FN ៖ ការស្ទង់មតិមួយដែលថា គណបក្សប្រឆាំងនៅកម្ពុជា នឹងឈ្នះឆ្នោត៦០ភាគរយ នាពេលខាងមុខនេះ គឺជាការស្ទង់មតិដោយគ្មានមូលដ្ឋានច្បាស់លាស់ ហើយជាឧបាយកលទុច្ចរិតមួយ ដែលធ្វើឡើងដើម្បីបំភាន់សាធារណជន មុនការបោះឆ្នោត។ នេះគឺជាលើកឡើងរបស់ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដែលឆ្លើយតបទៅនឹង ការចុះផ្សាយអំពីលទ្ធផលស្ទង់មតិដ៏សំងាត់នោះ។
ការផ្សព្វផ្សាយអំពីលទ្ធផលស្ទង់មតិដ៏ចម្លែកនេះ បានធ្វើឡើងដោយសារព័ត៌មានមួយចំនួន ដែលបានដកស្រង់សម្តីមន្រ្តីសង្គមស៊ីវិល ដែលឃ្លាំមើលការបោះឆ្នោត។ បណ្តាញផ្សព្វផ្សាយទាំងនោះ បានដកស្រង់សម្តីរបស់បុរសឈ្មោះ លោក យឿង សុធារ៉ា ដែលអះអាងថា មានការស្ទង់មតិមួយដោយស្ថាប័នអន្តរជាតិ បង្ហាញថា គណបក្សសង្រ្គោះជាតិ នឹងឈ្នះឆ្នោតនាពេលខាងមុខ។ ប៉ុន្តែទោះជាយ៉ាងណា បុរសម្នាក់នោះ ដែលគេជឿថា ជាអ្នកគាំទ្រគណបក្សប្រឆាំង ពុំបានបង្ហើបអំពី ស្ថាប័នអន្តរជាតិ ដែលបានធ្វើការស្ទាប់ស្ទង់មតិនេះឡើយ។
លោក សុខ ឥសាន បានមានការសង្ស័យថា ការស្ទាបស្ទង់មតិនោះ ធ្វើឡើងដោយលួចលាក់ និងជាការស្ទង់មតិខ្យល់ ហើយបង្ហាញលទ្ធផលលម្អៀងទៅរកគណបក្សប្រឆាំង។ លោកបានថ្លែងថា «មានអង្គការបរទេសមួយ បានលួចធ្វើការស្ទង់មតិដោយលួចលាក់ ដែលចេញលទ្ធផលមិនច្បាស់លាស់ថា នៅក្នុងការបោះឆ្នោតខាងមុខនេះថា គណបក្សប្រឆាំងនឹងឈ្នះឆ្នោតដល់ទៅ៦០ ភាគរយឯណោះ។ ការប៉ាន់ស្មាន ដោយគ្មានមូលដ្ឋានច្បាស់លាស់នេះ គឺជាការឧបាយកលបំភាន់មតិសាធារណជាតិ និងអន្តរជាតិ ដោយមាននិន្នាការលំអៀង ទៅខាងគណបក្សប្រឆាំង ដែលជាគ្នាគេ»។
លោកបានបន្ថែមទៀតថា «គេកត់សម្គាល់ឃើញថា ក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោតខាងមុខនេះ មជ្ឈដ្ឋានប្រឆាំងទាំងឡាយ តែងតែប្រើ ឧបាយកលទុច្ចរិត របស់ខ្លួន ចង់ផ្តួលរំលំគណបក្សប្រជាជនកម្ពុជា តាមគ្រប់រូបភាព ដើម្បីបោកបញ្ឆោតប្រជាពលរដ្ឋជាម្ចាស់ឆ្នោតឲ្យយល់ច្រឡំ លុះដោយឧបាយកលរបស់ពួកគេ ក្នុងមហិច្ឆតា អំណាចសម្រាប់ពួកប្រឆាំង។ ប៉ុន្តែជាការអត់អំពើទេពីព្រោះបក្សប្រឆាំង មិនដែលបានកសាងអ្វីប៉ុនក្រចក ជាផលប្រយោជន៍ដល់ប្រជាជនផងនោះ ធ្វើម៉េចប្រជាជនផ្តល់ការគាំទ្រឲ្យទៅ?»។
កាលពីមុនបោះឆ្នោតឆ្នាំ២០១៣ ក៏មានការផ្សព្វផ្សាយដំណឹងអំពីលទ្ធផលនៃការស្ទង់មតិមិនច្បាស់លាស់បែបនេះផងដែរ។ កាលនោះ ការស្ទង់មតិដែលមានប្រភពមិនច្បាស់លាស់នេះ ក៏បានអះអាងថា គណបក្សប្រឆាំងឈ្នះឆ្នោតនៅឆ្នាំ២០១៣ដែរ ប៉ុន្តែលទ្ធផលបោះឆ្នោតពិតប្រាកដ បែរជាគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតទៅវិញ៕