FN ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអះអាងឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះថា ក្រសួងបរិស្ថាន នឹងប្រែក្លាយ តំបន់ការពារធម្មជាតិឲ្យទៅជាតំបន់មួយ ដែលមានការអភិវឌ្ឍផ្នែកទេចរណ៍ធម្មជាតិចូលរួម ក្នុងការលើកស្ទួយជីវភាពប្រជាសហគមន៍ នៅជុំវិញតំបន់ការពារធម្មជាតិទាំងអស់ឲ្យបានល្អប្រសើរ។
ការអះអាងយ៉ាងដូច្នោះ បានធ្វើឡើងនៅក្នុង វេទិកាស្តីពី «ភាពរស់រវើករបស់ប្រជាជនយើង បេតិកភណ្ឌវប្បធម៌ជាអត្តសញ្ញាណរបស់យើង បរិស្ថានជាអនាគតរបស់យើង»ដែលរៀបចំរួមគ្នារវាងក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
លោក សាយ សំអាល់ បានថ្លែងយ៉ាងដូច្នោះថា «យើងនឹងប្រែក្លាយតំបន់ការពារធម្មជាតិទៅជាតំបន់មួយ ដែលមានការអភិវឌ្ឍផ្នែកទេចរណ៍ធម្មជាតិ ចូលរួមក្នុងការលើកស្ទួយជីវភាពប្រជាសហគមន៍ នៅជុំវិញតំបន់ការពារធម្មជាតិ ទាំងអស់ឲ្យបានល្អប្រសើរតាមរយៈការបង្កើតតំបន់ទេសចរណ៍ធម្មជាតិនានា បង្កើតមុខរបរ បង្កើនចំណូល និងបង្កើនការអប់រំបណ្តុះបណ្តាលធនធាន មនុស្សនៅតំបន់នោះ ដើម្បីឲ្យបងប្អូន ចេះគ្រប់គ្រងផល ដែលមកបានពីវិស័យទេសចរណ៍ ឲ្យកាន់តែមានប្រសិទ្ធភាព បន្ថែមទៀតនិងធ្វើឲ្យការងារអភិរក្សតំបន់ការពារធម្មជាតិ ទាំងនោះឲ្យកាន់តែពេញលេញថែមទៀត»។
លោកបានបន្ថែមទៀតថា «យើងគួរបង្កើត ឲ្យមានសាលារៀននៅតាមតំបន់ទាំងនោះ ឲ្យបានច្រើនបន្ថែមទៀត ដើម្បីផ្តល់ឱកាស ដល់កូនៗប្រជាពលរដ្ឋនៅជុំវិញតំបន់ការពារធម្មជាតិ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការសិក្សា ហើយលោកចង់ឲ្យកូនអ្នកស្រុកទាំងនោះ បានសិក្សាឲ្យបានខ្ពស់»។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគាំទ្រចំពោះគំនិតផ្តួចផ្តើម របស់ក្រសួងបរិស្ថាន និងបានឯកភាពជាមួយលោករដ្ឋមន្ត្រីក្រសួងបរិស្ថានដែលថាបច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលមានជីវភាពមធ្យមមាន ចំនួនច្រើន ហើយអ្វីដែលសំខាន់គឺប្រជាពលរដ្ឋត្រូវការសេវាពីរ សំខាន់គឺធ្វើកីឡាដើម្បីសុខភាព និងការដើរកម្សាន្ត ដែលទាមទារ ឲ្យមានកន្លែងសម្រាប់ធ្វើទេសចរណ៍។
គួរបញ្ជា្កក់ថា នៅក្នុងវេទិកាស្តីពី «ការការពារនិងគ្រប់គ្រងធនធានធម្មជាតិ រៀបចំឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានជំរុញឲ្យក្រសួងបរិស្ថានរៀបចំគម្រោងអភិវឌ្ឍន៍សហគមន៍តំបន់ការពារធម្ម ជាតិដើម្បីលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាសហគមន៍ក៏ដូចជាការកាត់បន្ថយការពឹងអាស្រ័យលើផល និងអនុផលព្រៃឈើ និងការបរបាញ់សត្វព្រៃ»៕