FN ៖ គណបក្សប្រជាជនកម្ពុជា (CPP) នៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយបានហៅ គោលនយោបាយរបស់គណបក្សសង្រ្គោះជាតិ (CNRP)«ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» គឺជាការប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរដល់មន្រ្តីឃុំសង្កាត់នៅទាំងប្រទេស ដែលបានខិតខំបម្រើប្រជាជនស្របតាមតួនាទី ដោយមិនមានការរើសអើងនិន្នាការនយោបាយ។
តាមរយៈសេចក្តីថ្លែងការណ៍ ដែល Fresh News ទើបទទួលបាននៅមុននេះបន្តិចបានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានទាមទារឲ្យថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ កែតម្រូវជាបន្ទាន់ចំពោះខ្លឹមសារខាងលើ ដើម្បីរក្សាបរិយាកាសល្អ និងសុខសន្តិភាពរបស់ប្រទេសជាតិ។ ក្នុងករណីដែលពុំមានការកែតម្រូវទេនោះ គណបក្សប្រជាជនកម្ពុជារក្សាសិទ្ធិ ដើម្បីប្តឹងទៅតុលាការស្របតាមច្បាប់ជាធរមាន។
សូមបញ្ជាក់ថា នៅក្នុងសមាជកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧កន្លងទៅនោះ គណបក្សសង្រ្គោះជាតិ បានដាក់ចេញនូវគោលនយោបាយអាទិភាពចំនួន ៥ចំណុច ដែលក្នុងនោះ ក៏មានគោលនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត»ផងដែរ៕