ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៦ ក្នុងសារតាមហ្វេសប៊ុក ដែលរំលឹកពីប្រវត្តិនៃការជក់ និងឈប់ជក់បារី សម្តេចតេជោ ហ៊ុន សែន បានសរសេរ “ថ្ងៃទី ២៨ មករា ២០១៦ នេះ ចៅស្រីរបស់ខ្ញុំមានវ័យគ្រប់ ១៦ ឆ្នាំ។ កាដូធំជាងគេសម្រាប់នាង គឺខ្ញុំបានបំពេញតាមការសន្យាដែលថាពេលមានចៅ គឺខ្ញុំឈប់ជក់បារី”។ សម្តេចបានរំលឹក ថា គិតពី ខែ មីនា ឆ្នាំ ២០១៤ មកទល់បច្ចុប្បន្ននេះ មានរយៈពេល ២២ ខែហើយ ដែលសម្តេចផ្តាច់បារីចោលបានទាំងស្រុង ហើយក៏លែងបារម្ភថា ចៅៗទទួលផលប៉ះពាល់ដោយផ្សែងបារីទៀតហើយ។ សម្តេចបញ្ជាក់ថា ពីមុន សម្តេចតែងតែរត់ចេញ ឬពន្លត់បារីចោលភ្លាម ពេលចៅៗមកលេងម្តងៗ ឬពេលដែលសម្តេចទៅលេងចៅវិញ។
ជាមួយនឹងការអំពាវនាវចំពោះប្រជាជនដែលបាន និងកំពុងជក់បារី អោយឈប់ជក់បារី ព្រមទាំងចំពោះយុវជន/នារី ដែលមិនទាន់ចេះជក់បារី កុំរៀនជក់បារី ដែលមិនគ្រាន់តែសន្សំប្រាក់កាសប៉ុណ្ណោះទេ ប៉ុន្តែដើម្បីសុខភាពផ្ទាល់ខ្លួនម្នាក់ៗ ក្រុមគ្រួសារយើង មិត្តភ័ក្តរួមប្រាស្រ័យការងារជាមួយយើង សហគមន៍យើង និងដល់បរិស្ថានដែលជាផ្នែកមួយនៃសុខភាពសាធារណៈ សម្តេចតេជោបានរំលឹកថា “ក្រោយពីចូលកងទ័ព ខ្ញុំបានក្លាយជាអ្នកជក់បារី ដោយចាប់ផ្តើមពីការរៀនជក់ … (ពេលនោះ)ដើម្បីកាត់បន្ថយភាពតានតឹងក្នុងការងារ កាត់បន្ថយមូស និងសត្វល្អិតខាំ។ ប៉ុន្តែក្រោយមក ការជក់ … ក្លាយទៅជាឆ្ងាញ់ហើយញៀន និងបន្តមកទៀត ខ្ញុំបានជក់ ដើម្បីការគិត។” សម្តេចបានរៀបរាប់ថា យុទ្ធជនស្ទើរតែ ១០០% ក្នុងអង្គភាពទ័ពជាមួយសម្តេចនៅពេលនោះ ចេះជក់បារី ហើយសម្តេចញៀនបារី រហូតត្រូវស្វែងរកស្លឹកល្ហុង និងស្លឹកឈើផ្សេងៗមកជក់ជំនួសបារី ក្នុងស្ថានភាពលំបាករកថ្នាំជក់។
សម្តេចតេជោ រំលឹកទៀតថា ក្រោយថ្ងៃរំដោះឆ្នាំ ១៩៧៩ រហូតមកទល់ ខែ មីនា ២០១៤ សម្តេចបានព្យាយាមឈប់ជក់បារី ១២ លើក តែជាការគួរអោយសោកស្តាយ ដែលសម្តេចមិនអាចធ្វើបាន។ រហូតដល់ថ្ងៃ ២៨ ខែ មករា ឆ្នាំ ២០០០ ពេលដែលចៅស្រីសម្តេចបានចាប់កំណើត សម្តេចនៅមិនទាន់អនុវត្តបានតាមការសន្យាថា នឹងឈប់ជក់បារីពេលសម្តេចបានចៅស្រីទេ។ រហូតមកដល់ខែ មីនា ឆ្នាំ ២០១៤ ការប្តេជ្ញាឈប់ជក់បារីរបស់សម្តេចបានជោគជ័យ ដែលមិនត្រឹមតែបំពេញតាមការសន្យាទេ ប៉ុន្តែ ក៏ដើម្បីសុខភាពផ្ទាល់ខ្លួន ភរិយា កូនៗ និងចៅៗ ហើយក៏ស្របទៅនឹងចរន្តនៃចលនារបស់ពិភពលោក ក៏ដូចជានៅកម្ពុជា ដែលទាមទារអោយកាត់បន្ថយ និងឈប់ជក់បារី ដើម្បីធ្វើអោយកម្ពុជាគ្មានផ្សែងបារី៕