FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីសម្ពោធ គម្រោងពង្រីក រោងចក្ររបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរចំពោះ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ដែលបានអនុវត្តគម្រោងវិនិយោគរួមគ្នានៃសម្ព័ន្ធអាជីវកម្មក្រុមហ៊ុនផលិត ស្រាបៀរ អាស៊ីប៉ាស៊ីហ្វិក (APB) និង ក្រុមហ៊ុនវឌ្ឍនៈគ្រុប ដោយជោគជ័យលើទុនវិនិយោគដំបូងចំនួន៥៦លានដុល្លារ និងបន្តពង្រីកផលិតកម្ម របស់ខ្លួនបន្ថែមទៀត ក្នុងពេលនេះពិសេសបានបន្ថែមនូវមុខផលិតផលថ្មី គឺស្រាបៀរ Heineken ប្រភេទដប និងកំប៉ុង បន្ថែមលើផលិតផលស្រាបៀរ Tiger (ដប និងកំប៉ុង) ABC Extra Stout (ដប់ និងកំប៉ុង) Anchor (ដប និងកំប៉ុង) និង Gold Crown (កំប៉ុង)។
* សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ដែលបានផ្តល់នូវភាពជឿជាក់យ៉ាងម៉ុតមាំលើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសវាយតម្លៃខ្ពស់ចំពោះស្ថិរភាពនយោបាយ, ស្ថិរភាពសង្គម, កំណើនសេដ្ឋកិច្ចនៅកម្ពុជា, ការអភិវឌ្ឍសង្គម និងជីវភាពរស់នៅរបស់ប្រជាជន ដោយបានសម្រេចយ៉ាងប្រាកដប្រជា ប្រកបដោយទំនុកចិត្តក្នុងការវិនិយោគទុនបន្ថែមរហូតដល់១០០លាន ដុល្លារអាមេរិក។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើប្រទេសកម្ពុជាត្រូវបានគេមើលឃើញអំពីភាពអវិជ្ជមាន ភាពអាប់អួរ និងភាពមិនច្បាស់លាស់នោះ វិនិយោគិនជាតិ និងអន្តរជាតិ នឹងមិនចំណាយទុនមកវិនិយោគនៅកម្ពុជានោះទេ
* ទោះបីជា កម្ពុជាសម្រេចបានលទ្ធផលល្អប្រសើរយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលនៅតែបន្តប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តអនុវត្តនូវការងារសំខាន់ដូចជា ការកែលម្អបរិស្ថានវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការសម្របសម្រួលឱ្យមានភាពស៊ីសង្វាក់គ្នារវាងវិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការបន្តជំរុញធ្វើពិពិធកម្មប្រភព នៃកំណើនសេដ្ឋកិច្ចឱ្យមានប្រសិទ្ធភាព។
* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យក្រុមហ៊ុនឯកជនទាំងអស់ ខិតខំបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា រិះរកផលិតផលថ្មីៗ ប្រើប្រាស់វត្ថុធាតុដើម ដែលមានស្រាប់ឱ្យអស់ពីលទ្ធភាព។ ត្រូវខិតខំស្វែងរកដៃគូពាណិជ្ជកម្ម នាំចេញស្រាបៀរខ្មែរទៅក្រៅប្រទេស និងបង្កើនសុខដុមរមនារវាងនិយោជក និងនិយោជិត។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានគេឌឺឱ្យកម្ពុជាថា ជាសង្គមស៊ីផឹក ប៉ុន្តែខ្ញុំបកទៅវិញថា នៅប្រទេសបារាំង អាល្លឺម៉ង់ ដែលផលិតស្រារ និងបៀរដែរ តើជាសង្គមស៊ីផឹកដែរឬយ៉ាងណា?
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មនុស្សលើពិភពលោកត្រូវការស៊ីផឹក ដូច្នេះហើយបានជាសហភាពសូវៀត ជំនាន់មុនបានធ្វើកំណែទម្រង់ឡើងវិញ ឱ្យមានស្រារ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានអ្នកលួចចូលកែប្រវត្តិរូបរបស់ លោក ហ៊ុន ម៉ាណែត នៅក្នុងគេហទំព័រ Wikipedia ដោយដាក់ថា ជាកូនចិញ្ចឹមរបស់ សម្តេច ប៉ុន្តែត្រូវបានដោះស្រាយទាន់ពេលវេលា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅបន្តិចទៀតនេះសម្តេចនឹងអញ្ជើញទៅពិនិត្យមើលដើមឈើ ដែលសម្តេចបានដាំកាលពីជាង២០ឆ្នាំមុន ពេលសម្តេចអញ្ជើញសម្ពោធដាក់ដំណើរការរោងចក្រផលិតស្រាបៀរនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនចេះផឹកស្រាបៀរទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះកម្ពុជា កំពុងតែជំរុញពង្រឹងវិស័យកីឡា ដើម្បីឆ្ពោះទៅរកស៊ីហ្គេម ឆ្នាំ២០២៣ ហើយជំរុញឱ្យ ក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនឯកជនចូលរួមគាំទ្រឱ្យបានច្រើន
* សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភដល់កម្មករ ៤៥៦នាក់ នៅរោងចក្រក្រុមហ៊ុនស្រាបៀរកម្ពុជា CBL ស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយម្នាក់ៗទទួលបាន ២ម៉ឺនរៀល។