FN ៖ ប្រព័ន្ធខ្សែកាប្លិ៍ក្រោមបាត់សមុទ្រ MCT ត្រូវបានតភ្ជាប់ និងដាក់ឲ្យប្រើប្រាស់នៅក្នុងប្រទេស កម្ពុជាហើយជាមួយការរំពឹងថា នឹងជួយធ្វើឲ្យប្រព័ន្ធទូរគមនាគមន៍នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ផងដែរកាន់តែល្អប្រសើរថែមទៀត ខណៈដែលប្រទេសកម្ពុជាកំពុងមានការរីកចម្រើនខ្លាំងលើប្រព័ន្ធបច្ចេកវិទ្យា និងមានតម្រូវការខ្ពស់លើការប្រើប្រាស់ប្រព័ន្ធអ៉ីនធើណេត។
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធខ្សែកាប្លិ៍ក្រោមបាត់សមុទ្រ MCT ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារសុខា ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី។ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍នៅកម្ពុជាជាច្រើនរូបផ្សេងៗ។
វត្តមានខ្សែកាប្លិ៍ក្រោមបាត់សមុទ្រ MCT លើទឹកដីកម្ពុជានេះ ត្រូវបាននាំមកដោយមានកិច្ចសហការគ្នារវាងក្រុមហ៊ុន តែលកូថេក បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ៉ីហ្ស៉ីខម ជាមួយក្រុមហ៊ុន Telekom Malaysia Berhad តបស់ម៉ាឡេស៊ី និងក្រុមហ៊ុន Symphony Communication របស់ថៃ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរ និងអបអរសាទរដល់ក្រុមហ៊ុន និងស្ថាប័ននានា ដែលបានចូលរួមចំណែកក្នុងគម្រោងនេះ។ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា សម្តេចបានទន្ទឹងរង់ចាំសាកល្បងបទពិសោធន៍ នៃអ៉ីនធើណេតល្បឿនលឿនថ្មីនេះ ហើយក៏សង្ឃឹមថាប្រជាពលរដ្ឋកម្ពុជា នឹងចូលរួមរីករាយក្រោយទទួលបានអ៉ីនធើណេតកាន់តែលឿន តម្លៃកាន់តែសមរម្យ និងសុវត្ថិភាពកាន់តែខ្ពស់។
សម្តេចក្រឡាហោម ស ខេង បានហៅវត្តមានខ្សែកាប្លិ៍ក្រោមបាតសមុទ្រនៅកម្ពុជានេះថា ជាការសម្រេចបាននូវសមិទ្ធផល ជាប្រវត្តិសាស្រ្តមួយក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
«ខ្ញុំមានមោទនភាពឥតឧបមាចំពោះក្រុមហ៊ុន តែលកូថេក ក្រុមហ៊ុន Symphony Communication នៃប្រទេសថៃ និងក្រុមហ៊ុន Telekom Malaysia នៃប្រទេសម៉ាឡេស៊ី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តជាច្រើនឆ្នាំ ក្នុងការអនុវត្តគម្រោងនេះឲ្យបានជោគជ័យ។ ខ្សែកាប្លិ៍ក្រោមបាតសមុទ្រ ម៉ាឡេស៊ី-កម្ពុជា-ថៃ នឹងផ្តល់ឲ្យកម្ពុជានូវបណ្តាញអ៉ីនធើណេតកាន់តែរហ័ស គួរទុកចិតបានកាន់តែខ្ពស់ តម្លៃកាន់តែសមរម្យ និងសំខាន់បំផុតសុវត្ថិភាពកាន់តែខ្ពស»។ សម្តេចក្រឡាហោម ស ខេង គូសបញ្ជាក់។
សម្តេចបានហៅវត្តមានខ្សែកាប្លិ៍ក្រោមបាតសមុទ្រលើទឹកដីកម្ពុជាថា ជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវស្ថិរភាព និងវឌ្ឍនភាព ដែលកម្ពុជាកំពុងទទួលបាន។ សម្តេចមានសុទិដ្ឋិនិយមថា ខ្សែកាប្លិ៍ក្រោមបាតសមុទ្រនេះ នឹងចូលរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឲ្យឈានឡើងមួយកម្រិតទៀត និងលើកស្ទួយមុខមាត់របស់កម្ពុជា ក្នុងតំបន់អាស៊ាន និងលើពិភពលោក។
ឧកញ៉ា ផូល ប្លែន ហ័រហ្គែន អគ្គនាយកក្រុមហ៊ុន អ៉ីហ្ស៉ីខម បានថ្លែងក្នុងព្រឹត្តិការណ៍នោះថា «យើងបានទន្ទឹងរង់ចាំថ្ងៃនេះ អស់ពេលជាយូរមកហើយ។ យើងបានចាប់ផ្តើមគម្រោងនេះ កាលពី ៦ឆ្នាំមុនមកម្ល៉េះ ហើយថ្ងៃនេះ ក្នុងឆ្នាំ២០១៧ គម្រោងទាំងមូលបានបញ្ចប់ជាស្ថាពរ ដែលសម្រាប់ខ្ញុំ គឺវាដូចជាសុបិនក្លាយជាការពិតដូច្នោះដែរ»។
លោកអគ្គនាយកបានបន្តថា «ចំណុចសំខាន់បំផុតមិនអាចមើលរំលងបាននោះគឺ សមត្ថភាពរបស់ប្រព័ន្ធខ្សែកាប្លិ៍ក្រោមបាតសមុទ្រ MCT ក្នុងសន្តិសុខនៃការតភ្ជាប់អ៉ីនធើណេតរបស់យើង។ ជាមួយនឹងប្រព័ន្ធខ្សែកាប្លិ៍ថ្មីនេះ ឥឡូវនេះកម្ពុជា បានតភ្ជាប់ដោយផ្ទាល់ទៅកាន់បណ្តាញសាកល POP to POP ពោលគឺបណ្តាញអ៉ីនធើណេតរបស់កម្ពុជា នឹងមានសុវត្ថិភាពជាងមុនគួរឲ្យកត់សម្គាល់»។
លោក ត្រាំ អ៉ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា ការស្ថាបនាខ្សែកាប្លិ៍ក្រោមបាតសមុទ្រ គឺជាផ្នែកមួយនៃការអនុវត្តគោលនយោបាយអ៉ីនធើណេតល្បឿនលឿន ដែលត្រូវបានកំណត់ក្នុងគោលនយោបាយ អភិវឌ្ឍន៍វិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានរបស់កម្ពុជាសម្រាប់ឆ្នាំ២០២០ ដើម្បីរួមចំណែកដល់ការលើកកម្ពស់នវានុវត្តន៍ ការអភិវឌ្ឍធនធានមនុស្ស ការពង្រីកភាពប្រកួតប្រជែង និងបង្កើនផលិតភាពសេដ្ឋកិច្ចកម្ពុជាំ ក៏ដូចជាបង្កើនការចូលរួមរបស់ប្រជាជនឲ្យកាន់តែទូលាយ នៅក្នុងកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
លោករដ្ឋមន្រ្តីបន្តថា ការតភ្ជាប់បន្ថែមតាមបណ្តាញខ្សែកាប្លិ៍ក្រោមបាតសមុទ្រ នឹងចូលរួមចំណែកក្នុងការពង្រីកវិសាលភាព នៃហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នងតាមរយៈជំរុញការវិនិយោគ ក្នុងការបន្តពង្រីកសមត្ថភាពនៃការ ប្រើប្រាស់អ៉ីនធើណេតល្បឿនលឿន និងការលើកទឹកចិត្តឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរួមឲ្យបានដល់តំបន់ដែលមានសក្តានុពលខាងសេដ្ឋកិច្ច និងទេសចរណ៍ ក៏ដូចជាតំបន់ដាច់ស្រយាលដែលគ្មាន ឬ មានសេវាទូរគមនាគមន៍មិនគ្រប់គ្រាន់។
សូមបញ្ជាក់ថា ប្រព័ន្ធខ្សែកាប្លិ៍ក្រោមបាតសមុទ្រនេះ មានប្រវែង ១៣០០គីឡូម៉ែត្រ និងមានសមត្ថភាពផ្ទេរទិន្នន័យអប្បបរិមា ៣០តេរ៉ាបៃយ៍ ក្នុងមួយវិនាទី (Tbps)។ ប្រព័ន្ធខ្សែកាប្លិ៍ក្រោមបាតសមុទ្រនេះ ក៏នឹងតភ្ជាប់ទៅនឹងប្រព័ន្ធខ្សែកាប្លិ៍ក្រោមបាតសមុទ្រផ្សេងទៀត រួមទាំងប្រព័ន្ធខ្សែកាប្លិ៍របស់ក្រុមហ៊ុន តែលកូថេក ផងដែរ ដែលក្រុមហ៊ុននេះ ជាសមាជិកតែមួយគត់ នៃបណ្តាញខ្សែកាប្លិ៍ Asia America Gateway នៅប្រទេសកម្ពុជា ដែលជាបណ្តាញខ្សែកាប្លិ៍ប្រវែង ២ម៉ឺនគីឡូម៉ែត្រ ដែលតភ្ជាប់តំបន់អាស៊ីអាគ្នេយ៍ និងសហរដ្ឋអាមេរិក។
ប្រព័ន្ធខ្សែកាប្លិ៍ក្រោមបាតសមុទ្រ MCT ប្រើប្រាស់ស្ថានីយខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ដែលស្ថានីយរបស់កម្ពុជា មានឈ្មោះថា «ស្ថានីយខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រមិត្តភាព» មានទីតាំងស្ថិតនៅឆ្នេរអូត្រេះ ខេត្តព្រះសីហនុ ហើយស្ថានីយ៍របស់ប្រទេសម៉ាឡេស៊ី ស្ថិតនៅ Kuantan (ជិត Cherating) ខណៈស្ថានីយរបស់ប្រទេសថៃ ស្ថិតនៅខេត្ត Rayoung។
អ្នកវិភាគបានព្យាករណ៍ថា ប្រព័ន្ធខ្សែកាប្លិ៍ក្រោមបាតសមុទ្រ MCT នឹងជះឥទ្ធិពលជាវិជ្ជមានដល់វិស័យ ទូរគមនាគមន៍នៅកម្ពុជា និងពាំនាំលំហូរវិនិយោគថ្មីៗមកកាន់ប្រទេសកម្ពុជាផងដែរ៕