អត្ថបទ Samdech Hun Sen, Cambodian Prime Minister
នៅក្នុងពេលដែល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញចុះឈ្មោះបោះឆ្នោតនៅក្នុងសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី០១ ខែកញ្ញា ម្សិលមិញនេះរួចមក សម្ដេចតេជោ បានផ្ដល់បទសម្ភាសន៍ខ្លីមួយជូនអ្នកកាសែត។
១)-សម្ដេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងអំពីការចរចារវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះ ជាតិក្នុងការកែទម្រង់ការបោះឆ្នោតកាលពីឆ្នាំ ២០១៥ កន្លងទៅ គឺសម្តេចជាអ្នកទាមទារឲ្យ ធ្វើកំណែទម្រង់ ប្រព័ន្ធបោះឆ្នោតឲ្យបានទូលំទូលាយ រួមទាំងការរៀបចំប្រព័ន្ឋចុះបញ្ជីអ្នកបោះឆ្នោតផងដែរ ដែលខណៈពេលនោះ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ស្នើសុំត្រឹមធ្វើកំណែទម្រង់ផ្លាស់ប្តូរថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត(គ.ជ.ប)ប៉ុណ្ណោះ។ សម្ដេចតេជោបានស្នើសុំឲ្យនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិន ហ៊្សូអាបេ ជួយក្នុង កំណែទម្រង់ប្រព័ន្ធបោះឆ្នោត រួមទាំងប្រព័ន្ធចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតសារជាថ្មីឡើងវិញ ដើម្បីធានាឲ្យបញ្ជី បោះឆ្នោតមានសុក្រឹត្យភាព ហើយកុំឲ្យបក្សនយោបាយខ្លះចេះតែប្រើពាក្យថាបាត់ចំនួនមនុស្ស ឬក៏ខុសនេះ ខុសនោះបន្តទៀត។
២)-សម្តេចតេជោ ហ៊ុន សែន សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់នឹងទៅចុះឈ្មោះបោះឆ្នោតតាម បច្ចេកវិទ្យាទំនើបក្នុងប្រព័ន្ធកុំព្យូទ័រដែលធានាបាននូវសុក្រឹត្យភាពពេញលេញ។ ចំពោះប្រជាពលរដ្ឋទូទាំងប្រទេស បើទោះជាធ្លាប់បានបោះឆ្នោត៤-៥អាណត្តិហើយក្តី គឺបញ្ជីបោះឆ្នោតចាស់មុនមិនត្រូវឲ្យប្រើប្រាស់ទៀតទេ។ សូមប្រជាពលពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនក្នុងការបោះឆ្នោត គឺត្រូវតែអញ្ជើញ ទៅចុះឈ្មោះបោះឆ្នោតកុំខាន។ ទន្ទឹម នឹងនេះ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមផងដែរថាគ្រប់គណបក្សនយោបាយនៅកម្ពុជា រួមទាំងគណបក្ស សង្រ្គោះ ជាតិ គឺអាចទទួលយកបាននូវការចុះឈ្មោះតាមប្រព័ន្ឋបច្ចេកវិទ្យាថ្មីនេះ។ ព្រោះថានេះគឺជា ការកែទម្រង់ការបោះឆ្នោតដ៏ធំមួយនៅកម្ពុជា ដែលមិនធ្លាប់មានពីមុនមក។
៣)-សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមផងដែរថា ច្បាប់ថ្មីគឺមិនអនុញ្ញាតឲ្យធ្វើការពហិការកន្លះឆ្នាំ ឬមួយ ឆ្នាំទេ មានន័យថា ទី១ បើសភាកោះប្រជុំក្រោមព្រះរាជអធិបតីព្រះមហាក្សត្រហើយមិនចូលប្រជុំ គឺត្រូវតែ បាត់បង់អាសនៈ ។ ទី២ ការស្បថចូលកាន់ដំណែង បើមិនចូលស្បថគឺត្រូវបាត់បង់អាសនៈដូចគ្នា។
សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស អញ្ជើញទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នាកុំបីខាន៕