FN ៖ លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសរំលេចថា វិស័យឯកជនបានតួនាយ៉ាងសំខាន់ក្នុងការអូសកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងរួមចំណែកបង្កើនប្រភពទុនវិនិយោគ និងបង្កើនការងារជូនប្រជាពលរដ្ឋ។ ក្រៅពីនោះ វិស័យឯកជន ក៏បានរួមចំណែកបង្កើនប្រភពចំណូលថវិកាជាតិ តាមរយៈការបង្កើតតម្រូវការក្នុងស្រុក និង ការបង់ពន្ធជូនរដ្ឋជាដើម។
លោក ហ៊ាន សាហ៊ីប ថ្លែងដូច្នេះក្នុងពេលរូបលោកអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ។ ការចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងបំណងពង្រឹងសមត្ថភាព លើកកម្ពស់ការយល់ដឹងពាក់ព័ន្ធវិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
លោក ហ៊ាន សាហ៊ីប បានហៅកិច្ចសហប្រតិបត្តិការនេះ ពិតជាមានសារៈសំខាន់សម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការផ្សព្វផ្សាយ និង ផ្តល់ព័ត៌មានទៅកាន់វិស័យឯកជន ព្រមទាំងទទួលបាននូវទិន្នន័យចាំបាច់ពីវិស័យឯកជនវិញ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និង រៀបចំគោលនយោបាយថ្មីៗប្រកបដោយប្រសិទ្ធភាព និងដោះស្រាយបាននូវក្តីកង្វល់ ឬ សំណូមពររបស់វិស័យឯកជន។
លោករដ្ឋលេខាធិការបានបន្ថែមថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងរដ្ឋ និង វិស័យឯកជនខាងលើនេះ នឹងជួយធ្វើឱ្យរាជរដ្ឋាភិបាលបានយល់ដឹងបន្ថែមអំពីការលំបាក បញ្ហាប្រឈម ក្តីកង្វល់ ឬ សំណូមពររបស់វិស័យឯកជន ដែលជាធាតុចូលដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលក្នុងការរៀបចំគោលនយោបាយ និង ដាក់ចេញនូវវិធានការចាំបាច់នានា ឱ្យអាចឆ្លើយតបបានទៅនឹងការរីកចម្រើន និងការវិវត្តថ្មីៗរបស់សង្គម-សេដ្ឋកិច្ច ទាំងក្នុងបច្ចប្បន្ន និង អនាគត។
«វិស័យឯកជនជាក្បាលម៉ាស៊ីនអូសកំណើនសេដ្ឋកិច្ច និង បានចូលរួមចំណែកក្នុងការបង្កើនប្រភពទុនវិនិយោគ ការងារធ្វើ និង ចំណូលថវិកាជាតិ ជាក់ស្តែងឆ្នាំ២០១៦នេះ លំហូរទុនវិនិយោគផ្ទាល់ពីបរទេសសរុបមានប្រមាណ ២,០០០លានដុល្លារអាមេរិក កើនឡើងខ្ពស់ជាងឆ្នាំ២០១៥ ដែលមានប្រមាណ ១,៧០០លានដុល្លារអាមេរិក។ ជាមួយនេះ ទំហំទុនវិនិយោគសរុបលើឧស្សាហកម្មភេសជ្ជៈ ក៏មានការកើនឡើង ដែលជាសញ្ញាវិជ្ជមានមួយនៃការរីកលូតលាស់របស់វិស័យឧស្សាហកម្មមិនមែនកាត់ដេរ ដោយបានឆ្លើយតបនឹងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥»។ លោកបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់បន្ថែម។
លោករដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្ថែមថា វិស័យឯកជនក៏ជាប្រភពការងារដ៏ធំ និងបានរួមចំណែកបង្កើនប្រភពចំណូលថវិកាជាតិផងដែរ តាមរយៈការបង្កើតតម្រូវការក្នុងស្រុក និង ការបង់ពន្ធជូនរដ្ឋ ដោយចំណូលរបស់រដ្ឋ មានកំណើនច្រើនជាង ១០% ក្នុងមួយឆ្នាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្នុងពិធីចុះហត្ថលេខាចងកិច្ចសហប្រតិបត្តិការនាព្រឹកមិញនេះ លោកបណ្ឌិតរដ្ឋលេខាធិការ បានមានប្រសាសន៍ផ្តាំផ្ញើ និង លើកទឹកចិត្តដល់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា និង វិស័យឯកជនចូលរួមធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋ ដោយធ្វើការប្រមូលផ្តុំ និង ចែករំលែកនូវព័ត៌មាន ទិន្នន័យ ចំណេះដឹង និង បទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីចូលរួមទាំងអស់គ្នា សំដៅលើកកម្ពស់តម្លាភាព និង អភិបាលកិច្ចល្អក្នុងវិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ៕