FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សា សកម្មភាពជនពិការ បានលើកសំណើ ចំនួន៧ចំណុចទៅកាន់ក្រសួងស្ថាប័នរដ្ឋ និងឯកជនឲ្យខិតខំអនុវត្តបន្ថែមទៀត ដើម្បីនាំមកនូវប្រយោជន៍ថ្មីៗទៀតសម្រាប់ជនពិការ ជាពិសេសជួយលើកការកម្ពស់ជីវភាព និងការរស់នៅរបស់ជនពិការឲ្យបានកាន់តែប្រសើរ។
សំណើទាំង ៧ចំណុច ដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ ទិវាជនពិការ កម្ពុជាលើកទី១៨ និងទិវាជនពិការអន្តរជាតិលើកទី៣៤ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ រួមមាន៖
ទី១៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំការបង្កលក្ខណៈងាយស្រួលចេញចូលនៅទីកន្លែង សាធារណៈសម្រាប់ជនពិការគ្រប់ប្រភេទដូចជា៖ ការរៀបចំចំណតយាន យន្តពិសេសសម្រាប់ជនពិការ ការធ្វើជម្រាល ការបំពាក់ឧបករណ៍ធ្នាក់ដៃនៅតាមបន្ទប់ទឹក ការដាក់ស្លាក សញ្ញានានា នៅតាមក្រសួង ស្ថាប័ន មន្ទីរ ផ្លូវថ្នល់ ទីកន្លែងលំហែកាយ មជ្ឈមណ្ឌល វប្បធម៌ កន្លែង លេងកីឡា កន្លែងកម្សាន្ត គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទីរពេទ្យ មជ្ឈមណ្ឌលសុខភាព និងមធ្យោបាយ ដឹកជញ្ជូន។ ខ្ញុំក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រក្សាទុកនូវចិញ្ចើមផ្លូវសាធារណៈ ដើម្បីជនពិការភ្នែក និងពិការជិះរទេះ អាចមានលទ្ធភាពធ្វើដំណើរដោយថ្មើរជើង និងធ្វើការចល័តបានដោយមិនមានឧបសគ្គរារាំង។
ទី២៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់អាទិភាព ដាក់ បញ្ចូលការងារពិការភាព ទៅក្នុងផែនការសកម្មភាពរបស់ខ្លួនក្នុងទិសដៅសម្រេចឱ្យខាងតែបាននូវយុទ្ធសាស្រ្ត ចតុកោណដំណាក់កាល ទី៤ មុំទី៣ ការងារអាទិភាពទី៤ របស់រាជរដ្ឋាភិបាល ក៏ដូចជាផែនការយុទ្ធសាស្រ្ត ជាតិស្តីពីពិការភាព២០១៤-២០១៨។
ទី៣៖ ត្រូវបន្តជំរុញនិងយកចិត្តទុកដាក់គិតគូរអំពីផលប្រយោជន៍ និងការលើកតម្កើងជីវភាពរស់នៅ របស់បងប្អូនជនពិការឲ្យបាន សមរម្យស្របតាមសេដ្ឋកិច្ចជាតិ និងត្រូវមានវិធានការណ៍ចាំបាច់នានា ដើម្បី បំផុសលើកទឹកចិត្តពលរដ្ឋ សប្បុរសជន ផ្នែកឯកជន និងអង្គការសង្គមស៊ីវិលនានា ឲ្យចូលរួមឧបត្ថម្ភ ជនពិការ ព្រមទាំងត្រូវលើកទឹកចិត្តដល់ជនដែលមានពិការភាពដែលប្រកបមុខរបរ អាជីវកម្ម សិប្បកម្មជា លក្ខណៈឯកត្តជន ឬគ្រួសារ ឬសមូហភាពរបស់ជនពិការ តាមរយៈការកាត់បន្ថយពន្ធដា និងការផ្តល់ អាទិភាពផ្សេងៗស្របតាមច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ។
ទី៤៖ គ្រប់ក្រសួង-ស្ថាប័នរដ្ឋ និងឯកជន ត្រូវលើកទឹកចិត្តជនពិការដែលមានលក្ខណសម្បត្តិ និងសមត្ថភាពបំពេញមុខងារ តួនាទីទទួលខុសត្រូវក្នុងមុខតំណែង ឲ្យមានសិទ្ធិចូលបម្រើការងារដោយគ្មាន ការរើសអើង រាប់ទាំងការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។ ក្នុងន័យនេះ ខ្ញុំស្នើដល់គ្រប់ក្រសួងស្ថាប័នរដ្ឋ និងឯកជន ត្រូវធានាឲ្យមានការបង្ក លក្ខណៈងាយស្រួល ដល់ជនពិការនៅកន្លែងធ្វើការ និងបង្កើនលទ្ធភាពឲ្យជនពិការអាចទទួលបានបទពិសោធន៍ការងារ នៅក្នុង ទីផ្សារការងារសេរី។
ទី៥៖ ត្រូវបន្តលើកទឹកចិត្ដឱ្យមានការចូលរួមពីផ្នែកឯកជន រោងចក្រ សហគ្រាស សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ ក្នុងការជ្រើសរើសជនពិការ ដោយការភ្ញាក់រលឹកអនុវត្តកាតព្វកិច្ច ដូចមានចែងក្នុងច្បាប់ស្ដីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ។
ទី៦៖ ក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវបន្តដឹកនាំចាត់ចែង អនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងជំរុញការអនុវត្តលិខិតបទដ្ឋាន អន្តរជាតិពាក់ព័ន្ធពិការភាពជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សង្គម ស៊ីវិលឲ្យដំណើរការទៅបានដោយរលូននិងប្រកបដោយ ប្រសិទ្ធភាព ព្រមទាំងត្រូវធ្វើរបាយការណ៍ដាក់ជូន រាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ។
ទី៧៖ គ្រប់ស្ថានីយវិទ្យុនិងទូរទស្សន៍របស់រដ្ឋនិងឯកជន ព្រមទាំងគ្រប់ភ្នាក់ងារសារព័ត៌មាន សូមបន្ត ជួយផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ នូវការយក ចិត្តទុកដាក់និងលើកស្ទួយសុខុមាលភាពជនពិការ នៅកម្ពុជា ជាពិសេសត្រូវមានការបកប្រែជាភាសាសញ្ញានិងអក្សររត់នៅ តាមបណ្តាស្ថានីយទូរទស្សន៍ ដើម្បីសម្រួល ដល់ជនពិការក្នុងការទទួលបានព័ត៌មានផ្សេងៗ ព្រមទាំងទទួលបានកម្មវិធីតាមទូរទស្សន៍ ដូចជា៖ភាពយន្ត ល្ខោន និងសកម្មភាពវប្បធម៌ផ្សេងៗទៀត ក្នុងទ្រង់ទ្រាយដែលជនពិការអាចទទួលយកបាន៕