FN ៖ ទីបំផុត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានសម្រេចបញ្ចប់នូវការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី០៦ ជាស្ថាពរហើយ។ ការបញ្ចប់នេះ ធ្វើឡើងនៅថ្ងៃទី០៦ ខែសីហា ម្សិលមិញ។ នេះបើតាមសេចក្តីប្រកាសរបស់គ.ជ.ប នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះ ដែលទើបបញ្ជូនមកដល់បណ្តាញព័ត៌មាន Fresh News នៅរសៀលនេះ។
ការត្រួតពិនិត្យ និងការផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតរបស់ គ.ជ.ប បានធ្វើឡើងរយៈពេល០៣ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ហើយបន្ទាប់ពីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នេះ គ.ជ.ប ពុំបានរកឃើញនូវកំហុសណាមួយពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោត កាលពីចុងខែកក្កដានោះឡើយ។
សូមបញ្ជាក់ថា ការបង្កើតគណៈកម្មការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតសកលនេះ បានធ្វើឡើងបន្ទាប់ពី គ.ជ.ប បានទទួលពាក់បណ្តឹងចំនួន២៥២៥ពាក្យបណ្តឹង ពីគណបក្សចំនួន០៣ រួមមាន៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំនួន២៥២០ ហើយ៥ពាក្យបណ្តឹងផ្សេងទៀត ប្តឹងដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ ក្នុងចំណោមបណ្តឹងទាំងនោះ មានបណ្តឹងសុំឱ្យផ្តន្ទាទោសចំនួន៣៤បណ្តឹង និង២៤៩១បណ្តឹង ពាក់ព័ន្ធនឹងការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត។
បើតាមការបញ្ជាក់របស់គ.ជ.ប ក្រោយបញ្ចប់ការដោះស្រាយបណ្តឹងនេះ ជាស្ថាពរហើយមិនតវ៉ាដល់ក្រុមប្រឹក្សាធម្មនុញ្ញនោះ លទ្ធផលបណ្តុះអាសន្ន នឹងត្រូវប្រកាសនៅថ្ងៃទី១១ ខែសីហា ហើយលទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី០៦ នឹងត្រូវប្រកាសនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ តែម្តង៕