៣១ ឆ្នាំមុន គឺនៅថ្ងៃ ១៤ ខែ មករា ឆ្នាំ ១៩៨៥ នោះហើយ ដែលរដ្ឋសភាបានបោះឆ្នោតជ្រើសរើសខ្ញុំព្រះករុណាខ្ញុំ ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី(នាយករដ្ឋមន្ត្រី)នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា។ បន្ទាប់ពីការបំពេញភារកិច្ចជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការទេសរយៈពេល ៦ ឆ្នាំ ហើយក៏បានបំពេញមុខនាទីជានាយករដ្ឋមន្ត្រីស្តីទី ប្រមាណជាង ៣ ខែ តាំងពីពេលដែល ឯកឧត្តម ចាន់ ស៊ី ចេញទៅព្យាបាលជម្ងឺ និងទទួលមរណភាពនៅទីក្រុងមូស្គូ។
ការគាំទ្ររបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ ពិសេស សម្តេច ហេង សំរិន សម្តេច ជា ស៊ីម បង សាយ ភូថង បង ជា សុទ្ធ ។ល។ ទើបមានការរៀបចំបែបនេះ។ អ្វីដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលបំផុត គឺការបោះឆ្នោតជាសម្ងាត់នៅក្នុងរដ្ឋសភា ដែលខ្ញុំទទួលបានសម្លេងឆ្នោតគាំទ្រ ១០០%។ គ្មានសន្លឹកឆ្នោតប្រឆាំង គ្មានសន្លឹកឆ្នោតអនុប្បវាទ គ្មានសន្លឹកឆ្នោតមោឃៈ។ នាយករដ្ឋមន្ត្រី ២ រូប មុនខ្ញុំ តែងមានសន្លឹកឆ្នោតប្រឆាំងមិនតិចជាង ៥ សម្លេង។ កម្លាំងគាំទ្រដ៏ខ្លាំងបែបនេះហើយ ទើបធ្វើឱ្យខ្ញុំសំរេចបាននូវរបៀបវារៈនយោបាយដែលប្រជាជនកម្ពុជាបាន និងកំពុងទទួលផលរហូតសព្វថ្ងៃនេះ។
អ្វីដែលខ្ញុំគួររំលឹកគឺគ្រោះទឹកជំនន់ និងរាំងស្ងួតក្នុងឆ្នាំ ១៩៨៤ ដែលធ្វើឱ្យខ្វះស្បៀងក្នុងឆ្នាំ ១៩៨៥។ ខ្ញុំបាននិយាយទៅកាន់រដ្ឋសភាថា (មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយ ដោយយើងមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ)។ ទ្រឹស្តីនេះបានបន្សល់ទុករហូតបច្ចុប្បន្ន មិនគ្រាន់តែជាទ្រឹស្តីប៉ុណ្ណោះទេ តែជាសកម្មភាពជាក់ស្ដែងរបស់គណបក្សប្រជាជនកម្ពុជាទាំងមូល។
ខ្ញុំក្លាយខ្លួនជានាយករដ្ឋមន្ត្រីក្នុងវ័យ ៣២ ឆ្នាំ និងស្ថិតក្នុងស្ថានភាពប្រទេសជាតិមានសន្តិភាពផង និងមានសង្គ្រាមផង។ កូនៗរបស់ខ្ញុំនៅតូចៗណាស់ ហើយអាយុខុសគ្នាតែ ១ ឆ្នាំៗ ព្រោះភរិយាខ្ញុំកូនញឹកមួយឆ្នាំកូន ១។ មានតែ ម៉ាណែត មួយទេ ដែលអាយុច្រើនជាងប្អូនបន្ទាប់ ៤ ឆ្នាំ តែក៏មិនទាន់ចេះមើលប្អូនដែរ។
គ្រួសារខ្ញុំមិនមានអ្នកបំរើ ឬមេដោះទេ។ ប្តី ប្រពន្ធរបស់យើងបានថែទាំកូនៗ ដោយខ្លួនឯង។ យប់ខ្លះកូននោមដាក់ និងរាល់ពេលព្រឹកតែងតែសំអាតគ្រែ កន្ទេល បោកភួយ ហាលខ្នើយ។ល។ ព្រោះកូនខ្ញុំ ២ នាក់ តែងតែនោមយប់។ មួយបន្ទប់សំរាក ៧ នាក់ ឪពុកម្តាយ ២ នាក់ កូន ៥ នាក់។ បើកូនមិននោមដាក់ទេ ក៏ធុំក្លិនទឹកនោមដែរ ហើយពិបាកជាងគេ គឺនៅពេលភរិយាខ្ញុំមិននៅផ្ទះ ខ្ញុំត្រូវឆុងទឹកដោះគោបំបៅកូន។ ពេលមួយខ្ញុំឆុងទឹកដោះគោឱ្យស្រីពៅ។ រវល់ដាំទឹក ម៉ានិត មកស៊ីអស់ម៉្សៅទឹកដោះគោ។ ខំឱ្យអ្នកបើកបរទៅទិញម៉្សៅទឹកដោះគោពីផ្សារ ទំរាំមកដល់ស្រីពៅយំរហូតគេងលក់។ ពេលភ្លៀងម្តងៗ ដំបូលផ្ទះវាលិច។ ខំយកក្រណាត់កៅស៊ូគ្របលើកូន។ រហូតដល់ឆ្នាំ ១៩៩៤ ទើបដំបូលផ្ទះខ្ញុំឈប់លិច។ នេះជាជីវភាពពិត ប្រាកដរបស់នាយករដ្ឋមន្ត្រី ដែលបានស្ថិតក្នុងតំណែងរយៈពេល ៣១ ឆ្នាំ នាថ្ងៃនេះ។
បងប្អូនខ្លះអាចយល់ខុសពីរបៀបរស់នៅរបស់ខ្ញុំ តែនេះក៏ជាមេរៀនមួយដែលខ្ញុំរក្សាបាននូវឥទ្ធិពលដឹកនាំរយៈពេលវែង ជោគជ័យក្នុងការបណ្តុះបណ្តាលកូនតាមរយៈភាពជិតស្និទ្ធ។ ពេលចេញទៅបរទេសពិសេសពេលចរចានៅបារាំង ភរិយាខ្ញុំគ្មានអ្នកហែហមទៅជាមួយទេ។ ពេលខ្លះគាត់អត់បាយព្រោះនៅសណ្ឋាគារម្នាក់ឯង ហើយមិនចេះភាសា។ សូមផ្ដាំកូន ក្មួយ បងប្អូន ពេលមានឋានៈខ្ពស់ ត្រូវដាក់ខ្លួនបំរើប្រជាជន។ កុំវាយឫកខុសរបៀប៕