យប់ម៉ិញ ខ្ញុំបានចេញសារមួយហើយ។ ព្រឹកនេះ ខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៖
- ប្រកាសបិទច្រក និងឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជា។ មានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។
- ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុកនិងក្រៅស្រុក។
- បង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។
- ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែលនឹងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបម៉ឺនកន្លែង។ បងប្អូនពលករ ដែលពេលនេះកំពុងទទួលការមើលងាយនិងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន អាចចាកចេញមកកម្ពុជាមុនថៃបណ្តេញ។
- កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីវាយបកការពារខ្លួន ក្នុងករណីមានការឈ្លានពាន។
- បណ្តាខេត្តនៅជិតព្រំដែន ត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្តិភាព និងដោះស្រាយស្បៀងអាហារថ្នាំពេទ្យនិងសំភារៈចាំបាច់ផ្សេងទៀត។
បើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញ យើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ។ ខ្ញុំសូមអំពាវបងប្អូនជនរួមជាតិ សូមកុំធ្វើអំពើជ្រុលនិយមដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃ ដែលភាគច្រើនលើសលប់ជាមនុស្សល្អ។ មានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះ ដែលបង្ករឿងជាមួយកម្ពុជា ព្រោះជាទម្លាប់រដ្ឋាភិបាលថៃ មិនអាចគ្រប់គ្រងកងទ័ពបានដូចប្រទេសយើងនោះទេ៕