ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៦ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យអគ្គរដ្ឋទូតគូបា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ចូលជួបសម្តែងការគួរសមដោយឡែកពីគ្នា នៅវិមានសន្តិភាព។ ក្នុងជំនួបជាមួយ ឯកឧត្តម Juan de Jesus Hidalgo Gato Perez ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសគូបា, សម្តេចតេជោ បានរំលឹកឡើងអំពី ទំនាក់ទំនងរវាងគូបា និងកម្ពុជា ដែលមានតាំងពីឆ្នាំ ១៩៧៩ មក ហើយបានស្វាគមន៍ និងវាយតម្លៃខ្ពស់ ទៅលើការប្តេជ្ញាចិត្តរបស់ឯកឧត្តមអគ្គរដ្ឋទូតគូបា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរឡើងទៀត។
ក្នុងជំនួបបន្ទាប់មកទៀត ឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូតថ្មីនៃសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានអះអាងជូនសម្តេចតេជោថា នឹងធ្វើនូវអ្វីៗ ដែលនាំមកនូវប្រយោជន៍ដល់ប្រទេសទាំងពីរ ជាពិសេស នូវអ្វីដែលសម្តេចតេជោ ហ៊ុន សែន បានពិភាក្សាជាមួយនឹងឯកឧត្តម ជន ឃឺរី កាលពីពេលថ្មីៗនេះ។ សម្តេចតេជោបានប្រាប់អគ្គរដ្ឋទូតថ្មីនៃសហរដ្ឋអាមេរិកថា ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដែលបានកើតមានឡើងកន្លងមក គឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងលើវិស័យផ្សេងៗទៀត សម្រាប់កម្ពុជា និងសហរដ្ឋអាមេរិក។
ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប បានសំដែងនូវការរីករាយចំពោះទំនាក់ទំនងល្អរវាងកម្ពុជា និងសហគមន៍អឺរ៉ុប ពិសេសលើវិស័យអប់រំ កសិកម្ម ក៏ដូចជា វិស័យជ្សេងៗទៀត ព្រមទាំងបានអបអរសាទរ ចំពោះកម្ពុជាដែលសម្រេចបានយ៉ាងជោគជ័យនូវផែនការអភិវឌ្ឍសហសវត្សន៍ ដែលជាមូលដ្ឋានមួយសម្រាប់ពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហគមន៍អឺរ៉ុបជាបន្តទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះសហគមន៍អឺរ៉ុប ដែលបានផ្តល់ជំនួយដល់កម្ពុជា និងបានស្នើឲ្យសហគមន៍អឺរ៉ុប បន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាធ្វើឲ្យគម្រោងអាទិភាពទាំងឡាយទទួលបានជោគជ័យ ជាប្រយោជន៍ដល់ការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសហគមន៍អឺរ៉ុប ឱ្យកាន់តែប្រសើរឡើង៕