ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ។ ហាគឹមទួន នៃសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ សូមគោរព លោកយាយ លោកតា បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពី ខ្ញុំព្រះករុណាខ្ញុំ។
រំលឹកពីអនុស្សាវរីយ៍កាលពី ៤២ ឆ្នាំមុន
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកកាន់ទីកន្លែងមួយដែល ខ្ញុំព្រះករុណាខ្ញុំ មានអនុស្សាវរីយ៍យ៉ាងច្រើន តាំងពី ៤២ ឆ្នាំ មុនឯណោះ គឺនៅឆ្នាំ ១៩៧២ នៅពេល ខ្ញុំព្រះករុណាខ្ញុំ មានអាយុ ២០ ឆ្នាំ។ ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បានមករស់នៅកំពង់ទ្រាសរបស់យើងនេះ ប៉ុន្តែ មិនដឹងថា តើនៅខាងក្រោយ ឬនៅខាងមុខ? មិនអាចចាំបាន។ ម្យ៉ាងទៀតតំបន់នេះ ក៏ជាតំបន់អនុស្សាវរីយ៍នៃស្នេហ៍ដំបូងរបស់ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា ដែលពេលនោះ គាត់ជាពេទ្យនៅឯស្រុកក្រូចឆ្មារឯណោះទេ ក៏ប៉ុន្តែ ក្រោយពីការស្គាល់គ្នា គាត់បែរជាមកប្រចាំការនៅទីនេះ។ ប៉ុន្តែ ពេលនោះ គឺមិនមែនស្រុកក្រូចឆ្មារទេ នៅកន្លែងនេះគេបង្កើតឃុំមួយ គេកាត់ឃុំកំពង់ទ្រាសរបស់ស្រុកក្រូចឆ្មារនេះ ទៅបង្កើតស្រុកមួយទៀត ហៅថាស្រុកពាមជីលាំង ប៉ុន្តែ ដោយសារ ភរិយាខ្ញុំព្រះករុណាខ្ញុំ ចង់ជួបមុខខ្ញុំព្រះករុណាខ្ញុំ ក៏គេមកធ្វើត្រីប្រហុក។
នៅខាងក្រោយយើងនេះមាន ព្រែកមួយ ហៅថា ព្រែកពាមជីលាំង។ អាហ្នឹងត្រីប្រហុក។ សម័យនោះ មិនមែនដូចសម័យយើងឥឡូវនេះ ដែលអាចទាក់ទងគ្នាពីទីនេះទៅកាន់ពិភពលោកនោះទេ។ ឥឡូវ អាចមានការផ្សាយបន្តផ្ទាល់ចេញពីទីនេះ តាមរយៈហ្វេសប៊ុក ឬក៏ Fresh News គឺពិភពលោកអាចមើលបាន ប្រជាពលរដ្ឋខ្មែរ នៅបរទេស(អាច)មើលបាន។ ពេលនោះ ទម្រាំតែដឹងយើងនៅសមរភូមិឯជីរោ កំពង់ប្ញស្សី នៅជីរោអី ក្រោម យើងឡើងមកដល់(ទី)នេះ គេទៅបាត់។ អញ្ចឹង វាឃ្វាងគ្នារហូត។ ក៏ប៉ុន្តែ យ៉ាងណាក៏ដោយ វាក៏ជាអនុស្សាវរីយ៍មួយ។ … បងប្អូនភាគច្រើនជាអ្នកនៅទីនេះ មកអម្បាញ់មិញនេះ ដែលមានអាយុចាប់ពី ៥០ ឆ្នាំ ឡើងលើ គឺបានស្គាល់ ខ្ញុំព្រះករុណាខ្ញុំ ដែលធ្លាប់បានធ្វើសកម្មភាពនៅទីនោះ …។
ពិធីពីរប្រារព្ធក្នុងពេលតែមួយ
ខ្ញុំព្រះករុណាខ្ញុំ រីករាយណាស់ ដែលថ្ងៃនេះ បានមកចូលរួមជាមួយព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ចូលរួមជាមួយ ឯកឧត្តម លោកជំទាវ ជាពិសេស ជាមួយនឹងប្រជាពលរដ្ឋ ក្នុងនោះ ក៏មានអ្នកដែលផ្តល់ជំនួយសម្រាប់យើង មានដូចជា សាធារណរដ្ឋកូរ៉េ ធនាគារអភិវឌ្ឍន៍អាស៊ី បារាំង មូលនិធិអភិវឌ្ឍន៍ន័រឌិក អូស្ត្រាលី ហើយនឹងរាជរដ្ឋាភិបាល និងមូលនិធិយុទ្ធសាស្ត្រអាកាសធាតុ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មកធ្វើពិធីដល់ទៅ ពីរ គឺ ទី ១. ការប្រកាសដាក់ឲ្យប្រើប្រាស់នូវផ្លូវលំជនបទ ដែលចាក់កៅស៊ូ និងបេតុង ចំនួន ២៣ ខ្សែ ប្រវែង ៥៤៣ គីឡូម៉ែត្រ គ្របដណ្តប់ ចំនួន ០៨ ខេត្ត ដែលពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បានបើកការដ្ឋាននៅឯខេត្តពោធិ៍សាត់ ហើយ ០៨ ខេត្តនោះ ក៏បាន និងកំពុងប្រើប្រាស់ផ្លូវនេះរួចមកហើយ, និងកម្មវិធី ទី ២. យើង នឹងបើកការដ្ឋាន ដើម្បីស្ថាបនាផ្លូវ (ប្រវែង) ១.២០០ គីឡូម៉ែត្រ ចំនួន ៧៥ ខ្សែ ដែល មានប្រវែង ១.២០០ គីឡូ ម៉ែត្រ ដែលគ្របដណ្តប់ ១០ ខេត្ត។ នេះប្រើពាក្យថា ជាការកែលម្អផ្លូវលំជនបទ ប៉ុន្តែ លើការជាក់ស្តែង គឺដូចធ្វើថ្មីតែម្តងហ្នឹង ព្រោះបើយោងទៅតាមដែលខ្ញុំព្រះករុណាខ្ញុំ ធ្លាប់រស់នៅកាលពីពេលមុនដែរ ឆ្លងកាត់តាំងពីទន្លេបិទ រហូតយើងឡើងទៅខាងលើ វាជាប្រភេទផ្លូវលំ ប៉ុន្តែ ផ្លូវលំរបស់យើងកាលពីពេលនោះ ប្រើជាផ្លូវរទេះផង ជាផ្លូវជិះកង់ផង ហើយម៉ូតូមិនសូវមានទេ។ ឡានវាអត់តែម្តង។ អាហ្នឹងនិយាយឲ្យពិត …។
ផ្លូវជាច្រើនដែលយើងបានស្ថាបនា ទាំងគម្រោងនេះ ក៏ដូចជាគម្រោងដទៃទៀតរបស់រាជរដ្ឋាភិបាល ត្រូវបានដាក់ឲ្យប្រើប្រាស់ជាបណ្តើរៗរួចមកហើយ។ យោងទៅលើបទពិសោធន៍ នៃការអភិវឌ្ឍផ្លូវលំរបស់យើង ថ្ងៃនេះយើងបើកការដ្ឋាន(ធ្វើផ្លូវ) ចំនួន ៧៥ ខ្សែ ដែលមានប្រវែង ១.២០០ គីឡូម៉ែត្រ ហើយដែលគ្របដណ្តប់លើ ១៣ ខេត្ត ក្នុងនោះមានចាក់កៅស៊ូ ២ ស្រទាប់ និងចាក់បេតុង។ ដោយឡែកផ្លូវដែលយើង ធ្វើនៅថ្ងៃនេះ ភ្ជាប់ទន្លេបិទ និងឡើងទៅដល់ឃុំទ្រា យើងប្រើប្រាស់បេតុងតែម្តង។ ដោយសារផ្លូវនេះវាជា ប្រភេទផ្លូវ ដែលទឹកឡើង ហូរកាត់ ការចាក់កៅស៊ូមិនជាប់ទេ ទាល់(តែ)ចាក់បេតុង ដើម្បីធានាឲ្យការប្រើប្រាស់។ សូម្បីតែសាលារៀននេះ គឺយើងត្រូវធ្វើផុតពីទឹក ប៉ុន្តែផ្លូវយើងមិនអាចធ្វើផុតពីទឹកបានទេ។ អញ្ចឹងទេ បានជាផ្លូវ ចំនួន ៧៥ ខ្សែ គឺមានតែមួយខ្សែទេ គឺខ្សែនេះឯង ដែលជាខ្សែចាក់បេតុង។
ជនជាតិវៀតណាមចូលមកកម្ពុជា តាំងពីជំនាន់បារាំង មិនមែនទើបនឹងជំនាន់ក្រោយនេះទេ
សម័យនេះ មិនមែនជាសម័យផ្លូវរទេះគោ និងផ្លូវដំរីទៀតទេ គឺជាផ្លូវដែលយើងត្រូវធ្វើ ដោយមានការកែលម្អ ការរៀបចំមួយជាក់លាក់។ ក្រៅពីផ្លូវជាតិដែលយើងបាន និងកំពុងសាងសង់យ៉ាងមមាញឹក រាប់ទាំងស្ពានឆ្លងកាត់ទន្លេ ហើយនៅពេលខាងមុខនេះ អ្នកដែលមកពីខាងព្រែកអាជី ខាងភូមិទ្រា នៅផ្នែកខាងលើ និងអ្នកនៅទីនេះក៏អាចមានផលប្រយោជន៍ដែរ ដោយនឹងមានផ្លូវមួយខ្សែចាក់ពីកំពង់សៀម ផ្លូវជាតិលេខ ៧ មកតាមច្រកនេះ ហើយមកដល់ភូមិទ្រា យើងនឹងធ្វើស្ពានឆ្លង …។ (នេះជាការរៀបចំសំរាប់)ខាងត្បូងឃ្មុំ ភូមិទ្រា និងខាងកំពង់ចាម គឺបឹងកញ្ចូត ឃុំព្រៃកក់។
បឹងកញ្ចូតហ្នឹងមិនមែនភាសាខ្មែរឯណា។ សម័យនោះគឺវៀតណាមនៅច្រើន វៀតណាមមិនមែននៅស្រុកខ្មែរជំនាន់ឥឡូវឯណា វៀតណាម គឺបារាំងអ្នកនាំមកទេតើ។ រួចចេះតែមកជេរខ្ញុំ ឥឡូវកន្លែងនោះអត់ទាំងមានវៀតណាមផង។ កាលនោះ វៀតណាមនៅពេញស្រុកខ្មែរ។ មកជេរតែខ្ញុំក្មេងក្រោយ ហើយអ្នកនៅមួយជួរយើងនេះ ម្តុំខ្សាច់បញ្ឆេះនេះ សុទ្ធតែវៀតណាមតែម្តង។ ប៉ុន្តែ ឥឡូវ សួរថាមានវៀតណាម ឬក៏អត់? មកជេរតែខ្ញុំ ត្រង់បញ្ហាបារាំងពីដើមយកវៀតណាមមកនៅ រឿងចាក់ជ័រកៅស៊ូស្អីៗនេះ កម្មករកៅស៊ូ ៧០% គឺជាជនជាតិវៀតណាម(មិនមានអ្នកនិយាយ)។ ដោយសារតែមិនទាន់ទទួលស្គាល់ប្រវត្តិសាស្រ្ត មកជេរតែអ្នកកើតក្រោយ។ អាហ្នឹងប្រយ័ត្នបាប។
អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជានយោបាយត្រឹមត្រូវសម្រាប់អភិវឌ្ឍប្រទេស
យ៉ាងណាក៏ដោយ ខ្ញុំព្រះករុណាខ្ញុំ សូមគូសបញ្ជាក់នៅទីនេះថា នយោបាយហេដ្ឋារចនាសម្ព័ន្ធរបស់ខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជារបស់គណបក្សប្រជាជន នៅតែជានយោបាយត្រឹមត្រូវបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិឲ្យឈានឡើង។ ដើម្បីឲ្យកម្ពុជាអាចលូតលាស់ទៅបាន យើងមិនអាចបន្តត្រដរខ្យល់ឆ្លងសាឡាង និងទូកដបន្តទៀតទេ។ ត្រូវតែខិតខំធ្វើផ្លូវ ធ្វើស្ពាន ហើយស្ពានហ្នឹង កាលពីដើម យើងធ្វើស្ពានតូចៗ ឆ្លងកាត់នូវព្រែក ដៃព្រែក ហើយពេលនោះធ្វើស្ពានដែក។ ឥឡូវនេះ យើងចាប់ប្តូរមកបេតុង ដូរដែកចេញបណ្តើរៗ រួចចុះស្ពានពាមជីលាំងរួចហើយឬនៅ(ស្ពាន)បេតុង? រួចហើយ។ អាហ្នឹងពីពាមជីលាំង ទៅព្រែកបាតដី ក៏រួចហើយដែរ។ ក្រៅពីនោះ យើងធ្វើស្ពានឆ្លងកាត់ទន្លេមេគង្គ ទន្លេសេកុង ទន្លេសាប ទន្លេបាសាក់ ដែលពីដើម មានអ្នកស្រមៃថានឹងមានស្ពានបែបនេះ ប៉ុន្មាននាក់ទៅ? សូម្បីតែខ្ញុំព្រះករុណាខ្ញុំនឹកមិនដល់ទេ ក៏ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំធ្លាប់ឆ្លងកាត់នូវការលំបាកក្នុងឋានៈជាប្រជាពលរដ្ឋនៅជនបទនឹងគេនឹងឯង។
ពិតមែនហើយ ត្បូងឃ្មុំ ទើបនឹងកាត់ចេញពីខេត្តកំពង់ចាមតែប៉ុណ្ណោះ ដោយសារតែខេត្តមួយនេះធំពេក ចំនួនប្រជាជនប្រមាណ ២ លាននាក់ កាត់ចេញចែកព្រំខណ្ឌរវាងទន្លេ។ … ត្បូងឃ្មុំ ដែលជាខេត្តបង្កើតថ្មី។ យើងនៅទីនេះគឺខេត្តត្បូងឃ្មុំហើយ ប៉ុន្តែ(ជា)អតីតខេត្តកំពង់ចាម។ ឯម្ខាងទៀត គឺនៅខាងកំពង់ចាម គឺកាត់នៅសល់ប្រជាជនជាង ១ លាននាក់ និងខាងនេះនៅប្រមាណ ៨ សែន នាក់ជាង។ ដូច្នេះ តែ ២ ខេត្ត ហ្នឹង គឺគ្របដណ្តប់រហូតទៅដល់ជាង ២ លាននាក់នៃប្រជាពលរដ្ឋ។ តែយ៉ាងណាក៏ដោយ ត្បូងឃ្មុំជាអតីតខេត្តកំពង់ចាម ហើយកាត់ទៅក៏មិនមែនទៅបង្កើតជាប្រទេសថ្មីដែរ គ្រាន់តែបង្កើតតំបន់រដ្ឋបាលខេត្តថ្មីតែប៉ុណ្ណោះ។
នយោបាយហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ផ្ទៃក្នុងរបស់យើងនៅតែមានសារៈសំខាន់។ ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់ធ្វើដំណើរតាមផ្លូវនេះ។ កាលពីសម័យមុន ប្រជាជនមុខតែមានការលំបាកមិនខុសពីខ្ញុំព្រះករុណាខ្ញុំទេ ក៏ប៉ុន្តែ ឆ្លងកាត់តាមពេលវេលាមួយៗ ដំណាក់កាលមួយៗ យើងក៏បានកសាងឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនចាំបាច់របស់យើង ដែលមានទាំងស្ពាន ទាំងផ្លូវ។ ម្យ៉ាងទៀត ឥឡូវនេះ តើនរណាស្រមៃដឹងថា នៅកម្ពុជាបច្ចុប្បន្ន គ្រាន់តែម៉ូតូមានប្រហែលជាង ៣ លានគ្រឿង ហើយឡានប្រហែលជាអាចជិត ១ លានគ្រឿង? ខ្ទង់ប្រហែលប៉ុណ្ណឹង។ ពេលមុននេះ នៅនឹងកំពង់ទ្រាសនេះ សម័យដែលខ្ញុំព្រះករុណាខ្ញុំមកនៅទីនេះ យ៉ាងច្រើនមានត្រឹមកង់ មានម៉ូតូខ្លះៗ មិនអត់ទេ ក៏ប៉ុន្តែ តិចតួចណាស់។ ក្រោយមក អាពត ប្រមូលយកអស់។ អញ្ចឹងទេ ខ្ញុំព្រះករុណាខ្ញុំ នៅតែផ្តល់អាទិភាពទាក់ទិនជាមួយនឹងអាទិភាព ៤ យ៉ាង ដែលខ្ញុំព្រះករុណាខ្ញុំនៅតែផ្តល់ ទឹក ផ្លូវ ភ្លើង មនុស្ស គឺ ៤ ហ្នឹង នៅតែផ្តល់ការវិនិយោគ។ ឥឡូវនេះ យកបញ្ហាមនុស្សយកមកដាក់ពីមុខ មនុស្សនេះ ចង់សំដៅថា សាលា ហើយបន្តិចទៀត លោកគ្រូ អ្នកគ្រូ កូនសិស្ស ត្រៀមពិភាក្សាគ្នា ថាគួរធ្វើយ៉ាងម៉េចសាលានេះ។ (សួរសិស្សានុសិស្សពាមជីលាំង)។
នយោបាយ ទឹក ផ្លូវ ភ្លើង មនុស្ស ត្រូវតែផ្តល់អាទិភាព
ទឹក ផ្លូវ ភ្លើង មនុស្ស គឺជានយោបាយដែលត្រូវបំផុត ដែលខ្ញុំព្រះករុណាខ្ញុំ តែងផ្តល់អាទិភាព។ ក្នុងហ្នឹង ទាក់ទងតែរឿងផ្លូវមួយ បើយើងមិនតភ្ជាប់ទេ វានៅតែដាច់គ្នាដដែលហ្នឹង។ ខ្ញុំព្រះករុណាខ្ញុំ បាននិយាយទៅកាន់មន្រ្តី ក៏ដូចជាប្រជាពលរដ្ឋថា បើគ្រាន់តែសមាហរណកម្មរដ្ឋបាល និងនយោបាយ វាមិនគ្រប់ទេ។ ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បាននិយាយនៅពេលដែលមានការផ្តាច់ខ្លួនតាមរយៈនយោបាយឈ្នះឈ្នះ ពីតំបន់ប៉ៃលិន និងតំបន់ដទៃទៀតរបស់ខ្មែរក្រហមកាន់កាប់ថា បើសិនជាយើងមិនតភ្ជាប់ គឺមិនអាចដោះស្រាយបញ្ហាទេ គ្រាន់តែធ្វើសមាហរណកម្មខាងនយោបាយ និងរដ្ឋបាល វាអត់គ្រប់។ អញ្ចឹងទេ ត្រូវកសាងផ្លូវ។ ជាភ័ព្វសំណាង ខ្ញុំព្រះករុណាខ្ញុំ បានធ្វើដំណើរតាំងពីមួយជួរព្រំដែនកម្ពុជា-ថៃ ផ្លូវជាតិលេខ ៩ និងផ្លូវជាតិមួយចំនួនទៀតហើយតភ្ជាប់ផ្លូវលេខ ៥៩ ពីបន្ទាយមានជ័យទៅប៉ៃលិន … តាមផ្លូវថ្មីៗ មួយចំនួន ផ្លូវ ៧៦, ៧៨ ខាងរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង … កាលពីមុន កន្លែងខ្លះធ្វើដំណើររហូតទៅដល់មួយអាទិត្យ ទៅ ២ អាទិត្យ។
មានរឿងមួយដែលខ្ញុំព្រះករុណាខ្ញុំ បានរំលឹកនៅពេលជួបជាមួយសិស្សនិទ្ទេស A ចំនួន ៤០៥ នាក់ (កាលពីប្រឡង)បាក់ឌុប។ មានក្មេងស្រីម្នាក់នៅមណ្ឌលគិរីដែលប្រឡងជាប់និទ្ទេស A មានឪពុកធ្លាប់ជាទាហាន ឥឡូវឈប់ធ្វើទាហានហើយ ដោយសារតែការងារចំការ បង្កបង្កើនផល។ ម្តាយពីដើម លក់នំបញ្ចុក។ ទាហានស្រឡាញ់អ្នកលក់នំបញ្ចុក។ ស្រឡាញ់គេ ទិញនំបញ្ចុកមួយថ្ងៃៗ ទិញអស់រលីង តែមិនមែនដោយសារឆ្ងាញ់នំបញ្ចុកទេ។ ស្រឡាញ់គេតែម្តង។ មិនមែនដូចឥឡូវ គេចាប់ផ្តើមទូរស័ព្ទរកគ្នា ឬក៏ sms រកគ្នាទេ។ ជំនាន់នោះ គេសរសរសំបុត្រឲ្យហើយដាក់ក្រោមស្លឹកចេក។ ប៉ុន្តែអ្វីដែលសំខាន់គាត់និយាយប៉ុណ្ណេះ គាត់ថាពេលដែលត្រូវរ៉ូវគ្នាហើយនោះ អញ្ជើញឪពុកម្តាយពីស្រុកស្រីសន្ធរ ឡើងទៅដណ្តឹងប្រពន្ធ ប្រើពេលមួយខែ បានទៅដល់។ ឥឡូវនេះ ប្រើពេលត្រឹមតែ ៤ ម៉ោង គឺគ្រប់គ្រាន់ដើម្បីចេញពីភ្នំពេញទៅបាយនៅមណ្ឌលគីរី។
អញ្ចឹងទេ កាលដែលយើងធ្វើបានផ្លូវ ធ្វើបានស្ពាននេះ បង្កលក្ខណៈងាយស្រួលណាស់ សម្រាប់ប្រជាពលរដ្ឋរបស់យើង។ យើងលើកឧទាហរណ៍អញ្ចេះ ពីដើមយើងធ្លាប់ធ្វើដំណើរលើចម្ងាយផ្លូវត្រឹមតែ ៣០ គីឡូម៉ែត្រ ប៉ុណ្ណោះទេ ត្រូវប្រើពេលមួយម៉ោង ឬមួយម៉ោងកន្លះ ហ្នឹងអស់ថវិកា ៥ ពាន់រៀល។ នៅពេលដែលផ្លូវកសាង រួចយើង ធ្វើដំណើរ ៣០ គីឡូម៉ែត្រ(ដដែលហ្នឹង) អស់ត្រឹមតែកន្លះម៉ោងតែប៉ុណ្ណោះ ហើយអស់ថវិកាត្រឹមតែ ៣០០០ រៀល។ ដូច្នេះមានន័យថា រាជរដ្ឋាភិបាលបានផ្តល់ជូនប្រជាពលរដ្ឋរបស់យើងនូវការចំណេញទាំងពេលវេលា និងប្រាក់ទៀតផង។ នៅពេលដែលយើងផលិតបានជាទិន្នផល ជាស្រូវក្តី ជាពោតក្តី ជាអ្វីៗទៀតក៏ដោយ បើសិនជាការដឹកជញ្ជូនជួបការលំបាក ថ្លៃដើមកាន់តែខ្ពស់ ដូច្នេះ (ការដឹកជញ្ជូន) ទៅកាន់ទីផ្សារ មិនមានផលចំណេញទេ។ ដូច្នេះហើយ ខ្ញុំព្រះករុណាខ្ញុំ នៅតែពេញចិត្តជាមួយនឹងការបន្តអនុវត្តនយោបាយហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទាំងផ្លូវជាតិ ឥឡូវឈានរាលដាលធ្វើផ្លូវលំដោយចាក់កៅស៊ូ និងចាក់បេតុង ដែលរឿងនេះ ពីអតីតកាលយើងមិនបានគិតដល់ទេ ហើយក៏មិនបានស្រមៃថា យើងមានលទ្ធភាពបែបនោះផងដែរ។ ប៉ុន្តែ ពេលវេលាបានមកដល់ (អាច)ឲ្យយើងធ្វើដូច្នេះ។
ចំនួនផ្លូវ និងប្រវែងដែលបានប្រកាសដាក់ឲ្យប្រើប្រាស់
ផ្លូវដែលយើងធ្វើក្នុងរយៈពេលកន្លងទៅនេះ គឺដែលប្រកាសដាក់ឲ្យប្រើប្រាស់ចំនួន ២៣ ខ្សែ ប្រវែង ៥៤៣ គីឡូ ម៉ែត្រ។ កន្លងទៅនេះ និយាយសរុបតែម្តង បានខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តពោធិសាត់ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។ ដំណាក់កាលនោះ ប្រើប្រាស់ថវិកាអស់ចំនួន ៦៨ លានដុល្លារជាង ទាំងថវិការបស់រាជរដ្ឋាភិបាល និងថវិកាមកពីធនាគារអភិវឌ្ឍន៍អាស៊ី មកពីសាធារណរដ្ឋកូរ៉េ និងមកពីជំនួយឥតសំណងរបស់មូលនិធិអភិវឌ្ឍន៍ន័រឌិក។ ឥឡូវ សម្រាប់ ៧៥ ខ្សែ ១២០០ គីឡូម៉ែត្រ ដែលជាដំណាក់កាលទី ២ របស់យើងនេះ នឹងបានដល់ខេត្តត្បូងឃ្មុំចំនួន ៩ ខ្សែ ប្រវែង ១៩៣ គីឡូ ម៉ែត្រ និយាយលេខគត់ ក្នុងនោះក្រាលកៅស៊ូ ៨ ខ្សែ និងចាក់បេតុង ១ ខ្សែ គឺខ្សែនេះឯង។ ខេត្តកំពង់ចាមបាន ៥០ គីឡូម៉ែត្រ ដែលក្នុងនោះ គឺមានការកសាងនៅលើកោះសូទិន កោះសំរោង កោះមិត្ត កោះថ្មី កោះពីរ និង សាងសង់កំពង់ផែ។ ខេត្តកំពង់ធំបានចំនួន ៤ ខ្សែ ស្មើនឹង ១២២ គីឡូម៉ែត្រ ខេត្តសៀមរាបបានចំនួន ៦ ខ្សែ បាន ១២២ គីឡូម៉ែត្រ ខេត្តបន្ទាយមានជ័យបាន ៥ ខ្សែចំនួន ៩០ គីឡូម៉ែត្រ ខេត្តបាត់ដំបងបាន ៨ ខ្សែ ចំនួន ១០១ គីឡូម៉ែត្រ ខេត្តពោធិសាត់បាន ១០ ខ្សែប្រវែង ១២៥ គីឡូម៉ែត្រ ខេត្តកំពង់ឆ្នាំងបានចំនួន ៩ ខ្សែ ប្រវែង ១២៥ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺបាន ១០ ខ្សែ ប្រវែង ១៦៣ គីឡូម៉ែត្រ និងខេត្តតាកែវបាន ៩ ខ្សែ ប្រវែង ១០៤ គីឡូម៉ែត្រ។
ក្នុងចំងាយផ្លូវ ១២០០ គីឡូម៉ែត្រនេះ យើងត្រូវចំណាយថវិការហូតទៅដល់ ១៩២ លាន ដុល្លារជាងសម្រាប់សាងសង់ផ្លូវប្រភេទនេះ ដោយក្នុងនោះ យើងបានចាប់ផ្តើមរួចមកហើយ។ យើងធ្វើផ្លូវការ ដោយចាប់ផ្តើមឆ្នាំ ២០១៥ រហូតដល់ឆ្នាំ ២០២០។ ក្នុងនោះថវិកាដែលយើងត្រូវចេញចំណាយ គឺថវិការាជរដ្ឋាភិបាលចំនួន ១៧ លានជាង ហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីចំនួន ៥៤ លាន ហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េចំនួន ៤១ លាន ពីហិរញ្ញប្បទានពីបារាំងចំនួន ៤០ លាន ជំនួយឥតសំណងពីមូលនិធិអភិវឌ្ឍន៍ន័រឌិកចំនួន ៥ លាន ៤ សែន ជំនួយឥតសំណងហិរញ្ញប្បទាន និងជំនួយឥតសំណងរបស់អូស្ត្រាលីចំនួន ១៨ លានជាង។ ហិរញ្ញប្បទានជំនួយឥតសំណងរបស់មូលនិធិយុទ្ធសាស្ត្រអាកាសធាតុ ចំនួន ៩ លាន និងឥណទានចំនួន ៧ លាន។
សូមគោរពច្បាប់ចរាចរណ៍ និងកុំដឹកលើសទំងន់
នេះជាគម្រោងដែលយើងបានធ្វើ ហើយបន្ទាប់ពីផ្លូវនេះបានរួចរាល់ហើយ ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថា ទាំងព្រះសង្ឃ ទាំងគ្រហស្ថ មិនដាច់ចង្ហាន់ មិនដាច់បាយទៀតទេ។ ផ្លូវកាន់តែល្អ ប៉ុន្តែពេលដែលផ្លូវល្អ សុំតែម្យ៉ាងទេ កុំបើកលឿនពេក ហើយធ្វើយ៉ាងម៉េចកុំឲ្យផ្លូវលំរបស់យើងនេះមានគ្រោះថ្នាក់ចូលទៅដល់ស្លាប់មនុស្ស។ ទាក់ទិនជាមួយនឹងការអភិវឌ្ឍរបស់យើងនេះ ពិតជាមនុស្សច្រើន ដែលខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមយ៉ាងមាំថា ទាំងផ្លូវជាតិ និងផ្លូវលំ នឹងបានកសាងជាបន្តបន្ទាប់ កែលំអជាបន្តបន្ទាប់ ប៉ុន្តែមិនបានប្រើប្រាស់ដោយដឹកលើសទម្ងន់ ហើយបំផ្លិចបំផ្លាញផ្លូវនោះទេ មិនថា ផ្លូវលំចាក់កៅស៊ូ ផ្លូវបេតុង និងផ្លូវលំក្រាលគ្រួសក្រហមទេ។ ផ្លូវកាន់តែវែង ការជួសជុលកាន់តែលំបាក កាន់តែមានតម្រូវការនៃការជួសជុល ដែលអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង គឺទន្ទឹមនឹងការគោរពច្បាប់ចរាចរណ៍ សុំធ្វើយ៉ាងណាកុំដឹកលើសទម្ងន់ដែលធ្វើឲ្យខូចខាតផ្លូវ និងបាក់ទៅដល់ស្ពាននោះផង។
ខ្ញុំព្រះករុណាខ្ញុំ គិតថា មិនបន្តនិយាយលេងទេ ហើយក៏សូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះប្រជាពល រដ្ឋ ដែលបានធ្វើបដិសណ្ឋារកិច្ចចំពោះខ្ញុំព្រះករុណាខ្ញុំ។ អរគុណចំពោះប្រជាពលរដ្ឋដែលបានគាំទ្រខ្ញុំព្រះករុ ណាខ្ញុំ ជាបន្តៗ ក្នុងនោះតាំងពីការតស៊ូរំដោះប្រទេសចេញពីការឈ្លានពានរបស់ចក្រពត្តិអាមេរិក រហូតដល់ដំ ណាក់កាលនៃការតស៊ូប្រឆាំងជាមួយនឹងរបប ប៉ុល ពត ដែលខ្ញុំព្រះករុណាខ្ញុំ បានដឹងពីភរិយារបស់ខ្ញុំព្រះករុ ណាខ្ញុំ កូនប្រុសរបស់ខ្ញុំព្រះករុណាខ្ញុំ ដែលមានអាយុ ២ ខែ គឺហ៊ុន ម៉ាណែត នេះក៏បានមករស់នៅកំពង់ទ្រាស នេះ ក្នុងមួយរយៈដែលនៅចុងឆ្នាំ ១៩៧៧ គេកើតនៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ១៩៧៧ ហើយក៏ត្រូវជម្លៀសដោយពួក ប៉ុល ពត មកកាន់កំពង់ទ្រាសនេះ។
មិនដឹងថា មួយណាដែលថ្ងៃមុនគេរកគ្នាតាមហ្វេសប៊ុក។ អ្នកលេងហ្វេសប៊ុកមួយឈ្មោះ មនោរម្យ (គាត់)ហ្នឹងជាបងប្អូនជីទួតមួយរបស់ប្រពន្ធខ្ញុំ។ ឯណាលោក នោ (បង្ហាញខ្លួន)។ (តើ)ជាឪពុករបស់ នោ? អញ្ជើញមកនេះបន្ដិចមើល៎!។ កាលហ្នឹងភរិយារបស់ខ្ញុំបានមកនៅផ្ទះគាត់។ ម៉េចដឹងថាខ្ញុំយកក្មួយរបស់មាឯង? ថ្ងៃនេះ នោ មិនមកទេ? (គាត់)ឈ្មោះ ចាន់។ នោ មិនមកទេ ប៉ុន្តែ នោ មានកូនមួយធ្វើការនៅ CNC នេះ។ ប៉ុន្តែឥឡូវ(លោក នោ) ទៅនៅសួង។ ឥឡូវ(លោកមា ចាន់) ដែលបានជួប (ហ៊ុន) ម៉ាណែត ទេ? ចាំថ្ងៃណាមួយអោយគេមកនេះ ព្រោះកាលដែលគេប្រហែលជា(អាយុ)ពីរខែ គេមកនៅហ្នឹង(ផ្ទះលោកមា ចាន់)។ អរគុណណាស់ដែលបានជួយប្រពន្ធខ្ញុំ …។
មានផ្លូវ មានស្ពាន គឺមានសង្ឃឹម/គម្រោងស្ពានឆ្លងទន្លេ
មុននឹងបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីថ្លែងជូននូវការអរគុណ និងកោតសរសើរចំពោះក្រសួងអភិឌ្ឍន៍ជនបទ ដែលចាប់ផ្ដើមពីឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា ដែលពេលនោះ ជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។ ពេលនេះ ធ្វើជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបន្ដរហូតមកដល់ឯកឧត្តម អ៊ុក រ៉ាប៊ុន ដែលបានខិតខំធ្វើការជាមួយនឹងដៃគូអភិវឌ្ឍរបស់យើង ក្នុងការស្វះស្វែងរបស់ទុន។ អរគុណ និងកោតសរសើរចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលផ្ដល់នូវថវិកាជាចំណែកមួយនៅក្នុងចំណោមថវិកាដែលយើងត្រូវសាងសង់។ អរគុណដៃគូអភិវឌ្ឍន៍ដែលបានផ្ដល់ឥណទាន ដែលខ្ញុំព្រះករុណាខ្ញុំ រៀបរាប់អម្បាញ់មិញនេះ នៅក្នុងការជួយទៅដល់ការកសាងផ្លូវលំជនបទរបស់យើង ដោយចាក់បេតុង និងក្រាលកៅស៊ូ។ សូមថ្លែងនូវការកោតសរសើរចំពោះបណ្ដាខេត្តទាំង ៨ ពីមុន និងខេត្ត ១០ ក្រោយ ដែលត្រូវទទួលការសាងសង់នៅពេលខាងមុខនេះ ដែលចូលរួមចំណែក ដើម្បីសម្រេចបាននូវសមិទ្ធផលសម្រាប់ប្រជាពលរដ្ឋរបស់យើង។
មានផ្លូវ មានស្ពាន គឺមានសង្ឃឹមសម្រាប់ប្រជាពលរដ្ឋរបស់យើង។ នយោបាយហេដ្ឋារចនាសម្ព័ន្ធនេះ ខ្ញុំព្រះករុណាខ្ញុំ មិនបោះបង់ចោលទេ គឺនៅបន្ដរកទុន ដើម្បីនឹងសាងសង់ជាបន្ដទៀត។ ក្នុងហ្នឹង មិនយូរប៉ុន្មានទេ ស្ពានមួយនឹងលេចចេញជារូបរាងឆ្លងកាត់ទន្លេមេគង្គ ពីភូមិទ្រា នៅខាងត្បូងឃ្មុំ ទៅកាន់ព្រែកកក់ របស់កំពង់ចាម (ធ្វើអោយ)ជីវិតអ្នករត់សាឡាងនឹងត្រូវបញ្ចប់នៅពេលខាងមុខ។ ពីមុននេះ រត់ទូកដ ប៉ុន្តែទូកដហ្នឹងពូកែយកថ្លៃពេក។ ដល់ពូកែយកថ្លៃពេក ដាក់សាឡាងមួយគូតែម្ដង។ អញ្ចឹងសាឡាងហ្នឹងក៏ជិតដាច់ដែរ អោយតែស្ពានហ្នឹងឆ្លងរួច គឺចប់ហើយ …។
នយោបាយគណបក្សប្រជាជនកម្ពុជា ហ៊ានអោយបងប្អូនឥស្លាមស្លៀកពាក់ឯកសណ្ឋានអ្វីក៏បាន
សូមបងប្អូនជនរួមជាតិ ឯកឧត្តម លោកជំទាវ ជនបរទេសទាំងឡាយ(បានជ្រាប) កម្ពុជាយើងខ្ញុំដូច្នេះឯង។ ប្រទេសដទៃមិនហ៊ានអោយបងប្អូនឥស្លាមស្លៀកពាក់ឯកសណ្ឋានឥស្លាមចូលសាលា ប៉ុន្តែនយោបាយគណបក្សប្រជាជនកម្ពុជា នយោបាយរបស់ ហ៊ុន សែន ហ៊ានអោយបងប្អូនឥស្លាមស្លៀកពាក់ឯកសណ្ឋានអ្វីក៏បាន ជាឯកសណ្ឋានកូនសិស្ស និងឯកសណ្ឋានឥស្លាម។ នេះហើយ ជាបញ្ហាសុខដុមភាវូបនីយកម្មជនជាតិ និងសាសនានៅកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកផ្ទាល់របស់រាជរដ្ឋាភិបាល ហ៊ុន សែន ហ៊ានធ្វើបែបនេះ។ ចៅៗ ស្លៀកពាក់អញ្ចឹងទៅអត់បាប។ គេថា អោយតែឃើញស្លឹកត្រចៀក ឃើញក បាបខ្លួនឯង (ចា៎)។ ឥឡូវបានស្លៀកអញ្ចឹងទៅស្រួល បន្ដិចទៀតខែរងាហើយ កាន់តែស្រួល។ ឥឡូវហ្នឹងអនុញ្ញាតអោយថតរូបដោយពាក់មួកកន្ដិប ពាក់ទទូរក្បាលហ្នឹងទៀត ក្នុងពេលដែលប្រទេសដទៃអត់ហ៊ានធ្វើទេ …។
ឃុំមួយត្រូវមានអនុវិទ្យាល័យមួយ/ផ្តល់អគារសិក្សាថ្មី និងគម្រោងដំណើរការសាងសង់វិទ្យាល័យ
… សិស្សនៅនេះ មានចំនួន ៧០០ នាក់ (នៅកំពង់ទ្រាស) ទាំងបឋម និងអនុវិទ្យាល័យ។ ក្នុងករណីដែលបង្កើតទៅជាវិទ្យាល័យ អាចនឹងបូកឡើងថែម ១០០០ ជាង។ រួចចុះសាលាហ្នឹង យើងមានប៉ុន្មានបន្ទប់ ក្នុងពេលដែលយើងមាន សិស្ស ៧០០ នាក់ ប៉ុន្មានថ្នាក់រៀន ហើយប៉ុន្មានបន្ទប់ ថ្នាក់រៀនមាន ១៥ បន្ទប់រៀនមាន ១៤ ប៉ុន្តែ ចាស់ហើយ។ មើលចៅ ចង់បានសាលាថ្មី ឬអត់ចៅ? (សម្តេចសួរទៅកាន់សិស្សានុសិស្សពាក់ព័ន្ធនឹងអគារសាលារៀនចង់បានធន់ណា) ចង់បាន ២ ជាន់ បើឲ្យ ៣ ជាន់យកឬអត់? ឥឡូវអញ្ចេះទៅ យើងធ្វើបាន ៧ បន្ទប់ ៣ ជាន់ វា ២១ បន្ទប់ ហើយយើងវ៉ៃអាខាងណោះមួយចោលទៀត វាឡើង ៤២ បន្ទប់ …។ ឥឡូវ ខ្ញុំជួយរៀបចំ ហើយយើងបង្កើតទៅជាវិទ្យាល័យតែម្តង …៕