FN ៖ អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាយឧត្តមសេនីយ៍ គន់ គីម នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជន ២៥២នាក់ នៅក្នុងខេត្តព្រះសីហនុ ព្រមទាំងបានសម្រេចសាងសង់ផ្ទះចំនួន ៤ខ្នង ជូនអតីតយុទ្ធជន ៤គ្រួសារដែលកំពុងជួបការលំបាកក្នុងជីវភាព។
ក្នុងកិច្ចសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ គន់ គីម បានស្នើឲ្យថ្នាក់ដឹកនាំសមាគម ថ្នាក់ខេត្ត ក្រុង ស្រុក និងសាខា ឃុំ សង្កាត់ បន្តចុះជួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជនតាមភូមិ ឃុំ ដែលទទួលខុសត្រូវ ដើម្បីស្វែងយល់ពីស្ថានភាពជីវភាព ស្ថានភាពសុខភាពរបស់អតីតយុទ្ធជន ហើយត្រូវរិះរកគ្រប់លទ្ធភាពជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលាក្នុងករណីក្រុមគ្រួសារអតីតយុទ្ធជន ជួបការលំបាកក្នុងជីវភាព ឬ មានគ្រោះថ្នាក់ មានជំងឺ ត្រូវការជំនួយសង្គ្រោះបន្ទាន់ ឬ បើមានបងប្អូនអតីតយុទ្ធជនណាម្នាក់ទទួលមរណភាព ត្រូវចលនាគ្នាជួយរៀបចំបុណ្យសពឲ្យបានឧឡារិកបំផុត ជាកិត្តិយសចុងក្រោយឲ្យស័ក្តិសមទៅនឹងគុណបំណាច់ដ៏ធំធេងរបស់ពួកគាត់។
នាយឧត្តមសេនីយ គន់ គីម បញ្ជាក់ថា «ទាំងអស់នេះ សុទ្ធតែជាអំពើសប្បុរស ជាវប្បធម៌ចែករំលែក ក្នុងស្មារតីសាមគ្គី ជួយគ្នាទៅវិញ ទៅមក របស់សមាគមយើង ដែលចាំបាច់ត្រូវបន្តអនុវត្តឲ្យបានជាប្រចាំ ដើម្បីជាការលើកទឹកចិត្ត និងផ្តល់កិត្តិយស ដល់អតីតយុទ្ធជន យើង ក្នុងគ្រាដែលបងប្អូនកំពុងមានទុក្ខ ក្នុងគ្រាជួបអាសន្នអន់ក្រនេះ»។
ក្នុងពេលសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានឆ្លៀតស្នើដល់អតីតយុទ្ធជនទាំងអស់ ចូលរួមអនុវត្តន៍គោលនយោ បាយ ភូមិ ឃុំ មានសុវត្ថិភាព តាមរយៈនៃការស្ម័គ្រចិត្ត ធ្វើជាភ្នាក់ងារ ជាភ្នែកច្រមុះឲ្យប្រធានប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ដើម្បីផ្តល់ពត៌មានអំពីល្បែងស៊ីសង ការចរាចរគ្រឿងញៀន ឬ បទល្មើសផ្សេងៗ ក្នុងមូលដ្ឋាន ដើម្បីឲ្យសមត្ថកិច្ចចាត់ការបង្ក្រាបឲ្យមានប្រសិទ្ធភាព ធានា ឲ្យភូមិ ឃុំ មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ គ្មានអំពើហឹង្សា គ្រួសាររស់សុខដុម មានសុភមង្គល។
តាមរយៈកិច្ចសំណេះសំណាលដោយផ្ទាល់នាព្រឹកមិញនេះ នាយឧត្តមសេនីយ៍ គន់ គីម បានរកឃើញអតីតយុទ្ធជន ៤គ្រួសារកំពុងជួប ការលំបាកក្នុងជីវភាព និងគ្មានផ្ទះសម្បែងសម្រាប់ស្នាក់នៅ។ ភ្លាមៗនោះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយក៏បានអនុញ្ញាតឲ្យសាងសង់ផ្ទះចំនួន ៤ខ្នងជូនគ្រួសារអតីតយុទ្ធជនទ័លក្រនោះ។
អតីតយុទ្ធជន ដែលទទួលបានការជួយសាងសង់ផ្ទះជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នេះរួមមាន៖
១- ឈ្មោះ កែវ មើត យោធិនចូលនិវត្តន៍ នៅភូមិ ១ សង្កាត់ ១ ក្រុងព្រះសីហនុ
២- ថាច់ សុផល នគរបាលចូលនិវត្តន៍ នៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់
៣- ឈ្មោះ រស់ សុះ យោធិនពិការនៅភូមិទួលទទឹង ១ ឃុំទួលទទឹង ស្រុកព្រៃនប់
៤- ឈ្មោះ សៅ ឡាយ យោធិនពិការ នៅភូមិ ស្មាច់ដែង ឃុំ រាម ស្រុកព្រៃនប់
នៅសល់អតីតយុទ្ធជន ១០គ្រួសារផ្សេងទៀត ក៏កំពុងជួបការលំបាកក្នុងជីវភាពផងដែរ តែសមាគមអតីតយុទ្ធជនកម្ពុជា មិនទាន់សម្រេចក្នុងការផ្តល់លំនៅឋាននៅឡើយទេ ដោយត្រូវការចុះទៅពិនិត្យឲ្យបានជាក់លាក់ជាមុនសិន ដើម្បីលើកសំណើសុំការសម្រេចពី សម្តេចតេជោ ផ្តល់ផ្ទះបន្តទៀត។
នាយឧត្តមសេនីយ គន់ គីម បានស្នើឲ្យលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ពិនិត្យរកដីសាធារណៈបម្រុងទុករបស់រដ្ឋសម្រាប់ផ្តល់ជូនអតីតយុទ្ធជន ក្រីក្រ អត់ដីអត់ផ្ទះ ចំនួន ៤២គ្រួសារ ដែលសមាគមបានរកឃើញ តាមរយៈ ការធ្វើបច្ចប្បន្នភាពកន្លងមក។
នាយឧត្តមសេនីយ៍ គន់ គីម ក៏បានថ្លែងអំណរគុណចំពោះ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង ឧកញ៉ា អ៊ូ ឆាយ និងភរិយា ដែលបានផ្តល់ជាថវិកា គ្រឿងឧបភោគ បរិភោគ ជូនជាអំណោយក្នុងនាមសម្តេចតេជោ ដល់អតីតយុទ្ធជន ដែលចូលរួមក្នុងពិធីសំណេះសំណាលនៅព្រឹកនេះ៕