ក្រោមចំណងជើងនេះ តាមរយៈហ្វេសប៊ុក កាលពីថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០១៦, សម្តេចតេជោ ហ៊ុន សែន ប្រាប់អោយដឹងថាសម្តេចបានទៅសួរសុខទុក្ខមិត្តរួមអាវុធមួយរូប ដែលកំពុងមានជំងឺជាទម្ងន់ គឺ ឧត្តមសេនីយ៍ ញឹក ហួន។ សម្តេចតេជោ បានបញ្ជាក់ថា តែងតែនឹករឮក និងចងចាំជានិច្ច ចំពោះសហការី មិត្តរួមអាវុធទាំងអស់ មាន ឧត្តមសេនីយ៍ ញឹក ហួន ជាដើម ដែលនៅក្រោយឆ្នាំ ១៩៧០ បានចូលរួម តស៊ូនៅអង្គភាពជាមួយគ្នា និងតស៊ូរំដោះប្រទេសពីរបបខ្មែរក្រហម។សម្តេចរំលឹកថា “នៅថ្ងៃទី ២០ មិថុនា ឆ្នាំ ១៩៧៧ គាត់បានរួមជាមួយខ្ញុំចាប់ផ្តើមវាយពួក ប៉ុល ពត ។ គាត់ក្លាយជាអ្នកចូលរួមកសាងកម្លាំងប្រដាប់អាវុធផ្តួលរំលំរបបខ្មែរក្រហម ហើយបានក្លាយជាមេបញ្ជាការកងអនុសេនាធំមុនគេនៅពេលនោះ។ ជាបន្តបន្ទាប់ នៅពេលបង្កើតកងវរៈសេនាតូច គឺគាត់ជាមេបញ្ជាការមុនគេ។ ក្រោយរំដោះប្រទេសថ្ងៃ ៧ មករា ១៩៧៩ គាត់ជាមេបញ្ជាការដំបូងទៀត នៃកងពលតូចលេខ ១ ការពារភ្នំពេញ។ នៅពេលបង្កើតកងពលធំលេខ ១៩៦ ក៏គាត់ជាមេបញ្ជាការលើកដំបូងទៀត។ លោក ញឹក ហួន មានស្នាដៃច្រើនចំពោះជាតិ។ សព្វថ្ងៃលោក ញឹក ហួន ជាឧត្តមសេនីយ៍ផ្កាយមាសបួន មានមុខងារជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ”។
សម្តេចសរសេរថា “ពេលខ្ញុំទៅដល់ នាយទាហានជាន់ខ្ពស់ដែលទៅសួរសុខទុក្ខបានប្រាប់ខ្ញុំថា គាត់មិនផ្តាំផ្ញើអ្វីច្រើនទេ មានតែពាក្យថា ត្រូវតែការពារ សម្តេច ហ៊ុន សែន ឱ្យបាន” និងរំលឹកតាមសំណេរថា “យប់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ១៩៧៦ ពេលឆ្លងកាត់ចំការមីនជាប់ព្រំដែនកម្ពុជា/វៀតណាម ដោយធ្វើជាអ្នករាវរក និងដោះមីន មុននឹងឱ្យខ្ញុំដើរមួយជំហ៊ានៗម្តង គាត់(ឧត្តមសេនីយ៍ ញឹក ហួន) និយាយថា “បើខ្ញុំស្លាប់ក៏ស្លាប់ចុះ ឱ្យតែបង ហ៊ុន សែន ឯងនៅរស់ ដឹកនាំការតស៊ូរំដោះជាតិ”។ សម្តេចតេជោ សរសេរថា “របៀបនេះ តើឱ្យខ្ញុំទប់ទឹកភ្នែកម្តេចបាន។ ខ្ញុំបន់ស្រន់ឱ្យបង ញឹក ហួន បន្តការព្យាបាល … លើកទឹកចិត្តអោយគាត់ទៅព្យាបាលនៅមន្ទីរពេទ្យ ទោះបីស្ថានភាពជំងឺបែបណាក៏ដោយ”។ ពីហ្វេសប៊ុក សម្តេចតេជោ អះអាងថា “ខ្ញុំនៅតែបន្តយកចិត្តទុកដាក់ចំពោះបងប្អូនជានិច្ចទៅតាមលទ្ធភាពជាក់ស្តែងដែលខ្ញុំអាចធ្វើបាន។ ខ្ញុំសូមជូនពរបងប្អូនអតីតមិត្តរួមអាវុធតស៊ូរំដោះជាតិទាំងអស់ ជួបតែសំណាងល្អ និងសេចក្តីសុខគ្រប់ពេល”៕