FN ៖ សុខសន្តិភាពដែលកំពុងគ្រប់ដណ្តប់ទូទាំងផ្ទៃប្រទេសកម្ពុជា បានផ្តល់ឱកាសឲ្យព្រះរាជាណាចក្រកម្ពុជា បន្តអភិវឌ្ឍន៍រីកចម្រើនជាលំដាប់ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ វត្តប្រាសាទ ជាវត្តមួយស្ថិតនៅឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានសម្ពោធ និងបុណ្យឆ្លងសមិទ្ធផលមួយចំនួនធំ ដែលទើបសាងសង់រួចរាល់ក្រោមទឹកប្រាក់កើតចេញពីសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទប្រមាណ ៦៣៣,៦០០ដុល្លារអាមេរិក។
ពិធីសម្ពោធ និងបុណ្យឆ្លងសមិទ្ធផលទាំងអស់នោះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃឈរ ខេត្តកំពង់ចាម ព្រមទាំងមន្រ្តីរាជការ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ ក្នុងបរិយាកាសដ៏សែនសប្បាយរីករាយ។។
លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីសារៈសំខាន់នៃសុខសន្តិភាព ដែលមានតម្លៃធំធេង និងជាមូលដ្ឋានគ្រឹះសម្រាប់កសាងវិស័យ សាសនា និងអភិវឌ្ឍន៍ប្រទេសឡើងវិញ។ «ឥឡូវនេះ វិស័យពុទ្ធចក្រកំពុងស្របគ្នាជាមួយអាណាចក្រ! យើងមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ ខ្វែង គ្រឹះស្ថានសាធារណៈ អគារពាណិជ្ជកម្មតូចធំ សាលារៀន និងវត្តអារាមច្រើនជាង ៥០០០ទីតាំង ដែលប្រមូលផ្តុំទៅដោយព្រះវិហារចម្រុះពណ៌ ដែលមានព្រះសង្ឃគង់នៅជាង ៥ម៉ឺនអង្គ»។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបន្ថែមថា «សន្តិភាពបាននាំមកនូវគម្រោងវិនិយោគជាច្រើន ដែលបានរួមចំណែកផ្តល់ការងារជូនយុវជន-យុវនារីរាប់សិបម៉ឺននាក់ អាចផ្ញើប្រាក់ជូនអ្នកមានគុណនៅឯស្រុកកំណើត ដើម្បីធ្វើបុណ្យដាក់ទាន និងចូលរួមសមិទ្ធផលក្នុងទីអារ៉ាមនានា»។
នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បាននាំនូវប្រសាសន៍ផ្តាំសាកសួរសុខទុក្ខរបស់សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចគតិព្រឹទ្ធបណ្ឌិត ជូនចំពោះលោកយាយ លោកតា និងប្រជាពលរដ្ឋនៅអង្គពិធីជាង ៥០០នាក់ និងបានកោតសសើរ ព្រមទាំងបំពាក់មេដៃស្ថាបនាជាតិដល់សប្បុរសជន ដែលបានសហការជាមួយព្រះសង្ឃ អាជ្ញាធរដែនដី និងពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងការកសាងឧបដ្ឋានសាលានេះឡើង សម្រាប់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានធ្វើការគោរពប្រតិបត្តិ។
លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានប្រគល់ជូននូវថវិកាផ្ទាល់ខ្លួនចំនួន ៥លានរៀល និងថវិកាដែលកើតពីសទ្ធាជ្រះថ្លារបស់មន្ត្រីក្រសួងពាណិជ្ជកម្មចំនួន ៨លាន ៨សែន ប្រាំពីម៉ឺនរៀល និង ១៨០ដុល្លារ ព្រមទាំងអំណោយមួយចំនួន ដល់គណៈកម្មការអាចារ្យវត្ត លោកយាយ លោកតា លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋាននៅក្នុងពិធីផងដែរ។
សូមបញ្ជាក់ថាវត្តប្រសាទ ត្រូវបានកសាងឡើងនៅលើផ្ទៃដីទំហំ៣ហិកតា នៅក្នុងគ.ស១៩១៦ ស្ថិតនៅចម្ងាយ ១៣គ.ម ភាគខាងត្បូងទីរួមស្រុក ជាប់តំបន់ទំនាបបឹង។ ចាប់ពីឆ្នាំ១៩១៦ ដល់ឆ្នាំ១៩៧៤ ដល់បច្ចុប្បន្ន វត្តនេះបានដឹកនាំ និងគ្រប់គ្រងដោយព្រះចៅអធិការ ៥ជំនាន់ ហើយឧបដ្ឋានសាលាដែលសម្ពោធថ្ងៃនេះ ជាសមិទ្ធផលថ្មីមួយទៀតដែលសម្រេចបាននៅក្រោមដំបូលសន្តិភាព និងបានឆ្លុះបង្ហាញឲ្យឃើញការដឹកនាំ និងអនុវត្តន៍គោលនយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា៕