ធនធានមនុស្សមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកចូលរួមចែកសញ្ញាបត្រ ចំពោះជ័យលាភីនៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត។ ខ្ញុំពិតជាមានការរីករាយដោយសារធនធានមនុស្សរបស់យើង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការកើនឡើង តាមរយៈការខិតខំរួមរបស់យើងទាំងអស់គ្នា។ កាលពីដើមអាទិត្យនេះ ខ្ញុំក៏បានចូលរួមចែកសញ្ញាបត្រសម្រាប់សាកលវិទ្យាល័យបញ្ញាជាតិ។ ថ្ងៃនេះ គឺយើងចែកសញ្ញាបត្រសម្រាប់និស្សិត ៣ កម្រិត៖ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់និស្សិត ១.៦៩៤ នាក់។ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យបានធ្វើរបាយការណ៍អម្បាញ់មិញ ពីវឌ្ឍនភាពដែលបានកើតឡើងពេលកន្លងទៅនេះ ក្នុងនោះរាប់ទាំងការបណ្តុះបណ្តាល ក៏ដូចជាការចុះធ្វើសកម្មភាពមនុស្សធម៌របស់សាកលវិទ្យាល័យ។
ខ្ញុំសង្ឃឹមថា យើងបន្តដំណើរនេះតទៅទៀត តាមរយៈការលើកកម្ពស់គុណភាពនៃកម្រិតឧត្តមសិក្សា។ យើងធ្វើទាំងព្រម ធ្វើលើកម្រិតតាំងពីបឋម មធ្យម និងថ្នាក់ឧត្តម របស់យើងនេះ។ ដូចដែលបានដឹងហើយថា ម្សិលមិញក៏មានការជួបសិស្សនិទ្ទេស A ដែលអមដំណើរមកទាំងក្រុមគ្រួសារ ដើម្បីទទួលបាននូវការលើកទឹកចិត្ត ជាមួយនឹងសិស្សជាង ៥ ម៉ឺននាក់ទៀត ដែលបានប្រឡងជាប់នៅក្នុងឆ្នាំនេះ ដែលមានអត្រារហូតទៅដល់ ៦២% មកប្រៀបធៀបទៅនឹងរយៈពេលនៃកំណែទម្រង់ដំបូងរបស់យើងដែលមានអត្រាជាប់ត្រឹមតែជាង ៤០% បន្តិច។ ខ្ញុំសូមថ្លែងនូវការកោតសរសើរចំពោះសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ដែលបានខិតខំនៅក្នុងការបណ្តុះបណ្តាលនិស្សិតនៅទីនេះ ហើយក៏មានសល់នៅនិស្សិតមួយចំនួនផ្សេងទៀត ដែលកំពុងបន្តការសិក្សា។ សូមអរគុណទៅដល់សាកលវិទ្យាល័យដែលបានជួយសម្រាប់អាហារូបករណ៍ចំពោះខ្ញុំ ហើយដែលក្នុងនោះ ក៏បានផ្តល់ឲ្យនិស្សិតដែលគ្មានលទ្ធភាពបានចូលសិក្សានៅក្នុងនេះផងដែរ។
កោតសរសើរដល់និស្សិត និងគ្រួសាររបស់និស្សិតជ័យលាភី
ខ្ញុំក៏សុំយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរចំពោះជ័យលាភី ដែលបានទទួលសញ្ញាបត្រនៅថ្ងៃនេះ ហើយសង្ឃឹមថា និស្សិតទាំងអស់នឹងបន្តការយកចំណេះដឹងនេះ ទៅបម្រើកិច្ចការដែលយើងត្រូវធ្វើ ជាមួយនឹងការខិតខំបន្តការរៀនសូត្របន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពរបស់យើង។ ខ្ញុំតែងតែរំលឹកជារឿយៗថា សភាពការណ៍វាវិវត្តជ្រាលជ្រៅ រាប់ទាំងបញ្ហាទាក់ទិនជាមួយនឹងបញ្ហាបច្ចេកវិទ្យាផងដែរ។ ក្នុងហ្នឹងអ្វីៗមិនមែនជាការនៅទ្រឹងមួយកន្លែងនោះទេ ហើយពិភពលោកបច្ចុប្បន្នកាន់តែមានបញ្ហាច្រើនទៅៗ រាប់ទាំងបញ្ហាជម្ងឺឆ្លង បញ្ហាការប្រែប្រួលអាកាសធាតុ បញ្ហាភេរវកម្ម។ បញ្ហាចោទឡើង ហើយដែលពេលនេះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ឬរដ្ឋមន្ត្រីការបរទេស កំពុងជួបជុំគ្នានៅឯទីក្រុងញ៉ូវយ៉ក ដើម្បីធ្វើសេចក្តីថ្លែងការណ៍រៀងៗខ្លួន។ ខ្ញុំសង្ឃឹមថា និស្សិតយើងដែលមិនទាន់មានការងារធ្វើ ខិតខំស្វះស្វែងរកការងារធ្វើ តាមរយៈការកើនឡើងនូវចំនួនទីផ្សារការងារ។ ក្នុងរបាយការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ បង្ហាញឃើញថា មាន ៨១% ដែលមានការងារធ្វើ។ ហើយសង្ឃឹមថា អ្នកដែលនៅសេសសល់ក៏នឹងត្រូវបន្ត ដើម្បីនឹងរកការងារធ្វើផងដែរ។
ខ្ញុំសូមយកឱកាសនេះ សម្តែងជាមួយនឹងក្រុមគ្រួសាររបស់ជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ហើយដែលពួកគាត់បានប្រឹងប្រែងយ៉ាងច្រើន ជាឪពុកម្តាយ ជីដូនជីតា អាណាព្យាបាល ជាបង ឬរហូតជាប្តី ជាប្រពន្ធ ព្រោះថាមួយចំនួនបានមកសិក្សានៅទីនេះ ក៏មានជាប្តី ឬក៏ជាប្រពន្ធ ដែលបន្ទុកការងារទាំងឡាយធ្លាក់ទៅលើអ្នកទាំងនោះ ក្នុងពេលដែលត្រូវរកថវិកាចំណាយសម្រាប់គ្រួសាររបស់យើង។ សង្ឃឹមថា និស្សិតទាំងអស់ ជ័យលាភីទាំងអស់ នឹងយកនូវចំណេះដឹងនេះ ដើម្បីនឹងអភិវឌ្ឍច្រើនទៀត។
បទឈប់បាញ់ក្នុងរឿងនយោបាយ
ខ្ញុំគួរតែមិននិយាយច្រើនទេ ដោយសារតែហាក់ដូចជាបានស្ងៀមស្ងាត់បន្តិច នៅក្នុងរយៈពេលតាំងពីថ្ងៃច័ន្ទ។ ថ្ងៃច័ន្ទ មានការបាញ់គ្នា ដល់ថ្ងៃអង្គារ៍ មានបទឈប់បាញ់មួយ។ ហាក់ដូចជាមិនត្រូវមានការបាញ់ឆ្លងឆ្លើយទេ។ បើអញ្ចឹង ខ្ញុំរង់ចាំមើលថា រដូវភ្ជុំបិណ្ឌនេះ អ្នកណាវ៉ៃអ្នកណាមុន ព្រោះជាធម្មតា ខ្ញុំចង់ឲ្យសភាពការណ៍វាស្ងប់ស្ងាត់ មិនចង់ឲ្យមានការឆ្លងឆ្លើយគ្នា។ ចាំមើលបទឈប់បាញ់នេះ អ្នកណាអ្នកចាប់ផ្តើមមុន បើវាកំពុងតែស្ងាត់អញ្ចេះ។ ថ្ងៃនេះ ខ្ញុំអត់មាននិយាយរឿងនយោបាយអីទេ។ តាំងពីម្សិលមក ខ្ញុំអត់មាននិយាយរឿងនយោបាយ ក្តៅត្រជាក់អីយ៉ាងម៉េចនេះទេ។ កំពុងតែស្ងាត់អញ្ចឹងល្អហើយ នាំគ្នាទៅវត្ត ថ្ងៃនេះបិណ្ឌ ៦។
ល្ងាចថ្ងៃទី ២២ ជួបរដ្ឋមន្ត្រីការពារជាតិមកពីប្រទេសឡាវ និងរដ្ឋមន្ត្រីព័ត៌មានមកពីប្រទេសវៀតណាម
ល្ងាចនេះ សល់រដ្ឋមន្ត្រីពីរ(ដែលត្រូវជួប ដូចជា)រដ្ឋមន្ត្រីការពារជាតិមកពីប្រទេសឡាវ រដ្ឋមន្ត្រីព័ត៌មានមកពីប្រទេសវៀតណាម។ ជាទម្លាប់ពិធីការ ខ្ញុំគិតថា ថ្ងៃក្រោយនឹងធ្វើបដិការរវាងយើងជាមួយនឹងឡាវ រវាងយើងជាមួយនឹងវៀតណាម ព្រោះមានទម្លាប់មួយ ឲ្យតែថ្នាក់រដ្ឋមន្ត្រីមកទស្សនកិច្ច គឺបង្ខំត្រូវតែនាយករដ្ឋមន្ត្រីត្រូវតែទទួល។ យើងទៅគេក៏អញ្ចឹងដែរ។ ដល់ទៅប្រទេសទាំងពីរនេះមកយើងវិញ យើងក៏ជំពាក់ទទួល។ ថ្ងៃហ្នឹងខ្ញុំចង់ស្រែកយំតែម្តង មួយដាក់មកថា សុំល្ងាចថ្ងៃទី ២២ (ខែកញ្ញា)។ ដល់ទៅក្រសួងការពារជាតិដាក់មក សុំថ្ងៃទី ២៣(ខែកញ្ញា)។ ហើយចុះថ្ងៃទី ២៣ (ខែកញ្ញា)ព្រឹក ប្រជុំគណៈរដ្ឋមន្រ្តី ល្ងាចគឺនៅមានអង្គប្រជុំមួយទៀត ដែលលើកវាមិនបាន។ ដល់អញ្ចឹងខំសួរទៅ(ឯ.ឧ) ទៀ បាញ់ ថា តើរដ្ឋមន្រ្តីការពារជាតិ គាត់មកល្ងាចថ្ងៃទី ២២ (ខែកញ្ញា) មកដល់ម៉ោងប៉ុន្មាន? អញ្ចឹងនៅសល់ភ្ញៀវ។
ថ្ងៃទី ២៣ ប្រជុំគណៈរដ្ឋមន្រ្តី ដើម្បីអនុម័តយល់ព្រមសុំសចា្ចប័នពីអង្គនីតិប្បញ្ញតិ្ត ទៅលើបញ្ហា សន្ធិសញ្ញាកិច្ចព្រមព្រៀងទាក់ទងការប្រែប្រួលអាកាសធាតុ
ឯព្រឹកស្អែកនេះ ការប្រជុំមានរបៀបវីរៈមួយដ៏សំខាន់នោះ គឺការអនុម័តយល់ព្រមដើម្បីសុំសចា្ចប័នពីអង្គនីតិប្បញ្ញតិ្ត ទៅលើបញ្ហា សន្ធិសញ្ញាកិច្ចព្រមព្រៀងទាក់ទងការប្រែប្រួលអាកាសធាតុ ដែលចុះហត្ថលេខានៅទីក្រុងប៉ារីសកន្លងទៅ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅពេលដែលជួបគ្នានៅឯវៀងច័ន្ទន៍ គាត់សំណូមពរដោយទទូចថា ធ្វើម៉េចអោយកម្ពុជាបានផ្ដល់សច្ចាប័ន។ ខ្ញុំថា នៅនីតិវិធីផ្ទៃក្នុង។ ប៉ុន្តែយ៉ាងណាក៏ដោយ ឥឡូវនេះ រដ្ឋមន្រ្តីការបរទេសរបស់យើង បានទៅដល់ទីក្រុងញូវយ៉ក។ នៅថ្ងៃទី ២៤ នេះ គឺរដ្ឋមន្រ្តីការបរទេសរបស់យើងនឹងទៅប្រកាសប្រាប់ថា កម្ពុជាខិតខំផ្ដល់សច្ចាប័ន។ អញ្ចឹងទេ យ៉ាងហោច យើងឆ្លងកាត់គណៈរដ្ឋមន្រ្តីនេះហើយ ដើម្បីបញ្ជូនទៅសុំសច្ចាប័ន ព្រោះកិច្ចព្រមព្រៀងនេះ ទាល់តែគ្រប់ប៉ុន្មានសិបប្រទេសឯណោះ បានកិច្ចព្រមព្រៀងនេះចូលជាធរមាន។
នៅពេលដែលប្រជុំ G20 នោះ មានការរៀបចំមួយនៅឯហានចូវប្រទេសចិន ប្រធានាធិបតីចិន និងប្រធានាធិបតីអាមេរិក បានយកឯកសារនេះទៅជូនអោយអគ្គលេខាធិការអង្គការសហប្រជាជាតិ។ អញ្ចឹងទេ បានជាអគ្គលេខាធិការអង្គការសហប្រជាជាតិ គាត់ចង់បានការចូលរួមរបស់កម្ពុជា ក្នុងក្របខណ្ឌជាប្រទេសគាំទ្រគំនិតផ្ដួចផ្ដើម ហើយក៏ទៅចូលរួមយ៉ាងសកម្ម រហូតទៅដល់ព្រះមហាក្សត្ររបស់យើងបានយាងដោយផ្ទាល់ ទៅចូលរួមសន្និសីទនេះនៅឯទីក្រុងប៉ារីស។ ស្អែកនេះ នឹងមានការប្រជុំគណៈរដ្ឋមន្រ្តី ដើម្បីអនុម័ត ហើយយើងក៏បញ្ជូនព័ត៌មាននេះទៅរដ្ឋមន្រ្តីការបរទេស ដែលកំពុងតែស្ថិតនៅទីក្រុងញូវយ៉ក ដើម្បីអោយប្រាប់ទៅអង្គប្រជុំនៃពិភពលោកនេះថា កម្ពុជាកំពុងរៀបចំនីតិវិធីផ្ទៃក្នុងរបស់ខ្លួន ដែលត្រូវឆ្លងកាត់ទៅដល់សច្ចាប័នពីនីតិប្បញ្ញត្តិ រួមមានរដ្ឋសភា និងព្រឹទ្ធសភាផងដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ គឺស្អែកនេះ ត្រូវអនុម័តអោយបានជាមួយនឹងគណៈរដ្ឋមន្រ្តី។
ប្រជាពលរដ្ឋដែលមិនទាន់ចុះឈ្មោះបោះឆ្នោត សូមទៅចូលរួមចុះឈ្មោះ
.. ខ្ញុំគិតថា មិនគួរនិយាយច្រើន ប៉ុន្តែនៅសល់រឿងពីរ ដែលខ្ញុំត្រូវតែនិយាយ។ រឿងទី ១ គឺអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង បន្តការទៅចុះឈ្មោះបោះឆ្នោត។ ទោះបីថា យើងមានការរវល់ ប៉ុន្តែសូមកុំបោះបង់សិទ្ធិរបស់យើង តាមរយៈការចុះឈ្មោះបោះឆ្នោត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បណ្ដាបក្សនយោបាយទាំងអស់ សុទ្ធតែអំពាវនាវអោយប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត។ ទោះបីមានចំណុចខុសៗ គ្នា នៃកម្មវិធីនយោបាយរបស់ខ្លួន ក៏ប៉ុន្តែចំណុចរួមនៃបក្សនយោបាយទាំងអស់នៅកម្ពុជា គឺស្ថិតនៅត្រង់ថា អំពាវនាវប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ហើយចុះនៅកន្លែងណា វាអាស្រ័យលើបំណងប្រាថ្នារបស់អ្នកទៅចុះឈ្មោះ។ ឧទាហរណ៍៖ ខ្ញុំអត់ចុះឈ្មោះនៅភ្នំពេញ តែខ្ញុំទៅចុះ(ឈ្មោះបោះឆ្នោត)នៅខេត្តកណ្តាល ព្រោះជាមណ្ឌលបោះឆ្នោត និងមណ្ឌលឈរឈ្មោះរបស់ខ្ញុំ។ កម្មករ កម្មការិនី បើចង់ថា ចុះនៅភ្នំពេញវាស្រួល ចុះនៅភ្នំពេញទៅ ក្បែររោងចក្ររបស់ខ្លួនស្រាប់ នៅពេលបោះឆ្នោតយើងមិនចាំបាច់ធ្វើដំណើរវែងឆ្ងាយនោះទេ។ បើយើងចង់ទៅចុះឈ្មោះនៅស្រុកកំណើត អាហ្នឹងគឺអាស្រ័យទៅលើយើងទេ។ តែយ៉ាងណាក៏ដោយ នោះគឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ហើយអ្វីដែលជាការសំណូមពរ និងអំពាវនាវ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ អំពាវនាវប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ត្រូវទៅ(ចុះឈ្មោះ)បោះឆ្នោត រាប់ទាំងបងប្អូនយើងដែលកំពុងធ្វើការនៅក្រៅប្រទេសផងដែរ។
ការព្យាករណ៍កម្ពស់ទឹកនៅអាងទន្លេមេគង្គ
នេះជាចំណុចរួម ដែលឃើញថា មានការសប្បាយរីករាយទាំងអស់គ្នា រាប់ទាំងគណៈកម្មាការជាតិរៀប ចំការបោះឆ្នោត ក៏មានដំណើរការទៅមុខយ៉ាងលឿន។ យើងមិនឲ្យមានការកកស្ទះណាមួយ ជាមួយនឹង ដំណើរការនោះទេ ហើយសង្ឃឹមថា ឆ្នាំនេះនឹងមិនមានទឹកជំនន់កើតឡើងនៅតាមដងទន្លេមេគង្គទេ។ ព្រឹកមិញនេះ មានការព្យាករណ៍ថា ទឹកអាចហក់ឡើងបន្តិច ប៉ុន្តែឥឡូវ ទឹកនៅ ៨ ម៉ែត្រ នៅឯស្ទឹងត្រែង។ ពេលខ្ញុំនៅមណ្ឌលគិរី ទឹកឡើងដល់ ៩,៥០ ម៉ែត្រជាង ហើយខ្ញុំពេលនោះសង្ឃឹមថា នឹងទៅដល់ ស្ទឹងត្រែងទឹកនឹងឡើងជាង ១០ ម៉ែត្រ ប៉ុន្តែ ការទាយគឺទាយ។ ខ្ញុំខំទូរស័ព្ទសួរទៅអភិបាលខេត្ត ប៉ុន្តែ អាចថានឹងឡើងទៀត ព្រោះទឹកនៅខាងលើវានៅច្រើន ប៉ុន្តែ ទីចុងបំផុតទឹកបានធ្លាក់ចុះ តែយ៉ាងណាក៏ដោយ បឹងបួរបស់យើងឆ្នាំនេះត្រូវបានបំពេញរួចស្រេចទៅហើយ ដោយសារកម្ពស់ទឹកទន្លេមេគង្គនៅឯស្ទឹងត្រែង ស្ថិតក្នុង ៩.៥០ ម៉ែត្រជាង។ យោងតាមការណ៍ព្យាករណ៍ធាតុអាកាស បើសិនជាមាន (អាច)មានជំនន់ទឹកភ្លៀងទៅវិញ … ប៉ុន្តែ ជំនន់មេគង្គដូចជាលទ្ធភាពរបស់វាមានតិចតួច។ ប៉ុន្តែ ក្រែងលោខ្ញុំនិយាយអញ្ចឹង ស្រាប់តែ លេងស្អែកគឹបៗ មក ប៉ុន្តែយ៉ាងណាក៏ដោយវាមិនដូចឆ្នាំ ២០០០ ទេ ហើយក៏មិនដូចឆ្នាំ ២០១១ ទេ។ ឆ្នាំ ២០១១ សាហាវយកតែមែនទែន រាប់ទាំងតំបន់សៀមរាបចៀសបានតែអង្គរទេ។ កាលនោះ គ្រាន់តែជាប់ (ភ្ញៀវ)ទេសចរនៅម្តុំបន្ទាយស្រី យើងត្រូវយកឧទ្ធម្ភាគចក្រទៅយក។ តំបន់ដែលមិនធ្លាប់មានទឹកជំនន់ វាអាចមានទឹកជំនន់ទៅកើត។ … រឿងច្បាស់មួយ គឺរឿងថា ទឹកអុំទូកពិតជាមានហើយ អុំហើយ ហើយខ្ញុំបានប្តេជ្ញាហើយ គឺថា បើអុំអាវែងមិនបាន អុំអាខ្លី ព្រោះអាវែងជួនកាលយកមកយកវាមិនរួច។ កាលឆ្នាំទៅ បើថាយកមកក៏មិនដឹងដឹកតាមណាដែរ តែដឹកមិនស្រួល គឺកាច់បាក់ទូកបណ្តោយ។ ប៉ុន្តែ បើសិនជាអាទូកវែងអុំវាមិនបាន អុំអាទូកខ្លី លេងអាខ្នាតអន្តរជាតិមួយ… ព្រោះខ្នាតវែងត្រូវការជម្រៅទឹក ហើយត្រូវការខ្សែទឹកទៀត។
នេះជាការអំពាវនាវទី ១ ចំពោះប្រជាពលរដ្ឋរបស់យើង ហើយក្នុងករណីដែលមិនមានទឹកជំនន់កើតឡើង ការចុះឈ្មោះបោះឆ្នោតនៅគ្រប់ទីកន្លែងដែលកំពុងតាំងនៅ គឺជាទីកន្លែងដែលងាយស្រួលសម្រាប់ការចុះឈ្មោះបោះឆ្នោតជាបន្តទៀត ដើម្បីឈានទៅសម្រេចនៅបញ្ជីបោះឆ្នោតថ្មីមួយ ដែលខ្ញុំបានស្នើផ្ទាល់ជាមួយនឹងនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ នៅពេលដែល(អាបេ)ធ្វើទស្សនកិច្ចនៅឆ្នាំ ២០១៣។ តាំងពីពេលដែលមានការស្រុះស្រួលចូលសភានោះ។ និយាយពីការកែទម្រង់ការបោះឆ្នោត គឺកែទម្រង់ជាកញ្ចប់ មិនមែនគ្រាន់តែបញ្ហាគណ
ៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទេ គឺរាប់ទាំងបញ្ជីបោះឆ្នោតមួយដែលវាសុក្រឹតភាព បម្រើទៅអោយភាពជឿជាក់នៃតួអង្គពាក់ព័ន្ធ ជាពិសេសបណ្ដាបក្សនយោបាយដែលចូលរួមការបោះឆ្នោត។
ទីផ្សារស្រូវ/ប្រជាកសិករគួរហាលស្រូវអោយស្ងួតសិនមុនយកទៅលក់
ការអំពាវនាវទី ២ របស់ខ្ញុំ ទាក់ទងជាមួយនឹងបញ្ហា «ទីផ្សារស្រូវ»។ ដែលប៉ុន្មានថ្ងៃនេះ បានសង្រ្គោះទៅលើបញ្ហាតម្លៃ ក៏ប៉ុន្តែចំណោទនៅទីនេះ មិនទាន់គ្រប់គ្រាន់ទេ វាទាមទារអោយមានកិច្ចសហការ និងមានការយោគយល់ពីសំណាក់ប្រជាពលរដ្ឋដែលជាកសិករមានស្រូវលក់។ រឿងដែលវាលំបាក គឺរឿងនៅត្រង់ថា កសិករច្រូតស្រូវតែមួយព្រឹបបានរាប់ម៉ឺនតោន ក្នុងពេលដែលឡសម្ងួតរបស់យើងពីរកន្លែង បានត្រឹមតែ ១.០០០ តោនទេក្នុងមួយថ្ងៃ។ កសិកររបស់យើង ឥឡូវនេះ ខុសពីកសិករពីលើកមុន ប្រហែលជាមកពីខ្ញុំនិយាយថា «ច្រូតស្រូវក្នុងទឹក ប្រសើរជាងអត់ស្រូវច្រូត»។ អានេះជាទឹ្រស្ដីបង្កើតនៅក្នុងពេលរាំងស្ងួតឆ្នាំ ១៩៩៤ ដែលខ្ញុំបានថ្លែងនៅឯឃុំពុទ្ធស ស្រុកបាទី ខេត្តតាកែវ ឆ្នាំ ១៩៩៤ ចំថ្ងៃសំពះព្រះខែតែម្ដង។ កសិករយើងមិនហ៊ានធ្វើស្រូវស្រាល ខ្លាចច្រូតស្រូវក្នុងទឹក។ អញ្ចឹងបានខ្ញុំ(ថ្លែង) ហើយមានទាំងចម្រៀងទៀតនោះ «ច្រូតស្រូវក្នុងទឹក ប្រសើរជាងអត់ស្រូវច្រូត» ឥឡូវគាត់ធ្វើមែន។
សន្ដិភាពមាន តំបន់ហ្នឹងពីដើមជាតំបន់វ៉ៃគ្នា រកសន្ដិភាពបានហើយ ជីកប្រឡាយអោយគាត់ទៀត ពេលដែលរាំងស្ងួត ប្រឹងរកម៉ាស៊ីនបូមទឹកអោយគាត់ ដល់បានស្រូវច្រើនគាត់លក់មិនចេញ។ ប្រហែលជាមានតែស្រុកខ្មែរទេ លក់ស្រូវសើម។ ឥឡូវបើមិនទិញពីគាត់ទេ ស្រូវគាត់វាដុះទៅទៀត។ ឥឡូវនេះ មិនមែនច្រូតមួយកណ្ដៀវឯណា មានម៉ាស៊ីនទៅ(ច្រូត)តែម្ដង។ (រួចហើយ)ដាក់ពូនយកមក ដឹកយកមករោងម៉ាស៊ីនកិនស្រូវ។ ដឹកមករាប់ពាន់តោន ក្នុងពេលដែលម៉ាស៊ីនកិន ឡសម្ងួតទទួលបានត្រឹមតែ ៥០០ តោន ហ្នឹងអ្នកដែលមានឡសម្ងួត។
ប៉ុន្តែយ៉ាងណាក៏ដោយ យើងក៏បានជួយដោះស្រាយតម្លៃ។ ខ្ញុំសំណូមពរ សូមអំពាវនាវចំពោះកសិកររបស់យើង បើសិនជាអាចធ្វើទៅបាន ខិតខំធ្វើយ៉ាងម៉េចអោយស្រូវហ្នឹងវាបានស្ងួតបន្ដិច។ យ៉ាងណាក៏លំបាកដែរ ព្រោះខែនេះ ខែភ្លៀង ប៉ុន្តែបើសិនជាយើងមិនហាល ហើយទៅដល់គេទិញមិនទាន់ អាស្រូវហ្នឹងវាទៅជាស្រូវពូជហើយ។ សូមអំពាវនាវចំពោះកសិកររបស់យើងដែលបានច្រូតរួចហើយ ឬកំពុងច្រូត យើងអាចថា ក្នុង ១០ គ្រួសារដែលមានស្រូវ អាចថា ៣ គ្រួសារមានលទ្ធភាពក្នុងការហាល, ៧ (គ្រួសារទៀត)ទៅលក់ ឬក៏ ៥ (គ្រួសារ)អាចហាលទុកវាសិន ចាំដល់វាឡើងថ្លៃទៅ អាហ្នឹងលក់វាបានថ្លៃ។ ទីផ្សារអង្ករពិភពលោកកំពុងធ្លាក់ចុះ ប៉ុន្តែយើងក៏ប្រឹងជួយកសិកររបស់យើងច្រើនណាស់ដែរ។
ជួយទិញស្រូវតាមការអំពាវនាវ ប៉ុន្តែគួរដឹកយកមកផ្ទះ កុំទុកនៅក្នុងរោងម៉ាស៊ីន
ក្នុងសំណូមពរទី ២ ខ្ញុំពិតជាអរគុណជាមួយនឹងរដ្ឋមន្រ្តី រដ្ឋលេខាធិការ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាពាណិជ្ជកររបស់យើង ដែលបានជួយទិញស្រូវ ខ្លះ ២ តោន, ៥ តោន, ១០ តោន, ២០ តោន ប៉ុន្តែខ្ញុំក៏អំពាវនាវផងដែរ បើបានជាជ្រុលទិញ ដឹកយកមកផ្ទះ ដើម្បីហាលនៅផ្ទះ បើទិញគ្រាន់តែទុកនៅហ្នឹងដែរទេ នៅតែដដែលហ្នឹង។ រឿងមិនមែនខ្វះលុយទិញទេឥឡូវនេះ រឿងត្រង់កន្លែងហាលនេះ។ អញ្ចឹងទេលោកជំទាវ សោម គឹមសួរ ក៏មានទិញហ្នឹងគេដែរ ប៉ុន្តែឥឡូវលោកជំទាវយកទៅណា? តិចយកទៅទុកនៅហ្នឹង ដដែលហ្នឹង។ (ឯ.ឧ) អង្គ វង្សវឌ្ឍនា អ្នកទិញមុនគេ ឥឡូវ ១០ តោនហ្នឹង យកទៅណា? ដាក់ផ្ញើនៅម៉ាស៊ីន, (អញ្ចឹងវា)ដដែលហ្នឹង។ យើងគ្រាន់តែជួយដោះស្រាយលុយទិញតែប៉ុណ្ណឹង ប៉ុន្តែយើងអត់បានដោះស្រាយគន្លឹះបញ្ហា។ អញ្ចឹងទេ អ្នកដែលទិញស្រូវទាំងប៉ុន្មាន មេត្តាដឹកស្រូវយកមកហាលនៅផ្ទះខ្លួនមក ហើយមកកិននៅភ្នំពេញមក បើទិញទុកនៅហ្នឹងដដែល វាតែដដែលនឹង … ប្រយ័ត្នយល់ច្រឡំថា ខ្វះលុយទិញ។
រឿងធំនៅកន្លែងនេះ គឺរឿងឡសម្ងួតដែលមិនមានសមត្ថភាពស្រូប។ អញ្ចឹងទេ លោកជំទាវ សោម គឹមសួរ និងអ្នកដទៃទៀតដែលនៅទីនេះ ឥឡូវបញ្ជូនឡានទៅដឹក ឬក៏ជួលឡានគេដឹកយកមកហាលនៅផ្ទះមក ហើយមកកិនតាមរោងម៉ាស៊ីននានាទៅ បើគ្រាន់តែទិញហើយ ទុកនៅហ្នឹង ហាលនៅហ្នឹងដដែល រឿងវាដដែល។ អញ្ចឹងសូមអោយធ្វើមួយគន្លាក់ទៀត។ បញ្ជូនឡានទៅដឹកយកមក រួចហើយឧបមាថា យើងប្រើប្រាស់ខ្លួនឯង ក៏អាចទៅរកម៉ាស៊ីនកិនឯណា យកអាហ្នឹងទៅហាល កិនយ៉ាងម៉េចអីយ៉ាងម៉េច អាហ្នឹងទើបជាដំណោះស្រាយ បានទាំងលុយជួយទិញស្រូវផង បានទាំងរំដោះស្រូវសើមយកមកតាមទីកន្លែងនានា។ បើមិនដូច្នេះ ធ្វើអោយកកស្ទះការទិញចូលរបស់រោងម៉ាស៊ីនកិនស្រូវ។ បើសិនជាជួយរំដោះអាហ្នឹង(ស្រូវសើម)ចេញមកផុត ឧបមាថា យើងទៅពីនេះទៅទិញយកបាន ៣០០ តោនចេញមក អញ្ចឹងវាបន្ថយសំពាធនៃឡសម្ងួតបាត់ទៅហើយ។
ឃើញមានទូរទស្សន៍ខ្លះរត់អក្សរ(អ្នកជួយទិញស្រូវសើម) ហើយជួនកាល Fresh News ផ្សាយភ្លាម អ្នកនេះទិញប៉ុណ្ណេះ អ្នកនោះទិញប៉ុណ្ណោះ ប៉ុន្តែថ្ងៃនេះ ដឹងរឿងហើយ។ អញ្ចឹងសូមបញ្ជូនឡានទៅដឹកនៅរោង(ម៉ាស៊ីន) មកផ្ទះរៀងៗ ខ្លួន ហើយបើសិនជាចង់ធ្វើអំណោយអោយគ្រួសារណា ៥០០ គីឡូក្រាម ឬ ១ តោន អោយទៅតាមគ្រួសារហ្នឹងទៅ បើសិនជាយើងអាចជួយទៅដល់កសិករ និងអ្នកក្រីក្រដទៃទៀត។ ប៉ុន្តែយើងទុកខ្លួនឯង ក៏យកមកហាលខ្លួនឯងនៅភ្នំពេញទៅ អាហ្នឹងបានឆាប់ចប់រឿង។ អញ្ចឹងទេ រឿងទាក់ទិនជាមួយនឹង(ស្រូវ ខ្ញុំ)អំពាវនាវតទៅទៀត អោយជួយទៅដល់កសិកររបស់យើង។ អង្ករខ្មែរឆ្ងាញ់។ សង្ឃឹមថា យើងទទួលទានអង្កររបស់យើង ហើយគ្រួសារនីមួយៗ មានលទ្ធភាពទិញស្រូវយកមកស្តុកទុក ប៉ុន្តែកុំស្ដុកនៅបាត់ដំបង ឬបន្ទាយមានជ័យ ឬពោធិ៍សាត់ ដែលកំពុងមានបញ្ហាស្រាប់ យកមកស្ដុកនៅផ្ទះខ្លួនមក ឬក៏ផ្ញើតាមគ្រួសារដែលជាសាត់ញតិារបស់យើងក៏បានដែរ។ ប៉ុន្តែធ្វើម៉េចអោយចេញផុតពីកន្លែងដែលកំពុងមានវិបត្តិស្រាប់។ ខ្ញុំអរគុណណាស់ជាមួយនឹងការទទួលយកនូវការទិញស្រូវបែបនេះ។
មិនអង្គុយចែកសញ្ញាបត្រ
ថ្ងៃហ្នឹងគឺប៉ុណ្ណឹងចុះ ព្រោះម្សិលមិញ គ្រាន់តែនិយាយហើយ ត្រូវឈរចែកអោយចៅៗ ក្មួយៗ(សិស្សជាប់និទ្ទេស A) ឈររហូត យូរហ្នឹងអាឈរហ្នឹង ជិត ២ ម៉ោងទៀត ប៉ុន្តែគ្នាបានមកដល់វិមានសន្ដិភាព គឺយើងត្រូវធ្វើ និងបំពេញនូវកាតព្វកិច្ច ដើម្បីអោយសិស្សរបស់យើងកាន់តែពូកែ។ និស្សិតថ្ងៃនេះ ក៏ត្រូវមកលើកទឹកចិត្ត ប៉ុន្តែកុំដាក់បញ្ហាថា ចុះម្សិលមិញ ចែករាប់រយនាក់បាន ម៉េចមកឥឡូវចែក(ដោយ)និមិត្តរូប (ឬអ្នកតំណាង)។ អត់ទេ បើនៅស្រុកគេខ្លះ គឺគេអង្គុយចែក ប៉ុន្តែវាមិនគួរសម ម្សិលមិញខ្ញុំសាកហើយ ពេលដែលខ្ញុំរោយជើងខ្លាំង ខ្ញុំសាកយកកៅអីមកអង្គុយ អត់សមសោះ ទោះបីថា ចៅៗនោះ អាយុស្នើនឹងចៅរបស់យើង ប៉ុន្តែនៅពេលដែលយើងអង្គុយដើម្បីចែក គឺដូចជាមិនសម អញ្ចឹងប្រឹងឈរចែករហូត ហើយអ្នកដែលមិនចែក ក៏ឈរជាមួយដែរ ជាឧប(នាយករដ្ឋមន្រ្តី)នៅពីក្រោយ។
សូមរថយន្តឈ្នូលកុំឡើងថ្លៃក្នុងរដូវភ្ជុំបិណ្ឌ
ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំថា នៅរដូវភ្ជុំឆ្នាំនេះ សូមអំពាវនាវចំពោះរថយន្តឈ្នូលទាំងឡាយ កុំឡើងថ្លៃ។ អំពាវនាវតែអញ្ចឹង តែគាត់មិនស្ដាប់ ហើយយើងអត់ឡានជិះ ចេះតែជិះទៅ។ អំពាវនាវដល់ប្រជាពលរដ្ឋរបស់យើង អ្នកបើកបររបស់យើង ក្នុងការធ្វើដំណើរទៅទីជិតទីឆ្ងាយ ដើម្បីចូលរួមភ្ជុំបិណ្ឌឆ្នាំនេះ សូមធ្វើដំណើរដោយប្រុងប្រយ័ត្ន កុំអោយមានគ្រោះថ្នាក់ចរាចរណ៍នៅក្នុងពេលវេលានៃការធ្វើបុណ្យ។ យើងទៅធ្វើបុណ្យសម្រាប់វិញ្ញាណក្ខន្ធបុព្វការីជនដែលបានមរណកាលទៅ ប៉ុន្តែបែរជាសាច់ញាតិរបស់យើងធ្វើបុណ្យអោយយើងទៅវិញ មិនទាន់បានភ្ជុំផង យើងស្លាប់បាត់ទៅហើយ ស្រាប់ទៅដល់ថ្ងៃភ្ជុំ ប្រេតចាស់ និងប្រេតថ្មី ទៅជួបមុខគ្នា។ អញ្ចឹងសង្ឃឹមថា យកចិត្តទុកដាក់ប្រុងប្រយ័ត្នទៅលើការបើកបរ ហើយបើកគោរពច្បាប់ចរាចរណ៍៕