FN ៖ ប្រាក់បៀវត្សប្រចាំខែសម្រាប់ គ្រូបង្រៀន មន្ដ្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នឹងត្រូវដំឡើងម្ដងទៀត នៅខែមេសា ឆ្នាំ២០១៧ខាងមុខនេះ ពោលគឺមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឈានចូលមកដល់។
ប្រាក់ខែសម្រាប់មន្ដ្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបានដំឡើងម្ដងរួចមកហើយ កាលពីខែមករា ឆ្នាំ២០១៧ ដូច្នេះក្នុងមួយឆ្នាំៗមន្រ្ដីរាជការ កម្លាំងប្រដាប់អាវុធ ត្រូវបានដំឡើងប្រាក់ខែពីរដង។
អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ លោក យក់ ប៊ុនណា បានថ្លែងប្រាប់អង្គភាព Fresh News តាមទូរស័ព្ទនៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ថា ដើម្បីចូលរួមលើកកម្ពស់ ជីវភាពរបស់មន្ដ្រីរាជការ កម្លាំងប្រដាប់អាវុធ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការដំឡើងប្រាក់បៀវត្សជូនពួកគាត់ ដោយមួយឆ្នាំ ត្រូវដំឡើងពីរដង ដោយម្ដងនៅខែមករាដើមឆ្នាំ និងម្ដងទៀតនៅមុនបុណ្យចូលឆ្នាំខ្មែរ។
អ្នកនាំពាក្យរូបនេះ បានថ្លែងបញ្ជាក់ទៀតថា នៅដើមឆ្នាំ២០១៧ ការដំឡើងប្រាក់បៀវត្ស គឺជាការដំឡើងប្រាក់បៀវត្សមូលដ្ឋាន ដែលមានអត្រា ១២ភាគរយជារៀងរាល់ឆ្នាំ។ ចំណែកឯការដំឡើងប្រាក់បៀវត្ស នៅមុនចូលឆ្នាំខ្មែរ គឺជាការដំឡើងប្រាក់បំណាច់មុខងាររបស់មន្ដ្រីរាជការ និងកម្លាំងប្រដាប់អាវុធ។
លោកបញ្ជាក់ទៀតថា សម្រាប់ការដំឡើងប្រាក់បំណាច់មុខងារ ឆ្នាំ២០១៧នេះ មន្ត្រីរាជការស៉ីវិល ដែលមានប្រាក់បំណាច់មុខងារទាបបំផុត នឹងត្រូវផ្តល់ជូន១០ម៉ឺនរៀលក្នុងមួយខែ ហើយមន្ត្រីរាជការដែលមាន ប្រាក់បំណាច់មុខងារខ្ពស់បំផុតនឹងត្រូវផ្តល់ជូន៤ ម៉ឺនរៀលក្នុងមួយខែ។ មន្ត្រីរាជការស៉ីវិលផ្សេងទៀតអាចទទួលបានការដំឡើងប្រាក់បំណាច់មុខងារចំនួន៩ម៉ឺនរៀល ៨ម៉ឺនរៀល ឬ ៥ម៉ឺនរៀល ផ្អែកលើប្រភេទមុខតំណែងនីមួយៗ។
ជាមួយគ្នានេះដែល លោក យក់ ប៊ុនណា បានបញ្ជាក់ឲ្យដឹងផងដែរថា ក្រសួងមុខងារសារធារណៈ កំពុងរៀបចំអនុក្រឹត្រ ស្ដីពីការដំឡើងប្រាក់ បំណាច់មុខងារសម្រាប់ឆ្នាំ២០១៧ របស់មន្ដ្រីរាជការ កម្លាំងប្រដាប់អាវុធ ដាក់ជូនទៅសម្ដេចតេជោ ហ៊ុន សែន ដើម្បីពិនិត្យ និងធ្វើការសម្រេច។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព កាត់ខ័ណ្ឌសីមា វត្តកំពង់ត្របែក ស្ថិតនៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ម្សិលមិញនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ការដំឡើងប្រាក់ខែសម្រាប់ មន្ដ្រីរាជការ និងកម្លាំងប្រដាប់អាវុធ ជាការដំឡើងលុយពិតជាក់ស្ដែង មិនដូចការដើរសន្យាខ្យល់ របស់បុគ្គលមួយចំនួននោះឡើយ។
សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «នៅក្នុងខែមេសាខាងមុខនេះ ត្រូវបានដំឡើងប្រាក់ខែទៀតហើយ សម្រាប់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ហើយលុយនោះជាលុយពិត មិនមែនជាលុយក្លែងក្លាយ ហើយមិនមែនសន្យាខ្យល់ដែរ ហើយបើកតាមធនាគារ រៀងរាល់ថ្ងៃទី២៣ បើកបានហើយ»។
ក្រៅពីការដំឡើងប្រាក់បៀវត្សពីរដងក្នុង១ឆ្នាំហើយនោះ រាជរដ្ឋាភិបាលកម្ពុជា ថែមទាំងផ្ដល់នូវប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យចូលឆ្នាំខែ្មរផងដែរ ដោយសម្ដេចតេជោបាន អះអាងកាលពីពេលថ្មីៗនេះថា នៅបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ សម្ដេចនឹងឧបត្ថម្ភ ថវិការជូនមន្ដ្រីរាជការ កម្លាំងប្រដាប់អាវុធទូទាំងប្រទេស ក្នុងម្នាក់៥ម៉ឺនរៀល ដែលសរុបទាំងអស់ត្រូវចំណាយថវិកាប្រមាណ ៧លានដុល្លាអាមេរិក។
ការលើកកម្ពស់ជីវភាពរស់នៅ របស់មន្ដ្រីរាជការ និងកម្លាំងប្រដាប់អាវុធ គឺជាការយកចិត្តទុកដាក់សំខាន់ និងអាទិភាពមួយរបស់រាជរដ្ឋាភិបាល កម្ពុជា ដោយកំណត់ថា នៅឆ្នាំ២០១៨មន្រ្ដីរាជការ និងកម្លាំងប្រដាប់អាវុធទាំងអស់ នឹងទទួលបានប្រាក់បៀវត្ស យ៉ាងតិច១លានរៀល។
នៅមេសា ឆ្នាំ២០១៧ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទទួលបានប្រាក់បៀវត្សអប្បបរមា (ទាបបំផុត) ចំនួន៖
១៖ មន្ដ្រីរាជការស៊ីវិល វិស័យរដ្ឋបាល ការទូត បច្ចេកទេស ៨៥៣,៥០០រៀល។
២៖ មន្ដ្រីរាជការក្នុងវិស័យអប់រំ ៩៥៣,៥០០ រៀល។
៣៖ មន្ដ្រីរាជការក្នុងវិស័យសុខាភិបាល ៩៥៣,៥០០។
៤៖ នគរបាលជាតិ ៩៣៧,៧៣០។
៥៖ យោធិន ៨៨០,៧៣០។
៦៖ ចៅក្រម និងព្រះរាជអាជ្ញា ៣,០០០,០០០រៀល។
៧៖ ក្រុមប្រឹក្សារាជធានី ខេត្ត ៩៧០,០០០រៀល។
៨៖ ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ៧៥០,០០០រៀល។
៩៖ ក្រុមប្រឹក្សាឃុំ សង្កាត់ ៥៧០,០០០រៀល។
១០៖ ប្រធានភូមិ ២២៥,០០០ រៀល។
១១៖ អនុប្រធានភូមិ ១៨០,០០០រៀល។
១២៖ សមាជិកភូមិ ១៦០,០០០៕