FN ៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានទទួលជួបលោក Fumiaki Takahashi អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលបានដឹកនាំប្រតិភូក្រុមហ៊ុនជប៉ុនមួយឈ្មោះ TESNA ENERGY ក្នុងគោលបំណង នាំចូលម៉ាសុីនដុតកាកសំណល់សម្រាមខ្នាតតូចមកលក់នៅទីផ្សារកម្ពុជា នៅរសៀលថ្ងៃទី ១០ ខែ មីនា ឆ្នាំ២០១៧ នេះ។
ក្នុងឱកាសនោះ តំណាងក្រុមហ៊ុន បានធ្វើការពន្យល់ថា ម៉ាសុីនដុតកាកសំណល់សម្រាមខ្នាតតូចនេះ មានអត្ថប្រយោជន៍ក្នុងការចូលរួមការពារបរិស្ថាន សុវត្ថិភាព និងសុខមាលភាពសាធារណៈ ព្រោះវាមានមុខងារច្រើនយ៉ាងក្នុងការសំអាតកាកសំណល់ ដែលមាននៅក្នុងទីកន្លែងជាច្រើនដូចជា មន្ទីរពេទ្យ-សួនឧស្សាហកម្ម-រោងចក្រ -វិទ្យាស្ថានស្រាវ ជ្រាវ-សាលារៀន -ផ្ទះមនុស្សចាស់ និងទីតាំងផ្សេងៗទៀត។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានស្វាគមន៍ចំពោះគម្រោងខាងលើនេះ ព្រោះបានចូលរួមសំអាតបរិស្ថាន និងបង្ការគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ពីព្រោះបច្ចប្បន្នសម្រាមនៅរាយប៉ាយចម្រុះគ្នា។ តែលោកទេសរដ្ឋមន្ត្រីស្នើសុំឲ្យប្រាកដថា កាកសំណល់ជាផេះនោះ គឺមិនត្រូវមានផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពមនុស្សសត្វឡើយ ។
បញ្ហានេះ លោកតម្រូវឲ្យឆ្លងកាត់ មន្ទីរពិសោធន៍វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងមន្ទីរពិសោធន៍ របស់ក្រសួងបរិស្ថានជាមុនសិន ហើយបើពិនិត្យឃើញថាកាកសំណល់នេះមិនមានផលប៉ះពាល់បរិស្ថាន ហើយអាចយកទៅប្រើប្រាស់សម្រាប់ផលប្រយោជន៍ផ្សេង គឺកាន់តែប្រសើរ៕