FN ៖ ទីបំផុតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីសម្រេច បញ្ឈប់ការនាំចូល ផ្គត់ផ្គង់ចែកចាយ និងប្រើប្រាស់ថ្នាំកសិកម្ម ដែលមានសារធាតុសកម្ម Tricyclazole ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីសហគមន៍អឺរ៉ុប ដែលជាទីផ្សារនាំចេញអង្ករដ៏សំខាន់របស់កម្ពុជា ចេញសេចក្តីព្រមានបញ្ឈប់ការនាំចូលអង្ករពីកម្ពុជា ប្រសិនបើមានសារធាតុ Tricyclazole លើសពី ០.០១មីលីក្រាមនោះ។
បន្ទាប់ពីអឺរ៉ុបដាក់ចេញនូវវិធានការនេះ ធ្វើឲ្យអ្នកពាក់ព័ន្ធក្នុងវិស័យស្រូវអង្ករ ជាពិសេសអ្នកនាំចេញអង្ករ បានបង្ហាញពី កង្វល់ចំពោះការកម្រិតថ្មីនេះ។
សូមជម្រាបថា សហភាពអឺរ៉ុបនឹងបញ្ឈប់រាល់ការនាំចូលអង្ករដែលមានកាកសំណល់ ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) ដែលមានកម្រិតលើស ០.០១មីលីក្រាម (ដែលពីមុនកម្រិតមិនលើស១មីលីក្រាមក្នុង១គីឡូក្រាម) ចាប់ពីដើមខែកក្កដាឆ្នាំ២០១៧។ កាកសំណល់ថ្នាំកសិកម្ម ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) ជាថ្នាំមានប្រសិទ្ធភាពបំផុតក្នុងការសម្លាប់ជម្ងឺប្លាស់ (Blast) ក្នុងដំណាំស្រូវ ហើយ ក៏ជាថ្នាំដែលមានតម្លៃទាបសម្រាប់ការប្រើប្រាស់ដែរ៕