិទបញ្ចប់នៅល្ងាចថ្ងៃសុក្រម្សិលមិញនេះ។

តាមសេចក្តីប្រកាសរបស់គ.ជ.ប ដែលបណ្តាញព័ត៌មាន ​Fresh News ទទួលបាន បញ្ជាក់ថា ក្នុងរយៈពេល២១ថ្ងៃមកនេះ យុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយទាំង២០ មានប្រជាពលរដ្ឋ ចេញទៅហែរក្បួនប្រមាណជិត២លាននាក់ ដែលធ្វើសកម្មភាពឃោសនានៅតាមដងផ្លូវ ប្រជុំ និងចែកខិត្តបណ្ណ។

ចំពោះរថយន្តដែលបានប្រើប្រាស់ក្នុងរយៈពេលឃោសនានេះ គឺមានប្រមាណជាង៦ម៉ឺនគ្រឿង ចំណែកម៉ូតូមានប្រមាណជាង៣សែនគ្រឿងផងដែរ៕

...Read More

គ.ជ.ប ចេញសេចក្តីអំពាវនាវស្តីពីការរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោត

FN ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញលិខិតមួយ ដោយអំពាវនាវដល់គ្រប់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ នេះបើយោងតាមសេចក្តីអំពាវនាវរបស់គ.ជ.ប នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ។

តាមសេចក្តីអំពាវនាវ បានឲ្យដឹងថា «យោងតាមមាត្រា៧២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សកម្មភាពឃោសនាបោះឆ្នោតត្រូវបញ្ឈប់២៤ម៉ោង មុនថ្ងៃបោះឆ្នោត។ គ.ជ.ប សួមអំពាវនាវ ដល់គ្រប់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង១២៖០០យប់ ថ្ងៃទី២៧ រហូតដល់ម៉ោង១២៖០០យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨»៕

...Read More

អ្នកសារព័ត៌មានអន្តរជាតិ២០៣នាក់ មកពី៦៦អង្គភាព ត្រូវបានគ.ជ.ប ផ្តល់បណ្ណផ្លូវការ ដើម្បីយកព័ត៌មានបោះឆ្នោត

FN ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ ជាថ្ងៃចុងក្រោយ នៃការទទួលពាក្យចុះឈ្មោះអ្នកសារព័ត៌មានអន្តរជាតិ។ នេះបើតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចនេះ។

បើតាមសេចក្តីប្រកាសរបស់គ.ជ.ប គិតត្រឹមល្ងាចថ្ងៃចុងក្រោយនេះ គ.ជ.ប បានផ្តល់បណ្ណអ្នកសារព័ត៌មាន ជូនដល់អ្នកសារព័ត៌មានអន្តរជាតិ ចំនួន២០៣នាក់ មកពី៦៦ស្ថាប័ន នៅជុំវិញពិភពលោក ដើម្បីចូលរួមយកព័ត៌មាននៅថ្ងៃបោះឆ្នោត។

ទីភ្នាក់ងារសារព័ត៌មានសំខាន់ៗ មានដូចជា AFP, Thomson Reuters, AP, EPA, Xinhua, Aljazeera, Kyodo, Channel News Asia, NHK, Cambodia Sin Chew Daily និង កាសែតបារាំង Le Monde ជាដើម៕

...Read More

ថយក្រោយ