កីឡាការនី ឯកទគ្គកម្ម ឆ្នាំ ២០១៣ និង ២០១៥
… រដ្ឋាភិបាលនៃប្រទេសកម្ពុជា តែងតែអបអរចំពោះកីឡាករ/ការនី ដែលបានរក្សានូវឯកទគ្គកម្មរបស់ខ្លួនប្រកបដោយជោគជ័យ … កម្រិតពិភពលោកពីរដងជាប់គ្នា គឺនៅឆ្នាំ ២០១៣ (ម្តង) និងឆ្នាំ ២០១៥ នេះ(ម្តងទៀត)។ ថ្ងៃនេះ យើងក៏មានវត្តមានកីឡាការនី ស៊ន សៀវម៉ី នៅទីនេះដែរ។ ខ្ញុំក៏សុំយកឱកាសនេះ ដើម្បីបញ្ជាក់ជូនបន្តិចថា ហេតុផល(ដែលយើងលើកពេលមកធ្វើ)ពិធីដង្ហែក្បួននៅថ្ងៃនេះ គ្មានអ្វីក្រៅតែពីចំពេលវេលា ដែលជួនគ្នាជាមួយនឹងបុណ្យជាតិរបស់យើង(នោះទេ)។ ក្នុងអំនានដែលរៀបចំគឺឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ អាន បានជូនដំណឹង … មិនមានអ្នកណាមួយអវត្តមានអំពីការអបអរសាទរនៅក្នុងបណ្តាញនៃមេដឹកនាំថ្នាក់កំពូលរបស់យើងទេ។ ប៉ុន្តែពេលនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន ក្នុងឋានៈគាត់ជាប្រធានសហព័ន្ធកីឡាប៊ូល គឺបានស្នើសុំថាធ្វើពិធីនៅពេលក្រោយ ព្រោះយើងត្រូវរៀបចំបុណ្យជាតិ។ ដោយសារតែយើងមិនទាន់បានដង្ហែក្បួន មានការធ្វើអត្ថាធិប្បាយនៅក្នុង Facebook ថា(ករណីដែលលោកស្រី) កែ ឡេង ទទួលបានមេដាយមាសស្ងាត់ឲ្យឈឹង ប្រៀបធៀបជាមួយនឹង ស៊ន សៀវម៉ី … បើ(ការអត្ថាធិប្បាយ)មួយទៀតថា (ករណី) កែ ឡេង គឺប្រហែលជាប្រកាន់រឿងនយោបាយ។ ខ្ញុំគិតថា ប្រហែលជារឿងនេះទៅវែងឆ្ងាយហើយ។ ខ្ញុំប្រញាប់ comment ចូលទៅថា រឿងនេះវាមិនពាក់ព័ន្ធនឹងរឿងទាំងអស់នេះទេ ដោយសារតែបុណ្យជាតិតែប៉ុណ្ណោះ យើងនឹងធ្វើពិធីនៅពេលខាងមុខ។ សុំមេត្តាយោគយល់។ បន្ទាប់ពីការ comment មកក៏បាត់(ការធ្វើអត្ថាធិប្បាយ)រហូតមក។ ថ្ងៃនេះ យើងធ្វើពិធីផ្លូវការ ដើម្បីដង្ហែតាមក្បួនខ្នាត ដែលយើងបានរៀបចំទុក។ ពិតមែនតែយើងមិនបាន ដង្ហែពីអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុងមកកាន់រាជធានីភ្នំពេញក្តី ក៏ប៉ុន្តែ យើងហែចេញពីវិមានសន្តិភាព ទៅទីកន្លែង(មួយចំនួន) បានកំណត់ទុកដោយគណកម្មាធិការរៀបចំ។
ខ្ញុំពិតជាមានការរីករាយណាស់។ អម្បាញ់មិញ(ខ្ញុំ)បានស្តាប់ទាំងលោកស្រីអនុសេនីយ៍ឯក កែ ឡេង ក៏ដូចជា គ្រូបង្វឹកនៅក្នុងការប្រកួតនេះ។ ខ្ញុំមិនមានការខកចិត្តជាមួយការវ៉ៃជាក្រុមនេះទេ។ វ៉ៃបានកម្រិតប៉ុណ្ណេះគឺវាល្មមសមរម្យហើយ។ ប៉ុន្តែ បើបានមេដាយក៏វាជាការល្អ។ គេមានវិធីរបស់គេ។ … យើងថាមិនបានទេព្រោះវាជារបៀបរបបនៃការប្រកួត …។ ដូចជា កម្ពុជា idol អញ្ចឹង។ ខ្ញុំខំបោះឆ្នោតអោយ ហាជី តែមិនមែនបដិសេដថា នី រតនា អន់ទេ។ កាលពីមុនយើងបោះឆ្នោតជាហូរហែមក។ ប៉ុន្តែដល់ទៅជាប់ គឺ នី រតនា។ ធ្លាយអាថ៌កំបាំងពីការបោះឆ្នោតរបស់ខ្ញុំហើយ។ កាលពីដំបូង ខ្ញុំបោះឆ្នោតឲ្យ ហា ជី មួយ និង សុវត្ថិឌី ធិរិកា។ ប៉ុន្តែ សុវត្ថិ ឌីធិរិកា ត្រឹមវគ្គកណ្តាលផ្តាច់ព្រ័ត្រធ្លាក់បាត់ទៅ។ សល់តែ ៣ នាក់។ បោះឆ្នោតឲ្យ ហាជី។ ធ្វើម៉េចមហាជនបោះឆ្នោតឲ្យ នី រតនា ហើយត្រូវតែទទួល នី រតនា។ អាហ្នឹងខ្នាតប្រកួតរបស់គេដែលរៀបចំមក។ យើងទៅបន្ទោសអាប៊ីតក៏អត់បាន។ បន្ទោសហង្សមាសក៏មិនបានដែរ ព្រោះអាហ្នឹងវិធីគេប្រកួត យើងមិនអាចបន្ទោសបានទេ។ ប៉ុន្តែ សម្រាប់យើង អ្នកណាក៏ដោយឲ្យតែចូលរួមគឺយើងទទួលស្គាល់ គ្រាន់តែថា មានលេខ ១ មានលេខ ២ មានលេខ ៣។ មានច្រើនគ្នា ចូលដល់របៀបនៃការរៀបចំ។
ទៅមើលកីឡា បង្ហាញថាប្រទេសមានសុខសន្តិភាពទៅហើយ
ខ្ញុំសុំយកឱកាសនេះ ថ្លែងនូវការអបអរសាទរជាមួយនឹងជ័យលាភី ដែលតទៅ បន្ទាប់ពីលោកស្រី កែ ឡេង ប្រហែលជាមិនមានកីឡាការនី ឬកីឡាករណាដែលអាចបំបែកឯកទគ្គកម្មនេះបាន។ ពីរឆ្នាំធ្វើម្តង ដោយមានប្រទេសជាច្រើនចូលរួម។ អាចថាថ្ងៃក្រោយកម្ពុជាយើង ទទួលយកមេដាយមួយទៀត។ … យើងអាចបាន ២ ផ្ទួនគ្នា ពីឆ្នាំ ២០១៣ (ម្តង) មកឆ្នាំ ២០១៥ (ម្តងទៀត)ដូចកីឡាការនី កែ ឡេង វាពិបាក។ រឿងនេះ បើយើងពិនិត្យមើលកីឡាឯកទគ្គកម្មឯកត្តជន គឺក្រៅពីកីឡាប៊ូលនៅកម្ពុជា ក៏នៅមានកីឡាលំដាប់ពិភពលោកដទៃទៀត ដូចជាវ៉ៃ tennis ក៏មានកីឡាការនីខ្លះទទួលម្តងហើយម្តងទៀតតៗគ្នា។ កីឡាវាយកូនគោល ដូចជា US Open, Michael Campbell របស់ New Zealand ទទួល ២ ដង ហើយការទទួល ២ ដងនេះ គឺរដ្ឋាភិបាល New Zealand តែង(តែយក)ម៉ូតូទៅអមពីព្រលានយន្តហោះមកដែរ។ ហើយ Tiger Woods ក៏ទទួលច្រើនលើកនៅ US Open Masters Tournament គឺមានអ្នកដែលទទួលស្ទួន។ ក៏ប៉ុន្តែ សម្រាប់យើង ខ្ញុំគិតថាការបំបែកឯកទគ្គកម្មសម្រាប់កីឡាប៊ូលនេះ វាជារឿងពិបាក។ ប៉ុន្តែ បើសិនជាមានការប្រឹងដោយកីឡាការនីរូបណាមួយ ឬកីឡាកររូបណាមួយ យើងក៏អាចធ្វើបាននៅពេលខាងមុខ។ ចម្ងល់ចង់សួរថា តើអ្នកស្រី កែ ឡេង អាចធ្វើបាន តើយើងអាចធ្វើបានឬអត់។ … ខ្ញុំក៏លេងប៊ូលហ្នឹង អញ្ចឹងបានជាឆ្នាំ ២០០៩ ខ្ញុំធ្វើទស្សនកិច្ចនៅស្រុកបារាំង ប្រធានាធិបតីនៅស្រុកបារាំង ដឹងថាខ្ញុំលេងប៊ូល គាត់បានឲ្យកាដូអនុស្សាវរីយ៍ខ្ញុំជាប៊ូល។
… នាយករដ្ឋមន្ត្រីបារាំង គឺលោក ហ្វ្រង់ស្វ័រ មកទស្សនកិច្ចស្រុកខ្មែរ គាត់យកប៊ូលមកឲ្យកាដូខ្ញុំទៀត។ ប៉ុន្តែខ្ញុំលេងលែងបានហើយ។ ព្រោះធ្ងន់ពេក។ ឈឺកំភួនជើង។ ពេលដែលខ្ញុំចង់វ៉ៃកូនគោល ខ្ញុំវ៉ៃមិនត្រូវសោះ ប៉ុន្តែខ្ញុំបានចោទជាសំណួរមួយថា ចុះសម្តេច ហេង សំរិន ម៉េចក៏គាត់វ៉ៃបាន? ហើយសម្តេច ជា ស៊ីម អាយុច្រើនជាងខ្ញុំ គឺបងៗទាំងពីរនាក់អាយុច្រើនជាងខ្ញុំ។ ម៉េចក៏គាត់វ៉ៃបាន? បើចឹងខ្ញុំក៏ចាប់ផ្តើម … (ដែល)កាលពីថ្ងៃអាទិត្យ ខ្ញុំក៏បានយកពានរង្វាន់មួយទៅហើយ …។ … ចំណោទដែលត្រូវចោទសួរថា តើបើលោកស្រី កែ ឡេង ដែលជាវីរៈកីឡាការនីរបស់យើងអាចធ្វើបាន តើយើងជំនាន់ក្រោយ ទាំងនារី ទាំងបុរស អាចធ្វើបានអត់? ខ្ញុំគិតថា យើងអាចធ្វើបាន។ តែ(ត្រូវ)មានការផ្ចិតផ្ចង់ហាត់ក្នុងក្របខណ្ឌសហព័ន្ធក្តី ក្នុងក្របខណ្ឌជាឯកជនក្តី ក្នុងក្របខណ្ឌជាសង្គមស៊ីវិលក្តី …។ ឥឡូវ ចលនារបស់យើងកាន់តែខ្លាំងទៅហើយ។ ឯកឧត្តម សុខ អាន ដូចជាមានទឹកមាត់លេបរបស់គាត់ …។ … ថ្ងៃទី ២ ខែ ធ្នូ សូមអញ្ជើញទុកឲ្យហើយ គឺត្រូវផ្សាយបន្តផ្ទាល់ ទាំងតាមរយៈហ្វេសប៊ុកក្តី តាមរយៈទូរទស្សន៍ជាតិក្តី គឺផ្តាច់ព្រ័ត្រនូវកីឡាហែលទឹកពីទីក្រុងកំពង់ចាមដែលសម្ពោធដាក់ឲ្យប្រើប្រាស់អាងហែលទឹកផង និងផ្តាច់ព្រ័ត្រការហែលទឹកផងដែរ។ សហព័ន្ធដទៃទៀត ទាំងបាល់ទាត់ បាល់ទះ ដោយបាល់ទះ(មានការជួយពីឧត្តមសេនីយ៍) នេត សាវឿន ទីចុងបំផុតប្រកួតចុងក្រោយ គឺនគរបាលជាតិ និងនគរបាលបាត់ដំបង។ (ឯ ឯកឧត្តម) សៅ សុខា (ខាង)បាល់ទាត់ទៅ(មុខ)ហើយ។ ល្ងាចនេះ សូមរង់ចាំមើលការប្រកួតរវាងជម្រើសជាតិជប៉ុន និងជម្រើសជាតិកម្ពុជា ក្នុងការជម្រុះ World Cup នៅទីក្រុងភ្នំពេញ។ ចាញ់ឬឈ្នះ នាំគ្នាទៅគាំទ្រទាំងអស់គ្នាយើង។ មានអ្នកចូលមើលកីឡារាប់ម៉ឺននាក់ … ខ្មែរទាត់ជាមួយបរទេស ឬខ្មែរទាត់ជាមួយខ្មែរក្តី។ បើបានប៉ុណ្ណឹង ខ្ញុំគិតថាវិស័យកីឡារបស់យើងទៅមុខហើយៗ ក៏បង្ហាញនូវសាមគ្គីភាពជាមួយគ្នា។ និយាយរួម បើទោះបីគ្រាន់តែដើរទៅមើល ក៏បង្ហាញពីប្រទេសដែលមានសេចក្តីសុខ សន្តិភាពស្រេចទៅហើយ …។
មិនមានអុំទូកនៅភ្នំពេញ តែអាចមាននៅតាមខេត្ត
… សង្ឃឹមថា គ្រប់ប្រភេទកីឡាទាំងអស់ ទោះបីខ្ញុំរៀបរាប់មិនអស់ក៏ដោយ ខំបន្ត។ ទោះបីថា ឆ្នាំនេះអត់បានអុំទូកនៅភ្នំពេញ បើសិនជានាំគ្នាអុំទូកបាននៅតាមខេត្ត អុំទៅ។ … មានអ្នកណាមួយគេអាចចាត់តាំង នាំគ្នាអុំទៅ បើសិនជាអាចអុំបាន ប៉ុន្តែក្រែងលោមានខ្យល់គ ព្រោះឥឡូវកម្រិតទឹកនៅទាបកាន់តែខ្លាំងយកមែនទែនហើយ។ ពីនេះដល់ថ្ងៃទី ២៤ សល់មួយអាទិត្យទៀត។ (ទឹក)អាចនឹងចុះប្រហែលជា ៤ តឹក អីទៀត យ៉ាងតិច។ កំពស់ទឹកនេះមិនអាចអុំបាន។ ប៉ុន្តែតាមដឹង គឺមាន concert ច្រើនកន្លែង។ ហង្សមាស អាស៊ីអាគ្នេយ៍ បាយ័ន និងស្ថានីយ៍ទូរទស្សន៍មួយចំនួនផ្សាយ សង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជានឹងមកលេងទីក្រុងភ្នំពេញ (៣ ទូរទស្សន៍ហើយ មុខវត្តបុទម កោះពេជ្រ និងវត្តភ្នំ)។ BTV នៅវត្តបុទម។ មានបាញ់កាំជ្រួច។
… សូមបញ្ជាក់ជូនដែរថា បន្តិចទៀតយើងធ្វើពិធីហែក្បួន។ អញ្ចឹងបានជាសូមឲ្យសាធារណជនមេត្តាជា្រប។ (អ្នកខ្លះ)ថាលោកស្រី កែ ឡេង បានលេខ ១ ស្ងាត់ឲ្យឈឹង ហើយទៅធ្វើអត្ថាធិប្បាយថា មកពីលោកស្រី កែ ឡេង ចាស់ ឯ ស៊ន សៀវម៉ី នៅក្រមុំ។ ប៉ុន្តែ សូមសាកល្បងគិតជាមួយគ្នាមើល យើងកំពុងតែបុណ្យជាតិ បើដង្ហែលោកស្រី កែ ឡេង កាត់មកតាមវិមានឯករាជ្យ ក្នុងពេលវេលានៃបុណ្យជាតិហ្នឹង គេនឹងបន្ទោសទៅទៀត គេថានាយករដ្ឋមន្រ្តីល្ងង់ខ្លៅដែលយកលោកស្រី កែ ឡេង ដាក់ស្មើជាមួយនឹងព្រះបិតាជាតិនៅវិមានឯករាជ្យ។
រង្វាន់ ការឧបត្ថម្ភ និងឋានៈ ជូន លោកស្រី កែ ឡេង និងគ្រូបង្វឹក
ថ្ងៃនេះ បណ្ឌិត ហង់ ជួនណារ៉ុន ទើបនឹងមកពីថៃ។ តាមពិតទៅ គាត់ត្រូវអានសុន្ទរកថាទេ តែដោយសារទើបនឹងចុះពីលើយន្តហោះមកទីនេះតែម្តង បានជាគាត់អត់បានអានសុន្ទរកថា តែគាត់មកទាន់ពេល។ ដោយគិតថាក្រែងលោយូរ ឲ្យឯកឧត្តម ពិត ចំណាន ធ្វើការអានសុន្ទរកថា។ ហើយថ្ងៃនេះ សម្រាប់កីឡាការនី កែ ឡេង តាមអនុក្រឹត្យ គឺត្រូវទទួលបាន ១២០ លានរៀល ហើយជំនួយឧបត្ថម្ភពីខ្ញុំផ្ទាល់ គឺចំនួន ១ ម៉ឺនដុល្លារ ដូចពេលមុនដែរ។ លោក សុខ ម៉ុង ដែលជាគ្រូបង្វឹកកីឡាប៉េតង់នារី ចំនួន ១២០ លានរៀល ហើយថវិកាពីខ្ញុំបន្ថែម ៣ ពាន់ដុល្លារអាមេរិក។ សូមបញ្ជាក់ លើកទី ១ អត់មានទេ លើកទី ២ ដោយសារមេដាយមាស បានជូនលោកគ្រូ បើបានមេដាយមាសទី ៣ អាហ្នឹងថែមលើហ្នឹង។
… ដោយសារលោកស្រី កែ ឡេង បច្ចុប្បន្នជាអនុសេនីយ៍ឯក ខ្ញុំបានពិភាក្សាជាមួយនាយឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយនឹងចុះហត្ថលេខាល្ងាចនេះ តម្លើងពីអនុសេនីយ៍ឯក ទៅកាន់វរសេនីយ៍ត្រី។ អញ្ចឹងទេ បើសិនជាមួយខែក្រោយ ទៅយកមេដាយមាសសម្រាប់ជាតិមកមួយទៀត ពេលហ្នឹង រដ្ឋមន្ត្រីការពារជាតិត្រូវចុះហត្ថលេខាតម្លើងទៅជាវរសេនីយ៍ទោមួយសាទៀត។ មួយខែក្រោយទៀត ទៅយកបានមកទៀត ខ្ញុំនឹងចុះហត្ថលេខាលើអនុក្រឹត្យតម្លើងវរសេនីយ៍ឯក។ យកមកនេះមិនមែនសម្រាប់តែលោកស្រី កែ ឡេង និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែ សម្រាប់ជាតិទាំងមូល។ វាពិបាករកណាស់។
ក្រសួងពាក់ព័ន្ធពិភាក្សា រករូបមន្តតម្លើងឋានន្តរសក្តិ ជូនអ្នកដែលបានឈ្នះមេដាយមាស
ខ្ញុំក៏សូមស្នើឲ្យក្រសួងមុខងារសាធារណៈ ពិភាក្សាជាមួយក្រសួងអប់រំ យុវជន និងកីឡា និងគណកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្វើការពិចារណាផងដែរ។ មិនគ្រាន់តែបញ្ហាលោកស្រី កែ ឡេង នោះទេ ប៉ុន្តែ ខ្ញុំស្នើឲ្យគិតជាកញ្ចប់ សម្រាប់នគរបាល អាវុធហត្ថ ទាហានទូទៅ និងមន្រ្តីរាជការ ដែលជាកីឡាករ កីឡាការនី ហើយបានទៅប្រកួត តើ(ពានរង្វាន់)កម្រិតណាត្រូវបានយ៉ាងម៉េច? តម្លើងឋានៈយ៉ាងម៉េច? ឧទាហរណ៍ មន្រ្តីស៊ីវិលជានាយក្រមការថ្នាក់ទី ៧ អញ្ចឹងពេលដែលទទួលមេដាយមាសស៊ីហ្គេម យើងអាចតម្លើងទៅនាយក្រមការថ្នាក់ទី ៦ បានសេចក្តីថាឲ្យឡើងមួយថ្នាក់ ក្រោយពីពានរង្វាន់នេះ។ … សូមឯកឧត្តម ហង់ ជួនណារ៉ុន រួមគ្នាពិភាក្សាជាមួយក្រសួងមុខងារសាធារណៈ ដើម្បីយើងកម្រិតតែម្តងថា បើសិនជាទាហាន ពលបាលត្រី គឺពេលដែលគាត់ឈ្នះបានមេដាយមាស ក្នុងស៊ីហ្គេម យើងអាចឲ្យគាត់ឡើងពលបាលឯក។ ប៉ុន្តែ បើគាត់ឈ្នះនៅអាស៊ី ដូចជា ស៊ន សៀវម៉ី អាចឲ្យគាត់ឡើងទៅជានាយចំណង់ ឲ្យឡើង ២ ថ្នាក់ ហើយដល់ទៅកម្រិតពិភពលោកឡើង ៣ ថ្នាក់តែម្តង … បើថ្នាក់ចេញអនុសេនីយ៍មកហើយ បានន័យថា ម្តងបានតែមួយថ្នាក់ទេ ព្រោះបើឡើង ២ ថ្នាក់ ឬឡើង ៣ ថ្នាក់ ក្លាយទៅជាវរសេនីយ៍ឯកបាត់ទៅហើយ។ វាខុសក្បួនខ្នាត។
… សូមរៀបចំពិធីដើម្បីហែរក្បួនជូនដំណើរ ជាមួយនឹងការអបអរសាទរ នូវវីរៈកីឡាការនីរបស់យើង ដែលចាត់ទុកថាបាននាំភ័ព្វសំណាង និងជោគជ័យសម្រាប់ប្រជាជននៅទូទាំងប្រទេស។ ក៏មានន័យថាមេដាយដែលពាក់នៅទីនេះ គឺជាមេដាយដែលតំណាងឲ្យជាតិកម្ពុជាទាំងមូល ១៥ លាននាក់។ ថ្ងៃនេះ ក្នុងនាមព្រះមហាក្សត្រព្រះបរមនាថ នរោត្តមសីហមុនី និងរាជរដ្ឋាភិបាលនឹងបំពាក់មេដាយជូន។ មុននេះ លោកស្រីពាក់ត្រឹមតែមហាសេរីវឌ្ឍន៍ ប៉ុន្តែថ្ងៃនេះលោកស្រីនឹងទទួលបាននូវមេដាយក្នុងស្រុកថ្នាក់ជាតូប្បកា (ដែលជា)ថ្នាក់ខ្ពស់បំផុត។ … នៅពេលដែល ស៊ន សៀវម៉ី ទទួលសាជាថ្មីម្តងទៀត ក៏នឹងទទួលបានថ្នាក់ជាតូប្បកាដែរ។ សៀវម៉ី ត្រូវប្រឹង កុំទម្លាក់ ៧ គីឡូក្រាមហើយ ទៅវាយចាញ់គេ …។
ខ្ញុំសូមអរគុណចំពោះការចូលរួមនានារបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ដើម្បីធ្វើពិធីស្វាគមន៍វីរៈកីឡាការនីរបស់យើង ដែលទទួលជ័យលាភីមេដាយមាសកម្រិតពិភពលោកនៃកីឡាប៉េតង់។ ជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា សូមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លាតឡើយ៕