ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និង អង្គពិធីទាំងមូលជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំពិតជាមានកិត្តិយស និងមានសេចក្តីរីករាយ ដោយបានចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយ និង ដាក់ឱ្យអនុវត្ត «គោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ ២០១៥-២០២៥» ដែលជាគោលនយោបាយដ៏មានសារៈសំខាន់ និងសមស្របនឹងស្ថានការណ៍វិវត្តរបស់ព្រះរាជាណាចក្រកម្ពុជាយើង។
ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអង្គការវិជ្ជាជីវៈរបស់កម្មករ, និយោជិត និងនិយោជក ដែលបានសហការរៀបចំនូវគោលនយោបាយដ៏មានសារៈសំខាន់នេះឡើង។ ជារួម ខ្ញុំពិតជាមានការពេញចិត្ត និងមានមោទនភាព ដែលឯកសារ គោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារនេះ ត្រូវបានរៀបចំឡើងក្នុងភាពជាម្ចាស់ និងការទទួលខុសត្រូវខ្ពស់ពីសំណាក់កូនខ្មែរយើង ដែលមានសមាសភាពគ្រប់វ័យ ទាំងវ័យចំណាស់, ទាំងវ័យកណ្តាល, ទាំងវ័យក្មេង ដែលពោរពេញដោយសមត្ថភាពខ្ពស់, ថាមពល និងភាពច្នៃប្រឌិត។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍ ជាពិសេសអង្គការអន្តរជាតិខាងការងារ, សហគមន៍អឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសស៊ុយអែត ដែលបានផ្តល់ការគាំទ្រ និងផ្តល់មតិយោបល់ជាធាតុចូលសំខាន់ដល់ការរៀបចំឯកសារនេះ។
ជាការពិត ការប្រកាសដាក់ឱ្យអនុវត្តនូវ «គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ» នេះ គឺជាការចាំបាច់បំផុត ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ ដែលបានកំណត់ជាឤទិភាពនូវការរៀបចំគោលនយោបាយនេះ សំដៅឈានទៅសម្រេចបានកំណើនប្រកបដោយចីរភាព, ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងភាពសុខដុមរមនាក្នុងសង្គម តាមរយៈការបង្កើនឱកាសការងារសមរម្យ ប្រកបដោយផលិតភាពជូនប្រជាពលរដ្ឋគ្រប់រូប។ ទន្ទឹមនេះ ការដាក់ចេញនូវគោលនយោបាយនេះ ក៏មានភាពប្រទាក់ក្រឡា និងបំពេញឱ្យគ្នាទៅវិញទៅមកជាមួយ «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥» ដែលបានដាក់ឱ្យអនុវត្តនាពេលថ្មីៗនេះ ដែលក្នុងនោះ មិនត្រឹមតែមានចក្ខុវិស័យជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម័្ពន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសំដៅផ្លាស់ប្តូរពីឧស្សាហកម្ម ដែលមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ព្រមទាំងលើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាពការងារទៀតផង។
ជារួម ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងទៅនេះ យើងមិនត្រឹមតែរក្សាបានយ៉ាងរឹងមាំនូវស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យមានការរីកចម្រើនគួរជាទីមោទនៈលើគ្រប់វិស័យ ទាំងវិស័យនយោបាយ, សេដ្ឋកិច្ច និងសង្គមទៀតផង។ ក្នុងនោះ ការបែងចែកផលនៃកំណើនបានដល់ប្រជាជនគ្រប់រូប ជាពិសេសលទ្ធភាពនៃការទទួលបាននូវការងារធ្វើ, ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ និងចំណូលកាន់តែប្រសើរឡើង បានរួមចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយអត្រាភាពក្រីក្ររបស់ប្រជាជន។ ជាមួយនេះ តាមរយៈការខិតខំពុះពារ និងផ្តល់ឤទិភាពវិនិយោគលើធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការចាប់ផ្តើមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច យើងឤចបង្កើតឱកាសការងារសម្រាប់កម្លាំងពលកម្ម ដែលបានកើនឡើងប្រមាណ ២ ម៉ឺន ៣ សែននាក់ ក្នុងមួយឆ្នាំៗ។ ឈរលើមូលដ្ឋាននេះ អត្រាគ្មានការងារ ធ្វើត្រូវបានកាត់បន្ថយមកត្រឹមក្រោម ១% ។ ក្នុងនោះ ស្ត្រី, យុវជន, ជនពិការ និងជនងាយរងគ្រោះ ត្រូវបានផ្តល់ឱកាសកាន់តែប្រសើរក្នុងការចូលរួមក្នុងទីផ្សារការងារ។ លើសពីនេះ ដើម្បីជំរុញលើកកម្ពស់លក្ខខណ្ឌការងារស្របតាមបទដ្ឋានការងារអន្តរជាតិ យើងបានឈានមុខគេក្នុងតំបន់ ក្នុងការផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិការងារចំនួន ១៣, រួមទាំងអនុសញ្ញាស្នូលទាំង ៨, ហើយក៏បានអនុវត្តគោលនយោបាយពាណិជ្ជកម្មផ្សារភ្ជាប់លក្ខខណ្ឌការងារ តាមរយៈកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជាផងដែរ។
ព្រមជាមួយនេះ ក្នុងស្មារតីធានាការពារជីវភាពរបស់កម្មករ និយោជិត ព្រមទាំងបង្កើតយន្តការចរចាប្រកប ដោយតម្លាភាព និងឈរលើមូលដ្ឋានវិទ្យាសាស្ត្រ រាជរដ្ឋាភិបាលបានដឹកនាំសម្របសម្រួលក្រោមយន្តការត្រីភាគី, បង្កើតឡើងនូវគោលការណ៍ និងរូបមន្តគណនាប្រាក់ឈ្នួលអប្បបរមាឈរលើបទដ្ឋានអន្តរជាតិ និងទទួលយកដោយគ្រប់ភាគី។ លើមូលដ្ឋាននេះ ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករ និយោជិត ផ្នែកវាយនភណ្ឌ,កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ ២០១៦ ត្រូវបានដំឡើងពី ១២៨ ដុល្លារ ទៅ ១៤០ ដុល្លារ ក្នុងមួយខែ។ បើគិតរួមទាំងអត្ថប្រយោជន៍ផ្សេងដែលមានស្រាប់, ជាមធ្យមកម្មករនិយោជិតម្នាក់ៗ ទទួលបានប្រាក់ចំណូលយ៉ាងតិចពី ១៥៧ ដុល្លារ ដល់ ១៦៨ ដុល្លារឤមេរិក ក្នុងមួយខែ។
ទន្ទឹមនេះ លទ្ធផលគួរជាទីមោទនៈក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធ្វើឱ្យការប្រមូលចំ ណូលគ្រប់ប្រភេទមានការកើនឡើង ជាមួយនឹងប្រសិទ្ធិភាពនៃចំណាយសាធារណៈកាន់តែត្រូវបានពង្រឹង ទាំងក្នុងកម្រិតវិភាជន៍ ទាំងក្នុងកម្រិតបច្ចេកទេស និងប្រតិបត្តិការ។ តាមរយៈនេះ ក្រៅពីការដំឡើងបៀវត្ស និងការបើកប្រាក់បៀវត្សបានទាន់ពេលវេលាក្នុងសប្តាហ៍ទី ៤ នៃខែនីមួយៗ តាមប្រព័ន្ធធនាគារជូនមន្ត្រីរាជការ, កងកម្លាំងប្រដាប់ឤវុធ និងនិវត្តជន ពិសេស គ្រូបង្រៀន និងគ្រូពេទ្យ យើងក៏បានធើ្វការកែទម្រង់ប្រព័ន្ធបៀវត្ស និងក្របខណ្ឌ ដើម្បីផ្តល់នូវការលើកទឹកចិត្ត និងអត្ថប្រយោជន៍មួយចំនួនជូនមន្រី្តរាជការបន្ថែមទៀត។ ជាមួយនេះ ក្នុងការជួយលើកកម្ពស់ជីវភាពមន្រី្តរាជការ និងកម្មករ និយោជិត រាជរដ្ឋាភិបាលបានធ្វើវិសោធនកម្មច្បាប់សារពើពន្ធ, ដំឡើងកម្រិតប្រាក់បៀវត្សលើកលែងពន្ធទៅ ៨ សែនរៀល, អនុវត្តនូវវិធានការបន្ថយថ្លៃ និងតបណ្តាញការផ្គត់ផ្គង់អគ្គិសនី និងទឹក តាមផ្ទះជួល សម្រាប់កម្មករ និងសិស្ស-និស្សិត ព្រមទាំងជំរុញការបញ្ចុះថ្លៃប្រេងឥន្ទនៈ និងការបង្កើតច្បាប់សម្រាប់ការគ្រប់គ្រងការជួលផ្ទះ ជាដើម។
ទាំងអស់នេះ បានឆ្លុះបញ្ចាំងពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ និងជាប្រចាំរបស់រាជរដ្ឋាភិបាល នៅក្នុងវិស័យការងារ និងជីវភាពរស់នៅរបស់ប្រជាជន។
(សេចក្តីអធិប្បាយ)
… អនុញ្ញាតឲ្យខ្ញុំសំដែងនូវការកោតសរសើរចំពោះ ក្រសួងរ៉ែ និងថាមពល ក៏ដូចជាក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលកន្លងទៅនេះ បានខិតខំជួយតនូវបណ្តាញអគ្គិសនីចូលទៅដល់ផ្ទះជួលសម្រាប់កម្មករ ដែលប្រើក្នុងតម្លៃត្រឹមតែ ៦១០ រៀលតែប៉ុណ្ណោះ។ តម្លៃទឹកទៀតសោត ក៏ត្រូវបានបញ្ចុះយ៉ាងច្រើន។ ដូច្នេះ អត្ថប្រយោជន៍នៃការតម្លើងប្រាក់បៀវត្សសម្រាប់កម្មករ កម្មការនី របស់យើង គឺមិនបានបង់ថ្លៃលើស លើអគ្គិសនី និងថ្លៃទឹកនោះទេ។ ដូច្នេះ ចំនួនប្រាក់ដែលនៅសេសសល់ គឺបានច្រើនជាងពេលមុន …។
ទន្ទឹមនោះ យើងក៏ពិនិត្យឃើញមានបញ្ហាប្រឈមថ្មីៗ និងតម្រូវការដោះស្រាយ ក្នុងវិស័យការងារនេះផងដែរ ក្នុងនោះរួមមាន ៖
១. កំណើនការងារភាគច្រើនកើតក្នុងវិស័យកសិកម្ម និងវិស័យក្រៅប្រព័ន្ធ ដោយសារមូលដ្ឋានកំណើននៅមានលក្ខណៈតូចចង្អៀតពឹងផ្អែកតែលើវិស័យសំណង់, កសិកម្ម, វាយនភណ្ឌ, កាត់ដេរ និងទេសចរណ៍ ដែលស្រូបយកបានតែមួយកម្រិតនូវកម្លាំងពលកម្មគ្មានជំនាញ ហើយទទួលមកវិញនូវបទពិសោធន៍ការងារ និងជំនាញតិចតួច។
២. ភាពចាំបាច់ក្នុងការបំពាក់ជំនាញសមស្របដល់កម្លាំងពលកម្មវ័យក្មេងរបស់យើង ខណៈពួកគេមានជំនាញក្នុងកម្រិតទាប ហើយត្រូវឈានចូលទីផ្សារការងារនាអនាគត ក្នុងប្រព័ន្ធសេដ្ឋកិច្ចប្រកបដោយជវភាព និងពិពិធកម្មដ៏សកម្ម ព្រមទាំងត្រូវផ្តល់ឱកាសដល់យុវជនដែលកំពុងធ្វើការ ឬចាកចេញពីវិស័យកសិកម្ម ទៅក្នុងវិស័យផ្សេងទៀត។
៣. ភាពចាំបាច់ក្នុងការបន្តបង្កើនការវិនិយោគលើវិស័យសុខាភិបាល, អប់រំ និងបណ្តុះបណ្តាលជំនាញនៅ តាមជនបទ ព្រមទាំងពង្រឹងការសម្របសម្រួលផ្នែកគោលនយោបាយតាមវិស័យ និងថ្នាក់ក្រោមជាតិ, ការវិភាគ និងផ្សព្វផ្សាយព័ត៌មានទីផ្សារការងារទាន់ពេលវេលា និងការលើកកម្ពស់លក្ខខណ្ឌការងារនៃវិស័យឤទិភាព សំដៅធានាឱ្យកម្លាំងពលកម្មដែលមានជំនាញ និងបទពិសោធន៍ទទួលបានចំណូលកាន់តែប្រសើរពីការងារ។
៤. ការត្រៀមលក្ខណៈពេញលេញ សំដៅទាញយកប្រយោជន៍ពីកម្លាំងពលកម្មជំនាញ, ពាក់កណ្តាលជំនាញ និងកម្រិតជំនាញទាបចល័ត ដែលឤចជំរុញឱ្យមានអតុល្យភាពប្រជាសាស្ត្រក្នុងសហគមន៍សេដ្ឋកិច្ចឤស៊ាន ដោយត្រូវគ្រប់គ្រងផលប៉ះពាល់អវិជ្ជមានមកលើពលករក្នុងស្រុក និងទេសន្តប្រវេសន៍ តាមរយៈការដាក់ចេញនូវវិធានការទីផ្សារការងារ និងការគាំពារសង្គមជាដើម។
(សេចក្តីអធិប្បាយ)
… ខ្ញុំសូមទាក់ទាញការចាប់អារម្មណ៍ទាំងអស់គ្នា។ បន្ទាប់ពីថ្ងៃ ៣១ ខែធ្នូនេះទៅ សហគមន៍សេដ្ឋកិច្ចអាស៊ាន(នឹងដំណើរការ ដែល) លំហូរទាំងទំនិញ សេវា ពលកម្ម នឹងត្រូវចាប់ផ្តើម។ ដូច្នេះ យើងត្រូវតាមដានឲ្យដិតដល់អំពីបញ្ហានេះ។ ជួនកាលយើងហូរចេញពលកម្មជំនាញទៅក្រៅច្រើន (ធ្វើអោយ)ខ្វះពលកម្មជំនាញក្នុងស្រុក។ និយាយពីលំហូរពលកម្ម សាំងហ្គាពួរ និងម៉ាឡេស៊ី បាននិយាយពាក្យថា លំហូរពលកម្មជំនាញ ពលករជំនាញ។ (គេប្រើ)ពាក្យជំនាញ។ ឯសម្រាប់ពលកររបស់យើង ភាគច្រើនមិនមានជំនាញទេ។ នេះក៏ជាចំណុចដែលយើងត្រូវតាមដានដោយដិតដល់ ពេលដែលយើងត្រូវចាប់ផ្តើម។ តើអ្វីដែលវានឹងកើតឡើង? តើយើងតម្រង់ទិសបែបណា នៅពេលនោះ? ពិតមែនថាយើងដឹងសញ្ញាខ្លះៗ រួចមកហើយដែរ បានជាយើងខិតខំធ្វើកិច្ចការទាំងអស់នេះ …។
៥. ការទប់ស្កាត់ការបាត់បង់ដ៏ឆាប់រហ័សនូវភាពប្រកួតប្រជែង ដែលបណ្តាលមកពីកំណើនប្រាក់ឈ្នួលក្នុងស្រុក មិនស្របនឹងកំណើនផលិតភាពការងារដែលជាបច្ច័យនៃការធ្វើទេសន្តប្រវេសន៍ការងារ។
(សេចក្តីអធិប្បាយ)
… នេះក៏ជាចំណុចមួយ ដែលត្រូវធ្វើការពិចារណាឲ្យបានដិតដល់។ ប្រសិនបើកម្ពុជារបស់យើងទៅហួសហេតុពេក ប្រហែលជារោងចក្រដែលយើងកំពុងតែមាននៅពេលនេះ គឺនឹងអាចបាត់បង់មួយផ្នែកណានោះ ទៅកាន់ប្រទេសដទៃ ដែលបានប្រាក់ឈ្នួលទាបជាងយើង។ គោលនយោបាយឧស្សាហកម្មរបស់យើងដាក់ចេញមក មានគោលដៅធ្វើយ៉ាងម៉េចឲ្យឧស្សាហកម្មនោះ មានតម្លៃបន្ថែមខ្ពស់ជាងនេះ។ អាចនិយាយបានតាមរបៀបថា ផ្ទេរពីការអភិវឌ្ឍឧស្សាហកម្មបែបអតិពលកម្ម ទៅជាឧស្សាហកម្មបង្កើតតម្លៃបន្ថែម មានន័យថា សព្វថ្ងៃមកនេះ យើងបានប្រឹងប្រែងទាញយកឧស្សាហកម្មដែលប្រើកម្លាំងពលកម្មច្រើន។ ប៉ុន្តែ យើងអត់បោះបង់ចោលទេ។ រក្សាចាស់ បង្កើតថ្មី។ គោលដៅរបស់យើង កៀងយកឧស្សាហកម្ម ដែលអាចផ្តល់នូវផលប្រយោជន៍ច្រើនទៅលើការបង្កើតតម្លៃបន្ថែម ដែលក្នុងនោះប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុករបស់យើង ហើយនិងឧស្សាហកម្ម ដែលមានចរិតជាឧស្សាហកម្មអន្តរជាតិ ដូចជាការតម្លើងនូវបច្ចេកវិទ្យាស្រុកខ្មែរយើង ដែលខ្ញុំធ្លាប់និយាយពីម៉ូទ័រ ឬក្បាលម៉ាស៊ីនរថយន្តអីជាដើម ដែលផលិតនៅស្រុកខ្មែរ ហើយនាំចេញទៅរៀបចំតាមបណ្តាប្រទេសដទៃទៀត …។
៦. ភាពចាំបាច់ក្នុងការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និងស្ថាប័នទីផ្សារការងារ ឱ្យដំណើរការដោយប្រសិទ្ធិភាព និងភាពសុខដុម ក្នុងការដោះស្រាយវិវាទ និងការបែងចែកផលនៃកំណើនសេដ្ឋកិច្ចរវាងកម្មករ, និយោជិត និងនិយោជក។
ដើម្បីជំនះបាននូវបញ្ហាប្រឈម ព្រមទាំងទាញយកផលជាអតិបរមាពីសក្តានុពលខាងលើ សំដៅធានាបាននូវកំណើនប្រកបដោយចីរភាព រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ ២០១៥-២០២៥ នេះ ដោយមានគោលបំណងសំខាន់ ៣ គឺ (១) ការបង្កើនឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ (២) ការជំរុញការអភិវឌ្ឍជំនាញ និងធនធានមនុស្ស និង (៣) ការពង្រឹងអភិបាលកិច្ចទីផ្សារការងារ។
ដោយឡែក ជាមួយនឹងការរៀបចំឡើងឱ្យមានភាពស៊ីចង្វាក់គ្នាទៅនឹង គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ គោលនយោបាយនេះ មិនត្រឹមតែជាមគ្គុទេសក៍ជំរុញការអភិវឌ្ឍវិស័យមុខរបរ និងការងារនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្របខណ្ឌរួមមួយសម្រាប់ស្ថាប័នពាក់ព័ន្ធនានា ធ្វើសកម្មភាពដោយមានការសម្របសម្រួលទៅតាមគោលដៅរួម និងមានការទទួលខុសត្រូវច្បាស់លាស់ទៀតផង។
ការដាក់ចេញនូវឯកសារនេះ គឺជាជំហានងាយស្រួលមួយ ប៉ុន្តែ ការលំបាក និងបញ្ហាប្រឈមក៏នៅមានច្រើនទៀត ក្នុងការអនុវត្តជាក់ស្តែង។ ក្នុងស្មារតីនេះ ដើម្បីឱ្យការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ នេះ ឱ្យកាន់តែសកម្ម, មានប្រសិទ្ធិភាព ខ្ញុំសូមណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវធ្វើការតាមដាន និងវិភាគជាទៀងទាត់, រៀងរាល់មួយឆ្នាំ ម្តងអំពីដំណើរការម៉ាក្រូសេដ្ឋកិច្ច ដោយផ្តោតសំខាន់លើការបង្កើតឱកាសការងារសមរម្យ និងមានផលិតភាពខ្ពស់ដល់ពលរដ្ឋកម្ពុជា។ ក្នុងនោះ ត្រូវរៀបចំឱ្យមានកិច្ចសន្ទនាគោលនយោបាយ, វេទិកាអន្តរក្រសួងអំពីវឌ្ឍនភាពនៃការបង្កើនឱកាសការងារសមរម្យ និងមានផលិតភាព។
ជាមួយនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបំពេញភារកិច្ចជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការសម្របសម្រួល, តាមដានត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្ត ព្រមទាំងរៀបចំរបាយការណ៍ប្រចាំឆមាស, ប្រចាំឆ្នាំ ជូនរាជរដ្ឋាភិបាល ស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈមនានាដែលកើតឡើងក្នុងការអនុវត្តដោយផ្អែកលើគោលដៅ និងសូចនាករដែលបានកំណត់។ ទន្ទឹមនេះ ត្រូវសម្របសម្រួលរៀបចំផែនការសកម្មភាព ដោយមានក្របខណ្ឌពេលវេលាជាក់លាក់, សូចនាករលទ្ធផលឤចវាស់វែងបាន និងការប៉ាន់ស្មានអំពីតម្រូវការធនធានសម្រាប់ការអនុវត្ត ព្រមទាំងផ្សារភ្ជាប់ទៅវិញទៅមកជាមួយគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥។
មុននឹងបញ្ចប់ ខ្ញុំសូមណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងសូមអំពាវនាវដល់និយោជក, អង្គការសហជីព, អង្គការវិជ្ជាជីវៈ, ដៃគូអភិវឌ្ឍ ពិសេសអង្គការអន្តរជាតិខាងការងារ សូមបន្តផ្តល់នូវកិច្ចសហការ និងការគាំទ្រដល់ការអនុវត្ត គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ ២០១៥-២០២៥ នេះ ប្រកបដោយសុឆន្ទៈ និងមនសិការ, ភាពជាម្ចាស់, ការទទួលខុសត្រូវ និងមានកិច្ចខិតខំប្រឹងប្រែង រួមចំណែក និងផ្តល់កិច្ចសហប្រតិបតិការល្អ ដើម្បីឱ្យការអនុវត្តគោលនយោបាយនេះ សម្រេចបានជោគជ័យតាមការរំពឹងទុក, ធ្វើឱ្យមូលដ្ឋានសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ និងផ្តល់ផ្លែផ្កាច្រើនថែមទៀត ដល់សង្គម-សេដ្ឋកិច្ចកម្ពុជា។
នៅទីបញ្ចប់ ជាមួយនឹងការផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្ត «គោលនយោបាយជាតិស្តីពីមុខរបរ និង ការងារឆ្នាំ ២០១៥-២០២៥» នាពេលនេះ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងអង្គពិធីទាំងមូល សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕