FN ៖ ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងដ៏សំខាន់មួយដោយប្រកាសថា សមាជវិសាមញ្ញជ្រើស រើសប្រធាន និងអនុប្រធានថ្មី របស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០២ ខែមីនាកន្លងទៅគឺខុសច្បាប់ នេះបើយោងតាមសេចក្តីប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ។
នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលចេញថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើផ្អែកតាមលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ សមាជវិសាមញ្ញបោះឆ្នោតជ្រើសតាំងលោក កឹម សុខា ជាប្រធាន និងលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង ជាអនុប្រធាននៃគណបក្សសង្រ្គោះជាតិ គឺបានអនុវត្តផ្ទុយនឹងប្រការ៤៧ ត្រេទី២ នៃលក្ខន្តិកៈគណបក្សដោយអាណត្តិនៅសល់មានរយៈពេលតិចជាង១៨ខែ គិតត្រឹមកាលបិរច្ឆេទដែលលោក សម រង្ស៊ី បានលាលែងចេញពីតំណែងជាប្រធានគណបក្សនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧»។
លើសពីនោះទៀត សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ក៏បានស្នើឲ្យគណបក្សសង្រ្គោះជាតិ ដូរពាក្យស្លោករបស់ខ្លួន ព្រោះសារ នយោបាយរបស់គណបក្សសង្រ្គោះជាតិ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» មានខ្លឹមសារផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ពិសេសរបបប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា និងគោលការណ៍នៃប្រព័ន្ធបោះឆ្នោតសមាមាត្រ៕