ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃនាយក សម្តេច ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ!
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា លោកអ៊ំ មាមីង បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់!
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា រីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ នូវមហាកុដិដ៏ធំ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា។ ខ្ញុំព្រះករុណាខ្ញុំ សុំអរព្រះគុណចំពោះ ព្រះតេជព្រះគុណព្រះចៅអធិការ ញ៉ែម សុភ័ក្រ្ត ដែលបានផ្តល់កិត្តិយសឲ្យ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា បានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវមហាកុដិ ដែលដាក់ឈ្មោះថា តេជោរ៉ានីរតនៈ។ កាលពីថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០០៨ ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បានមកកាន់ទីនេះ ដើម្បីកាត់ប្ញសសីមា ដោយពេលនោះក៏បានប្រកាសកសាងនូវសមិទ្ធផលមួយចំនួន រាប់ទាំងមហាកុដិនេះផងដែរ។
ចំណងទាក់ទង រវាងពុទ្ធិចក្រ និងអាណាចក្រ មិនអាចកាត់ផ្តាច់ចេញពីគ្នាបានទេ
ខ្ញុំព្រះករុណាខ្ញុំ ស្តាប់ដោយយកចិត្តទុកដាក់ អំពីវឌ្ឍនភាពទាំងឡាយនៅក្នុងក្របខណ្ឌខេត្ត ក៏ដូចជា វត្តក្រពើហារបស់យើងនេះ ដែលឯកឧត្តមអភិបាលខេត្តកណ្តាល ម៉ៅ ភិរុណ បានធ្វើរបាយការណ៍អម្បាញ់មិញ។ ពិតជាការរីកចម្រើនសមស្រប តាំងពីការចាប់ផ្តើមរហូតមកដល់ពេលនេះ។ មានន័យថា ដំណើរជាតិរបស់យើងបានឆ្លងកាត់នូវការលំបាកខ្លាំងណាស់។ ប៉ុន្តែ ឥឡូវយើងសង្កេតឃើញថា ទាំងទីអារាម ឬក៏ពេទ្យ ឬក៏សាលារៀនមានការរីកចម្រើន ស្របទៅនឹងការរីកចម្រើនរួមរបស់ជាតិរបស់យើង បង្ហាញពីភាពមិនអាចកាត់ផ្តាច់ចេញពីគ្នាបានទេ រវាងពុទ្ធិចក្រ និងអាណាចក្រ។ ប្រសិនបើអាណាចក្រជួបភាពច្របូកច្របល់ ពុទ្ធិចក្រច្បាស់ណាស់ថានឹងមានភាពច្របូកច្រចល់ដូចគ្នា។
បន្ទាប់ពីរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាជាតិរបស់យើង សង្គ្រាមបានផ្ទុះឡើងក្នុងសម័យកាលឆ្នាំ ១៩៧០-១៩៧៥។ ពេលនោះវិស័យអាណាចក្រច្របូកច្របល់ ពុទ្ធិចក្រក៏ត្រូវជួបប្រទះនូវភាពច្របូកច្របល់ដូចគ្នាដែរ។ ទីអារាមមួយចំនួនក៏ត្រូវបានទម្លាក់គ្រាប់បែកដោយពួក លន់ នល់ ឬពួកអាមេរិក និងវៀតណាមខាងត្បូង។ ឯទីអារាមមួយចំនួនក៏ត្រូវបានកងទ័ពខាងផ្នែកម្ខាងទៀតបាញ់ប្លោងចូលទៅកាន់ទីវត្តនោះ ដោយសារតែខាងទាហាន លន់ នល់ ក៏យកទីវត្តអារាមនោះធ្វើជាបន្ទាយទាហាន។ នេះជាចំណុចដែលយើងត្រូវឃើញការផ្សារភ្ជាប់ រវាងពុទ្ធិចក្រ និងអាណាចក្រ។
បន្ទាប់មក នៅក្នុងចន្លោះឆ្នាំ ១៩៧៥-១៩៧៩ របបប្រល័យពូជសាសន៍ ប៉ុល ពត បាននាំទៅដល់ការបាត់បង់ទាំងស្រុងនូវព្រះពុទ្ធសាសនា និងសាសនាដទៃទៀត។ មិនគ្រាន់តែពុទ្ធសាសនា និងសាសនាដទៃទៀតទេ ប៉ុន្តែវិស័យអាណាចក្រ ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងអ្វីៗទាំងឡាយ ដែលទាក់ទងនឹងការគ្រប់គ្រងរដ្ឋ គ្រប់គ្រងសង្គមរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានបំផ្លាញ។ ពេលនោះហើយ ដែលព្រះពុទ្ធសាសនា និងសាសនាដទៃទៀត ត្រូវបានបំផ្លិចបំផ្លាញដល់ប្ញសគល់តែម្តង។ ដូច្នេះ ចំណងទាក់ទងរវាងពុទ្ធិចក្រ និងអាណាចក្រ មិនអាចកាត់ផ្តាច់ចេញពីគ្នាបានទេ។
នយោបាយមិនត្រឹមត្រូវ មិនត្រឹមតែមិននាំទៅដល់ការរីកចម្រើនទេ តែនាំទៅដល់វិនាសសកម្មតែម្តង។ ជាបទពិសោធន៍ ដែលយើងមានរួចមកហើយ តាមពីរដំណាក់កាល។ ដំណាក់កាលនៃរបប លន់ នល់ និងដំណាក់នៃរបប ប៉ុល ពត។ ប៉ុន្តែ នៅពេលដែលមាននយោបាយត្រឹមត្រូវ ដែលផ្តល់នូវលទ្ធភាពឲ្យមានការរីកចម្រើននូវផ្នែកអាណាចក្រ វិស័យពុទ្ធចក្រក៏ត្រូវបានរីកចម្រើនទៅជាមួយគ្នា ក្នុងរយៈពេលជាង ៣៧ ឆ្នាំ កន្លងទៅ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា … ពិតមែនតែពុទ្ធសាសនាជាសាសនារបស់រដ្ឋ យើងក៏បានទទួលស្គាល់ និងគោរពនូវការប្រតិបត្តិនូវសាសនាដទៃទៀតដែរ។ បើសិនជាគ្មាននយោបាយសុខដុមភាវូបនីយកម្មវិស័យសាសនានៅកម្ពុជាទេនោះ ប្រាកដណាស់ថា វាមិននាំទៅដល់ការរីកចម្រើនបែបនេះទេ។
… បើយើងគិតអំពីតម្លៃសំណង់ ច្បាស់ណាស់ថាវាច្រើន មិនមែនតិចទេ។ គ្រាន់តែវត្តនេះ គិតតែវិហារ និងមហាកុដិនេះ អស់ជាង ១ លានដុល្លារបាត់ទៅហើយ។ ខ្ញុំព្រះករុណាខ្ញុំ គិតថាវត្តទំាងតូចទំាងធំ ក្នុងតម្លៃជាមធ្យមភាគគឺ ៣០ ម៉ឺនដុល្លារ អញ្ចឹងទេ គុណជាមួយនឹងជាង ៤ ពាន់វត្តទៅវាចេញហើយប៉ុន្មាន? លុយច្រើនណាស់ មិនមែនលុយតិចទេ។ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ លោកយាយ លោកតា ពេលដែលធ្វើបុណ្យ ដើម្បីថាយកបច្ច័យទៅធ្វើស្ពានអត់សូវបានលុយទេ ប៉ុន្តែបើថាធ្វើបុណ្យផ្កាមួយរកបច្ច័យដើម្បីធ្វើកុដិ គឺថាបានលុយច្រើន។ រឿងវានៅកន្លែងហ្នឹង គឺទាក់ទងជាមួយនឹងជំនឿរបស់មនុស្ស បើមនុស្សមិនជឿទេ មានន័យថាគេអត់ចូលរួមទេ។
… ដែលហៅថារាជរដ្ឋាភិបាលគឺ នគរមានស្តេច ប្រទេសមានស្តេច។ ប៉ុន្តែ លន់ នល់ បានធ្វើរដ្ឋប្រហារទំលាក់សម្តេចព្រះនរោត្តម សីហនុ រំលាយចោលរបបរាជានិយមអាស្រ័យធម្មនុញ្ញ។ ពិតមែនតែប្រទេសយើងក្នុងចន្លោះឆ្នំា ១៩៦០ ដល់ ១៩៧០ រយៈពេល ១០ ឆ្នំា ជាប្រទេសមានស្តេច ជាប្រទេសរាជានិយម ប៉ុន្តែមានប្រមុខរដ្ឋ។ ប៉ុន្តែបន្ទាប់ពីរដ្ឋប្រហារ លន់ នល់ ក៏ដូរ(ប្រទេស)ទៅជាសាធារណរដ្ឋ ហើយសាធារណរដ្ឋនឹងក៏ចេះតែបន្តមករហូត មកដល់យើងមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទើបយើងធ្វើរដ្ឋធម្មនុញ្ញថ្មី វិលត្រឡប់ទៅរករាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ តំាងពីឆ្នំា ១៩៩៣ រហូតមកដល់ពេលនេះ។ បងប្អូនខ្លះហៅថា ព្រះរាជាណាចក្រទី ២។ កម្រណាស់ នៅលើពិភពលោក ដែលព្រះរាជាណាចក្របានស្លាប់ទៅហើយ ហើយរស់ឡើងវិញ តែសម្រាប់ប្រទេសយើង ការជ្រើសរើសបែបនេះ គឺសមស្រប។
… ល្ងាចនេះ គឺខ្ញុំព្រះករុណាខ្ញុំ និងភរិយា ក៏ដូចជាថ្នាក់ដឹកនំាដទៃទៀត សម្តេចភក្តី សាយ ឈុំ សម្តេចចក្រី ហេង សំរិន ក៏នឹងត្រូវចូលរួមថ្វាយព្រះពរចំពោះព្រះមហាក្សត្រនៃយើង រៀបចំដោយក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា។ តាមរយៈនេះយើងឃើញថា ប្រទេសយើងត្រូវឆ្លងកាត់ មានការរីកចម្រើនជាបន្តបន្ទាប់ដែលវិស័យអាណាចក្រ និងព្រះពុទ្ធិចក្រ រួមដំណើរទៅជាមួយគ្នា … ឆ្នំានេះ ខ្ញុំព្រះករុណាខ្ញុំប្រកាសជូនអោយហើយថា មិនបានចូលឆ្នំានៅភ្នំពេញទេ ទៅទទួលទេវតានៅឯសៀមរាមឯណោះ ដោយសារនៅសៀមរាបមានកម្មវិធីច្រើន ទាក់ទងនឹងមហាសង្រ្គាន្ត។ កុំអោយពិបាកធ្វើដំណើរច្រើន គិតថានៅសៀមរាប ៣ ថ្ងៃតែម្តង …។
… គ្រប់សម្ដេច(សង្ឃ)ទាំងអស់ សុទ្ធមាន iPhone ថតរូប។ ឥឡូវព្រះសង្ឃមានលេងហ្វេសប៊ុក។ ថ្ងៃមុន (ខ្ញុំ)បង្ហោះហ្វេសប៊ុកមួយទៅ ខុសអក្ខរាវិរុទ្ធតែមួយទេ…ស្រាប់តែព្រះសង្ឃចូលមកថា អាត្មាសូម(ចូលរួម)ជួយកែអក្ខរាវិរុទ្ធ … បានសេចក្ដីថា (ព្រះសង្ឃ)ប្រើពាក្យថា អាត្មាសុំ(ចូលរួម)កែអក្ខរាវិរុទ្ធ អញ្ចឹងមានន័យថា ព្រះសង្ឃលេងហ្វេសប៊ុកដែរហើយ មិនមែនតែមួយអង្គទេ ច្រើនអង្គចូល(លេងហ្វេសប៊ុក)។ ប្រហែលជាសម្ដេច ទេព វង្ស លេងដែរមិនដឹង? គ្រាន់តែដាក់ឈ្មោះក្លែងក្លាយ ហើយចូលមក Comment?…ជាដំណើររីកចម្រើនមួយ។ ប៉ុន្តែយើងទៅឆ្ងាយពេកក៏មិនបានដែរ ឧទាហរណ៍ ការបំពានលើវិន័យសង្ឃមួយចំនួន … សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង ក៏ដូចជាព្រះមេគុណ ព្រះអនុគណ ក៏បានគិតគូរអំពីបញ្ហានេះហើយ តាមរយៈនៃមហាសន្និបាត អនុសង្ឃវច្ឆរៈ ដែលបានដំណើរការជាទៀងទាត់រួចមកហើយ។ ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថា ទៅខាងមុខនេះ វិស័យព្រះពុទ្ធសាសនារបស់យើងនឹងបន្តការរីកចម្រើន។
សូមបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍, សូមកុំតម្លើងថ្លៃឈ្នួលរថយន្ត, ចៀសវាងល្បែងមិនមែនជាប្រពៃណី
ពីទីនេះ ដោយសារនៅសល់តែ ៦ ថ្ងៃ ទៀតប៉ុណ្ណោះ ថ្ងៃចូលឆ្នាំថ្មីនឹងមកដល់ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំ យកឱកាសនេះថ្លែងទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងសុំពីប្រជាពលរដ្ឋ ធ្វើយ៉ាងណាខិតខំបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលចូលឆ្នាំនេះ។ យើងចូលឆ្នាំគួរតែសប្បាយ មិនគួរមានការបាត់បង់ជីវិត ហើយធ្វើឲ្យក្រុមគ្រួសារទាំងមូល មិនបានចូលឆ្នាំ មិនគួរទៅនៅក្នុងមន្ទីរពេទ្យសង្គ្រោះ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ការធ្វេសប្រហែស ដោយមិនគោរពជីវិតខ្លួនឯង និងអ្នកដទៃនោះទេ។ សូមអំពាវនាវចំពោះប្រជាពលរដ្ឋ មេត្តាគោរពច្បាប់ចរាចរណ៍ និងបើកបរដោយមានការយោគយល់គ្នា ហើយកុំប្រើគ្រឿងស្រវឹងនៅក្នុងពេលដែលខ្លួនបើកបរនោះ មិនថាម៉ូតូ មិនថាឡាននោះទេ។ នេះជាការ ស្នើសុំទី ១ របស់ខ្ញុំព្រះករុណាខ្ញុំ។
ការស្នើសុំទី ២ របស់ខ្ញុំព្រះករុណាខ្ញុំ ជូនចំពោះម្ចាស់រថយន្ត ទាំងតាក់ស៊ី ទាំងរថយន្តឈ្នួលទាំងឡាយ មេត្តា កុំតម្លើងថ្លៃ។ ឥឡូវប្រេងនៅលើទីផ្សារកម្ពុជាក៏កំពុងតែចុះថ្លៃ ដូច្នេះមិនគួរបង្កើនថ្លៃធ្វើដំណើរក្នុងរយៈពេលហ្នឹង ព្រោះភាគច្រើនកម្មករ កម្មការិនី ដែលមកពីជនបទត្រូវត្រឡប់ទៅភូមិកំណើត ដើម្បីចូលឆ្នាំ ហើយត្រូវវិលពីភូមិកំណើតមកកាន់ទីក្រុង ដើម្បីធ្វើការវិញ។ សូមមេត្តាម្ចាស់រថយន្ត ទាំងរថយន្តឈ្នួលធំៗទាំងតាក់ស៊ី យោគយល់អំពីបញ្ហានេះ។ យើងធ្លាប់រកបានប៉ុណ្ណា យើងបន្តរកប៉ុណ្ណឹងតទៅទៀត ដែលជាកាយវិការមួយបង្ហាញអំពីការយោគយល់គ្នា …។
មួយទៀត ខ្ញុំព្រះករុណាខ្ញុំ អំពាវនាវចំពោះយុវជន យុវនារី សូមមេត្តាលេងកំសាន្តដោយភាពថ្លៃថ្នូរ ចៀសវាងនូវការ លេងល្បែងណាដែលមិនមែនជាប្រពៃណី ហើយនាំទៅដល់ការគ្រោះថ្នាក់ផង ដូចជាការលេងគប់ទឹកនៅពេលដែលគេកំពុងជិះឡាន ជិះម៉ូតូ។ ការគប់ទឹកនេះ គ្រោះថ្នាក់ណាស់។ ជួនកាលគប់ទឹកទៅចូលភ្នែកគេ ទៅដួលម៉ូតូ គ្រោះថ្នាក់ដល់ជីវិតក៏អាចថាបាន។ លេងជះទឹកនេះ មិនមែនជាប្រពៃណីរបស់ខ្មែរយើងនោះទេ។ គេប្រើប្រាស់ទឹកនៅក្នុងទីអារាមពេលដែលស្រង់ព្រះមួយភ្លែតហ្នឹងទេ។ ការប៉ាតម៉្សៅ ក៏គប្បីចៀសវាងផងដែរ ព្រោះជួនកាលទៅប៉ាតយកទាំងក្រវិលគេទៀត ហើយជួនកាលប៉ាតទៅប៉ះចំកូនក្រមុំគេ ឬប្រពន្ធគេ (នាំអោយ)កើតរឿងកើតរ៉ាវទៅទៀត។
នាយករដ្ឋមន្ត្រីខ្វល់នឹងការសប្បាយរបស់ប្រជាពលរដ្ឋ
… ចុងក្រោយជាកាតព្វកិច្ចរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវការពារប្រជាជនឲ្យបានក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់យើងនេះ ព្រោះថាការសប្បាយរបស់ប្រជាពលរដ្ឋ តម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់។ ខ្ញុំព្រះករុណាខ្ញុំ តែងតែនិយាយថា កំហុសខ្លះតែងកើតមានសម្រាប់កងកម្លាំងប្រដាប់អាវុធ ក៏ប៉ុន្តែត្រូវឃើញគុណសម្បត្តិពួកគាត់។ យើងសប្បាយទទួលទេវតា ក៏ប៉ុន្តែទាហានការពារនៅទល់ដែន អាវុធហត្ថនគរបាល នៅការពារឲ្យយើងសប្បាយ គ្នាអត់បានជួបជុំប្រពន្ធកូនទេ។ មន្ត្រីជាចៅហ្វាយស្រុក ជាចៅហ្វាយខេត្ត តែងពិនិត្យមើលសភាពការណ៍ទាំងឡាយ ដែលមាននៅក្នុងដែនដីរបស់ខ្លួន។ នេះជាកាតព្វកិច្ច។ សង្ឃឹមថា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នឹងបន្តយកចិត្តទុកដាក់តាមដានការងារនេះតទៅទៀត។
សូមជម្រាបប្រគេនសម្តេចព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិឲ្យបានជ្រាបថា ក្នុង ឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំព្រះករុណាខ្ញុំ មិនដែលបានធូរចិត្តនូវពេលវេលាបុណ្យធំៗនោះទេ។ បើថាដាច់ឆ្នាំសកល អ្នកអមដំណើរមានរដ្ឋមន្ត្រីការពារជាតិ អគ្គបញ្ជាការកងទ័ព។ ហេតុអីបានអ្នកទាំងហ្នឹងអមដំណើរ? គេអាចកត់សំគាល់ ជួនកាលមេប៉ូលីស មេប៉េអឹមទៅទៀត។ ហេតុអីទៅ? ជួនកាលយើងទៅឆ្ងាយពីទីបញ្ជាការ គេទៅកៀកនាយករដ្ឋមន្ត្រី ដើម្បីមានការអី យើងបញ្ជាសភាពការណ៍បានឆាប់រហ័សទាន់ពេល។ បានសេចក្តីថា ពេលដែលប្រជាពលរដ្ឋកំពុងតែសប្បាយ នាយករដ្ឋមន្ត្រីកំពុងតែមានកង្វល់។ លើពិភពលោកបច្ចុប្បន្ន ស្អីក៏អាចកើតឡើងបានដែរ។ នៅអឺរ៉ុប បារាំង ប៊ែលហ្ស៊ិក ទើបរងការវាយប្រវាហារហើយ។ មិនអាចបាត់បង់ម្ចាស់ការបានទេ។ នៅពេលមន្ត្រីរបស់យើងលង់លក់ក្នុងដំណេក ឬប្រជាពលរដ្ឋរបស់យើងលង់លក់នៅក្នុងដំណេក ខ្ញុំព្រះករុណាខ្ញុំ នៅតាមដានសភាពការណ៍ជាមួយមន្រ្តីមួយចំនួនអាចទំនាក់ទំនងបាន …។
… មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចាប់ផ្តើមបើកប្រាក់ខែ ខែមេសា (ដែលបាន)ឡើងប្រាក់ខែហើយ។ បើកបានមុនទៀត បូកជាមួយ ៥ ម៉ឺន (សម្រាប់)ចូលឆ្នាំ។ ៥ ម៉ឺនតិចណាស់សម្រាប់ម្នាក់ៗនោះ ប៉ុន្តែរាជរដ្ឋាភិបាលមិនមែនផ្គត់ផ្គង់តែម្នាក់ទេ មានកងទ័ព នគរបាល មន្ត្រីរាជការស៊ីវិល រាប់ទាំងអ្នកពិការ អ្នកចូលនិវត្តន៍ គឺត្រូវការចំណាយលុយជាង ៦ លានដុល្លារអាមេរិក។ គ្រាន់តែប៉ុណ្ណឹងគេអាចគិតឃើញហើយ ទម្រាំអ្នកសន្យាថា ពេលគេឈ្នះបើកឲ្យមួយប្រទេស …៕