FN៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្គាប់ដល់សមាជិកគណបក្សប្រជាជនទាំងអស់ ឱ្យចាប់ផ្តើមធ្វើសកម្មភាពចុះមូលដ្ឋានឱ្យកាន់តែខ្លាំងក្លាថែមទៀត ខណៈដែលការបោះឆ្នោត នឹងចូលមកដល់ នៅឆ្នាំ២០១៧ និង២០១៨។ នេះបើតាមការអះអាងរបស់ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
ការដាក់បទបញ្ជារបស់ ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងនៅក្នុងសន្និសីតកាសែតមួយ បន្ទាប់ពីបញ្ចប់សន្និបាត គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថា សន្និបាតនេះ ត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី១៧ និង១៨ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីវាយតម្លៃអំពី ស្ថានភាពនយោបាយទូទៅ និងរៀបចំផែនការសម្រាប់ការបោះឆ្នោត ដ៏ខ្លីខាងមុខនេះ។ ក្រៅពីនោះ ក៏មានការកែសម្រួល សមាសភាពគណៈកម្មាធិការត្រួតពិនិត្យផ្ទៃក្នុងបក្សផងដែរ។
លោក សុខ ឥសាន បានបន្ថែមថា បន្ទាប់ពីបើកសន្និបាតគណៈកម្មាធិការកណ្តាលរយៈពេល២ថ្ងៃនេះ គណបក្សប្រជាជន កម្ពុជា បានដាក់ចេញយុទ្ធសាស្រ្តល្អៗចំនួន២០ចំណុច ដើម្បីបង្កើនប្រជាប្រិយភាពរបស់ខ្លួន។ លោកថា គណបក្សប្រជាជនកម្ពុជា មានសង្ឃឹមយ៉ាងមុតម៉ាំថា ខ្លួននៅតែបន្តឈ្នះនៅក្នុងការបោះឆ្នោត ឆ្នាំ២០១៧ និង ២០១៨ខាងមុខដដែល៕