FN ៖ ជាការឆ្លើយតបទៅកាន់វិទ្យុអាស៊ីសេរី ដែលមានបំណងសុំការអត្ថាធិប្បាយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជុំវិញការ បែកធ្លាយសារសម្លេងសន្ទនា។ នៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយ ដល់អង្គភាពព័ត៌មាន Fresh News ដើម្បីឆ្លើយតបនឹងទៅកាន់វិទ្យុអាស៊ីសេរីថា សម្លេងដែលបែកធ្លាយ និងខ្លឹមសារនៃកិច្ចសន្ទនាពិត១០០ភាគរយ របស់សម្តេច មិនមានការកាត់តក្លែងក្លាយអ្វីនោះទេ នេះជាសារជូនសាធារណៈមតិជ្រាប។ សម្តេចបានបន្តថា សម្តេចទទួលស្គាល់សម្លេងនោះ តែប្រសិនបើលោក កឹម សុខា ហ៊ានចេញមុខមកបដិសេធ សម្តេចនឹងបបួលលោក កឹម សុខា ទៅស្បថនៅមុខព្រះអង្គដង្កើតែម្តង។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «ខ្ញុំសូមផ្ញើទៅកាន់អាស៊ីសេរីថា នោះជាសម្លេងពិត នឹងខ្លឹមសារ១០០ភាគរយ ដែលខ្ញុំនិយាយជាមួយឯកឧត្តម កឹម សុខា ខ្ញុំសូមជូនសាធារណៈមតិជ្រាប។ ឯកឧត្តម កឹម សុខា ពិតជាបានធ្វើអ្វីតាមការ ណែនាំរបស់ខ្ញុំ ដូចជាការបង្ហោះសារលើហ្វេសបុក, ចេញសេចក្តីថ្លែងការណ៍, ទៅចុះឈ្មោះបោះឆ្នោត។ល។ នេះជាលទ្ធផលនៃកិច្ចពិភាក្សារវាងឯកឧត្តម កឹម សុខា នឹងខ្ញុំ។ ឯកឧត្តមតែងតែផ្ញើព័ត៌មានផ្សេងៗមកខ្ញុំជាមុន ដូចជាការចេញសេចក្តីថ្លែងការណ៍ និងអ្វីផ្សេងៗមួយចំនួនទៀត»។
ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានបន្តមានប្រសាសន៍ទៀតថា «ដោយសារនៅស្រុកខ្មែរមានជឿលើអបិយជំនឿ ហើយប្រសិនបើ ឯកឧត្តម កឹម សុខា ហ៊ានចេញមុខមកបដិសេធសម្លេងនៃការសន្ទនានេះ ខ្ញុំនឹងបបួលឯកឧត្តមទៅស្បថនៅមុខព្រះអង្គដង្កើតែម្តង»។
ការឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់វិទ្យុអាស៊ីសេរីនេះ ធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរីដែលមានជំហរគាំទ្របក្សប្រឆាំង បានចេញផ្សាយនៅព្រឹកព្រលឹមថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧នេះថា នឹងសុំការអត្ថាធិប្បាយពីសម្តេចតេជោ ហ៊ុន សែន ជុំវិញសម្លេងសន្ទនារបស់ សម្តេច និងលោក កឹម សុខា ដែលបានបែកធ្លាយនោះ។
សូមជំរាបថា កាលពីយប់មិញនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឆ្លើយតបភ្លាមៗតាមរយៈចូល Comment នៅលើ Facebook របស់ Fresh News ថា៖ «ខ្ញុំទទួលស្គាល់នូវសម្លេងនិង ខ្លឹមសារដែលខ្ញុំបាននិយាយជាមួយ ឯកឧត្តម កឹម សុខា ហើយតែត្រង់ ឯកឧត្តម កឹម សុខា ទទួលស្គាល់ ឬអត់សុំសួរគាត់ផ្ទាល់»។ សម្តេចនាយករដ្ឋមន្រ្តីបានប្រើប្រាស់ហ្វេសប៊ុកឈ្មោះ «Hun Sen» បានចូល Comment នៅលើ Facebook របស់ Fresh News ជាមួយខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖
«ខ្ញុំទទួលស្គាល់ថានេះជា សម្លេងខ្ញុំពិតប្រាកដមែន។ ខ្ញុំបាននិយាយឆ្លងឆ្លើយជាមួយឯកឧត្តម កឹម សុខា ច្រើនលើក និងឆ្លងឆ្លើយតាម WhatsApp ច្រើនដង។ ខ្ញុំពិតជាភ្ញាក់ផ្អើលចំពោះម្ចាស់ផេកសីហា ដែលមានសមត្ថភាពលួចស្តាប់ការសន្ទនារបស់ខ្ញុំជាមួយឯកឧត្តម កឹម សុខា ដែលម៉ាស៊ីន បែបនេះមានតែអាមេរិក អ៉ីស្ត្រាអែល អាល្លឺម៉ង់ ទើបមានដែលចារកម្មអាមេរិកលួចស្តាប់ មេដឹកនាំអាល្លឺម៉ង់ និងអឺរ៉ុបមួយចំនួន។ ឃើញបងប្អូនមួយ ចំនួនលើកឡើងថា ជាសម្លេងដែលគេបន្លំធ្វើជាខ្ញុំហ៊ុន សែន បងប្អូនកុំវិនិឆ្ឆ័យលើសម្លេងតែត្រូវ វិនិឆ្ឆ័យលើខ្លឹមសារសន្ទនាវិញ»។
«តើអ្នកណាទៅដែលមានលទ្ធភាពនិយាយពីនយោបាយទូទៅបែបនេះ? កុំថាឡើយអ្នកបន្លំ សូម្បីតែថ្នាក់ឧបនាយករដ្ឋមន្ត្រីក៏មិនមានសិទ្ធិ និងលទ្ធភាពនិយាយបែបនេះដែរ។ សូមកុំចោទខ្ញុំថា ខ្ញុំទិញក្បាលគេ ព្រោះក្បាលមនុស្សមិនអាចកាត់លក់បានទេ តែបើគេចង់ពិគ្រោះយោបល់ជាមួយ ខ្ញុំច្បាស់ណាស់ ខ្ញុំផ្តល់យោបល់ជូន តែធ្វើតាម ឬមិនធ្វើជាសិទ្ធិរបស់គេ។ មួយចំនួនចោទខ្ញុំថាមានល្បិច ខ្ញុំចង់សួរទៅវិញថា តើអ្នកនិយាយជាមួយខ្ញុំ គេត្រូវការល្បិចមែនទេ? ហើយអ្នកមួលបង្កាច់ថា ប្រពន្ធនិងកូនដ៏កំសត់របស់ខ្ញុំថា ជាភរិយា និងជាកូនរបស់មេដឹកនាំវៀតណាម តើនេះជាល្បិច ហើយថោកទាបទេ?»
«យើងជាមនុស្សដូចគ្នា បើគេមួលបង្កាច់ប្រពន្ធ កូន ម្តាយ ក្មួយឬ ខ្លួនយើងផ្ទាល់ (ប្រសិនជានារី) ថាជាស្រីខូច ស្រីសំផឹង ស្រីមិនបរិសុទ្ធតើយើង ខឹងទេ? (រឿងនេះមិនទាន់ចប់ត្រឹមនេះទេ ប្រសិនគ្មានដំណោះពីខាងអ្នកចោទ) ពួកអ្នកមិនអាចធ្វើភ្លេច បានទេ។ ខ្ញុំទទួលស្គាល់នូវសម្លេងនិង ខ្លឹមសារដែលខ្ញុំបាននិយាយជាមួយ ឯកឧត្តម កឹម សុខា ហើយតែត្រង់ ឯកឧត្តម កឹម សុខា ទទួលស្គាល់ ឬអត់សុំសួរគាត់ផ្ទាល់»។
បន្ថែមពីលើនោះទៀត ក្រឡេកទៅមើលហេតុការណ៍អតីតកាលដែលកើតឡើងបន្តបន្ទាប់ថាតើត្រូវ ឬខុស ? ក្រោយពីសម្តេចតេជោ ហ៊ុន សែន បង្គាប់ឲ្យលោក កឹម សុខា ធ្វើកិច្ចការមួយចំនួន ដូចក្នុងសារសម្លេងបែកធ្លាយ។
តាមរយៈសម្លេងបែកធ្លាយរបស់មេដឹកនាំទាំងពីរ បាននិយាយគ្នាអំពីកិច្ចការមួយចំនួនដែលត្រូវធ្វើមានដូចជា៖ ១៖ សរសេរសារបង្ហោះលើហ្វេសប៊ុក ដើម្បីទះកំភ្លៀងលោក សម រង្ស៊ី, ២៖ ណែនាំឲ្យលោក កឹម សុខា អាចទៅចុះឈ្មោះបោះឆ្នោត, ៣៖ ពិចារណាសុំលើកលែងទោសឲ្យលោក កឹម សុខា, ៤៖ មិនអាចទទួលយកបានចំពោះសកម្មជនបក្សសង្គ្រោះជាតិ ចោទប្រកាន់លោក ហ៊ុន ម៉ាណែត និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាកូនមេដឹកនាំវៀតណាម, ៥៖ ទទួលបានតំណែងគ្រប់គ្រងបក្សទាំងមូល។
* នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ (ពោលគឺក្រោយនិយាយទូរស័ព្ទជាមួយសម្តេចតេជោ) លោក កឹម សុខា បានសរសេរខ្លឹមសារមួយចំនួន បង្ហោះនៅលើ Facebook ហាក់បានទះកំផ្លៀង លោក សម រង្ស៉ី ដែលបាននិយាយវាយប្រហារមកលើគណបក្ស កាន់អំណាច ដើម្បីតម្លើងកម្តៅនយោបាយឡើងវិញ នាគ្រាដែលស្ថានភាពនយោបាយនៅកម្ពុជា មានសភាពស្ងប់ស្ងាត់ហើយនោះនៅអំឡុងបុណ្យភ្ជុំបិណ្ឌនេះ។ លោក កឹម សុខា បានសរសេរនៅលើទំព័រ Facebook របស់លោកថា៖
* កាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦កន្លងទៅ លោក កឹម សុខា ដែលពេលនោះជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានចេញពីទីស្នាក់ការ គណបក្សជាលើកដំបូង (ក្រោយពីឃុំខ្លួនឯងអស់ជាង៦ខែនៅស្នាក់ការបក្ស) ទៅកាន់ការិយាល័យចុះឈ្មោះបោះឆ្នោត នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្បែរទីស្នាក់ការកណ្តាលរបស់ គណបក្សសង្រ្គោះជាតិ ដោយមានសកម្មជន និងតំណាងរាស្រ្តមួយចំនួនទៅជាមួយដែរ។
* កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យព្រះរាជទានលើកលែងទោសដល់ទណ្ឌិត កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ តាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
* កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ គណបក្សសង្គ្រោះជាតិ (CNRP) ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា បានចេញសេចក្តី ថ្លែងការណ៍បន្ទាន់មួយ ដោយប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះទង្វើជនទាំងឡាយណា ដែលប្រឌិតព័ត៌មានលាបពណ៌ ប៉ះពាល់ដល់កិត្តិយស ក្រុមគ្រួសាររបស់សម្តេចតេជោ ហ៊ុន សែន ដោយកន្លងមកសកម្មជនបក្សសង្គ្រោះជាតិ បានចោទប្រកាន់លោក ហ៊ុន ម៉ាណែត និងសម្តេចកិត្តីព្រឹទ្ធបណ្ឌិត ជាកូនមេដឹកនាំវៀតណាម។
* កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ លោក សម រង្ស៊ី បានប្រកាសលាលែងពីប្រធានបក្ស, បន្ទាប់ពីលាលែងទីបំផុតនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ថ្មីៗនេះ លោក កឹម សុខា ដែលកាន់តំណែងប្រធានស្តីទីជាង១ឆ្នាំ បានឡើងកាន់តំណែងប្រធានគណបក្សសង្រ្គោះជាតិជាផ្លូវការ បន្ទាប់ពីសមាជិកជាច្រើនបោះឆ្នោតគាំទ្រនៅក្នុងសមាជសមាជវិសាមញ្ញ។
សូមជំរាបថា ការឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន ខាងលើនេះ ធ្វើឡើងបន្ទាប់ពីសារសម្លេងសន្ទនាដ៏សម្ងាត់បំផុតរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក កឹម សុខា ត្រូវបានបែកធ្លាយ នៅព្រលប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ ហើយតាមរយៈបណ្តាញសង្គមហ្វេសបុក ឈ្មោះសីហា និងបន្ទាប់ពីគណបក្សសង្រ្គោះជាតិចេញលិខិតបដិសេធ ចំពោះសារបែកធ្លាយកាលពីម្សិលមិញរវាងនាយកខុទ្ទកាល័យនាយករដ្ឋមន្រ្តី ជាមួយតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងលោក កឹម សុខា៕