ឯកឧត្តម Yasuo FUKUFA
ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ី និងថ្នាក់ដឹកនាំពិភពលោក
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ថ្ងៃនេះ ខ្ញុំពិតជាមានសេក្តីសោមនស្សរីករាយក្រៃលែង និងកិត្តិយសដ៏ឧត្តុងឧត្តម ដែលបានចូលរួមជាមួយបណ្តាថ្នាក់ដឹកនាំអាស៊ី និងពិភពលោក ក្នុងវេទិកាប៊ូអាវ ស្តីពី «អនាគតអាស៊ី៖ សក្តានុពលថ្មី និងចក្ខុវិស័យថ្មី» នៅទីក្រុងប៊ូអាវ នៃខេត្តហាយណាន ដ៏ស្រស់ស្អាត។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក៏ដូចជាក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅដល់រូបខ្ញុំ និងគណៈប្រតិភូកម្ពុជា។ ខ្ញុំជឿជាក់ថា វេទិកាប៊ូអាវ នេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់ការពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងតំបន់អាស៊ី ពិសេសនៅលើវិស័យសេដ្ឋកិច្ច នយោបាយ និងសង្គម-វប្បធម៌។
ដោយពេលវេលាមានកំណត់ ក្នុងឱកាសនេះ ខ្ញុំសូមផ្តោតមតិរបស់ខ្ញុំទៅលើទិដ្ឋភាពសមាហរណកម្មតំបន់ ដែលគប្បីជាផ្នែកមួយសំខាន់នៃយុទ្ធសាស្រ្តកំណើនរបស់អាស៊ី។ ខ្ញុំមានជំនឿថា ដើម្បីបន្តកសាងសហគមន៍ និងសេដ្ឋកិច្ចអាស៊ី យើងត្រូវបន្តផ្តោតការយកចិត្តទុកដាក់លើការពន្លឿនសមាហរណកម្មតំបន់ សំដៅប្រើប្រាស់ឲ្យបានប្រកបដោយប្រសិទ្ធិភាព នូវសក្តានុពលនៃលំហូរដោយសេរីនៃទំនិញ មូលធន និងពលករជំនាញ ដែលនឹងជួយតំបន់អាស៊ីឲ្យរក្សាបាននូវតួនាទីជាមជ្ឈមណ្ឌលផលិតកម្ម និងជាទីផ្សារធំមួយរបស់ពិភពលោក។ ក្នុងបរិការណ៍នេះ យើងរំពឹងថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ តាមរយៈបណ្តាញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានបូកមួយ អាស៊ានបូកបី និង «ភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ» ព្រមទាំងការបោះដៃទៅតភ្ជាប់ជាមួយនឹង «ភាពជាដៃគូអន្តរប៉ាស៊ីភិច» នឹងដើរតួជាយន្តការដ៏សំខាន់ សម្រាប់អាស៊ីទាញយកផលប្រយោជន៍ពីកាលានុវត្តភាពថ្មី ដែលកំពុងតែកើតឡើងចំពោះមុខ។
ច្បាស់ណាស់ថា ជាមួយគ្នានឹងកាលានុវត្តភាពខាងលើ អាស៊ីក៏នឹងត្រូវបន្តកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមមួយចំនួនរបស់ខ្លួន ដូចជា ការគ្រប់គ្រងផលវិបាកពីការប្រែប្រួលរចនាសម្ព័ន្ធ និងការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បញ្ហាវិសមភាពផ្ទៃក្នុងប្រទេស និងគម្លាតអភិវឌ្ឍន៍រវាងប្រទេសក្នុងតំបន់ ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាព ដើម្បីបញ្ចៀសបាននូវ «អន្ទាក់នៃប្រទេសមានចំណូលមធ្យម» និងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ ដែលសុទ្ធតែជាបុរេលក្ខខណ្ឌសំខាន់ៗ សម្រាប់ធានានូវសមត្ថភាពស្រូបទាញផលប្រយោជន៍ ពីសមាហរណកម្មតំបន់ដ៏ទូលំទូលាយ ដែលកំពុងតែប្រព្រឹត្តទៅនេះ។ ប្រការនេះ ទាមទារឲ្យបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី បន្តផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងស្ថាប័ន ការជម្រុញកាត់បន្ថយឲ្យបានជាអតិបរមា នូវរបាំងនានាសម្រាប់ពាណិជ្ជកម្ម ទាំងរបាំងពន្ធ និងរបាំងមិនមែនសារពើពន្ធ ការខិតខំរៀបចំ និងអនុវត្តគោលនយោបាយបង្កើនផលិតភាព និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច ដោយផ្តោតលើវិស័យកសិកម្ម និងឧស្សាហកម្ម ដែលជាសក្តានុពលនៃកំណើនរបស់ខ្លួន និងជាមធ្យោបាយកាត់បន្ថយវិសមភាពក្នុងប្រទេស ក៏ដូចជាកាត់បន្ថយគម្លាតអភិវឌ្ឍន៍ក្នុងតំបន់ ទន្ទឹមគ្នានឹងការផ្តោតអាទិភាពខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស និងជំនាញ។
ចំពោះកម្ពុជាវិញ សមាហរណកម្មតំបន់ គឺជាកាលានុវត្តភាពប្រវត្តិសាស្រ្តសម្រាប់ភាពជឿនលឿន និងវិបុលភាពរបស់ប្រទេស។ កម្ពុជា គឺជាសមាជិកមួយរបស់អាស៊ាន ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាពក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក ក៏ដូចជាសម្រេចបាននូវការកាត់បន្ថយដ៏ឆាប់រហ័ស នូវភាពក្រីក្រ ហើយមានសក្តានុពលឈានទៅជាប្រទេសមានចំណូលមធ្យមមួយដ៏រឹងមាំ។ ក្នុងគោលដៅប្រែក្លាយមូលដ្ឋានឧស្សាហកម្មរបស់ខ្លួន ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្នែកជំនាញ នៅឆ្នាំ ២០២៥ ខាងមុខ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម» និងកំពុងបន្តជម្រុញការវិនិយោគលើហេដ្ឋារនាសម្ព័ន្ធរូបវន្ត ពង្រឹងការតភ្ជាប់បណ្តាញដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទីក ធ្វើឲ្យប្រសើរឡើងនូវក្របខណ្ឌនិយ័តកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម កែលម្អច្បាប់វិនិយោគ និងប្រព័ន្ធលើកទឹកចិត្ត បណ្តុះបណ្តាលជំនាញ ក៏ដូចជាអភិវឌ្ឍសេវា និងប្រព័ន្ធការគាំពារសង្គមចាំបាច់នានា។ យើងមានជំនឿថា ជាមួយនឹងកិច្ចប្រឹងប្រែងទាំងនេះ កម្ពុជាមិនត្រឹមតែអាចទាញយកបាននូវផលប្រយោជន៍សមស្របពីកិច្ចសហប្រតិបត្តិការតំបន់ ដែលកំពុងតែរីកធំធាត់ប៉ុណ្ណោះទេ តែថែមទាំងអាចចូលរួមវិភាគទានជាវិជ្ជមាន ដល់ការពន្លឿនសមាហរណកម្មដើម្បីកំណើន ប្រកបដោយចីរភាព នៅក្នុងតំបន់អាស៊ីផងដែរ។
នៅទីបញ្ចប់ ខ្ញុំសូមប្រសិទ្ធិពរ ឲ្យវេទិកានេះ ទទួលបានជោគជ័យ និងផ្លែផ្កាល្អ តាមការគ្រោងទុក៕