FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូន និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សរុប ៨,៣៣៩នាក់ ( ស្រី ៤,៤០១នាក់) ក្នុងនោះ ព្រះសង្ឃចំនួន ២៧អង្គ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាង ៨ពាន់នាក់៖
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយបានអញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានល្អប្រសើរ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងព្រះរាជពិធីបុណ្យអុំទូក កម្ពុជាទទួលបានអ្នកទេសចរបរទេសបានច្រើន។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសម្រាប់ការជួយផ្សព្វផ្សាយពីកម្ពុជា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានប្រទេសណាល្អឥតខ្ចោះនោះទេ ប៉ុន្តែត្រូវចូលរួមផ្សព្វផ្សាយអ្វីដែលល្អពីកម្ពុជា ដើម្បីទាក់ទាញអ្នកទេសចរ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជីវិតនិស្សិតម្នាក់ៗមិនមែនគ្មានបញ្ហានោះទេ តែការដាក់ទិសដៅវិជ្ជមាន ធ្វើឱ្យពួកគេសម្រេចបានការសិក្សាដោយជោគជ័យ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អបអរសាទរការបញ្ចប់សិក្សារបស់និស្សិត គឺជាការអបអរសាទរសមិទ្ធផលរួមរបស់ថ្នាក់ដឹកនាំសាលា សាស្ត្រាចារ្យ និងអាណាព្យាបាល។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជោគជ័យរបស់និស្សិតនាពេលនេះ ជាជោគជ័យរបស់ជាតិ ដោយទទួលបានធនធានមនុស្សបន្ថែមសម្រាប់កសាងជាតិ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់ជាថ្មីថា មិនមានការផ្លាស់ប្តូរទីតាំងសាកលវិទ្យាល័យភូមិន្ទភ្នំពេញនោះឡើយ មានតែបង្កើតសាខាបន្ថែម។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានផ្តល់អាហារូបករណ៍ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីផ្តល់ជូនដល់និស្សិតកម្ពុជា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវិនិយោគលើការអប់រំ គឺជាការវិនិយោគអនាគត អាស្រ័យហេតុនេះបានគ្រប់តួអង្គពាក់ព័ន្ធប្រឹងប្រែងវិនិយោគលើការអប់រំ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំណេះដឹងជួយកាត់បន្ថយគម្លាតជីវភាព។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហើបថា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កំពុងចរចាបញ្ចប់ជាមួយក្រុមហ៊ុន BYD ដើម្បីដំឡើងរោងចក្រផលិតរថយន្តអគ្គិសនីនៅកម្ពុជា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកនិយាយថារាជរដ្ឋាភិបាលមិនបានធ្វើអ្វី ព្រោះមិនព្រមបើកភ្នែកមើល។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺសង្គតិភាព និរន្តរភាព និងស្ថិរភាព។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជាគោលនយោបាយអនុម័តដោយសន្និបាតបក្សប្រជាជនកម្ពុជា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តរក្សាឱ្យបាននូវស្ថិរភាព និរន្តរភាព និងកំណើនការងារសម្រាប់ប្រជាពលរដ្ឋ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងអប់រំ យុវជន និង កីឡា និង វិស័យឯកជន ត្រូវបន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សា ឱ្យកាន់តែល្អប្រសើរ, អភិវឌ្ឍ និង ធ្វើបច្ចុប្បន្នកម្មនៃកម្មវិធីសិក្សា ដោយផ្តោតការយកចិត្តទុកដាក់បន្ថែម ទាំងជំនាញបច្ចេកទេស, ជំនាញរឹង និង ជំនាញទន់, ជាពិសេសការធ្វើការងារជាក្រុម, ការគោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងកន្លែងការងារ តាមរយៈ ការពង្រឹងក្របខ័ណ្ឌគុណវុឌ្ឍិជាតិ, ការបង្កើតស្ដង់ដារជាតិលើការអភិវឌ្ឍមុខជំនាញ សំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការទីផ្សារពលកម្ម, ការបង្កើតឱកាសទទួលបានការងារ និង ប្រើប្រាស់ឱ្យអស់សក្ដានុពលប្រជាសាស្ត្ររបស់កម្ពុជា ក៏ដូចជា ដើម្បីបង្កើតលក្ខខណ្ឌ សមស្របសម្រាប់ពលករកម្ពុជា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តពង្រឹងកម្មវិធីសិក្សា និងបំផុសឱ្យសិស្សានុសិស្ស និង និស្សិត, អភិវឌ្ឍចំណេះដឹងជាប់ជាប្រចាំតាមរយៈការស្វ័យសិក្សា, ការសិក្សាស្រាវជ្រាវ និងការសិក្សាបន្ត ដើម្បីរួមចំណែក ដល់ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសក្តានុពល និងផលិតភាព និង ការកសាងពលរដ្ឋឌីជីថលនៅកម្ពុជា សម្រាប់ទាញយកផលប្រយោជន៍ ជាអតិបរមាពីបរិវត្តកម្មឌីជីថល ក៏ដូចជារួមចំណែកដល់ការកសាងម៉ូដែលកំណើនថ្មីកម្ពុជាដែលផ្អែកលើជំនាញបចេ្ចកវិទ្យា និងនវានុវត្តន៍។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំនិស្សិតជ័យលាភី ត្រូវបន្តអភិវឌ្ឍចំណេះដឹងជាប្រចាំ តាមរយៈការសិក្សាស្រាវជ្រាវ និង ការសិក្សាបន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយសក្តានុពល និងផលិតភាពខ្ពស់ និង ការកសាងពលរដ្ឋ ឌីជីថលនៅកម្ពុជា សម្រាប់ទាញយកផលប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថល។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំថ្នាក់ដឹកនាំសាកលវិទ្យាល័យ និង សាស្រ្តាចារ្យ ត្រូវបន្តដើរតួនាទីនាំមុខ, ជាមគ្គុទ្ទេសក៍, ជាទីប្រឹក្សា ជាអ្នកស្រាវជ្រាវ និង ជាអ្នកនវានុវត្តន៍ ដែលត្រូវខិតខំអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ, ទាំងផ្នែកចំណេះដឹង វិធីសាស្ត្របង្រៀន និង ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីផ្ទេរបន្តចំណេះដឹងជាក់ស្តែងដល់និស្សិត និង រួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្ស សម្រាប់កម្ពុជា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តខ្ពស់ដល់សាស្ត្រាចារ្យ និង បុគ្គលិកសិក្សា បន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ និង បង្កើនការសិក្សាស្រាវជ្រាវ តាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព ក្នុងការបង្រៀន និង ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត និងឧត្តមានុវត្តជាក់ស្តែង។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាកោះគុត រាជរដ្ឋាភិបាលប្រកាន់ជំហរពីរ ទី១) ភាពចាស់ទុំខាងនយោបាយ, ទី២) ទទួលខុសត្រូវចំពោះជាតិ និងប្រជាជន ចំពោះបូរណភាពទឹកដី និងអធិបតេយ្យជាតិ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចោទជាសំណួរថា តើកោះគុតបាត់ទៅណា? ខណៈខាងប្រឆាំងថៃ ចោទរាជរដ្ឋាភិបាលថៃធ្វើឱ្យបាត់មកខ្មែរ រីឯខាងប្រឆាំងខ្មែរ ចោទថារាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យបាត់ទៅថៃ គឺមិនឡូហ្ស៊ិក (Logic)
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ មិនទាន់មានការឯកភាពគ្នានោះទេ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាទឹកដី រាជរដ្ឋាភិបាលនឹងមិនធ្វើឱ្យបាត់បង់នោះឡើយ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអ្នកនយោបាយប្រឆាំងចាស់វស្សានៅក្រៅប្រទេសថា ធ្វើចរិតក្មេងតែឯងចុះ ទុកឱ្យសម្តេចធ្វើចរិតចាស់ទុំ។