FN ៖ ការរីកចម្រើនប្រព័ន្ធបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជានាសម័យបច្ចុប្បន្ន ត្រូវបានគេមើលឃើញថា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់កិច្ចការងារប្រចាំថ្ងៃរបស់មនុស្សលើគ្រប់វិស័យបូករួមទាំងការសិក្សាផងដែរ។ ទន្ទឹមនឹងការរីករាលដាលប្រព័ន្ធបច្ចេកវិទ្យា និងបណ្តាញសង្គមផ្សេងៗរួមទាំង Facebook គឺបានធ្វើឲ្យការអានសៀវភៅរបស់យុវជនខ្មែរ សិស្សនិស្សិត និងប្រជាពលរដ្ឋមានការថមថយផងដែរ គ្រាដែលកម្រិតអំណាននៅកម្ពុជាមានកម្រិតទាបស្រាប់នោះ។
ក្នុងពិធីបើកទិវាជាតិអំណានក្រោមប្រធានបទ «អានដើម្បីភាពសុខដុមនៃជីវិត» នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្នុងសកលលោកនាពេលបច្ចុប្បន្ន ព្រោះតែការរីករាលដាលនៃប្រព័ន្ធបច្ចេកវិទ្យា បានធ្វើឲ្យការអានសៀវភៅបានថមថយយ៉ាងខ្លាំង។
លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានថ្លែងមើលឃើញដូចគ្នាថា នៅសម័យបច្ចុប្បន្នអាណាព្យាបាលបានទម្លាប់ទិញសម្ភារៈទំនើបដូចជាស្មាតហ្វូន iPade និង Tablet ជាដើម ឲ្យកូនៗរបស់ពួកគេជំនួសការទិញសៀវភៅជូនកូន ជាទិសដៅអវិជ្ជមានមួយក្នុងសង្គម ដែលមិនបានជួយជំរុញលើកទឹកចិត្តដល់កូនៗនោះឡើយ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា បណ្តាញសង្គម Facebook និង Youtube គឺគ្រាន់តែជាកន្លែងផ្តល់ដំណឹងមួយផ្នែកតែប៉ុណ្ណោះ ប៉ុន្តែមិនបានផ្តល់ចំណេះដឹង និងពុទ្ធិថ្មីៗ ដូចការអានសៀវភៅនោះឡើយ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ដូច្នេះ «យុវជនយើងខ្លះគិតថា គ្រាន់តែមើល youtube ដើម្បីចេះចំណេះមួយ ឬគ្រាន់តែមើលតាម Facebook ដឹងព័ត៌មានអស់មិនមែនទេ។ ព័ត៌មានទាំងនោះគ្រាន់តែបានច្នៃហើយយកទៅដាក់អត់មានកែប្រែបានទេ ប៉ុន្តែការអានសៀវភៅជួយយើងបានច្រើនណាស់។ យើងមិនមែនគ្រាន់តែទទួលទេ ហើយក្នុង Facebook ទៀតមានព័ត៌មានច្រើន អ្នកមើល Facebook មិនមែនមើលព័ត៌មានទាំងអស់ទេ មើលតែព័ត៌មានណា ដែលខ្លួនពេញចិត្តប៉ុណ្ណឹងទេ។ ដូច្នេះវាបាត់បង់នូវភាពសម្បូរណ៍បែប»។
លោក ហង់ ជួនណារ៉ុន បានមើលឃើញថា ប្រព័ន្ធបច្ចេកវិទ្យាល្អក្នុងការស្រាវជ្រាវរកឯកសារផ្សេងសម្រាប់សិស្ស និស្សិត ប៉ុន្តែការប្រើប្រាស់នាបែលបច្ចុប្បន្នមិនចំគោលដៅ ដែលទាមទារឲ្យមានការពន្យល់ និងអប់រំពីគ្រូ និងអាណាព្យាបាលបន្ថែម សម្រាប់តម្រង់ទិសដល់ពួកគេ និងដើម្បីប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឲ្យចំគោលដៅ និងមានប្រយោជន៍។
លោក ហង់ ជួនណារ៉ុន បានបញ្ជាក់ថា «ខ្ញុំចង់បញ្ជាក់ថា បច្ចេកវិទ្យា គឺជាឧបករណ៍ទេ សំខាន់គឺការប្រើប្រាស់។ ឥឡូវនេះមានបច្ចេកវិទ្យាជួយច្រើន កាលពីមុនដើម្បីរកសៀវភៅ យើងត្រូវទៅរកស្រាវជ្រាវនៅក្នុងបណ្ណាល័យ ចំណាយពេលច្រើនណាស់។ ប៉ុន្តែឥឡូវអត់ទេ គ្រាន់តែចុចចេញហ្មង អ៊ីចឹងមានប្រសិទ្ធភាពណាស់ គ្រាន់តែយើងប្រើទៅវាអត់ចំ។ អ៊ីចឹងសំខាន់ គឺការប្រើប្រាស់ យើងត្រូវការពេលវេលាបង្រៀនឲ្យសិស្សហ្នឹងបានយល់ថា ឧបករណ៍ហ្នឹងវាល្អ ជួយ បើចង់ចេះគឺឆាប់ហ្មង លឿន ប៉ុន្តែត្រូវប្រើប្រាស់ពេលវេលាឲ្យបានសមស្រប និងមានតុល្យភាព។ យើងប្រើពេលវេលាដើម្បីតម្រូវការ តែត្រូវកំណត់ពេល និងកំណត់ថា ប្រើដើម្បីអ្វី ហើយក៏មិនអាចអត់សៀវភៅបានទេ»។
សៀវភៅត្រូវបានគេឲ្យតម្លៃជាឃ្លាំងផ្តល់ចំណេះដឹងដ៏ធំធេងសម្រាប់មនុស្សគ្រប់រូប ដែលទាមទារឲ្យអានជាចាំបាច់។ ការអានច្រើននឹងនាំ ឲ្យរីកចម្រើនទាំងចំណេះដឹង ហើយក៏នឹងនាំអ្នកចូលចិត្តអានសៀវភៅនោះអាចសម្រេចគោលដៅ និងជោគជ័យជីវិតផងដែរ។
ដោយមើលឃើញថា ការអានសៀវភៅមានគុណតម្លៃខ្ពស់ក្នុងការអភិវឌ្ឍធនធានចំណេះដឹងក្នុងប្រទេសកម្ពុជា ក៏ដូចជាពង្រីកចំណេះដឹងរបស់ពលរដ្ឋកម្ពុជាផងនោះ ក្រសួងអប់រំ យុវជន និង កីឡា បានជ្រើសរើសយកថ្ងៃទី១១ ខែមីនា ដែលជាថ្ងៃកំណើតរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត់ បង្កើតជាទិវាជាតិអំណានដើម្បីបំផុស និងដាស់ស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឲ្យចាំអារម្មណ៍ក្នុងការអានសៀវភៅ។
ឆ្នាំ២០១៧នេះ គឺជាឆ្នាំទី២ហើយ ដែលក្រសួងអប់រំ បានបង្កើតឡើងនូវទិវាជាតិអំណាន។ ទិវាជាតិអំណានឆ្នាំ២០១៧ ត្រូវបានធ្វើឡើង ក្រោមប្រធាន «អានដើម្បីភាពសុខដុមនៃជីវិត»។ សៀវភៅជាច្រើនក្បាល និងជាច្រើនប្រភេទ ត្រូវបានយកដាក់តាំងបង្ហាញនៅកន្លែងប្រារព្ធពិធីនៅក្នុងវិទ្យាស្ថានជាតិអប់រំ។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានចាត់ទុកការបង្កើតឲ្យមានទិវាជាតិអំណាន គឺជាជួងដាស់ស្មារតីដ៏សំខាន់មួយឲ្យយុវជនខ្មែរភ្ញាក់រលឹកក្នុងការអានសៀវភៅ។ លោក ខៀវ កាញារីទ្ធ ថា ការអានសៀវភៅមានសំខាន់ខ្លាំងណាស់សម្រាប់ជីវិតដែលវាធ្វើឲ្យ មនុស្សគ្រប់រូបពង្រីកចំណេះដឹង និងឈានទៅជោគជ័យក្នុងជីវិត។
«នេះជាទិវាមួយ ដែលយើងគោះជួងរំលឹកដល់យុវជនរបស់យើងក្តី អ្នកដែលមានអាយុច្រើនក្តី គឺសំខាន់ឲ្យយល់ថា ការអានមិនមែនគ្រាន់តែការសប្បាយទេ វាបង្កើនចំណេះដឹង។ សព្វថ្ងៃគេរកឃើញថា ខួរក្បាលមនុស្សនៅដើររហូត ហើយរីករហូតបើយើងអាន យើងពិចារណាយកចំណេះថ្មីមួយ។ ការអាននេះ វាជួយបង្កើនចំណេះដឹងរបស់យើងផង វាបង្កើនភាពជោគជ័យក្នុងជីវិតរបស់យើងផង ក៏ដូចបង្កើនភាពសុខដុមរមនាក្នុងជីវិត»។ លោករដ្ឋមន្រ្តី ខៀវ កញ្ញារីទ្ធ បញ្ជាក់បន្ថែម។
កញ្ញា តូ សុខទៀង និស្សិតមួយរូបដែលបានអញ្ជើញចូលរួមក្នុងទិវាអំណានពីរឆ្នាំមកហើយនោះ ក៏បានមើលឃើញថា ព្រោះតែការរីកចម្រើននៃប្រព័ន្ធបច្ចេកបានធ្វើឲ្យការអានសៀវភៅបានថមថយចុះ តែក្រោយពីការបង្កើនទិវាជាតិអំណាន ក៏បានជួយបំផុសស្មារតីឲ្យយុវ ជនខ្មែរមួយចំនួនចាប់អារម្មណ៍ក្នុងការអាន។ តូ សុខទៀង បានយល់ឃើញថា ការអានពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បង្កើនចំណេះដឹង។
ដើម្បីធ្វើឲ្យមានតុល្យភាពនៅក្នុងអានសៀវភៅ និងការរីកចម្រើននូវប្រព័ន្ធបច្ចេកវិទ្យានោះ លោក ហង់ ជួនណារ៉ុន ថា ក្រសួងបានរៀបចំកម្មវិធីអប់រំដោយតម្រូវឲ្យសិស្សអានរឿងទាំងស្រុង និងមានការជំរុញលើកទឹកចិត្តគ្រូអានឲ្យបានច្រើនផងដែរនៅពេលបង្រៀន។
លោករដ្ឋមន្រ្តីក្រសួងអប់រំ បានបញ្ជាក់យ៉ាងដូច្នេះ «អ៊ីចឹងបានជាយើងពិនិត្យមើលកម្មវិធីសិក្សា។ យើងចាប់ផ្តើមពីកម្មវិធីសិក្សា តម្រូវឲ្យសិស្សគាត់អានសៀវភៅទាំងស្រុងតែម្តង នៅពេលដែលគាត់ទៅសរសេរតែងសេចក្តី ជាពិសេសពេលប្រឡង ប្រឡងថ្នាក់ទី៩ក្តី ថ្នាក់ទី១២ក្តី បើគាត់មិនបានសរសេរលើកស្រង់ជាអត្ថបទអក្សសិល្ប៍ទេ គឺយើងមិនឲ្យពិន្ទុពេញទេ។ អ៊ីចឹងអ្នកគ្រាន់តែសរសេរអត់មានលើកឡើងពីអត្ថបទអក្សសិល្ប៍ផ្សេងៗបែបពុទ្ធនិយម បែបព្រាហ្មនិយម បែបខេមរៈនិយមឲ្យបានទូលំទូលាយមិនបានពិន្ទុពេញទេ។ ដូច្នេះតាមរយៈកម្មវិធីសិក្សានេះ គឺជំរុញឲ្យមានការអាន។ មួយវិញទៀត គឺការរៀបចំអនុវត្តកម្មវិធីសិក្សាហ្នឹង គឺយើងលើកទឹកចិត្តគ្រូអានសៀវភៅ ហើយអំណានហ្នឹងជាផ្នែកមួយនៃការបង្រៀន នៅពេលគ្រូបង្រៀន គឺត្រូវបង្រៀនអានតាំងពីក្រោម។ អ៊ីចឹងយើងរៀបចំស្តង់ដារអំណានតាំងពីក្រោមមក»។
សូមបញ្ជាក់ថា ទិវាជាតិអំណានឆ្នាំ២០១៧នេះ ក៏មានការប្រគល់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដល់ជយលាភីលេខ១ ដល់លេខ ៣ ផ្នែកអំណាន និងស្មូត។ ជយលាភីនោះ គឺសុទ្ធតែជាសិស្សមកពីតាមបណ្តាខេត្ត មិនមានសិស្សក្នុងរាជធានីភ្នំពេញនោះឡើយ។ ទិវាជាតិអំណាលើកទី២ ឆ្នាំ២០១៧នេះ ក៏មានរៀបចំកម្មវិធីជាច្រើនផ្សេងទៀត ដើម្បីលើកកម្ពស់ការអានសៀវភៅ៕