បីសាសនាធំៗ ជួបគ្នានៅថ្ងៃនេះ
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ អ៊ំ មីង បងស្រី ប្អូនស្រី ក្មួយស្រី ពិសេស ចៅៗ
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានរួមជាមួយភរិយាខ្ញុំ និងថ្នាក់ដឹកនាំដទៃទៀត ដើម្បីមកចូលរួម នៅក្នុងពិធីជួបជុំ នៅអង្គការសង្រ្គោះជនអស់សង្ឃឹម។ ភរិយាខ្ញុំបានមកកាន់ទីនេះ ប៉ុន្មានលើករួចមកហើយ។ វាជាភ័ព្វសំណាងដែលខ្ញុំបានការអនុញ្ញាតពីគាត់ប្តូរកម្មវិធីដែលគ្រោងធ្វើនៅថ្ងៃស្អែកគឺថ្ងៃទី ២៦ មកថ្ងៃទី ២៥ វិញ។ ការប្តូរពីថ្ងៃ ២៦ មកកាន់ថ្ងៃ ២៥ នេះ វាហាក់ធ្វើឲ្យយើងគាប់ជួនជាមួយនឹងរឿង ៣ ដែលខ្ញុំសុំលើកយកមកនិយាយ។ ទី ១ គាប់ជួនជាមួយនឹង(ថ្ងៃបុណ្យ) Christmas ដែលគ្រិស្តបរិស័ទគោរព ហើយដែលល្ងាចនេះ នៅអំឡុងប្រហែលជាម៉ោង ៣ ខ្ញុំនឹងបង្ហោះនូវសារជូនពររបស់ខ្ញុំមួយចំពោះគ្រិស្តបរិស័ទផងដែរ។ មានរួចហើយនូវអត្ថបទ (និងបាន)ដាក់កាលបរិច្ឆេទសម្រាប់បង្ហោះនៅក្នុងម៉ោង ៣ រសៀលល្ងាចនេះ។ រឿងទី ២ ដែលគាប់ជួននោះ គឺចំថ្ងៃពេញបូរមី ខែ មិគសិរ .. ជាថ្ងៃសីលខ្មែរ ជាមួយនឹងថ្ងៃ Christmas…។ គាប់ជួនមួយទៀតគឺថ្ងៃនេះជាថ្ងៃសុក្រ បងប្អូនឥស្លាមតែងចូលព្រះវិហារ។ អញ្ចឹង ៣ សាសនាធំៗ គឺគ្រិស្ត ព្រះពុទ្ធ និងឥស្លាម ជួបគ្នានៅថ្ងៃនេះតែម្តង។
គ្មានការរើសអើងណាមួយសម្រាប់ប្រទេសកម្ពុជា
អម្បាញ់មិញ ម៉ាក់យាយ ម៉ារី បានធ្វើរបាយការណ៍ (ដែល)ពិតជាធ្វើឲ្យខ្ញុំរំភើបខ្លាំងណាស់។ ម៉ាក់យាយបាន លើកឡើងពីវត្តមានតាំងពីជិត ៥៥ ឆ្នាំមុន (ដែល)តាំងពីពេលហ្នុង(មក) គិតតាមចំនួនឆ្នាំ ខ្ញុំប្រហែលជាមានអាយុត្រឹម ៩ ឆ្នាំទេ។ រវាងពី (១៩)៥២ ដល់ (១៩)៦១។ ការស្រឡាញ់ចំពោះប្រទេសកម្ពុជា ក៏មានជាបន្តបន្ទាប់ ដែលធ្វើឲ្យអ្នកមីង ឬក៏ម៉ាក់យាយ បានសុខចិត្តមកទីនេះ។ អម្បាញ់មិញ គឺជាការរន្ធត់ចិត្តសម្រាប់ខ្ញុំ គឺ(ការលើកឡើងថា) នៅពេលដែល(យាយ)ទទួលមរណកាល គឺនឹងត្រូវកប់នៅក្នុងទឹកដីកម្ពុជា។ តែខ្ញុំសុំស្នើថាកុំអាលទៅណាអី។ រឿងកើត ចាស់ ឈឺ ស្លាប់ ជារឿងធម្មតារបស់មនុស្ស មិនថាតែរឿងនេះ វាទាក់ទងនឹងព្រះពុទ្ធ ឬទាក់ទងនឹងគ្រិស្ត ទាក់ទងនឹងហិណ្ឌូ ឬមូស្លីមអីទេ គ្មានអ្នកណាមួយដែលអាចកើតឡើងហើយ ដែលអាចរស់នៅ ១ ពាន់ ២ ពាន់ ឆ្នាំ គឺអត់មានទេ។ តែរឿងដែលបានធ្វើនៅកិច្ចការ ទាក់ទងជាមួយនឹងការជួយសង្រ្គោះចំពោះអ្នកអស់សង្ឃឹម។ ឥឡូវនេះ ខ្ញុំបានឃើញជាក់ស្តែង។ កាលមុននេះ ភរិយារបស់ខ្ញុំ ក៏បានតែងតែប្រាប់ខ្ញុំអំពីរឿងនេះ អំពីរឿងនោះនៅក្នុងមណ្ឌលនេះ។ ឥឡូវ យើងបានឃើញមានទីតាំង មិនមែនគ្រាន់តែកុមារកំព្រាទេ ចាស់កំព្រាក៏មានច្រើនគួរសមដែរ។ អម្បាញ់មិញ ខ្ញុំក៏បានសួរ។ មាន(អ្នក)នៅតែម្នាក់ឯង ហើយប្រមូលផ្តុំមកនៅទីនេះ។ មានអ្នកដែលផ្ទុកមេរោគអេដស៍ ហើយជាពិសេស ក្មួយៗ ចៅៗ ដែលជាកុមារកំព្រា។ មានខ្លះ ដែលទៅរៀននៅសាកលវិទ្យាល័យ ទទួលបានការអប់រំ ទទួលបានការសិក្សា និងស្នាក់អាស្រ័យនៅទីនេះ។
ខ្ញុំពិតជាមានការអរគុណ ជាមួយនឹងការយកចិត្តទុកដាក់ ហើយតាមរយៈអ្នកមីង ម៉ារី ដែលហៅថា ម៉ាក់យាយ អនុញ្ញាតឲ្យខ្ញុំថ្លែងអំណរគុណពីចម្ងាយជូនចំពោះសប្បុរសជនទាំងអស់ ដែលបានផ្តល់នូវជំនួយតាមរយៈអ្នកមីងផ្តល់មកមជ្ឈមណ្ឌលនេះ។ ថ្ងៃនេះ បើតាមដឹង មជ្ឈមណ្ឌលនេះមានទាំងអស់មានបីមណ្ឌល (គឺ) មណ្ឌល(មួយ)នៅកន្លែងនេះ មណ្ឌលនៅមង្គលបូរី ខេត្តបន្ទាយមានជ័យ និងនៅប៉ៃលិន ក៏បានមកដល់ទីនេះជួបជុំគ្នា។ ពាក្យដែលថា “ធាតុពិតយើងខ្ញុំមិនសមទទួលយកចិត្តទុកដាក់ពីសម្តេច ឯកឧត្តម អស់លោក លោកស្រីរាល់គ្នាទេ។ យើងសួរខ្លួនយើងថា តើយើងជានរណា ដែលសម្តេច ឯកឧត្តម បានមកជួយយើង ច្រើនបែបនេះ?”។ ការពិតនេះជាចំណុចមួយ ដែលអ្នកមីងបានលើកឡើង ថាហេតុអ្វីបានជាត្រូវជួយ? យើងជាអ្នកណា បានជាអ្នកឯងមកជួយខ្ញុំ?
ខ្ញុំគិតថា ខ្ញុំសូមស្នើម៉ាក់យាយឈប់និយាយភាសាហ្នឹងចុះ។ ដោយសារតែម៉ាក់យាយ ចូលសញ្ជាតិខ្មែរទៅហើយ បូកបន្ថែមដោយនៅស្រុកខ្មែរហ្នឹង តាំងពី ៥៥ ឆ្នាំហើយ ដូច្នេះមិនមែនជារឿងចម្លែកអីទេ។ យើងនៅក្នុងសហគមន៍ ទោះបីថាមកពីណាក៏ដោយ នៅទីនេះ ដូចដែលអ្នកមីងបានលើកឡើងអម្បាញ់មិញ គ្មានការរើសអើងណាមួយសម្រាប់នៅប្រទេសនេះទេ។ ខ្ញុំអាចនិយាយបានថា ក្នុងដំណាក់កាលខ្ញុំធ្វើជានាយករដ្ឋមន្រ្តី ច្បាស់ណាស់ថា សាសនាទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា ទាំងព្រះពុទ្ធ ទាំងគ្រិស្ត ទាំងមូស្លីម និងសាសនាដទៃទៀត អាចរួមរស់នៅជាមួយគ្នាបានយ៉ាងសុខុមដុមរមនា។ ប៉ុន្តែមិនប្រាកដទេថា អ្នកដែលទៅបន្តពីក្រោយខ្ញុំ គេមានគោលនយោបាយដូចខ្ញុំឬអត់? នេះក៏ជាបញ្ហាត្រូវធ្វើការពិចារណាផងដែរ។ អ្នកដែល កំពុងធ្វើពិត គឺវាពិត ប៉ុន្តែអ្នកដែលសន្យា គឺវាមិនទាន់ពិតទេ។ អ្នកដែលគ្រាន់តែប្រកាសចេញតាមពាក្យសំដី ឬតាមលាយលក្ខណ៍អក្សរ មិនទាន់ជាការពិតទេ។ ប៉ុន្តែអ្នកដែលពិត គឺអ្វីដែលបាននឹងកំពុងកើតមាននេះ គឺវាជារឿងពិត។ យើងជាអ្នកណា គឺបានសេចក្តីថា យើងនៅក្នុងសហគមន៍ជាតិមួយរបស់កម្ពុជា ដែលសូមស្វាគមន៍អ្នកមីង ឬម៉ាក់យាយ នៅបន្តរៀងរហូតជាមួយយើងខ្ញុំ។ ថ្ងៃនេះ ជាមួយនឹងអង្គការសង្គ្រោះជនអស់សង្ឃឹម ក៏នៅមានអង្គការផ្សេងទៀត ដែលបានមកចូលរួមនៅទីនេះដែរ គឺមានអង្គការមែកឈើ (ជាសាខាមួយរបស់សមាគមជនអត់ទីពឹង)។ ថ្ងៃមុនខ្ញុំក៏ត្រូវមណ្ឌលក្រុមគ្រួសារថ្មី នៅភ្នំពេញថ្មី មានដល់ទៅ ៣ អង្គការ មាន ASPECA មានផ្កាម្លិះ។ ថ្ងៃនេះក៏មានការចូលរួមយ៉ាងដូច្នេះ។
ព្រមជាគោលការណ៍សង់ផ្លូវ តាមសំណូមពរអង្គការសង្គ្រោះជនអស់សង្ឃឹម
សូមអរគុណជាមួយនឹងគ្រូ ដែលជាអ្នកមើលថែទាំកុមារ ក៏ដូចជាមើលថែទាំមនុស្សចាស់ ដែលបានធ្វើកិច្ចការដ៏ល្អ។ ខ្ញុំពិតជាមានការរីករាយ ណាស់ដែលបានឃើញថា អ្នកមីងបានស្នើឡើងជាសំណូមពរ អោយខ្ញុំដោះស្រាយ គឺទី ១ ការសុំកសាងផ្លូវ ២,៥០០ ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ ៤ មកដល់កន្លែងនេះ។ ខ្ញុំបានពិភាក្សាជាមួយអភិបាលក្រុងភ្នំពេញ ហើយផ្លូវយើងកន្លែងនេះគឺជាព្រំប្រទល់រវាងខេត្តកណ្តាល និងរាជធានីភ្នំពេញ ឯចុះពីផ្លូវជាតិលេខ ៤ ចូលមក ជារបស់ខេត្តកណ្តាល រួចបន្តទៅទៀត មកដល់កន្លែងនេះ បានរាជធានីភ្នំពេញ។ ផ្លូវហ្នឹងមានប្រវែងសរុប ៩ គីឡូម៉ែត្រ។ ជាគោលការណ៍ គឺអនុញ្ញាតឲ្យធ្វើផ្លូវនេះចាក់កៅស៊ូ ការចាក់កៅស៊ូនេះ មិនត្រឹមតែចាក់កៅស៊ូ ២,៥០០ ម៉ែត្រទេ គឺចាក់ទាំង ៩ គីឡូម៉ែត្រតែម្តង ប៉ុន្តែអនុវត្តតាមដំណាក់ៗ ម្តង ៣ គីឡូម៉ែត្រ។ ប៉ុន្តែបើមានលុយ បុកម្តង ៩ គីឡូម៉ែត្រម្តងក៏បានដែរ។ ប៉ុន្តែ ហោចណាស់ យើងត្រូវធ្វើផ្លូវហ្នឹងចាក់កៅស៊ូតែម្តងទៅ ព្រោះសូម្បីតែសិស្សវិទ្យាល័យបែកចាន ក៏ត្រូវប្រើប្រាស់ផ្លូវហ្នឹងដែរ។ ប៉ុន្តែខាងខេត្តកណ្តាល គ្រាន់តែអនុញ្ញាតឲ្យគេធ្វើបានហើយ។ លុយសាលាក្រុងភ្នំពេញជាអ្នកចេញ …។
សំណូមពរទី ២ សុំបើកអគារទទួលក្មេងនៅខេត្តកណ្តាល
សំណូមពរទី ២ គឺ ការបើកអគារទទួលក្មេងនៅខេត្តកណ្តាល។ សូមជម្រាបជូនម៉ាក់យាយអញ្ចេះ បើសិនជាម៉ាក់យាយសុំបើកបនល្បែង ឬបើកជាបនស្រី ហ្នឹងគឺអត់បានមែនហើយ ប៉ុន្តែបើបើករបៀប(អង្គការ)នេះ គឺវាអត់មានអីពិបាកទេ។ ឥឡូវ អភិបាលខេត្តកណ្តាលនៅហ្នឹងស្រាប់ហើយ។ ឲ្យអភិបាលខេត្តកណ្តាលសុំមកក្រសូងមហាផ្ទៃ។ ប៉ុន្តែនីតិវិធីហ្នឹងដូចជាមិនចាំបាច់ដល់មហាផ្ទៃឯណា។ ត្រឹមខេត្តទេតើ។ អភិបាលខេត្តនៅនេះស្រាប់ហើយ មានចាំបាច់ទៅសុំដល់មហាផ្ទៃឯណា នៅក្នុងខេត្តហើយស្រាប់។ អភិបាលខេត្តដោះស្រាយបញ្ហាហ្នឹង ដើម្បីទទួលក្មេងៗ ចាប់ដំណើរការតែម្តងទៅ វាអត់មានការចាំបាច់បើកអង្គការអីណាទៀត។ យើងមានសាខារួចហើយ អង្គការរួចហើយ ដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ អញ្ចឹងគ្រាន់តែបើកកូនផ្ទះមួយទទួលមនុស្សប៉ុន្មាននាក់ហ្នឹង ត្រឹមខេត្តហ្នឹងទៅ។ ហើយនីតិវិធីស្អីៗ រដ្ឋបាលស្អីៗ ទុកឲ្យខេត្តគេដោះស្រាយទៅ។ ដូច្នេះ ម៉ាកយាយមិនបាច់ពិបាករត់ការទេ។ អញ្ចឹងចៅហ្វាយខេត្តដោះស្រាយការងារហ្នឹងទៅ។
សំណូមពរទី ៣ សង់អគារសិក្សាថ្នាក់មធ្យមសិក្សានៅក្នុងមណ្ឌល
ចំពោះសំណូមពរ ទី ៣ គឺការចង់បង្កើតមធ្យមសិក្សានៅក្នុងនេះ ដើម្បីងាយស្រួលគ្រប់គ្រងក្មួយៗ ចៅៗ និងកុំឲ្យពិបាកទៅរៀននៅខាងក្រៅ។ នេះជាគំនិតមួយដ៏ល្អ ដែលបង្កើតសណ្ឋានមានអនុវិទ្យាល័យ ជាប់នឹងបឋមសិក្សា។ ប៉ុន្តែ បញ្ហាដែលខ្ញុំចង់សួរ សាលាដែលមានខ្នាត ៦ ម៉ែត្រកន្លះ គុណនឹងទទឹង ៥ ម៉ែត្រ តើវាខុសខ្នាតឬទេ? ម៉ាក់យាយ? វាអត់ត្រូវស្តង់ដារសាលា។ តូចពេក។ យើងធ្វើទុកឲ្យធំឲ្យហើយ។ មានដីឬអត់? ដីមានតែប៉ុណ្ណឹង ហើយបើធ្វើខុសខ្នាតអញ្ចឹង វាត្រូវស្តង់ដារអប់រំ ឬអត់? សាលាធម្មតា មួយបន្ទប់ទទឹង ៨ ម៉ែត្រ បណ្តោយ ៩ ម៉ែត្រ ក៏ប៉ុន្តែ បន្ទប់នេះតែ ៦ ម៉ែត្រកន្លះ គុណនឹង ៥ ម៉ែត្រ វាអត់ត្រូវស្តង់ដារអប់រំ។ ខ្ញុំស្នើអញ្ចេះ បើយើងគិតថា សម្រាប់ឲ្យតែក្មេងនៅក្នុងមណ្ឌលរបស់យើង វាជាការខាតបង់ទៅវិញទេ យើងគួរត្រៀមរៀបចំលក្ខណសម្បត្តិ ក្រៅពីក្មេងនៅក្នុងមណ្ឌលរបស់យើង ក៏សម្រាប់ក្មេងនៅជិតខាងនេះ អាចចូលមករៀនបានផង។ (អត់មានដីគ្រប់) ចុះបើឥឡូវ យើងធ្វើជា ២ ជាន់វិញ ទៅរួចទេ? (អត់មានថវិកា) អត់ទេ រឿងលុយខ្ញុំអ្នកចេញ។
ឥឡូវ អញ្ចេះទៅ។ ខ្ញុំជួយរៀបចំឲ្យដើម្បីនឹងសាងសង់។ សុំឯកឧត្តម ប៉ា សុជាតិវង្ស ទៅពិនិត្យជាក់ស្តែង បើសិនជាខ្វះដី យើងលេង ២ ជាន់វិញ។ បើបាន ២ ជាន់ យើងដាក់ ៨ បន្ទប់ លើ ៤ ក្រោម ៤ ព្រោះគាត់សុំធ្វើ ៧ បន្ទប់ ដោយសារវាខ្វះដី … ទទួលយកបានទេប៉ុណ្ណឹង? ខ្ញុំអ្នកចេញលុយ។ យើងត្រៀមលក្ខណសម្បត្តិ មិនមែនគ្រាន់តែសិស្សនៅក្នុងនេះទេ គឺសិស្សដែលនៅជុំវិញនេះដែលចង់ចូលមករៀន ក៏ត្រូវអនុញ្ញាតឲ្យរៀនដែរ។ យើងធ្វើស្ថានភាពបែបនេះ វាល្អប្រសើរជាងការដែលយើងបិទជិត។ សំណូមពរទាំងបី យើងបានទាំងបីហើយ ហើយបានលើសពីអ្វីដែលស្នើសុំ។ ចម្លើយបានដឹងហើយថាបានលុយ។ អញ្ចឹងលុយដែលគេជួយមកហ្នឹង ត្រៀមបំពាក់សំភារៈផ្សេងៗទៅ ឯលុយថ្លៃអគារ សម្រាប់មួយខ្នង ពីរជាន់ ៨ បន្ទប់ អាហ្នឹងទុកខ្ញុំ។
ក្រៅពីនោះ ខ្ញុំ និងភរិយា បានពិភាក្សាគ្នាពីម្សិល បានជាជ្រុលមកហើយ វាត្រូវតែជំពាក់ហើយ។ ធម្មតា ខ្ញុំមានបំណុលជាប់ជានិច្ច។ ឥឡូវនេះ ដើម្បីជួយឲ្យលោកយាយៗ ក្មួយៗ ចៅៗ បានទទួលនូវអាហាររូបត្ថម្ភបន្ថែម ខ្ញុំ និងភរិយា សូមចូលរួមចំណែក ក្នុងមួយខែផ្ដល់អង្ករមួយតោន និងលុយ ៣ លានរៀល ហើយចាប់ដំណើរការបើកពីដើមខែមករាហ្នឹងទៅ។ ឥឡូវនេះថ្ងៃទី ២៥ (ធ្នូ) ហើយ។ អញ្ចឹងទេជារៀងរាល់ខែ សូមឲ្យខុទ្ទកាល័យរបស់ខ្ញុំដឹកអង្ករ និងលុយរៀងរាល់ដើមខែ កុំចាំដាច់ខែ ព្រោះគេយកមកសម្រាប់ទទួលទាន។ ខុសពីប្រាក់ខែ។ អញ្ចឹងទេក្នុងមួយឆ្នាំ ខ្ញុំចេញអង្ករអស់ ១២ តោន បូកនឹងថវិកា ៣៦ លានរៀល សម្រាប់មណ្ឌលនេះ …៕