សូមក្រាបថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេច ព្រះសង្ឃនាយក និងព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ
ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងអង្គពិធីទាំងមូលជាទីមេត្រី !
ថ្ងៃនេះ ក្នុងនាមរាជរដ្ឋាកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីសោមនស្សជាអនេកដែលបានមកចូលរួម ជាអធិបតីនៅក្នុងពិធីបុណ្យលើកទី ៦៥ នៃការបង្កើតស្ថាប័ន គយនិងរដ្ឋាករកម្ពុជាដែលមានលក្ខណៈជាប្រវត្តិសាស្ត្រនេះ។ ការប្រារព្ធពិធីដ៏មហោឡារិក រួមទាំងការដាក់បង្ហាញនូវសមិទ្ធផលនានាក្នុងពេលនេះគឺជាសក្ខីភាពថ្មីមួយទៀត ឆ្លុះបញ្ចាំងឱ្យឃើញ នូវការលូតលាស់កាន់តែរឹងមាំឡើងជាលំដាប់នៃរដ្ឋបាលគយ និងរដ្ឋាករកម្ពុជា ដែលបានឆ្លងកាត់ដំណាក់កាលនៃការកសាង អភិវឌ្ឍន៍ និងការកែទម្រង់ជាបន្តបន្ទាប់។ ខួបលើកទី ៦៥ បញ្ជាក់ប្រាប់យើងថា រដ្ឋបាលគយ និងរដ្ឋាករកម្ពុជាមានឤយុ ៦៥ ឆ្នាំហើយ ដែលមានចំណាស់ប្រហាក់ប្រហែលនឹងឯករាជ្យភាពរបស់កម្ពុជាពីអាណានិគមបារាំងផងដែរ។ ខ្ញុំសូមឆ្លៀតឱកាសនេះសម្តែងនូវកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ចំពោះព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៃយើងដើម្បីទាមទារឯករាជ្យជូនកម្ពុជា ក្នុងនោះរួមមានទាំងការបង្កើតរដ្ឋបាលគយ និងរដ្ឋាករកម្ពុជា ដោយបំបែកចេញពីរដ្ឋបាលគយ និងរដ្ឋាករសហព័ន្ធឥណ្ឌូចិនកាលពី ៦៥ ឆ្នាំមុនផងដែរ។
រូបខ្ញុំផ្ទាល់ក៏ដូចជាប្រជាជនកម្ពុជាគ្រប់រូប ពិតជាមានការចងចាំមិនឤចបំភ្លេចបានឡើយ នូវព្រះមហាករុណាទិគុណដ៏ឧត្តុងឧត្គម និងថ្លៃថ្លានេះរបស់ព្រះអង្គ ដែលត្រូវបានឆ្លាក់ទុកជានិច្ចនិរន្តនៅក្នុងក្រាំងមាសនៃប្រវត្តិសាស្ត្រកម្ពុជា។ យើងទាំងអស់គ្នាពិតជាចងចាំថា ក្រោយរដ្ឋប្រហារថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩៧០ ដឹកនាំដោយសេនាប្រមុខ លន់ នល់ ប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមយ៉ាងសន្ធោសន្ធៅ។ ក្រោយថ្ងៃជ័យជម្នះលើរបប លន់ នល់ នាថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ ប្រជាជនកម្ពុជាសង្ឃឹមថានឹងបានរស់នៅក្នុងសន្តិភាពឡើងវិញ។ ក៏ប៉ុន្តែក្តីសង្ឃឹមនោះត្រូវរលាយបាត់បង់ តែមួយប៉ព្រិចភ្នែកក្រោមរបបផ្តាច់ការនៃបន ប៉ុល ពត ដែលបានអនុវត្តនយោបាយប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នង់បំផុត ចំពោះជាតិ និងប្រជាជនកម្ពុជា ។ ក្នុងរយៈពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃរបប ប៉ុល ពត បានបំផ្លាញសង្គមជាតិទាំងមូល ដែលទទួលរងការវិនាសដោយសារសង្គ្រាម ៥ ឆ្នាំរួចមក ហើយនោះ ឱ្យរលាយខ្ទេចខ្ទីទាំងស្រុងដល់ឫសគល់។ ក្នុងសម័យកាលដ៏ខ្មៅងងឹតនោះ រដ្ឋបាលសាធារណៈនានា រួមទាំងស្ថាប័នគយ និងរដ្ឋាករផង ក៏បានឆ្លងកាត់នូវប្រវត្តិសាស្ត្រជូរជត់ដូចគ្នាដែរ ដោយត្រូវបានរំលាយចោលទាំងស្រុងហើយធនធានមនុស្សជាមន្ត្រីគយ និងរដ្ឋាករ ព្រមទាំងបណ្តាឯកសារច្បាប់បទដ្ឋាននានាក៏ត្រូវបានក្លាយជាមុខសញ្ញាកម្ទេច និងបំផ្លាញចោលទាំងស្រុង។ បន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ ១៩៧៩ ប្រជាជនកម្ពុជាដ៏អភ័ព្វរបស់យើងក៏នៅមិនទាន់ឤចរស់នៅក្នុងភាពសុខសាន្ត ទាំងស្រុងនៅឡើយទេ។ ដោយសារសង្គមខ្មែរនៅបន្តបែកបាក់ហើយ ទឹកដីមួយផ្នែកតូចត្រូបានកាន់កាប់ដោយភាគីផ្សេងៗ។ ទោះជាយ៉ាងណាក៏ដោយអង្គភាពគយ និងរដ្ឋាករត្រូវបានបង្កើតឡើង វិញដោយរដ្ឋាភិបាលកម្ពុជាជំនាន់នោះពីបាតដៃទទេ ដែលពេលនោះកិច្ចដំណើរការរបស់អង្គភាពនេះ មិនទាន់មានភាពពេញលេញនៅឡើយ។ ចាប់តាំងពីពេលនោះមក ជាជំហានៗ កម្ពុជាបានចាប់ផ្តើមធ្វើការអភិវឌ្ឍខ្លួនជាបណ្តើរៗដោយប្រែក្លាយខ្លួនពីវាលពិឃាត នៃរបបប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ មកជាប្រទេសជាតិមួយមានឯកភាពជាតិ សន្តិភាព សេរីភាព បូរណភាពទឹកដី និងការអភិវឌ្ឍ លើគ្រប់វិស័យ ក្នុងនោះ រដ្ឋបាលគយ និងរដ្ឋាករក៏ត្រូវបានលើកកម្ពស់ និងអភិវឌ្ឍជាបន្តបន្ទាប់ រហូតបានក្លាយជា «អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា» នាពេលបច្ចុប្បន្ននេះ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ]
សម្តេច ព្រះតេជព្រះគណគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
និយាយដល់ការបង្កើតស្ថាប័នគយ និងរដ្ឋាករឡើងវិញក្រោយឆ្នាំ ១៩៧៩ យើងគួរនឹកឃើញដល់វីរៈជនម្នាក់ ដែលមានគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃ ក្នុងការបង្កើតស្ថាប័ននេះ ទោះបីរចនាសម្ព័ន្ធពេលនោះមិនទាន់ឆ្លើយតបសមស្រប នឹងគោលបំណងគោលដៅរបស់រដ្ឋាបាលគយ និងរដ្ឋាករ នោះគឺឯកឧត្តម តាំង សារឹម ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅពេលនោះ។ ខ្ញុំសូមយកឱកាសនេះ ដើម្បីបញ្ជាក់ពីប្រវត្តិបន្តិច ដើម្បីយើងទាំងអស់គ្នាដឹងពីប្រវត្តិជូរជត់ និងការកកើតនូវស្ថាប័នមួយចំនួន។ ថ្ងៃ ៨ ខែ មករា ឆ្នាំ ១៩៧៩ ក្រសួងដែលទាក់ទងនឹងចង្កោមសេដ្ឋកិច្ច មិនមានក្រសួងពាណិជ្ជកម្ម មិនមានក្រសួងហិរញ្ញវត្ថុ ហើយក៏មិនមានក្រសួងកសិកម្ម ឬក៏ក្រសួងឧស្សាហកម្មនោះទេ មានក្រសួងតែមួយគត់គឺក្រសួងសេដ្ឋកិច្ច និងជីវភាព ដែលដឹកនាំដោយឯកឧត្តម ម៉ុក សុគុណ។ ជាបន្តដែលរដ្ឋាភិបាលពេលនោះ ដែលសម្តេច ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៅពេលនោះ ដែលដើរតួជាប្រមុខរដ្ឋផង និងជានាយករដ្ឋមន្ត្រីផងបានបង្កើតឡើងនៅស្ថាប័នមួយចំនួន ក្នុងនោះ មានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅ ពេលនោះ ដែលសព្វថ្ងៃជាក្រសួងហិរញ្ញវត្ថុសព្វថ្ងៃនេះ ដែលហៅថាគណៈកម្មាការ ហិរញ្ញវត្ថុនៅពេលនោះ ដឹកនាំដោយឯកឧត្តម ចាន់ ភិន្ទ។ ការបង្កើតគណៈកម្មការពាណិជ្ជកម្មដែលដឹកនាំដោយ ឯកឧត្តម តាំង សារឹម ការបង្កើតគណៈកម្មាការកសិកម្មដឹកនាំដោយឯកឧត្តម នៅ សាម៉ន ការបង្កើតឡើងនូវគណៈកម្មការ ឧស្សាហកម្ម ដឹកនាំដោយឯកឧត្តម មាស សំណាង។ ការពិត គោលដៅដំបូង ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ម្នាក់របស់រដ្ឋាភិបាលជំនាន់នោះ យើងចង់ឲ្យគណៈកម្មការទាំង ៤ នេះ ចំណុះក្រសួងសេដ្ឋកិច្ច និងជីវភាព ជាស្វ័យប្រវត្ថិ អ្នកក្រសួងទាំងនោះ គណកម្មការទាំងនោះ ប្រកាសខ្លួន ទៅជារដ្ឋមន្រ្តីដោយស្វ័យប្រវត្តិ។
មិនចាំថានរណាជាអ្នកចុះហត្ថលេខា អនុក្រិត្យប្តូរគយពីក្រសួងពាណិជ្ជកម្ម មកឲ្យក្រសួងសេដ្ឋកិច្ច
យើងក៏ព្រមទទួលយកនូវស្ថានភាពបែបនេះ។ ប៉ុន្តែ អ្វីដែលគួរឲ្យចងចាំ នៅត្រង់ថា បើទោះបីនៅក្នុងខែដែលបង្កើតទីចាត់ការគយ និងរដ្ឋាករ នៅពេលនោះ នៅថ្ងៃ ១៣ ខែ សីហា ឆ្នាំ ១៩៧៩ ដោយមានប្រធានក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ហេង សំរិន ចុះហត្ថលេខា និងចុះហត្ថលេខាអមដោយ ពេលនោះ ហៅថា មន្ទីររដ្ឋ។ រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្ត្រីនៅពេលនោះ ហៅថាមន្ទីររដ្ឋ គឺ អ៊ុង ផន ចុះហត្ថលេខាអម បង្កើតនូវអង្គភាពនេះឡើង។ ការពិតគឺជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម តាំង សារឹម ទាំងស្រុង បានជាគេឃើញថា ទាក់ទិនជាមួយនឹងការបង្កើត និងការគ្រប់គ្រងរចនាសម្ព័ន្ធ គឺនៅក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម ដែលមានឯកឧត្តម ស ហូ ពេលនោះធ្វើជាប្រធាន។ វាជារឿងគួរឲ្យចម្លែកដែរ នៅត្រង់ថា ក្រសួងពាណិជ្ជកម្ម គឺជាក្រសួងនាំចេញ និងនាំចូល ហើយគយ និងរដ្ឋាករ ក៏ស្ថិតនៅក្នុងដៃក្រសួងពាណិជ្ជកម្ម។ ដូច្នេះ វាមិនខុសពីការទាត់បាល់ផង និងធ្វើជាអាប៊ីតផ្លុំកញ្ចែផងទេ។
ក្នុងដំណាក់កាលដែលខ្ញុំធ្វើជានាយករដ្ឋមន្រ្តី ខ្ញុំបានដឹកនាំធ្វើកំណែទម្រង់លើបញ្ហាមួយនេះ ដោយផ្តើមចេញពីការយកគយចេញពីក្រសួងពាណិជ្ជកម្ម នៅក្នុងដំណាក់កាលដែលលោកជំទាវ ហូ ណូន ពីតំណែងអភិបាលរងខេត្តបាត់ដំបង មកធ្វើជាអនុរដ្ឋមន្រ្តីទីស្តីការគណរដ្ឋមន្រ្តី ហើយទើបបញ្ជូនមកធ្វើជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជំនួសឲ្យឯកឧត្តម តាំង សារឹម ដែលត្រូវធ្វើជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងខាងសេដ្ឋកិច្ចក្រៅប្រទេស។ ខ្ញុំមិនច្បាស់ថា តើខ្ញុំជាអ្នកចុះហត្ថលេខា ឬ ឯកឧត្តម ជា សុទ្ធ ជាអ្នកចុះហត្ថលេខា ឬសម្តេចចៅហ្វាវាំង គង់ សំអុល ជាអ្នកចុះហត្ថលេខា ព្រោះដល់ឆ្នាំ ១៩៨៨ គឺជាឆ្នាំដែលខ្ញុំរវល់ខ្លាំងទៅលើការចរចាស្វែងរកសន្តិភាព ស្របគ្នាជាមួយនឹងកំណែទម្រង់ទាំងឡាយក្នុងវិស័យសេដ្ឋកិច្ចនេះឯង។ ប៉ុន្តែ ខ្ញុំនៅចាំច្បាស់នៅត្រង់ថា សម្រាប់ការគ្រប់គ្រងដែលផ្ទេរទទួលគឺនៅពេលនោះ ឯកឧត្តម ចាន់ ភិន ដែលធ្លាប់ធ្វើជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏មិនធ្វើជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតទៅទៀតទេ គឺឯកឧត្តម ឆាយ ថន។
ពេលនោះ យើងមានការផ្លាស់ប្តូរដ្ឋមន្រ្តីមួយចំនួនរួចទៅហើយ រាប់ទាំងរដ្ឋមន្រ្តីក្រសួងការពារជាតិ ក្រសួងការបរទេស។ ខ្ញុំធ្វើជានាយករដ្ឋមន្រ្តីផង និងជារដ្ឋមន្រ្តីការបរទេសផង។ ខ្ញុំបានផ្ទេរ(តំណែងរដ្ឋមន្ត្រីការបរទេស)ទៅឲ្យមនុស្សម្នាក់ ដែលមិនបានការ ហើយបន្ទាប់ទៅខ្ញុំក៏ត្រូវកាន់ឡើងវិញនូវរដ្ឋមន្រ្តីការបរទេសនេះ។ ខ្ញុំនៅចាំបានថា ពេលនោះ ក្រសួងដែលទទួលយកគយ គឺឯកឧត្តម ឆាយ ថន ឯក្រសួងដែលប្រគល់គយ គឺលោកជំទាវ ហូ ណូន។ ពេលនោះ ខ្ញុំតែងប្រគល់សិទ្ធិឲ្យឧបនាយករដ្ឋមន្រ្តីម្នាក់ ដែលនៅប្រចាំការ ចុះហត្ថលេខាលើអនុក្រិត្យជាច្រើនជំនួសឲ្យខ្ញុំ។ បើមិន ឯកឧត្តម ជា សុទ្ធ ក៏សម្តេចចៅហ្វាវាំង គង់ សំអុល។ អញ្ចឹង សូមស្វែងយល់មើល តើនរណាជាអ្នកចុះហត្ថលេខា ព្រោះមានដល់ទៅ ៣ នាក់ ដែលអាចចុះហត្ថលេខាបាន។ មាននាយករដ្ឋមន្ដ្រី ប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីខ្លួនឯង គឺ ហ៊ុន សែន ហើយពេលនោះ គឺឯកឧត្តម ជា សុទ្ធ ធ្វើជាឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកចង្កោមសេដ្ឋកិច្ច ចុះហត្ថលេខា ក្រោយមកគឺសម្តេចចៅហ្វាវាំង គង់ សំអុល ជាឧបនាយករដ្ឋមន្រ្តីប្រចាំការ តែងចុះហត្ថលេខាលើអនុក្រិត្យជាច្រើន។ មិនដូចថ្ងៃនេះទេ។ ពេលនោះ ខ្ញុំមិនសូវចុះហត្ថលេខាទេ។ ថ្នាក់អនុក្រិត្យ សេចក្តីសម្រេច ឲ្យតែមានការយល់ព្រមហើយ គឺប្រគល់ឲ្យគាត់ចុះ(ហត្ថលេខា) កុំឲ្យរវល់ដល់ខ្ញុំ។ ប៉ុន្តែ ឥឡូវនេះ ស្អីក៏ចុះខ្លួនឯងដែរ។
ខ្ញុំទៅចែកសញ្ញាបត្រឲ្យនិស្សិត គេនិយាយថា រដ្ឋមន្រ្តីអប់រំ ត្រូវទៅធាក់ស៊ីក្លូហើយ ព្រោះយើងទៅដណ្តើមការងាររដ្ឋមន្រ្តីក្រសួងអប់រំ។ មាន comment ចូលមកក្នុង Facebook។ ប៉ុន្តែ ត្រូវដឹងថា និស្សិតទាំងឡាយចង់បាននាយករដ្ឋមន្រ្តីទៅចែកសញ្ញាបត្រឲ្យពួកគេ។ សុំកុំភាន់ច្រឡំ។ បើសិនជាខ្ញុំបំផុសពួកនិស្សិត អ្នកឯងរត់ចោលស្រុកហើយ។ និស្សិតត្រូវការនាយករដ្ឋមន្រ្តីជាកិត្តិយសរបស់ពួកគេ។ សាលានានា គេខំធ្វើម៉េចដាក់ពាក្យ ជួនកាល ៣ ឬ ៥ ខែមុន ដើម្បីឲ្យនាយករដ្ឋមន្រ្តីបានទៅចែកសញ្ញាបត្រឲ្យពួកគេ។ បែរជាចូលមក comment ថា រដ្ឋមន្ត្រីអប់រំត្រូវទៅធាក់ស៊ីក្លូហើយ។ ខ្ញុំទៅកាត់ឫសសីមា ថារដ្ឋមន្រ្តីធម្មការ អស់មានការងារធ្វើ។
កុំប្រែក្លាយរឿងបុគ្គល ទៅជារឿងនយោបាយ
ខ្ញុំសូមផ្តាំណា ខ្ញុំមើល Reuter ដែលសម្ភាសន៍ថា លោក ហ៊ុន សែន ភ័យ។ អ្នកនៅក្នុងកន្លែង ៤ ជ្រុង ចេញមក មិនទាន់ដល់ម៉ោងទេ។ លោកឯងថា ហ៊ុន សែន ភ័យខ្លាចចាញ់ឆ្នោត តែសូមផ្តាំទៅលោកឯងជាប់គុកចេញមិនរួចទេ។ សូមប្រាប់ឲ្យហើយ។ អស់លោកទូតនានាប្រាប់ឲ្យហើយ រឿងបុគ្គលជាមួយនឹងច្បាប់ អត់មានមកញ៉េមញ៉ុមទេ។ រឿងនេះកំពុងដំណើរការតុលាការ។ នៅពេលក្រោយ បើសិនជាតុលាការបញ្ជា គឺប្រហែលជាកម្លាំងប៉ុន្មាន ក៏ទប់មិនជាប់ដែរ បើសិនជាគេចង់ចាប់នោះ។ កុំអាលព្រហើន។ គេមិនទាន់ដល់ម៉ោងធ្វើទេ តែគេដល់ម៉ោងធ្វើគេធ្វើហើយ។ ខ្លួនឯងកំពុងឃុំខ្លួនឯងសោះ។ កំពុងតែភ័យ។ មិនហ៊ានចេញចុះមកក្រោម ខ្លាចគេទៅចាប់ ហើយមកថាលោក ហ៊ុន សែន ភ័យ។ ឯងកំពុងវ៉ៃកូនគោលធ្វើព្រងើយ។ កំពុងតែនាំគ្នារាំញីកែងជើង។ ទៅជាឯងឯណេះភ័យ។ ខ្លួនឯងធ្វើខុសច្បាប់បង្វែរ ទៅជារឿងនយោបាយ។ ច្បាប់គឺច្បាប់ អត់មានការលើកលែង។
អគ្គរដ្ឋទូតអឺរ៉ុបកែទម្រង់ពីរចំណុច
ថ្ងៃមុន ខ្ញុំសុំក្រសួងសេដ្ឋកិច្ចអាឡឺម៉ង់ និងទូតអាឡឺម៉ង់ ត្រង់ៗថា សុំឲ្យអ៊ឺរ៉ុបកែទម្រង់អំពីការទទួលព័ត៌មាន។ អឺរ៉ុបតែងទទួលព័ត៌មានអត់ច្បាស់ទេ។ អញ្ចឹងបានអឺរ៉ុបកំពុងវិបត្តិដោយសារព័ត៌មានវាអត់ច្បាស់។ ផុតពីអង់គ្លេស(ចេញពីសហភាពអឺរ៉ុប) ហើយមុខតែមានទៅទៀតហើយ …។ អញ្ចឹង កុំអាលដើរប្រមាថគេប្រមាថឯង។ ខ្ញុំផ្តាំតាមអគ្គរដ្ឋទូតអាឡឺម៉ង់ឲ្យប្រាប់ អគ្គរដ្ឋទូត EU ថានៅភ្នំពេញនេះ ត្រូវកែទម្រង់ ២៖ ទី ១ កែទម្រង់ប្រភពទទួលព័ត៌មាន ទី ២ ត្រូវឲ្យស្គាល់អង្គហេតុ និងអង្គច្បាប់។ កម្ពុជាជារដ្ឋអធិបតេយ្យ។ សូម្បីតែខ្ញុំអត់មានសិទ្ធិលូកលាន់នៅក្នុងបញ្ហាការងារ តុលាការទេ … សូមនិយាយគ្នាឲ្យច្បាស់ឲ្យហើយ។ កុំគំរាមធ្វើបាតុកម្ម។ បន្លាជួសបន្លា នឹងអាចកើតមាន។ គេធ្វើតែមួយប្រឹបចប់សេចក្តីហើយ។ សូមកុំនឹកស្មានថារួចខ្លួនឲ្យសោះ។ ជួនកាលកំពុងតែរាងត្រជាក់ចិត្ត ទៅចាក់គេឲ្យក្តៅទៀត។ តែតុលាការចេញបញ្ជា ដល់ម៉ោង ត្រូវ ហ៊ុន សែន បញ្ជាខ្លួនឯង។ ព្រោះតុលាការបញ្ជា។ ដូច្នេះកម្លាំងរហ័សចល័តចូលប្លុក … ខ្ញុំបញ្ជាក់ម្តងទៀត កុំប្រែក្លាយរឿងបុគ្គលទៅជារឿងនយោបាយរវាងគណបក្ស និងគណបក្ស។
ការបោះឆ្នោតនៅតែធ្វើតាមកាលបរិច្ឆេទ
ខ្ញុំឆ្លៀតនិយាយថែមបន្តិច … បើគង់តែគេឃុំខ្លួនឯងដែរ ឲ្យនៅហ្នឹងសិនហើយ។ ក្នុងក្រមព្រហ្មទណ្ឌចែងច្បាស់ណាស់(ថាជា) បទល្មើសដែលត្រូវជាប់ពី ១ ខែ ទៅ ៦ ខែ។ មិនត្រូវបានឃុំខ្លួនទេ។ ប៉ុន្តែ ទៅស្តាប់អ្នកណានោះ ទៅឃុំខ្លួនឯងលេងទៅ។ បើបានឃុំនៅហ្នឹងទៅ។ សូមអភ័យទោសឯកឧត្តមអគ្គរដ្ឋទូតជប៉ុនកុំទៅបារម្ភ។ រឿងចុះឈ្មោះបោះឆ្នោតនៅតែចុះ។ ប៉ុន្តែក៏សុំបញ្ជាក់ដែរ បើអស់លោកមិនចុះយើងខ្ញុំក៏ចុះ ដើម្បីធានាការបោះឆ្នោត។ កម្ពុជាហ៊ានស៊ី ហ៊ានសង ហើយសូមប្រាប់ប្រទេសផ្តល់ជំនួយលើការចុះឈ្មោះ កុំគម្រាមថា រឿងនេះមិនអាចចុះឈ្មោះបាន។ វាមិនដែលអ្នកណាបង្កើតរឿងខ្លួនឯង ទៅរកស្រីញី ទៅរកស្អីឯណា អាខ្លះសូកសាក្សីនេះ សាក្សីនោះ រឿងមនុស្សប៉ុន្មាននាក់ ទៅរារាំងការចុះឈ្មោះបោះឆ្នោត ដែលប្រជាជនមានសិទ្ធិបោះឆ្នោតប៉ុន្មាន ៩ ឬ ១០ លាននាក់។ សូមកុំយករឿងហ្នឹងធ្វើហេតុផល។ មិនជួយទេហី។ និយាយឲ្យច្បាស់ជាមួយគ្នាតែម្តង។ បោះនៅតែបោះ។ យើងបញ្ចេញថវិកាបោះ។ កុំប្រើប្រាស់ជំនួយ ដើម្បីធ្វើការគាបសង្កត់កម្ពុជា …។
ខ្ញុំធ្លាប់និយាយម្តងហើយ។ អស់លោក(ធ្លាប់) ត្រូវពួកបរទេសត្រៀមអំពាវនាវដាក់ការសង្កត់ឲ្យខ្ញុំលក់(គយ)ឲ្យឯកជន។ ខ្ញុំមិនព្រម។ និយាយត្រង់ៗ ធនាគារពិភពលោកតែម្តងនឹង។ ចំណាររបស់ខ្ញុំមើលឲ្យឃើញ។ ពេលហ្នឹងខ្ញុំប្រើពាក្យថា បើចង់ទិញសិទ្ធិ គឺទិញពីនាយករដ្ឋមន្ត្រីតែម្តងទៅ ឲ្យវាធំបន្តិច។ ម៉ែអ្នកណាបរទេសមកផ្តល់គំនិតឲ្យកម្ពុជាលក់គយពាក់កណ្តាល … សេវាអធិបតេយ្យមិនអាចឲ្យអ្នកណាបានទេ។ មិនអាចអ្នកណាសង្កត់(ហ៊ុន សែន)បានទេ សូមប្រាប់ឲ្យហើយទៅ។ សូមឯកឧត្តមអគ្គរដ្ឋទូតជប៉ុន កុំព្រួយបារម្ភខ្លាចចុះឈ្មោះមិនបាន។ ក្រែងគណៈកម្មាធិការបោះឆ្នោតគេធ្វើអី។ ខ្ញុំឮសូរថា មានកង្វល់ខ្លាចចុះឈ្មោះបោះឆ្នោតមិនបាន។ អត់ទេ។ អ្នកជាប់គុកវាជាប់គុកទៅ។ អ្នកនៅក្រៅគុក គេចុះឈ្មោះ។ កុំប្រើប្រាស់ជំនួយមកសង្កត់ថា មិនអាចចុះឈ្មោះបាន។ ខ្ញុំសូមនិយាយត្រង់សាជាថ្មីម្តងទៀត ដើម្បីបញ្ជាក់អំពីគោលជំហររបស់កម្ពុជា។ កុំឲ្យថា កម្ពុជាស្អីពឹងគេ។ បើជួយក៏ជួយមក។ បើមិនជួយក៏ហីទៅ កុំចាំបាច់និយាយច្រើនពេក។ … ឆ្លៀតប្រាប់ទៅថា អ្នកឃុំខ្លួនៗ ឯងនោះ អ្នកកំពុងភ័យ … កុំមកនិយាយក្នុង សម្ភាសន៍ជាមួយរ៉យទ័រ ថា ហ៊ុន សែន ភ័យ …។
គ្មានយុត្តិធម៌សម្រាប់ប្រទេសតូច និងក្រីក្រ
សូមអរគុណដល់ ខេមបូឌាដេលី ដែលបានឲ្យខ្ញុំដឹងថាគេទម្លាក់កំហុសឲ្យកម្ពុជាដែរ។ បានខ្ញុំវ័ធពីសមុទ្រចិនខាងត្បូងពីថ្ងៃ ២០ មិថុនា ហើយម្សិលមិញដាក់មួយទៀត។ ចុះឡើងៗ ងាប់តែ ហ៊ុន សែន ងាប់តែកម្ពុជា។ អញ្ចឹងទេ បានជាជ្រុលគេទម្លាក់កំហុស(អោយ)ហើយ ខ្ញុំប្រាប់(នាយករដ្ឋមន្ត្រីឡាវ ឯកឧត្តម) ថោងលូន ប្រធានអាស៊ានថា បើមានរឿងអីឯកឧត្តមឆ្លើយដាក់កម្ពុជាតែម្តងទៅ។ ខ្ញុំសូមជម្រាបបណ្តាប្រទេសអាស៊ាននានា នៅទីនេះស្រាប់។ មានរឿងអី? តុលាការរឿងហ្វីលីពីនជាមួយចិនសោះ មកឲ្យអាស៊ានចេញសេចក្តីថ្លែងការណ៍។ គ្មានទេ មិនត្រឹមតែមិនចេញ (គឺ)ប្រឆាំងតែម្តង។ តែកម្ពុជាប្រឆាំងហើយ ចប់ហើយ។ ប៉ុន្តែ វាមានអ្នកស្រួលខ្លួនដែរ។ ខ្ញុំបានប្រាប់(ឯកឧត្តម) ថោងលូន នាយករដ្ឋមន្ត្រីឡាវ ដែលជាប្រធានអាស៊ានថា ឯកឧត្តម មានរឿងអីទម្លាក់ឲ្យកម្ពុជាតែម្តងទៅ ព្រោះវាគ្មានអីខាតបង់ជាងឆ្នាំ ២០១២ ដែលគេមកធ្វើបាបយើងដល់ផ្ទះទេ។ អោយតែប្រទេសតូចៗ គេធ្វើបាបហើយ។ ប្រទេសធំគេមិនហ៊ានទេ។ ពិភពលោកអយុត្តិធម៌ណាស់។ អ្នកមានលុយសង្កត់អ្នកអត់លុយ តាមរយៈជំនួយ …។
[ចប់សេចក្តីអធិប្បាយ]
ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី!
ដោយសារសន្តិភាព ឯកភាពជាតិ និងស្ថិរភាពនយោបាយ ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រនៃគោលនយោបាយ«ឈ្នះ-ឈ្នះ» របស់រាជរដ្ឋាភិបាលកម្ពុជាសម្រេចបានជាបន្តបន្ទាប់ នូវកំណើនសេដ្ឋកិច្ចខ្ពស់ដោយចរិភាពជាមធ្យមជាង ៧% ក្នុងមួយឆ្នាំ ហើយរក្សាបាននូវអត្រាអតិផរណាប្រចាំឆ្នាំក្នុងកម្រិតទាបជាមធ្យមក្រោម ៥%។ ជាលទ្ធផលអត្រានៃភាពក្រីក្រក៏ត្រូវបានកាត់បន្ថយយ៉ាងឆាប់រហ័សពីប្រមាណ ៥៣% ឆ្នាំ នៅឆ្នាំ ២០០៤ មកនៅក្នុងរង្វង់ ១៤% នាឆ្នាំ ២០១៤ ដែលជាសូចនាករសមិទ្ធផលសង្គមសេដ្ឋកិច្ចមួយដ៏គួរជាទីមោទនៈ។ ពាក់ព័ន្ធនឹងការប្រមូលចំណូលសារពើពន្ធដូចអស់លោកអ្នកទាំងអស់គ្នាជ្រាបហើយថា មានអង្គភាពពីរដែលដើរតួនាទីយ៉ាងសំខាន់គឺ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ។ ក្រៅពីប្រមូលពន្ធអាករនានាលើទំនិញនាំចេញ-នាំចូល សម្រាប់បង់ចូលថវិការដ្ឋ រដ្ឋបាលគយ និងរដ្ឋាករក៏មានតួនាទីដ៏សំខាន់មួយទៀតក្នុងការបង្កឱ្យមានបរិយាកាសល្អប្រសើរសម្រាប់ការវិនិយោគ និងការប្រកួតប្រជែងធុរកិច្ចប្រកបដោយសមធម៌ស្របតាមគោលការណ៍ទីផ្សារ។ ទន្ទឹមនេះ ស្ថាប័នគយ និងរដ្ឋាករក៏បានចូលរួមចំណែកក្នុងការថែរក្សា សន្តិសុខ និងសុវត្ថិភាពសង្គមផងដែរ តាមរយៈការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងកាត់ព្រំដែន និងការរត់គេចពន្ធនានា។ តាមរយៈរបាយការណ៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអម្បាញ់មិញនេះ ខ្ញុំសូមចូលរួមអបអរសាទរ និងកោតសរសើរចំពោះសមិទ្ធផលនានា ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាសម្រេចបាននាពេលកន្លងមក ជាពិសេសកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្ត ប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ចំពោះការងារប្រមូលចំណូលពន្ធ និងឤករ ដែលទទួលបានលទ្ធផលល្អគួរជាទីពេញចិត្ត ស្របតាមយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ២០១៤-២០១៨ របស់រាជរដ្ឋាភិបាល។ ខ្ញុំនៅចាំបានថា កាលពី ១៥ ឆ្នាំមុន គឺក្នុងឆ្នាំ២០០១ ខ្ញុំក៏បានចូលរួមជាអធិបតីក្នុងពិធីខួបលើកទី ៥០ នៃការបង្កើតរដ្ឋបាលគយ និងរដ្ឋាករកម្ពុជានៅទីនេះដែរ ។ ក្នុងពេលនោះ ស្ថាប័នគយ និងរដ្ឋាករកម្ពុជាទើបតែស្ថិតក្នុងដំណាក់កាល នៃការចាប់ផ្តើមការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ បន្ទាប់ពីកម្ពុជាទើបក្លាយជាសមាជិកឤស៊ាន ហើយកំពុងចរចាចូលជាសមាជិករបស់អង្គការពាណិជ្ជកម្ម។ បច្ចុប្បន្ននេះ ខ្ញុំកត់សម្គាល់ឃើញនូវភាពរីកចម្រើនជាច្រើន ដូចជាច្បាប់ស្តីពីគយ (ឆ្នាំ ២០០៧) ដែលមានសង្គតិភាពជាមួយស្តង់ដារអន្តរជាតិ ការអនុវត្ត ប្រព័ន្ធអេឡិចត្រូនិច(ឤស៊ីគូដា) និងការបំពាក់ឧបករណ៍បច្ចេកវិទ្យាព័ត៌មានសម្រាប់ការងារគយ ដែលសុទ្ធសឹងជាមូលដ្ឋានដ៏សំខាន់ សម្រាប់ធានានូវប្រសិទ្ធភាព នៃកិច្ចប្រតិបត្តិការគយក្នុងយុគសម័យថ្មីនេះ។ បន្ថែមលើនេះ កម្ពុជាក៏បានក្លាយជាជាភាគីនៃអនុសញ្ញាអន្តរជាតិសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងគយផងដែរ។ ក្រៅពីនេះ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការ សំខាន់ៗលើឆាកអន្តរជាតិ និងទាំងក្នុងក្របខណ្ឌតំបន់ ពិសេសការងារឤស៊ាន និងទាំងក្នុងក្របខ័ណ្ឌពិភពលោកក្នុងឋានៈជាសមាជិក នៃអង្គការគយពិភពលោក។ ខ្ញុំសូមសម្តែងការអបអរជាពិសេសចំពោះលទ្ធផលជោគជ័យគួរជាទីពេញចិត្តរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ និងការដឹកនាំកិច្ចការប្រជុំអគ្គនាយកគយឤស៊ានលើកទី ២៥ កាលពីចុងខែ ឧសភា មុននេះ។ ខ្ញុំជឿជាក់ថា រាល់សមិទ្ធផលដែលសម្រេចបាននាបណ្តាឆ្នាំចុងក្រោយនេះ នឹងក្លាយជាមូលដ្ឋានយ៉ាងរឹងមាំ ដើម្បីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្តអភិវឌ្ឍខ្លួនឱ្យក្លាយជារដ្ឋបាលគយទំនើប និងជាស្ថាប័នផ្តល់សេវាប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី !
ថ្វីត្បិតថា ក្នុងរយៈពេលកន្លងមកនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្រោមការដឹកនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រេចបាននូវសមិទ្ធផលជាច្រើន នៅក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដោយ ក៏ប៉ុន្តែ យើងក៏ត្រូវតែទទួលស្គាល់ដែរថា យើងមិនឤចបន្ធូរសាច់ដុំ និងបន្ថយកិច្ចខិតខំប្រឹងប្រែងរបស់យើងបាននោះទេ។ ដូចខ្ញុំធ្លាប់បាន លើកឡើងជារឿយៗរួចមកហើយថា ការកែទម្រង់ គឺកត្តាស្លាប់រស់របស់កម្ពុជា «កែទម្រង់ គឺរស់ មិនកែទម្រង់ គឺស្លាប់»។ ហេតុនេះយើងត្រូវចាត់ទុកថា «ការងារកែទម្រង់ គឺជាកិច្ចការប្រចាំថ្ងៃរបស់យើង» គ្មានពេលដែលយើងត្រូវស្ងប់ចិត្ត ហើយសប្បាយភ្លេចខ្លួនចំពោះលទ្ធផលដែលសម្រេចបាននោះទេ ជាពិសេស នៅក្នុងបរិការណ៍នៃសមាហរណកម្មសេដ្ឋកិច្ច និងសេរីភាវូបនីយកម្មពាណិជ្ជកម្ម កាន់តែស៊ីជម្រៅ និងកាន់តែទូលំទូលាយ ដែលកំពុងតែដំណើរការទៅមុខយ៉ាងសកម្ម ទាំងនៅក្នុងក្របខណ្ឌតំបន់ និងសកលលោកក៏ដូចជានៅក្នុងបរិការណ៍ ដែលសេដ្ឋកិច្ចកម្ពុជាកំពុងតែឈានឡើងទៅកាន់ដំណាក់កាលថ្មីនៃការអភិវឌ្ឍរបស់ខ្លួនផងដែរ។ ក្នុងស្មារតីនេះ ខ្ញុំសូមទាញការចាប់អារម្មណ៍របស់ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្រមទាំងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើការងារសំខាន់ៗមួយចំនួនដូចតទៅ៖ ទី ១ បន្តលើកកម្ពស់ការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន នូវរាល់បទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានទាំងឡាយ ដែលត្រូវបានដាក់ចេញ ដើម្បីបង្កើនការយល់ដឹង និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ និងច្បាប់របស់ រដ្ឋ។ ការងារនេះ គឺជាចំណែកដ៏សំខាន់នៃការពង្រឹងនីតិរដ្ឋ និងការកសាងវប្បធម៌ពន្ធដារឱ្យកាន់តែប្រសើរ ឡើងនៅក្នុងសង្គមកម្ពុជា។ ទី២- យកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តអនុវត្តយុទ្ធសាស្ត្រ កៀរគរចំណូលរយៈពេលមធ្យម ២០១៤-២០១៨ របស់រាជរដ្ឋាភិបាល និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយត្រូវលើកកម្ពស់ភាពជាអ្នកដឹកនាំ បង្កើនឆន្ទៈក្នុងការអនវុត្តការងារកែទម្រង់ ពង្រឹងភាពជាម្ចាស់ និងយកចិត្តទុកដាក់ពង្រឹងសមត្ថភាពធនធានមនុស្ស និងពង្រឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍។ ទី៣- ពង្រឹង និងកែលម្អជាប្រចាំនូវការអនុវត្តយន្តការគាំទ្រ កិច្ចសម្រួលពាណិជ្ជកម្មនានា ដូចជាប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ប្រព័ន្ធគ្រប់គ្រងហានិភ័យសវនកម្ម ក្រោយពេលបញ្ចេញទំនិញពីគយ កម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចមានការអនុញ្ញាត និងប្រព័ន្ធបញ្ជរតែមួយជាតិជាដើមសំដៅ ធានាកែលម្អបរិយាកាសវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជាឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ទី៤- បន្តរៀបចំគោលនយោបាយ និងចាត់វិធានការឱ្យបានសមស្រប ដើម្បីឆ្លើយតបនឹងការបាត់បង់ចំណូល ពន្ធគយដែលចេះតែកើនឡើងជាលំដាប់ ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។ ទី៥- ពង្រឹងបនែ្ថមទៀត នូវប្រសិទ្ធភាពនៃការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ។ ការងារនេះមានសារសំខាន់ណាស់ ពីញ្រេះវានឹងបង្កើនចំណូលពន្ធចូលថវិការដ្ឋផង ហើយនឹងកាត់បន្ថយនូវ «វិសមភាព» ក្នុងការប្រកួតប្រជែងនៅលើទីផ្សារផង។ ពាក់ព័ន្ធនឹងបញ្ហានេះ កន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជា និងវិធានការចាំបាច់នានា (ដូចជាបទបញ្ជាលេខ ០២ ជាដើម) សំដៅពង្រឹងប្រសិទ្ធភាពនៃការទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចវេសពន្ធ។ យើងទទួលស្គាល់ថាការលុបបំបាត់នូវអំពើរត់គេចវេសពន្ធទាំងស្រុង មិនមែនជាការងារសាមញ្ញ ដែលឤចសម្រេចដោយងាយនោះទេ សូម្បីតែនៅប្រទេសអភិវឌ្ឍជឿនលឿន ក៏ការគេចវេសពន្ធនេះនៅជាបញ្ហាដែរ។ យើងត្រូវការពេលវេលាក្នុងការពង្រឹងការអនុវុតន្តច្បាប់គួបផ្សំនឹងវិធានការរដ្ឋបាល ការលើកកម្ពស់កម្រិតវិជ្ជាជីវៈ និងក្រមសីលធម៌ ព្រមទាំងកិច្ចសហការពីគ្រប់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងវិស័យឯកជនផងដែរ ដែលត្រូវតែយល់ច្បាស់ អំពីកាតព្វកិច្ចពន្ធដារ ឤស្រ័យហេតុនេះ ជាថ្មីម្តងទៀត ខ្ញុំសូមឆ្លៀតយកឱកាសនេះធ្វើការអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់ឤវុធគ្រប់ប្រភេទ ត្រូវចូលរួមសហការយ៉ាងសកម្ម និងផ្តល់ការគាំទ្រពេញទំហឹងដល់ស្ថាប័នគយ ស្របតាមស្មារតីនៃលិខិតបញ្ជារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការងារបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ។ ទន្ទឹមគ្នានេះ ខ្ញុំក៏សូមអំពាវនាវផងដែរដល់វិស័យឯកជន និងភាគីពាក់ព័ន្ធដទៃទៀត សូមចូលរួមលើកស្ទួយនូវវប្បធម៌ពន្ធដារដោយត្រូវបំពេញកាតព្វកិច្ចពន្ធឤករ ឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។
ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកឧកញ្ញ៉ា លោកជំទាវ លោក លោកស្រី !
មុននឹងបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងផ្ទាល់របស់ឯកឧត្តម បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង សហការីទាំងអស់ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងក្រសួង និងសូមវាយតម្លៃខ្ពស់ចំពោះ រាល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ឯកឧត្តមបណ្ឌិត គុណ ញឹម ក៏ដូចជាថ្នាក់ ដឹកនាំនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាព្រមទាំងមន្ត្រីរាជការគយគ្រប់រូប ដែលបានយកចិត្តទុកដាក់ អនុវត្តយ៉ាងម៉ត់ចត់ និងខ្ជាប់ខ្ជួននូវគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យគយរហូតសម្រេចបាននូវផែ្លផ្កាល្អប្រសើរដ៏គួរឱ្យកត់សម្គាល់ជាបន្តបន្ទាប់។
ទន្ទឹមនេះ តាំងនាមរាជរដ្ឋាភិបាលកម្ពុជាខ្ញុំសូមសម្តែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍនានា ដែលបានផ្តល់ការគាំទ្រ ទាំងផ្នែកហិរញ្ញវត្ថុ ទាំងផ្នែកបច្ចេកទេសដល់ការអនុវត្តយុទ្ធសាស្ត្រ និងកម្មវិធីកែទម្រង់ និងទំនើបកម្មរដ្ឋបាលគយ និងរដ្ឋាករកម្ពុជា។ ខ្ញុំសង្ឃឹមនិងជឿជាក់ថា ជំនួយគាំទ្រនេះនឹងបន្តទៅមុខទៀត ដើម្បីឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឤចសម្រេចគោលដៅរបស់ខ្លួន ក្នុងការកសាងនូវរដ្ឋបាលគយមួយទំនើប និងទាន់សម័យ និងជាស្ថាប័នផ្តល់សេវាយ៉ាងមានប្រសិទ្ធភាពដល់សហគមធុរកិច្ច និងភាគីពាក់ព័ន្ធនានា។ ជាទីបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំ សូមប្រសិទ្ធពរជ័យប្រគេន ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរដល់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ទាំងអស់សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ ឤយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕