FN ៖ ប្រភពផ្ទៃក្នុងគណបក្សសង្គ្រោះជាតិកូតា សម រង្ស៊ី នាំគ្នាសម្តែងការហួសចិត្តនិងខកចិត្តនៅពេលលោក សម រង្ស៊ី ប្រកាសបិទផ្លូវបន្តទៀតថា «ខ្ញុំអត់មានរៀបចំឲ្យភរិយាខ្ញុំ ឬកូនខ្ញុំណាម្នាក់ មកដឹកនាំគណបក្ស ជំនួសខ្ញុំទេ»។
ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិកូតា សម រង្ស៊ី បាននាំគ្នាទះទ្រូងហួសចិត្ត ហើយថ្លែងថា៖ «ហេតុអ្វីក៏សម្រេចចិត្តដោយគ្មានសួរយោបល់គេឯងឲ្យច្បាស់!? បើបានជាបិទផ្លូវនយោបាយខ្លួនឯងទៅហើយ ហេតុអ្វីក៏ប្រកាសបិទផ្លូវនយោបាយរបស់ប្រពន្ធខ្លួនថែមទៀត!? ចុះបើគណបក្សត្រូវការនោះវានឹងទៅជាក្រឡិច ក្រឡុច លេបសម្តីខ្លួនឯងបាត់ទៅហើយទេឬ!? ហេតុអ្វីក៏មិនទុកឱកាសឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយកធ្វើការផង!?»។
នៅក្នុងគណបក្សសង្គ្រោះជាតិគឺមានចរន្តពីរ ដែលមនុស្សខាងកូតា សម រង្ស៊ី គឺចង់ឲ្យលោកស្រី ជូឡុង សូមួរ៉ា ធ្វើប្រធានបក្ស។ ចំណែកឯកូតាគណបក្ស សិទ្ធិមនុស្សគឺចង់ឲ្យលោក កឹម សុខា ធ្វើប្រធានបក្ស។ បើលោក សម រង្ស៊ី ប្រកាសបិទផ្លូវដូច្នេះ មានន័យថា បក្សទាំងមូលត្រូវតែលើកថ្វាយឲ្យលោក កឹម សុខា ធ្វើប្រធានបក្សដោយស្វ័យប្រវត្តិតែម្តងទៅ។ ផ្ទៃក្នុងបក្សក៏បង្ហើបឲ្យដឹងថា ឥឡូវនេះពីលើដល់ក្រោមកាន់តែច្របូកច្របល់ មិនស្តាប់គ្នា លូកគ្នាពេញ ជាពិសេសក្នុងដំណាក់កាលតែងតាំងបេក្ខភាពសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ។
ការប្រកាសបែបនេះទៀតសោត គឺស្ទើរតែចប់ទាំងអស់មនុស្សខាងកូតាគណបក្ស សម រង្ស៊ី។ ព័ត៌មានចេញផ្ទៃក្នុងលាន់មាត់ថា៖ «ប្រពន្ធគេ គេបិទផ្លូវទៅហើយ ចុះទម្រាំឯងសាច់ដ៏ទៃ!?»។ នេះក៏បានផ្ញើសារទៅកាន់ លោក គង់ គាំ, លោក យឹម សុវណ្ណ, លោក អេង ឆៃអ៊ាង, លោក សុន ឆ័យ ថាអ្នកទាំងអស់គ្នានេះ គ្មានឱកាសទេ ហើយជម្រើសបឋមមានពីរ៖ ទី១៖ អោបជើងលោក កឹម សុខា ឬទី២៖ នាំគ្នាលាឈប់ធ្វើនយោបាយដែរទៅ ដើម្បីក្លាយជាវីរៈបុរសក្នុងក្អម ពីព្រោះអតីតលោកប៉ាធាន និយាយថា អ្នកណាលាឈប់ គឺជាវីរៈបុរសនោះអី!?
ការណ៍ដែលលោក សម រង្ស៊ី បញ្ចប់ជីវិតនយោបាយខ្លួនឯងនេះ ក៏ត្រូវបានវាយតម្លៃថា ជាការខុសឆ្គងផ្នែកយុទ្ធសាស្ត្រនយោបាយ។ អ្នកខ្លះយល់ថា ប្រហែលជាលោក សម រង្ស៊ី យកពិសោធន៍ការធ្លាប់បានចាញ់ឆ្នោតកន្លងមក៤អាណត្តិជាប់ៗគ្នា មកធ្វើជាមូលដ្ឋានសម្រេចចិត្ត៖
ទី១៖ លោក សម រង្ស៊ី ហាក់ដឹងច្បាស់ជាមុនថា បក្សប្រឆាំងគ្មានវាសនានឹងដណ្តើមសមាណចិត្តច្រើនលើសលុបពីប្រជាជនបាននោះទេ។ លទ្ធផលឆ្នោត ឆ្នាំ២០១៣ គឺជាចំនួនខ្ពស់បំផុតហើយ ហើយក្នុងកាលៈទេសៈណាក៏ដោយ ក៏មិនអាចដណ្តើមយកជ័យជំនះពីគណបក្សប្រជាជនកម្ពុជាបានទេ។
ទី២៖ លោក សម រង្ស៊ី ក៏អាចវាយតម្លៃបានចំពោះសម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់មានប្រសាសន៍ថា៖ «បើខ្ញុំលើកដៃចុះហត្ថលេខាលើកលែងទោសឲ្យ គឺសុខចិត្តកាត់ដៃចោល»។ នេះក៏មានន័យច្បាស់ថា គ្មានផ្លូវ ហើយក៏គ្មានថ្ងៃវិលវិញទេ!
ទី៣៖ លោក សម រង្ស៊ី ប្រហែលជានៅចងចាំព្រះមហាវីរក្សត្រ នរោត្តម សីហនុ ធ្លាប់មានព្រះរាជបន្ទូលកាលនៅមានព្រះជន្មថា៖ «កម្ពុជាត្រូវការសម្តេច ហ៊ុន សែន។ ពួកអ្នកប្រឆាំងសម្តេច ហ៊ុន សែន គឺមានវាសនាត្រឹមនៅជាអ្នកប្រឆាំងអស់មួយជីវិត!»។
ប្រយោគខាងលើនេះគឺច្បាស់ៗ ហើយជាក់ស្តែងបំផុតអំពីជោគវាសនានយោបាយរបស់លោក សម រង្ស៊ី ដែលអស់ឱកាសហើយ។ លើចំណុចនេះ លោក សម រង្ស៊ី ក៏អាចស៊ីឡាក់ថា ពេលបក្សប្រឆាំងបរាជ័យតទៅទៀត គឺមិនមែនមកពីគាត់ ហើយក៏មិនមែនជាគាត់ទៀតទេ គឺដោយសារអ្នកដឹកនាំក្រោយៗ។
តាមប្រភពផ្ទៃក្នុងក៏បានឲ្យដឹងដែរថា ក្នុងដំណាក់កាលចុងក្រោយនេះ សម រង្ស៊ី ហាក់អន់ចិត្តចំពោះ កឹម សុខា ដែលការរៀបបេក្ខជនសម្រាប់ការ បោះឆ្នោតឃុំ-សង្កាត់ គឺដណ្តើមដាក់តែមនុស្សរបស់ខ្លួន ដែលលើកមុនបានដណ្តើមចែកស្មើជាពីរលើ៥៥កៅអីរួចហើយ។ ដូច្នេះ សម រង្ស៊ី មានមុខអីនឹងឆ្លើយ ចំពោះសមាជិកកូតារបស់ខ្លួនដែលបន្តបាត់ឱកាសទៀតនោះ។
លោក សម រង្ស៉ី ក៏នៅសង្ស័យលើទំនាក់ទំនងវាង សម្តេច ហ៊ុន សែន-កឹម សុខា ដែរ ហើយក៏អន់ចិត្តលោក កឹម សុខា អំពីបេក្ខភាពភរិយាគាត់ធ្វើ ជាប្រធាន បក្សនោះដែរ។ ភ្លាមៗបន្ទាប់ពីការប្រកាសលាលែង គឺ សម រង្ស៊ី មិនទាន់បដិសេធនឹងសំណួរកាសែតអំពីផែនការគ្រោងដាក់ប្រពន្ធខ្លួនបន្តវេននោះទេ។ ទើបតែប៉ុន្មានថ្ងៃក្រោយមកទៀត ប្រហែលជាមិនអាចនិយាយត្រូវរ៉ូវផ្ទៃក្នុង សម រង្ស៊ី បានប្រកាសថា បិទផ្លូវនយោបាយប្រពន្ធខ្លួនតែម្តង។
គ្មានអ្វីដែលឥតខ្ចោះទេ។ ក៏ប៉ុន្តែបើឆ្លុះបញ្ចាំងអំពីសាវតា និងបញ្ហាផ្ទៃក្នុងរបស់បក្សប្រឆាំង គឺបែកខ្ញែក បក្ខពួក និងបញ្ហាចាក់ស្រេះ។ កំហុសដ៏ធំខាងយុទ្ធសាស្ត្រ នយោបាយគឺ ចរិតមាយាទ «មាត់អត់គំរប» ដែលមនុស្សមិនតិចទេ ជាប់គុកដោយសារមាត់ឥតគំរប និងចាញ់បោកតាម សម រង្ស៊ី។ ទីបំផុតកំហុសនយោបាយ នេះគឺធ្លាក់លើខ្លួនឯងរហូត សម រង្ស៊ី សម្រេចលោតចុះពីរថយន្តទាំងរថយន្តកំពុងមានល្បឿន មិនទាន់ឈប់ផងនោះ។ នេះជាការប្រថុយដ៏គ្រោះថ្នាក់ ដែលជាលទ្ធផលគឺត្រូវបាក់ជើង បាក់ដៃ បែកមាត់ បាក់ធ្មេញ និងបោកក្បាល។
ដូច្នេះអ្វីដែលលោក សម រង្ស៊ី សម្រេចចិត្តលាឈប់នេះ គឺដូចនឹងពាក្យចំអកថា៖ «លាលែង វាមិនខុសអ្វីពី គោលែង សេះលែង ឬ ក្បីលែង នោះទេ! គ្រាន់តែថា លា វាល្ងង់ជាងគោ។ ឲ្យតែលែង គឺវាទៅហើយ!»។
ពេលនៅមានអំណាចជាប្រធានបក្សចាត់ចែងមិនបានផង ចុះទម្រាំបាត់សិទ្ធិជាសមាជិកបក្សទៅទៀតនោះ!? បុគ្គលដែលអស់សិទ្ធិអត់អំណាច ហើយបញ្ជាគេ មិនបានទៅទៀត គឺអាចនឹងកើតរោគអ្វីម្យ៉ាង។ លើការជាក់ស្តែង គឺលោក សម រង្ស៊ីអស់រលីង! កុំបន្ទោសអ្នកណា!
ពីមុនគេហៅ «បក្សសង្គ្រោះជាតិ» ឥឡូវដូរមក «សង្គ្រោះបក្ស» «សង្គ្រោះបក្ខពួក» បន្ទាប់មកស្រែកថា «ជួយសង្គ្រោះខ្ញុំផង!» និងចុងក្រោយគឺ «សក់អ្នកណាក្បាលអ្នកហ្នឹង!»។ នេះគឺជាដំណើរនៃការធ្លាក់ពិត។ សង្គ្រោះតែបក្សមួយ រៀបចំតែបក្សមួយឲ្យបានរឹងមាំ គឺធ្វើមិនបានផង ដូច្នេះតើនឹងមាន សមត្ថភាពនិងលទ្ធភាពអ្វីទ្រទ្រង់ស្ថានការណ៍ និងកិច្ចការប្រទេសជាតិ? យើងមិនត្រូវប្រថុយផ្តល់ឱកាសឲ្យក្រុមដែលមានបញ្ហាលើការគិតនេះ ដឹកនាំប្រទេសបានទេ គឺមិនបានជាដាច់ខាត។
ចំពោះការយល់ឃើញជាទូទៅថា សម រង្ស៊ី អាត្មានិយម ឬបុគ្គលនិយម គឺមិនខុសទេ។ គាត់ទៅហើយ! តែការចាកចេញទៅរបស់គាត់ គឺមិនមែនជាការធ្វើដំណើរ ដោយរលូននិងស្មោះត្រង់ទេ គឺកំហុសនិងពិសពុល និងបានបន្សល់ទុកនូវបញ្ហារាប់ជំពូកមិនទាន់ដោះស្រាយ ហើយលោក សម រង្ស៊ី ក៏បានលេងបោះថ្ម ក្តៅចំកណ្តាលបក្សប្រឆាំងរួចទៅហើយដែរ ដែលដល់ពេលមួយគឺវានឹងឆេះ៕ ដោយ៖ ជាតិរស់