នៅក្នុងពិធី ចែកសញ្ញាប័ត្រ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ថ្ងៃ ១៣ សីហា ឆ្នាំ ២០១៥ សម្តេចតេជោ ហ៊ុន សែន បានធ្វើសង្កថា លើកឡើងនូវចំណុចសំខាន់ៗ មួយចំនួន។ កម្ពុជាទស្សនៈថ្មី សូមធ្វើការដកស្រង់ជូននូវចំណុច និងប្រសាសន៍ខ្លះ ដូចតទៅ៖
ការមិនយកពន្ធត្រួតគ្នា ក្នុងវិស័យអប់រំ
… យើងក៏បានគិតគូរអំពីបញ្ហាទាំងឡាយដែលមានការពាក់ព័ន្ធ ឧទាហរណ៍ បញ្ហាការមិនយកពន្ធត្រួតគ្នា។ ការមិនយកពន្ធត្រួតគ្នានេះ គឺក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក៏បានលើកសំណើមកនាយករដ្ឋមន្រ្តី ដើម្បីធ្វើការចរចាជាមួយនឹងប្រទេសជាដៃគូ ដែលចាប់ផ្តើមពីបណ្តាប្រទេសអាស៊ាន និងអាស៊ាន បូក ៣។ ហេតុអីបានជាការមិនយកពន្ធត្រួតគ្នា វាពាក់ព័ន្ធមកដល់វិស័យអប់រំដែរ? ជាទម្លាប់ធម្មតា គឺគេតែងយកពន្ធលើប្រាក់ខែ។ អញ្ចឹង ប្រសិនជាសាស្រ្តាចារ្យ គ្រូបង្រៀន ឬអ្នកស្រាវជ្រាវនានា គេមកស្រាវជ្រាវនៅក្នុងប្រទេសរបស់យើង ឯណាបង់ពន្ធឲ្យយើងផង ឯណាបង់ពន្ធឲ្យប្រទេសដើមផង វាជាបន្ទុកធ្ងន់ធ្ងរមួយសម្រាប់សាស្រ្តាចារ្យ ឬគ្រូបង្រៀន(ទាំងនោះ) …។ ដូច្នេះ ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក៏បានស្នើសុំមកនាយករដ្ឋមន្រ្តី ដើម្បីដាក់ចូលជាមុខសញ្ញាអាទិភាព នៃការដោះស្រាយបញ្ហាការមិនយកពន្ធត្រួតគ្នា។
… យើងចង់បានគ្រូល្អៗ សាស្រ្តាចារ្យល្អៗ យើងចង់បានអ្នកសិក្សាស្រាវជ្រាវល្អៗ មកកាន់ប្រទេសរបស់យើង។ ដូច្នេះ យើងក៏អាចពិនិត្យមើលអំពីការលើកលែងពន្ធ ថាបើជាប់ពន្ធឲ្យជាប់នៅក្នុងប្រទេសគេនោះចុះ កុំមកជាប់ពន្ធថែមនៅក្នុងប្រទេសរបស់យើង …។ អញ្ចឹងទេ ដើម្បីចៀសវាងស្ថានការណ៍បង់ពន្ធត្រួតគ្នានេះ គឺយើងក៏ដាក់បញ្ហាសាស្រ្តាចារ្យ អ្នកស្រាវជ្រាវ ដែលមកស្រាវជ្រាវនិងបង្រៀននៅក្នុងប្រទេសរបស់យើង ទៅក្នុងប្រធានបទនៃកិច្ចព្រមព្រៀងការមិនយកពន្ធត្រួតគ្នា ហើយចាប់ផ្តើមជំហានដំបូង អាស៊ាន ទាំង ១០ និងអាស៊ានបូក ៣ ដែលមានជប៉ុន កូរ៉េខាងត្បូង ហើយនិងចិន។ ប៉ុន្តែ យើងក៏អាចពិនិត្យពង្រីកវិសាលភាព …។ … រដ្ឋសុខចិត្តទទួលការបង់ខាតលើបញ្ហាបង់ពន្ធ លើប្រាក់បៀវត្សរបស់គ្រូបង្រៀន សាស្រ្តាចារ្យ ដែលមកបង្រៀនក្នុងប្រទេសយើង ដែលមានកិច្ចព្រមព្រៀង ជាមួយយើង លើបញ្ហាមិនបង់ពន្ធត្រួត … តែមានទៅមានមក។ មិនយកពន្ធត្រួតទាល់តែមានកិច្ចព្រមព្រៀង។ បើគ្មានកិច្ចព្រមព្រៀងទេ ពន្ធគឺនៅអនុវត្តធម្មតា។ នោះក៏ចាត់ទុកថាជាផ្នែកមួយ នៃ ការខិតខំរបស់យើង ដើម្បីយើងជម្រុញការបណ្តុះបណ្តាលធនធានមនុស្សឲ្យកាន់តែខ្លាំង។
គ្មានប្រឡងបាក់ឌុបលើកទី ២ បើសិនជាមានការធ្លាក់ច្រើនក៏ដោយ
… យើងពិតជាមានមោទនភាព នៅក្នុងដំណាក់កាលប៉ុន្មានឆ្នាំចុងក្រោយ ពីវឌ្ឍនភាពរបស់យើង ចំពោះការខិតខំធ្វើកំណែទម្រង់ ពាក់ព័ន្ធជាមួយនឹងបញ្ហាឧត្តមសិក្សា ក៏ដូចជាបញ្ហាចំណេះទូទៅ។ ឥឡូវ គ្រូកំពុងតែធ្វើកំណែលើការប្រឡងមធ្យមសិក្សាបឋមភូមិ។ បន្តទៅទៀតយើងនឹងឈានទៅដល់ការប្រឡងមធ្យមសិក្សាទុតិយភូមិ។ ឆ្នាំនេះ មានចលនាផុលផុស ជាពិសេសក្រុមយុវជន ដែលបានចូលរួមនៅក្នុងការបំប៉ន តាមរយៈនៃការប្រឹងប្រែងរបស់គ្រូទាំងឡាយ ជួយសិស្សនៅមុនការប្រឡង។ ឆ្នាំនេះ បើទោះ(ធ្លាក់)ប៉ុន្មាន ក៏អត់ប្រឡងលើកទី ២ ដែរ ព្រោះបានជូនដំណឹងជាងមួយឆ្នាំហើយ។
… កំណែទម្រង់មួយនេះ មិនមែនគ្រាន់តែបញ្ហាធ្វើឲ្យកូនសិស្សថ្នាក់ទី ១២ មានការខិតខំប៉ុណ្ណោះទេ ក៏ប៉ុន្តែតាំងពីការចាប់ផ្តើម គឺធ្វើឲ្យពួកគេប្រឹងទៅហើយ ហ្នឹងមួយផ្នែក។ មួយផ្នែកទៀតក្រុមគ្រួសារទាំងមូល ត្រូវខិតខំ អប់រំកូន ណែនាំកូន ប្រឹងឲ្យកូនរៀន រហូតទៅដល់សហគមន៍ … ព្រោះគេចង់ឲ្យ ភូមិ ឃុំ របស់គេ និងសាលា ជាពិសេសគឺតាមវិទ្យាល័យរបស់គេ មានសិស្ស(ប្រឡង)ជាប់ច្រើន។ នេះមិនមែនគ្រាន់តែរឿងប្រឡងបាក់ឌុបមួយដាច់ដោយឡែកទេ ប៉ុន្តែមានអន្តរសកម្មលើពហុវិស័យ/ផ្នែក អាចថាសង្គមទាំងមូលតែម្តង។
ក្រសួងសុខាភិបាល បន្តចេញសញ្ញាបត្រជូននិស្សិតពេទ្យ
… មានសំណើពីគ្រឹះស្ថានសិក្សាឧត្តមសិក្សាឯកជន សុំឲ្យផ្ទេរការចេញសញ្ញាបត្រ(ជូននិស្សិតពេទ្យ)របស់ក្រសួងសុខាភិបាលមកនៅក្រសួងអប់រំ(វិញ)។ … ខ្ញុំគិតមើលចុះមើលឡើងថា រឿងនេះ វាគ្រាន់តែជាបញ្ហាពេលវេលាទេ។ បើផ្ទេរមកគឺខុសហើយ … ព្រោះមុខជំនាញពេទ្យនេះ មិនមែនជាមុខជំនាញធម្មតាទេ។ មុខជំនាញនេះដាច់ខាត ត្រូវតែទទួលការត្រួតពិនិត្យជាប្រចាំពីក្រសួងសុខាភិបាលតែម្តង។ ដូច្នេះ មិនអាចផ្ទេរឲ្យក្រសួងអប់រំទៅត្រួតពិនិត្យទេ។ … បើគ្រាន់តែមូលហេតុយឺត ក្រសួងសុខាភិបាលនៅនេះស្រាប់ហើយ … ពន្លឿនឲ្យលឿនទៅ។ … កសិកម្មមានសាលា ពាណិជ្ជកម្មមានសាលា ហើយហិរញ្ញវត្ថុក៏មានសាលា។ … ខ្ញុំឃើញ Fresh News ផ្សាយម្តងហើយតាំងពីខ្ញុំនៅ Singapore … ថាគ្រឹះស្ថានឯកជន បានស្នើសុំនាយករដ្ឋមន្រ្តីអន្តរាគមន៍ឲ្យផ្ទេរខាងពេទ្យមកក្រសួងអប់រំ។ … (បើ)បញ្ហាស្ថិតនៅត្រង់ថាយឺតនាំគ្នាកែឲ្យលឿនតែប៉ុណ្ណឹងតើ។
ហើយថ្ងៃនេះ ខ្ញុំសុំអបអរសាទរផងដែរ ជាមួយនឹងជ័យលាភីដែលទទួលនូវសញ្ញាបត្រថ្ងៃនេះ ។ … ហើយយោងតាមរបាយការណ៍របស់លោកស្រី សាកលវិទ្យាធិការ បានឲ្យឃើញថា … បរិញ្ញាបត្រជាន់ខ្ពស់មាន ការងារធ្វើមួយរយភាគរយ ដល់បរិញ្ញាបត្រមានត្រឹម ៨៣ ភាគរយ។ ខ្ញុំថា បរិញ្ញាបត្ររងគឺសំខាន់ គឺគេរកអ្នកឯកទេស។ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបរិញ្ញាបត្ររង ត្រូវបន្តធ្វើ ហើយ(កម្រិតសិក្សានេះ)ងាយរកការងារធ្វើ … មិនទាមទារលក្ខខណ្ឌខ្ពស់។ ប៉ុន្តែ (បើ)យើងកាន់តែជំនាញ យើងកាន់តែទទួលផល។ (សូម)អំពាវនាវចំពោះព្រះតេជព្រះគុណ ចំពោះក្មួយៗ ប្អូនៗជានិស្សិត បន្តការខិតខំទៀត។ មិនទាន់ចប់ត្រឹមហ្នឹងទេ។ ត្រូវរៀនបន្តទៀត។ … គ្រូក៏ត្រូវតែរៀនដែរ។ បើមិនរៀនទេ កូនសិស្សទៅមុខ គ្រូនៅពីក្រោយវិញម្តង។ សភាពការណ៍(វិវត្ត)លឿនរាល់ថ្ងៃ។ មេដឹកនាំនៅខាងលើ(វេទិកា) តែខានមើលតែបន្តិច សភាពការណ៍ដើរទៅខាងមុខបាត់ហើយ។ .
គុណភាពអប់រំ៖ អ្នករៀនក្នុងប្រទេស បាននាំកិត្តិយសមកប្រទេសជាតិ
… ពាក់ព័ន្ធជាមួយនឹងការបណ្តុះបណ្តាលនេះ (យើង)ត្រូវប្រឹងបន្ត ហើយត្រូវឃើញ ប្រទេសនិមួយៗ រីកចម្រើនទៅមុខបាន ឬមិនបាន គឺអាស្រ័យទៅលើធនធានមនុស្ស។ សូមកុំ(យល់)ថា ឲ្យតែបានទៅរៀននៅក្រៅប្រទេស ទើបចាត់ទុកថាខ្លាំង។ ខ្ញុំមានការសោកស្តាយណាស់ នៅពេលដែលមនុស្សមួយចំនួនបាននិយាយថា គុណភាពអប់រំនៅកម្ពុជាខ្សោយណាស់ ក្នុងពេលអ្នកទាំងនោះរៀននៅក្នុងមហាវិទ្យាល័យរបស់កម្ពុជា។ … អ្នកទាំងហ្នឹងរៀនបឋមនៅកម្ពុជា មធ្យមនៅកម្ពុជា មហាវិទ្យាល័យនៅកម្ពុជា រួចហើយ(និយាយ)ថា ការបណ្តុះបណ្តាលនៅកម្ពុជាពុករលួយ គុណភាពខ្សោយ …។
… ខ្ញុំមានមោទនភាពជាមួយនឹងនិស្សិតរបស់កម្ពុជា។ ពិតមែនហើយ កូនរបស់ខ្ញុំរៀននៅក្រៅប្រទេស។ ខ្ញុំមិនបង្អាប់កូនរបស់ខ្ញុំទេ។ ក៏ប៉ុន្តែ ខ្ញុំអាចនិយាយបានថា ទោះបីកូនខ្ញុំរៀននៅក្រៅប្រទេស ក៏អត់មានអ្វីខ្លាំងលើសពីនិស្សិតដែលខ្ញុំចែកសញ្ញាបត្រនៅទីនេះដែរ។ ខ្ញុំមានកូនរៀនចប់ថ្នាក់បណ្ឌិត ថ្នាក់អនុបណ្ឌិត និងមានថ្នាក់បរិញ្ញា បានសេចក្តីថា ១០ នាក់ជុំវិញខ្លួន គឺសុទ្ធតែថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាទាំងអស់។ … ប៉ុន្តែ នៅពេលដែលខ្ញុំជួបប្រាស្រ័យការងារជាមួយកូន និងជួបប្រាស្រ័យការងារជាមួយនឹងនិស្សិតដែលបណ្តុះបណ្តាលក្នុងប្រទេស អត់មានអីខុសគ្នាផង។ ហើយពិបាកជាងទៀតនៅត្រង់ថា មួយផ្ទះសុទ្ធតែអង់គ្លេស … ហើយមានតែ ម៉ែ និងឪ ជីដូន និងជីតាទេ ដែលនិយាយភាសាខ្មែរ ក្រៅពីនោះនិយាយអង់គ្លេសទាំងអស់ … ជួនកាលភ្លេច(ភាសា)ខ្មែរ។ បញ្ជូន(កូន)ទៅ(រៀន)ក្រៅ(ប្រទេសទាំងអស់) មានតែមួយទេ ដែលជាប់បាក់ឌុបនៅសាលាស៊ីសុវត្ថិហើយ ទើបបញ្ជូនទៅ(រៀននៅ)ក្រៅ(ប្រទេស) (គឺ)ម៉ាណែត …។
… អោយតែ(មានសិស្សកម្ពុជា) ទៅ(ប្រលង)អូឡាំព្យា (Olympiad) ជាប់ សុខចិត្តកាត់ចោល(ការជួបភ្ញៀវ ទោះ)ថ្នាក់រដ្ឋមន្រ្តី ក៏កាត់ដែរ យកពេលមកទទួលក្មួយៗ ចៅៗ ព្រោះទៅប្រឡងខ្នាតអន្តរជាតិ ខ្នាតតំបន់ ខ្នាតពិភពលោក បានទទួលមេដាយនាំមកប្រទេសជាតិ។ នោះជាមោទនភាពសម្រាប់កូនខ្មែរ ជាមោទនភាពសម្រាប់ជាតិរបស់យើង ដែលត្រូវលើកទឹកចិត្តបន្ត។ យើងទទួលស្គាល់គុណភាពរបស់យើងនៅមានកម្រិត ហើយ(ព្រោះតែអីចឹង)បានជាត្រូវធ្វើកំណែទម្រង់ ដើម្បីលើកកម្ពស់គុណភាពឡើង …។
… ខ្ញុំ(បាន)ចុះហត្ថលេខា … ដូចជាមានអាហារូបករណ៍ជាង ១៧០០ ក្នុងនេះ សម្រាប់សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានផ្តល់ឲ្យខ្ញុំចំនួន ៥៩០ កន្លែង តាំងពីមុនមក និងប៉ុន្មានឆ្នាំចុងក្រោយនេះ ១០០ កន្លែងៗ។ … ហើយខ្ញុំសូមបញ្ជាក់ ថ្ងៃមុនមានការជជែកពិភាក្សា (ដូចជានៅ CTN ឧស្សាហ៍ធ្វើប្រធានបទល្អៗ) អំពី កុំចាត់ទុកថាសាលាឯកជន វាខ្លាំងជាងសាលារដ្ឋ។ … (សិស្សអាច)បានភាសាបរទេស ក៏ប៉ុន្តែ ចំពោះចំណេះទូទៅ និងភាសាខ្មែរ គឺចាញ់សាលារដ្ឋដាច់តែម្តង។ ខ្ញុំមិនបង្អាប់សាលាឯកជនទេ។ … យើងធ្វើដំណើរលើផ្លូវវែងឆ្ងាយ និងបន្តលើផ្លូវវែងឆ្ងាយទៀត។ ត្រូវខិតខំទាំងអស់គ្នា។ សង្ឃឹមថា (ការប្រឹងប្រែងនឹងទាញបានជា)ផលប្រយោជន៍បានសម្រាប់ជាតិ និងប្រជាជនរបស់យើង នៅក្នុងដំណាក់កាលនៃសកលភាវូបនីយកម្ម និងតំបន់ភាវូបនីយកម្ម ពិសេស ទទួលបានផលប្រយោជន៍ពីសមាហរណកម្ម ដែលនឹងកើតជាសហគមន៍សេដ្ឋកិច្ចអាស៊ាននៅចុងឆ្នាំ ២០១៥ នេះ។
ផែនទីកម្ពុជាពីអង្គការសហប្រជាជាតិ ជិតមកដល់
… ខ្ញុំវិលចូលបញ្ហានយោបាយបន្តិច។ ប្រជាជាតិយើងទាំងមូលទន្ទឹងរង់ចាំ មើលការវិវត្តនៃសភាពការណ៍ទាក់ទងនឹងរឿងព្រំដែន។ តាមរយៈលិខិតរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ផ្ញើមកខ្ញុំ និងតាមរយៈលិខិតរបស់ខ្ញុំផ្ញើទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ អាចបញ្ជាក់បានលើចំណុច៖
ទី ១ មិនមានផែនទីតម្កល់នៅអង្គការសហប្រជាជាតិ ជាផែនទីព្រំដែនទាំងស្រុងទេ។ នេះមិនដឹងជាពេលនោះយ៉ាងម៉េច (ក៏)ចេះតែនិយាយតៗគ្នា។ ប៉ុន្តែ លិខិតផ្លូវការបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់រួចមកហើយ ថាអត់មានទេ។ គេមិនថាអត់ ឬមិនយកទៅតម្កល់ទេ គេថារកវាមិនឃើញ។ អញ្ចឹង វាគ្រប់គ្រាន់ណាស់ ដើម្បីនឹងកំណត់អះអាងថា គឺវាអត់មានផែនទីនោះទេ។ … ប៉ុន្តែ គេបែរជាបានរកឃើញនូវផែនទី ១៨ ផ្ទាំង ដែលរាជរដ្ឋាភិបាលជាន់នោះ បានប្តឹងទៅអង្គការសហប្រជាជាតិ នៅពេលដែលមានការឈ្លានពានកើតឡើង ទាំងតាមអាកាស ទាំងតាមគោក និងតាមទឹក ដែលយើងក៏មាននៅក្នុងបណ្ណាសារនៅក្នុងទីក្រុងភ្នំពេញ … ដែល(ទុក)នៅក្រសួងការបរទេសរាល់ថ្ងៃនេះ។ ផែនទីដែលនឹងបញ្ជូនមកនោះ … មានដាក់ចំណុចដែលគ្រាប់បែកធ្លាក់។ ប៉ុន្តែ នេះក៏វាជាមូលដ្ឋានសម្អាងមួយថា កម្ពុជាពេលនោះទទួលស្គាល់ព្រំដែនត្រឹមប៉ុណ្ណឹង។
… ជាទម្លាប់ អង្គការសហប្រជាជាតិមិនឲ្យយកឯកសារនេះចេញទេ ប៉ុន្តែ ដោយផ្អែកលើការយោគយល់លើសភាពការណ៍របស់យើង អង្គការសហប្រជាជាតិសុខចិត្តឲ្យយើងខ្ចី ដោយត្រូវធ្វើកិច្ចព្រមព្រៀងមានដល់ទៅ ២៣ ចំណុច រវាងស្ថានតំណាងរបស់យើង ជាមួយនឹងអគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិ។ … ជាការល្អ ដែលសហប្រជាជាតិយល់ព្រមបញ្ជូនឯកសារនេះមក … សូមជូនដំណឹងដល់សាធារណជនឲ្យបានជ្រាប ដើម្បីធានាតម្លាភាព និងឯកភាពក្នុងជាតិរបស់យើង (ដោយ)សំខាន់ត្រូវស្មោះត្រង់នឹងជាតិ អ្វីៗត្រូវតែធ្វើឲ្យច្បាស់ មិនអាចស្រពិចស្រពិលតទៅទៀតបានទេ ហើយក៏មិនអាចបោកប្រាស់ ញុះញង់បង្កឲ្យមានចលាចលដែរ។
… ផែនទីនឹងមកដល់ថ្ងៃទី ១៨ (…) ថ្ងៃ ១៩ (អ្នកនាំផែនទីមក)សុំសម្រាកមួយថ្ងៃ, ថ្ងៃ ២០ គេចាប់ប្រគល់ផែនទី។ ពេលដែលប្រគល់ផែនទីមានការចុះហត្ថលេខា រួចហើយយើងផ្ទៀងនៅពេលនោះតែម្តង ដើម្បីកុំឲ្យគេថា យើងយកផែនទីទៅទុកនៅឯណា។ (អាស្រ័យហេតុនេះ) សូមជម្រាបសាធារណជន ទូលប្រគេនចំពោះព្រះសង្ឃ ចំពោះបងប្អូនជនរួមជាតិ ឲ្យបានជ្រាបថា គណៈកម្មការគ្រោងអញ្ជើញគណបក្ស ៣ ចូលរួម គឺគណបក្សប្រជាជនកម្ពូជា ៥ រូប, គណបក្សសង្គ្រោះជាតិ ៥ រូប, គណបក្សហ៊្វុនស៊ិនប៉ិច ៥ រូប។ … សូមពន្យល់ទៅគណបក្សដទៃផងថា ហេតុអីបានជាខ្លួនមិនត្រូវគេអញ្ជើញ? ហើយបែរជាអញ្ជើញហ៊្វុនស៊ិនប៉ិច អត់មានអាសនៈក្នុងសភា។ បញ្ហាស្ថិតនៅត្រង់ថា ហ្វ៊ុនស៊ិនប៉ិចបានរួមចំណែកធ្វើកិច្ចការព្រំដែននេះតាំងពី ១៩៩៣ មក។ តួអង្គសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បច្ចុប្បន្ននេះ ព្រះអង្គបានទស្សនកិច្ចនៅវៀតណាម ដែលយើងយកធ្វើជាបង្អែកសព្វថ្ងៃនេះផងដែរ គឺរក្សាស្ថានភាពដដែលនូវចំណុចទាំងឡាយ ដែលមិនទាន់បានដោះស្រាយ។ ហ្នឹងជាមូលដ្ឋាននៃការរួមចំណែករបស់គណបក្សហ្វ៊ុនស៊ីនប៉ិច និងរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលយើងអះអាងថា តំបន់ណាដែលមិនទាន់បានដោះស្រាយត្រូវតែទុកសិន។ បន្ទាប់ទៅការឲ្យសត្យាប័នលើកិច្ចព្រមព្រៀងបំពេញបន្ថែមឆ្នាំ ២០០៥ ព្រះប្រធានរដ្ឋសភានៅពេលនោះ គឺសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ហើយដែលមានទាំងសមាជិក សមាជិកា គណបក្សហ៊្វុនស៊ិនប៉ិចឲ្យសត្យាប័នផង។
… ក្រៅពីគណបក្សទាំង ៣ ដែលមួយគណបក្សមាន ៥ នាក់ យើងអញ្ជើញស្ថាប័នព្រឹទ្ធសភា ៦ នាក់ ដោយបក្សក្នុងរាជរដ្ឋាភិបាល ៣ នាក់ និងបក្សក្រៅរដ្ឋាភិបាល ៣ នាក់ស្មើគ្នា។ ស្ថាប័នរដ្ឋសភា យើងអញ្ជើញ ៦ នាក់ ដោយ ៣ នាក់ ពីបក្សគ្រប់គ្រងរាជរដ្ឋាភិបាល និង ៣ នាក់ គឺបក្សក្រៅរដ្ឋាភិបាល ឬបក្សសំឡេងភាគតិច។ យើងក៏នឹងអញ្ជើញឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ២ នាក់, ក្រុមប្រឹក្សាធម្មនុញ្ញ ២ នាក់ ហើយនិងរាជបណ្ឌិតសភា ដែលកំពុងទទួលបន្ទុកធ្វើការស្រាវជ្រាវលើបញ្ហាព្រំដែន … សារព័ត៌មានឲ្យចូល ទាំងពេលចុះហត្ថលេខា និងពេលផ្ទៀងផ្ទាត់នូវផែនទីនេះ ដើម្បីជម្រះឲ្យអស់មន្ទិល ទោះបីមិនមែនជាផែនទីដែលតម្កល់សម្រាប់ការទទួលស្គាល់ព្រំដែន ប៉ុន្តែមួយផ្ទាំងៗ វាតំណាងឲ្យព្រំដែន របស់យើងក្នុងទាំង ១៨ ផ្ទាំងនេះ។ យើងអបអរសាទរចំពោះគណបក្សសង្រ្គោះជាតិ ដែលបានយល់ព្រមផ្ដល់ ផែនទី បើទោះបីជាទិញ ១៦៨ ដុល្លារ ក៏ដោយចុះ ទៅដល់រាជបណ្ឌិតសភា ហើយឮថានឹងឲ្យមករាជរដ្ឋាភិបាល។ យើងនឹងមានអំណរគុណជាមួយនឹងគណបក្សសង្រ្គោះជាតិ។ … យោងទៅលទ្ធផល ពេលដែលរាជបណ្ឌិតសភាបានផ្ទៀងផ្ទាត់ ៣ ផ្ទាំងដំបូង គឺដូចគ្នាបេះបិទជាមួយនឹងផែនទីដែលយើងបោះបង្គោលព្រំដែនជាមួយវៀតណាមពេលនេះ។ ប៉ុន្តែ នៅសល់ ២៣ ផ្ទាំងទៀត មិនទាន់បានផ្ទៀងផ្ទាត់ទេ សង្ឃឹមថា នឹងធ្វើការផ្ទៀងផ្ទាត់ឲ្យច្បាស់។
ប្រើផែនទី ខ្នាត ១/១០០ ០០០ ជាមួយវៀតណាម និងឡាវ, ខ្នាត ១/២០០ ០០០ ជាមួយថៃ
… ផែនទីរបស់រាជរដ្ឋាភិបាល គឺជាផែនទីក្នុងមួយផ្ទាំង គឺមានហត្ថលេខាដល់ទៅ ៤ នាក់ … ផែនទី គឺជាបញ្ហាធំណាស់។ សូម្បីតែប្លង់ដី ប្លង់ផ្ទះក៏នាំគ្នាចាត់ទុកថាសំខាន់ ចុះទម្រាំប្រទេសមួយ វាត្រូវតែមានរបង វាត្រូវតែមានប្លង់រឹងរបស់វា។ ប្លង់រឹងរបស់វាមិនមែនចេះចង្អុល ហើយឲ្យគេទៅធ្វើប្លង់រឹងឲ្យទេ យើងត្រូវធ្វើជាមួយនឹងអ្នកជិតខាងយើងនៅខាងលិច នៅខាងកើត។ យើងធ្វើព្រំដែន (ប្រើផែនទី)ខ្នាត ១/១០០.០០០ … ដែលបោះពុម្ពក្នុងចន្លោះឆ្នាំ ១៩៣៣/៥៣ ហើយដែលត្រូវបានអន្តរជាតិទទួលស្គាល់នៅឆ្នាំ ១៩៦៣-៦៩។ នៅទិសខាងលិច មិនបានដាក់ក្នុងរដ្ឋធម្មនុញ្ញទេ ប៉ុន្តែយើងមាន MOU ជាមួយនឹងថៃ ដោយប្រើប្រាស់ខ្នាតផែនទី ១/២០០.០០០។ … សោកស្ដាយដែលរដ្ឋធម្មនុញ្ញរបស់យើងមិនបានដាក់(បញ្ចូល)ត្រង់នេះ … (បាន)ជាមានការនិយាយអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ យើងធ្វើរបងផ្ទះបានតែម្ខាងទេ គឺធ្វើជាមួយវៀតណាម ប៉ុន្តែមិនបានធ្វើជាមួយថៃ។ ជាមួយថៃ អត់យកផែនទីខ្នាត ១/១០០.០០០ ទៅដោះស្រាយបានទេ។ ប៉ុន្តែយើងបាន MOU រវាងកម្ពុជា និងថៃ លើបញ្ហាព្រំដែនគោក គឺ អនុស្សរណៈនៃការយោគយល់គ្នាដែលត្រូវប្រើប្រាស់ផែនទីខ្នាត ១/២០០.០០០ ដោយគណៈកម្មាការបារាំង-សៀម។ ព្រំដែនជាមួយឡាវ ក៏មិនទាន់បានបញ្ជាក់ទេ ប៉ុន្តែ យើងក៏មានកិច្ចព្រមព្រៀងជាមួយឡាវ អំពីការប្រើប្រាស់ផែនទីខ្នាត ១/១០០.០០០។ ប៉ុន្តែក្នុងរដ្ឋធម្មនុញ្ញយើងមិនបានដាក់ទេ ឬក៏វិសាលភាពនៃការបកស្រាយរដ្ឋធម្មនុញ្ញ អាចតភ្ជាប់ទៅជាមួយឡាវបាន ដោយសារតែនេះជាអតីតនៃអាណានិគមរបស់បារាំង។
ខ្សែប្រ៊េវីយេ, ព្រំដែនទឹកប្រវត្តិសាស្រ្ត
… ព្រំដែនទឹក ឆ្នាំ ១៩៩៩ ព្រះករុណាបិតាបានស្នើសុំទៅលោក ផាម វ៉ាន់ដុង (Pham Van Dong) អតីតនាយករដ្ឋមន្រ្តីវៀតណាម សុំឲ្យទទួលយកខែ្សប្រ៊េវីយេ(ជាបន្ទាត់ព្រំដែនទឹក)។ បញ្ហាកោះត្រល់ ឬកោះ Phu Quoc នេះ វាមានរឿងរបស់វា។ ឥឡូវឲ្យខ្ញុំធ្វើម៉េច? ទី ១ លោកប្រ៊េវីយេ បានគូស(ខ្សែនឹង) បែងចែកជាតំបន់រដ្ឋបាល (នៅ) ឆ្នាំ ១៩៣៩។ ឯទី ២ ឆ្នាំ ១៩៤៩ ដែលខ្ញុំមិនទាំងទាន់កើតផង សភាបារាំងសម្រេចកាត់កូសាំងស៊ីនឲ្យទៅវៀតណាម ក៏ជាប់តំបន់នឹងដែរ។ … ប៉ុន្តែរឿងសំខាន់ ឆ្នាំ ១៩៦៤ រដ្ឋលេខាធិការក្រសួងការបរទេស ហួត សម្បត្តិ បានប្រគល់ផែនទី ៣ ផ្ទាំង ទៅឲ្យអាមេរិក (យើងមិនបាច់ចាំអង្គការសហប្រជាជាតិទេ ព្រោះអង្គការសហប្រជាជាតិរកមិនឃើញ) ដែល ផ្ទាំងទី ១ គឺផ្ទាំងជាមួយនឹងវៀតណាម គឺ ១/១០០.០០០, ផ្ទាំងទី ២ ជាមួយថៃ ១/២០០.០០០, ផ្ទាំងទី ៣ ព្រំដែនទឹក គឺផែនទី ១/៣០០.០០០។ ថ្ងៃមុនខ្ញុំយកនិយាយនៅហ្នឹងម្ដងហើយ។ ថ្ងៃហ្នឹង ខ្ញុំកាន់មកទៀត ព្រោះវាមានរឿងថ្មីៗកើតឡើង ហើយកាន់តែធ្ងន់ធ្ងរទៅទៀត។ នេះយើងផ្អែកលើ Airgram របស់ស្ថានទូតអាមេរិកតែម្ដង ផែនទី ១/៣០០.០០០ នៅថ្ងៃទី ១០ ខែ មីនា ឆ្នាំ ១៩៦៤ ផែនទី ៣ ផ្ទាំង ដែលខ្ញុំរំលឹកអគ្គរដ្ឋទូតរបស់អាមេរិកថា ជួយឲ្យកម្ពុជាទទួលបានផែនទីផង។
ឆ្នាំ ១៩៩៩ ព្រះករុណាបិតា សរសេរសំបុត្រទៅលោក Pham Van Dong សុំត្រឹមតែខែ្សប្រ៊េវីយេ។ វៀតណាមគេមិនទាន់ព្រមឯណា យើងទារយកខែ្សប្រ៊េវីយេ ដើម្បីធ្វើជាខ្សែព្រំដែនទឹក ឯវៀតណាមទារសមចម្ងាយ។ ដោយសារតែគេទារសមចម្ងាយហ្នឹងហើយ បានវាកើតឡើងនូវតំបន់ទឹកប្រវត្តិសាស្រ្ត ព្រោះខ្ញុំចង់គ្រប់គ្រងកោះវ៉ៃឲ្យបាន។ កោះវ៉ៃហ្នឹង ពួកធីវគី វាមកកាន់កាប់ហើយតើ។ … ជារឿងដែលមាននៅក្នុងប្រវត្តិសាស្រ្ត។ ខ្ញុំមិនបានធ្វើអីខុសទេ។ ឥឡូវ យើងទារខ្សែប្រ៊េវីយេ គេមិនទាន់ឆ្លើយផង។ បញ្ហាមាត្រា ២ នៃរដ្ឋធម្មនុញ្ញ ក៏បានពិនិត្យមើល។ សូម្បីតែឯកឧត្តម សម រង្ស៊ី ក៏វាយ sms ឲ្យខ្ញុំ នៅថ្ងៃទី ១៧ កក្កដា (សុំវិសោធនកម្មមាត្រាទី ២)។ ដើម្បីឲ្យកូនចៅគាត់ភ្លឺភែ្នក កុំឲ្យថា អញ្ចេះអញ្ចុះ (ខ្ញុំសូមអានសារទាំងមូល)… គាត់បបួលខ្ញុំ។ តែខ្ញុំមិនទាន់ព្រម ព្រោះមិនត្រូវធ្វើនៅពេលហ្នឹងទេ។ … ឥឡូវខ្ញុំសូមផ្ដាំ មេអស់លោកបបួលខ្ញុំធ្វើវិសោធនកម្ម ខ្ញុំយល់ថា ពេលវេលាមិនទាន់សមស្របទេ … ឥឡូវយើងធ្វើផែនទីជាមួយវៀតណាម នៅក្នុងរដ្ឋធម្មនុញ្ញមាត្រា ២ …។
ការក្លែងបន្លំសន្ធិសញ្ញា ជាទោសក្បត់ជាតិ
… មានរឿងធ្ងន់ធ្ងរមួយដែលបានកើត ហើយសូមកុំបន្ទោសរាជរដ្ឋាភិបាល។ តម្លៃណាក៏ដោយ រាជរដ្ឋាភិ បាលត្រូវធ្វើសកម្មភាព។ ឥឡូវ កំពុងធ្វើសកម្មភាពហើយ។ មានការបង្ហោះតាម Facebook អំពីសន្ធិ សញ្ញាក្លែងក្លាយមួយ ដែលមិនអាចអត់អោនបានទេ។ គេនិយាយពីសន្ធិសញ្ញាក្លែងក្លាយនេះ … បង្ហោះទាំងសន្ធិសញ្ញាក្លែងក្លាយនេះ ហើយធ្វើអត្ថាធិប្បាយដោយសមាជិកព្រឹទ្ធសភាម្នាក់។ … ខ្ញុំមើល (និង)ផ្ទៀងផ្ទាត់។ ពេលនោះមានចុះហត្ថលេខាមែន អំពីសន្ធិសញ្ញាសន្តិភាព មិត្តភាព និងប្រតិបត្តិការ រវាងកម្ពុជា-វៀតណាម ក្នុងដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រី Pham Van Dong ដោយសម្តេច ហេង សំរិន ដែលជាប្រមុខរដ្ឋនៅពេលនោះ និងនាយករដ្ឋមន្ត្រីវៀតណាម នៅពេលនោះ។
… យើងមិនអាចយោគយល់បានទេ។ ត្រូវធ្វើសកម្មភាព ក្នុងថ្ងៃនេះតែម្តង។ សម្លេងរបស់គណបក្សប្រជាជនលើស ២/៣ (អាច)ដកហូតអភ័យឯកសិទ្ធិផ្តន្ទាទោស។ ពួកគេថា រាជរដ្ឋាភិបាលប្រើផែនទីក្លែងក្លាយ យើងអត់ទាន់ថាអីទេណា។ ឥឡូវនេះមកបង្ហោះក្លែងសន្ធិសញ្ញា។ នេះជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។ សូមស្ថានទូតនានាកុំទទួលយកមនុស្សណាក៏ដោយ (ដែលធ្វើរឿងនេះ ហើយចង់)រត់ចូលស្ថានទូត(អស់លោក)។ … គេលួចបញ្ចូល(ខ្លឹមសារ)នៅកន្លែងហ្នឹង … កន្លែងហ្នឹងគេវ៉ៃអក្សរធំៗ។ នេះជាបទល្មើសជាក់ស្តែង ដែលត្រូវចាប់ខ្លួនបន្ទាន់។ នេះជាទោសក្បត់ជាតិ។ រឿងអីអ្នកឯងត្រូវធ្វើរបៀបហ្នឹង? … សូមប្រជាជនកុំបន្ទោសរាជរដ្ឋាភិបាល … ការបំផ្លាញតាមរូបភាពក្លែងក្លាយ(សន្ធិសញ្ញា)បោកប្រជាពលរដ្ឋទូទាំងប្រទេស(ជាកិច្ចការចាំបាច់ ដែល)ខ្ញុំព្រះករុណាខ្ញុំ មានភារកិច្ចជូនព័ត៌មានទៅប្រជាពលរដ្ឋទូទាំងប្រទេស…។
… មិនមែនរាជរដ្ឋាភិបាលកម្ពុជាចេះតែប្តឹងអ្នកនេះ ប្តឹងអ្នកនោះ ចាប់ខ្លួនអ្នកនេះ ចាប់ខ្លួនអ្នកនោះ តាមអំពើចិត្តទេ។ រឿងដល់ថ្នាក់នឹង តើជាតិយើងបានសេចក្តីសុខទេ? (មេ)គណបក្សមកនិយាយជាមួយយើងអញ្ចេះ ប៉ុន្តែសមាជិកបក្សទៅធ្វើអញ្ចឹង។ ឥឡូវយកល្អ គណបក្សខាងនោះដកថយខ្លួន កុំចូលរួមជាមួយសកម្មភាពបែបនេះ កុំឲ្យ(មាន)ជម្លោះបក្ស និងបក្ស។ នេះគ្រាន់តែជាបញ្ហា រវាងរាជរដ្ឋាភិបាល និងសមាជិកព្រឹទ្ធសភាម្នាក់តែប៉ុណ្ណោះ។ … សូម្បីតែសមាជិកបក្សប្រជាជនក៏ដោយ តែធ្វើខុសត្រូវតែមានទោសដូចគ្នា។ អ្នកឯងមិនអាចផ្អែកលើវប្បធម៌សន្ទនា បំពានលើផ្លូវច្បាប់ ហើយផ្អែកលើវប្បធម៌សន្ទនា ហើយបែរជាមកបោកប្រាស់ប្រជាពលរដ្ឋបែបនេះទេ។ រឿងនេះគឺធ្ងន់ធ្ងរណាស់។ ហ៊ានបង្ហោះក្នុង Facebook និងធ្វើអត្ថាធិប្បាយពាក់ព័ន្ធជាមួយនឹងសន្ធិសញ្ញាថា ឲ្យវ៉ៃបង្គោលទល់ដែនចោលឲ្យអស់ …។ អ្នកឯងក្លែងបន្លំឯកសារជាសាធារណៈ (ជាអំពើ)គ្រោះថ្នាក់ …។
… អ្នកណាទៅចុះហត្ថលេខារំលាយចោលព្រំដែនរដ្ឋ។ បើទោះបីជាក្នុងសម័យ ប៉ុល ពត ក៏ដោយ ក៏នៅតែមានព្រំដែនរដ្ឋដែរ។ ក្នុងសម័យប៉ុល ពត ក៏មានការចរចារវាងកម្ពុជាប្រជាធិបតេយ្យជាមួយនឹងវៀតណាមលើបញ្ហាទល់ដែនដែរ។ ក្នុងសម័យ លន់ នល់ ប្រហែលអត់ចរចាទេ បានជាគេយកកោះវ៉ៃបាត់ រួចហើយកងទ័ព អាធីវគី ចូលមកបោះនៅហ្នឹងអ្នកលឿង។ នៅទីនេះ យើងចុះហត្ថលេខាជាមួយវៀតណាម ក្នុងពេលដែលកងទ័ពវៀតណាមនៅកម្ពុជា។ (សួរថា)ម៉េចក៏មិនបោះបង្គោលឲ្យហើយទៅ? (ថា) ដោយសារតែចង់បានភាពច្បាស់លាស់នៃព្រំដែន(នឹងហើយ) បានជាយើងត្រូវអូសបន្លាយ។ បើយើងជាអាយ៉ងយួនពិតប្រាកដ មិនចាំបាច់ពន្យារដល់ថ្ងៃនេះទេ … នេះជាទោសក្បត់ជាតិ។ ខ្ញុំហ៊ាននិយាយអញ្ចឹង។ បើសិនជាមានចលនា បង្កើតឡើងនូវស្ថានភាពញុះញង់បំបែកបំបាក់ជាតិសាសន៍ និងបង្កអរិភាពជាមួយប្រទេសជិតខាង (ហើយ)សង្គ្រាមកើតឡើង (តើ)អ្នកណាទទួលខុសត្រូវ? …
ឯកភាពជាតិ ទើបមានកម្លាំងចរចាអំពីអធិបតេយ្យប្រទេស
… បើអ្នកឯងចិត្តធំ អ្នកឯងមិនឲ្យខ្ញុំសុខ ខ្ញុំក៏មិនឲ្យអ្នកឯងសុខដែរ។ សុំបក្សនយោបាយកុំលូកលាន់ ទុកឲ្យបុគ្គលទទួលខុសត្រូវល្អជាង ដើម្បីធានានូវកិច្ចសន្ទនារបស់គណបក្សទាំងពីរ។ ខ្ញុំគាំទ្រឲ្យមានវប្បធម៌សន្ទនា។ កំហុសបុគ្គលទុកឲ្យបុគ្គលទទួលខុសត្រូវ។ ខ្ញុំបានដឹងថា មេដឹកនាំគណបក្សនោះក៏មានណែនាំទៅមនុស្សមួយចំនួន កុំឲ្យធ្វើសកម្មភាពផ្តេសផ្តាស ត្រូវយកគោលជំហរបក្សដោះស្រាយ ប៉ុន្តែកូនបក្សមិនស្តាប់ … ខ្ញុំសូមអង្វរករ ឲ្យមានការឯកភាពជាតិលើបញ្ហាទាក់ទងទៅនឹងអធិបតេយ្យជាមួយប្រទេសជិតខាង ដើម្បីមានកម្លាំងចរចា។ បើសូម្បីតែអញ្ចឹងៗ ឆ្លៀតយកចំណេញ តើពេលណាទៅ កម្ពុជាឯករាជ្យ ហើយត្រៀមខ្លួន ដើម្បីពង្រឹងសមត្ថភាពចរចាជាមួយប្រទេសជិតខាង លើបញ្ហាអធិបតេយ្យជាតិ។ វាជារឿងអកុសលសម្រាប់ជាតិរបស់យើង …៕