អត្ថបទ Fresh News
(ភ្នំពេញ)៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានថ្លែងប្រាប់អង្គភាព Fresh News ដោយដកស្រង់ សំដីរបស់ភ្ញៀវទេសចរជនជាតិបារាំង ដែលទើបសង្គ្រោះចេញពីតំបន់ព្រៃភ្នំថា ពួកគាត់មិននឹកស្មានថា ប្រជាពលរដ្ឋខ្មែរ និងអាជ្ញាធរស្រឡាញ់ តាមយកចិត្តទុកដាក់ថែទាំ និងការពារពួកគាត់ដល់ថ្នាក់ហ្នឹង, គាត់ពិតជាសប្បាយរីករាយណាស់ ដែលបានឃើញបែបនេះ ហើយគាត់នឹងសរសេររៀបរាប់អំពីទង្វើ និងកាយវិការដ៏ល្អនេះ ដើម្បីឲ្យពិភពលោកបានដឹង។
ភ្ញៀវទេសចរជនជាតិបារាំង បានថ្លែងជាភាសាបារាំង ដោយមានអ្នកបកប្រែខ្លឹមសារយ៉ាងដូច្នេះ៖ «ខ្ញុំសប្បាយរីករាយណាស់, ខ្ញុំមិននឹកស្មានថាប្រជាពលរដ្ឋខ្មែរ និងអាជ្ញាធរកម្ពុជា ស្រឡាញ់ពួកខ្ញុំដល់ថ្នាក់ហ្នឹង! ខ្ញុំសូមអរគុណដល់នាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រជាពលរដ្ឋកម្ពុជា ដែលបានយកចិត្តទុកដាក់នឹងថែទាំពួកខ្ញុំ, ខ្ញុំនឹងសរសេររឿងរ៉ាវនូវអនុស្សាវរីយ៍នេះឲ្យពិភពលោកបានដឹងពីកម្ពុជា»។
ថ្លែងពីមន្ទីរពេទ្យនៅក្រុងសៀមរាប លោក ឃឹម ប៊ុនសុង បានបញ្ជាក់ដឹងថា នៅម៉ោងប្រមាណជិត ៥ រសៀលថ្ងៃសៅរ៍នេះ ក្រុមគ្រូពេទ្យបានពិនិត្យភ្ញៀវទេសចរបារាំង ទាំង ៤ នាក់រួចរាល់ហើយ ដោយសុខភាពពួកគាត់មិនមានអ្វីនោះទេ គឺធម្មតា គ្រាន់តែស្ងួត និងរលាកបំពង់កបន្តិចបន្តួចប៉ុណ្ណោះ។
ជាមួយនោះផងដែរ លោកអភិបាលខេត្តសៀមរាប បានផ្ញើតាមរយៈ Fresh News សូមអរគុណចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់ ដែលជួយសង្គ្រោះភ្ញៀវទេសចរជនជាតិបារាំង ដែលបានវង្វេងផ្លូវនៅក្នុងព្រៃអស់មួយថ្ងៃមួយយប់។ លោក ឃឹម ប៊ុនសុង បានហៅថា ការជួយសហការគ្នា យ៉ាងល្អរវាងកម្លាំងនគរបាល, កម្លាំងអាវុធហត្ថ, កម្លាំងយោធាប្រតិបត្តិការសឹករង, អាជ្ញាធរអប្សរា, គ្រឹះស្ថានអង្គរ, រដ្ឋបាលព្រៃឈើ, មន្ត្រីបរិស្ថាន និងមន្ត្រីសុខាភិបាល ព្រមទាំងប្រជាពលរដ្ឋ បានបង្ហាញពីការយកចិត្តទុកដាក់អស់ពីចិត្តពីថ្លើម ដើម្បីការពារភ្ញៀវទេសចរ ដែលមកកំសាន្តនៅកម្ពុជា។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ថា នេះជាកាយវិការមួយ ដែលបង្ហាញទៅកាន់អន្តរជាតិថា កម្ពុជាជាប្រទេសដែលបានគិតគូរ និងការពារភ្ញៀវទេសចរមកកម្ពុជា ហើយនេះជាចំណុចមួយ ស្ថិតនៅក្នុងការទាក់ទងភ្ញៀវទេសចរមកកាន់កម្ពុជា ដែលនេះជាអភិបាលកិច្ចល្អរបស់កម្ពុជា។ លោករដ្ឋមន្រ្តីបានបន្ថែមទៀតថា ភ្ញៀវបរទេសជនជាតិបារាំង ក៏បានសម្តែងការអរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ដល់ពួកគាត់។
អ្នកទេសចរជនជាតិបារាំងទាំង៤រូប និងមគ្គុទេសទេសចរណ៍ម្នាក់ ដែលបានវង្វេងក្នុងព្រៃអស់មួយថ្ងៃ មួយយប់នោះត្រូវបានជួយសង្គ្រោះ, ហើយបន្តដឹកបញ្ជូន តាមឧទ្ធម្ភាគចក្រ មកកាន់ក្រុងសៀមរាប ដើម្បីទទួលអាហារ និងបន្តយកទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ, នៅទីបំផុតសុខភាពរបស់ពួកគាត់គ្មានអ្វីនោះទេ។
សូមបញ្ជាក់ថា ភ្ញៀវទេសចរជនជាតិបារាំង ៤រូប រួមនិងមគ្គុទេសទេសចរណ៍ម្នាក់ផងដែរ បានវង្វេងនៅក្នុងព្រៃពេលពួកគេទៅកម្សាន្តនៅរមណីដ្ឋានក្បាលស្ពាន កាលពីព្រឹកព្រលឹមថ្ងៃសុក្រ ម្សិលមិញ, ប៉ុន្តែនៅពេលនេះអាជ្ញាធរបានជួយសង្គ្រោះចប់សព្វគ្រប់អស់ហើយ៕