ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៦ សម្តេចតេជោហ៊ុន សែន បានផ្សព្វផ្សាយតាមហ្វេសប៊ុក នូវពង្រៀងលក្ខន្តិកៈ នៃកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ដោយបានសូមឲ្យសាធារណជនចូលរួមផ្តល់មតិយោបល់ចាប់ពីពេលនេះ រហូតដល់ថ្ងៃ ពុធ ទី ៣ ខែ កុម្ភៈ។ ទិសដៅ និងគោលបំណងសំខាន់នៃកម្មវិធី គឺការទាក់ទាញយុវជនអោយបញ្ចេញមតិយោបល់ ធ្វើសកម្មភាព និងចូលរួមកសាងអំពើល្អ ក្លាយជាពលរដ្ឋគំរូ នៅក្នុងសង្គមអោយកាន់តែច្រើន។ បេក្ខជន បេក្ខនារី អាចធ្វើការជ្រើសដោយសេរី រូបភាពនៃការចូលរួម មានដូចជាការផលិតសាច់រឿងជាវីដេអូ កំណាព្យ ចម្រៀង គំនូរ ឬជាអត្ថបទ។ បេក្ខជន បេក្ខនារី អាចរើសប្រធានបទណាដែលខ្លួនកំពុងមានសកម្មភាពជាក់ស្តែង ឬដែលគិតថាទទួលបានការគាំទ្រច្រើន ឧទាហរណ៍ ការគោរច្បាប់ចរាចរណ៍ ការជួយកុមារកំព្រា/ស្រ្តីមេម៉ាយទីទាល់ក្រ/ជនចាស់ជរា/ជនពិការ សកម្មភាពជួយយកសារជនរងគ្រោះ(គ្រោះថ្នាក់ចរាចរណ៍ អគ្គិភ័យ ទឹកជំនន់) អនាម័យតាមទីសាធារណៈ និងក្នុងទីក្រុង ការលុបបំបាត់គ្រឿងញៀន។ល។
នឹងមានការប្រកាសម្តងទៀតអំពីការដាក់ពាក្យ ជាមួយនឹងលក្ខន្តិកៈការប្រកួតនៅពេលឆាប់ៗខាងមុខ។ កម្មវិធីកំណត់ទទួលពាក្យម្តងតែ ១០០ នាក់ប៉ុណ្ណោះ។ ក្រោយពីទទួលបានការចូលរួម ១០០ ជាវីដេអូ ឬ កំណាព្យ ឬ ចំរៀង ឬគំនូរ នឹងមានដាក់ឲ្យសាធារណជនបោះឆ្នោតនៅលើគេហទំព័ររបស់សម្តេចតេជោ ចំនួន ៤ ថ្ងៃ ដើម្បីជ្រើសរើសបេក្ខជនលំដាប់ខ្ពស់ជាងគេ ១០ នាក់។ បន្ទាប់ទៅកិច្ចការរបស់បេក្ខជនទាំង ១០ នឹងត្រូវយកទៅបង្ហោះលើហ្វេសប៊ុក សម្តេចតេជោ ៣ ថ្ងៃទៀត ដើម្បីបោះឆ្នោតដោយការ Like ដើម្បីជ្រើសរើសយកលេខ ១ ប្រចាំសប្តាហ៍ ដែលនឹងទទួលបានរង្វាន់ iPhone 6 មួយគ្រឿង និងលិខិតសរសើរ ពីសម្តេចតេជោ៕