FN ៖ នៅព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤។ ពិធីនេះ រៀបចំនៅសាកលវិទ្យាល័យការពារជាតិ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាព ដែល លោកតា លោកយាយ, អ៊ំ ពូ មីង, បងប្អូនអតីតយុទ្ធជន និង ប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាបាន ប្រារព្ធខួបលើកទី ១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ ដើម្បីរំឭកដល់គំរូវីរភាពដ៏មោះមុត និង គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋជាទីស្នេហានៃយើង ។
- សម្ដេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទេសរដ្ឋមន្ដ្រី គន់ គីម ក្នុងការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលិកម្មប្រកបដោយស្មារតី ស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និង ប្រជាពលរដ្ឋយើង នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្របាន រួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី, ការកសាងសុខសន្តិភាព និង ស្ថិរភាពសង្គម សម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និង ប្រជាជនកម្ពុជា។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រារព្ធទិវានេះ ក្នុងស្មារតីសម្តែងការចងចាំជានិច្ចនូវគុណូបការៈ ដ៏ឧត្តុងឧត្តមរបស់វីរយុទ្ធជន, វីរយុទ្ធនារី, ប្រជាជន និង អ្នកស្នេហាជាតិ ដែលបានធ្វើមហាពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិ ដើម្បី រំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ប៉ុលពត និង បានជួយសង្គ្រោះជីវិតបងប្អូនប្រជាជន និងសង្គមជាតិឱ្យរស់ឡើងវិញ និង រីកចម្រើនរហូតដល់សព្វថ្ងៃ ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជ័យជំនះ ៧ មករា បានសង្គ្រោះអាយុជីវិត, បានផ្តល់កំណើតទី ២ ដល់ប្រជាជនកម្ពុជា និង នាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង, ធ្វើឱ្យសង្គមជាតិកម្ពុជារស់ឡើងវិញ និង បានរួមវិភាគទានដ៏សំខាន់ ដល់ការកសាងសុខសន្តិភាព ស្ថិរភាព និង សណ្តាប់ធ្នាប់ សង្គម ជូនដល់មាតុភូមិកម្ពុជានៃយើង ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយថ្ងៃរំដោះ ៧ មករា, កម្ពុជាត្រូវប្រឈមនឹងឧបសគ្គ និងការលំបាកជាច្រើនឥតគណនា ដែលជាផលវិបាកនៃសង្គ្រាម និង ទប់ការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍។ ក្នុងដំណាក់កាលនោះ រដ្ឋដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺដៃម្ខាងខិតខំស្ដារ សង្គម-សេដ្ឋកិច្ច និង ជីវភាពរបស់ប្រជាជនឡើងវិញ ពីបាតដៃទទេរ ហើយដៃម្ខាងទៀត, ត្រូវប្រយុទ្ធទប់ស្កាត់មិនឱ្យរបប ប៉ុលពត វិលត្រឡប់មកវិញ ក្នុងស្ថានភាព ដែលប្រទេសជាតិត្រូវបានហ៊ុំព័ទ្ធសេដ្ឋកិច្ច និងនយោបាយ ពីខាងក្រៅយ៉ាងអយុត្តិធម៌។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដោយសារសង្គ្រាមមិនមែនជាដំណោះស្រាយដ៏ប្រសើរនាំមកនូវសន្តិភាព និងការអភិវឌ្ឍនោះ, សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទ្ទេសក៍ឯក និង ប្រតិបត្តិករនយោបាយ បានដាក់ចេញនយោបាយ ”ឈ្នះ-ឈ្នះ” នៅឆ្នាំ ១៩៩៨ ធ្វើឱ្យទឹកដីកម្ពុជាបានឯកភាពទាំងស្រុង, គ្រប់កម្លាំងប្រដាប់អាវុធ និង អតីតយុទ្ធជន ភាគីទាំងអស់ នៅក្នុងជម្លោះបានធ្វើសមាហរណកម្មមកក្រោមដំបូលរាជរដ្ឋាភិបាលកម្ពុជាតែមួយ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើសមាហរណកម្មនៅក្នុងប្រព័ន្ធរបបសន្តិសុខសង្គមថ្មី និង ការគណនាស្រប តាមតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានចន្លោះឆ្នាំ ២០២០ ដល់ ២០២៣ ព្រមជាមួយនោះក៏បានដំឡើងរបបសន្តិសុខសង្គមប្រចាំខែ ដែលទាបជាង ឬ ស្មើ ៧៧ម៉ឺន ឱ្យដល់ ៨២ម៉ឺន ៥ពាន់រៀល ដែលបានអនុវត្តចាប់ពីខែ មេសា ឆ្នាំ២០២៤។ ផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និង ពិធីបុណ្យភ្ជុំ។
- ការដំឡើងរបបឧបត្ថម្ភប្រចាំខែ សម្រាប់អ្នកនៅក្នុងបន្ទុករបស់សពមន្ត្រីរាជការ ស៊ីវិល និង សពអតីតយុទ្ធជន ។
- ទិន្នន័យអតីតយុទ្ធជន និង គ្រួសារអតីតយុទ្ធជន ត្រូវបានធ្វើបច្ចុប្បន្នភាព និងគ្រប់ គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីធានានូវប្រសិទ្ធភាព និង សុវត្ថិភាពក្នុងការបើកផ្ដល់ របបសន្តិសុខសង្គមប្រចាំខែ ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបើកផ្ដល់របបសន្តិសុខសង្គមប្រចាំខែចំនួនពីរសប្តាហ៍ម្តងក្នុងខែនីមួយៗ ត្រូវបានដាក់ឱ្យអនុវត្តចាប់ពីខែមករា ឆ្នាំ ២០១៩ មកម៉្លេះ, តាមសារាចរណែនាំរបស់ រាជរដ្ឋាភិបាល ដោយសហការជាមួយធនាគារដៃគូ និង បានដាក់ឱ្យដំណើរការសេវាប្រើប្រាស់ កាតអេធីអឹម (ATM) សំដៅបង្កើនភាពងាយស្រួល ក្នុងការបើកប្រាក់សោធនប្រចាំខែតាមប្រព័ន្ធ ធនាគារជូនដល់លោកតា លោកយាយ, អ៊ំ ពូ មីង, បងប្អូនអតីតយុទ្ធជន ដែលត្រូវបានអនុវត្ត ចាប់ពីខែមេសាឆ្នាំ២០១៧កន្លងមក ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បានផ្តល់បណ្ណថែទាំសុខភាព បសស ជូនជនមានពិការភាព និវត្តជន និង ជនបាត់បង់សមត្ថភាពការងារ និង បណ្ណមូលនិធិសមធម៌សុខាភិបាល ជូនអ្នកកាន់ សៀវភៅធនាគាររបស់គ្រួសារជនពលី និង គ្រួសារជនមរណៈ ជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និង ព្យាបាលជំងឺនៅមន្ទីរពេទ្យដែលបានចុះកិច្ចសន្យាជាមួយ បសស ដោយមិនបង់ប្រាក់ ។
- សម្ដេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទេសរដ្ឋមន្ដ្រី គន់ គីម ក្នុងការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា
- សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា គោលបំណង៣ដែលរាជរដ្ឋាភិបាលកម្ពុជា គិតគូរដល់អតីតយុទ្ធជន រួមមាន កិត្តិយស ជីវភាព និងឱកាស
- សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើចង់ចងចាំប្រវត្តិសាស្ដ្រ ទាល់តែចាំអ្នកនៅក្នុងប្រវត្តិសាស្ដ្រ ពិសេសអតីតយុទ្ធជន
- សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវបំផុសស្មារតីដឹងគុណជានិច្ចដល់អតីតយុទ្ធជន
- សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អតីតយុទ្ធជន នៅតែជាគ្រួសារតែមួយរបស់កងកម្លាំងប្រដាប់អាវុធ
- សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជីវភាពរបស់អតីតយុទ្ធជន ត្រូវតែបន្ដគិតគូរ មិនមែនចេញពីជួរហើយឈប់គិតនោះទេ។ សម្ដេចច្រានចោលសំណើដែលធ្លាប់លើកឡើង ឲ្យកាត់ចោលអតីតមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ
- សម្ដេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល ទុកចោលអតីតយុទ្ធជន និងមន្ដ្រីរាជការចូលនិវត្តន៍
- សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការតម្លើងប្រាក់ឧបត្ថម្ភដល់អតីតយុទ្ធជនម្នាក់៥ម៉ឺនរៀល រាជរដ្ឋាភិបាលចំណាយ១លានដុល្លារមួយខែ ស្មើនឹងមួយឆ្នាំ១០លានដុល្លារ
- សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមចំណែកក្នុងការឧបត្ថម្ភ និងកសាងផ្ទះជូនអតីតយុទ្ធជន។ សម្ដេចអរគុណទេសរដ្ឋមន្ដ្រី គន់ គីម ដែលបន្ដគៀរគរដល់សប្បុរសជន
- សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពចំពោះអតីតយុទ្ធជន ដែលធ្លាប់វាយប្រហារគ្នាក្នុងជំនាន់សង្គ្រាម ហើយពេលនេះអាចមករស់នៅក្នុងភូមិជាមួយគ្នា ផ្ទះក្បែរគ្នា
- សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយច្រើនណាស់ ចំពោះគ្រួសារអតីតយុទ្ធជន ពិសេសបេឡាជាតិរបបសន្ដិសុខសង្គម
- សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ពេទ្យយោធា ពេទ្យភូមិភាគ ព្យាបាលជូនដល់អតីតយុទ្ធជនដោយមិនគិតថ្លៃ ដោយប្រើប្រាស់ប័ណ្ណបសស បូកជាមួយពេទ្យរដ្ឋផ្សេងទៀត
- សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសជំហរមិនគាំទ្រការកំណែទម្រង់ផ្សេងៗ ដែលប៉ះពាល់ដល់អតីតយុទ្ធជន
- សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ជានិច្ចចំពោះការចូលរួមរបស់អតីតយុទ្ធជន ក្នុងការវិលត្រឡប់មកបំពេញការងារ តាមរយៈតួនាទីជាក្រុមប្រឹក្សា ឬតួនាទីនៅមូលដ្ឋាន
- សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យក្រសួងការងារ គិតគូរដល់អតីតយុទ្ធជនដែលនៅមានកម្លាំង និងកូនចៅ ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ
- សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ក្នុងការរើសកម្លាំងថ្មីបំពេញបន្ថែម ត្រូវផ្ដល់អាទិភាពដល់កូនចៅអតីតយុទ្ធជន
- សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ នៅពេលរើសកម្លាំង ត្រូវផ្ដល់ឱកាសឲ្យកូនចៅអតីតយុទ្ធជននៅមូលដ្ឋានតែម្ដង កុំយកពីរាជធានីភ្នំពេញ ឬបណ្ដាខេត្តផ្សេងៗទៅ
- សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការផ្ដល់អាទិភាពដល់កូនចៅអតីតយុទ្ធជន មិនមែនមានន័យថា យុវជនដែលជាកូនចៅប្រជាពលរដ្ឋធម្មតាមិនមានឱកាសនោះទេ ពោលនៅតែអាចដាក់ពាក្យបានដូចគ្នា
- សម្ដេចធិបតី ហ៊ុន ម៉ាណែត គោលនយោបាយរបស់រាជរដ្ឋាភិបាល មិនមែនទើបមាននៅឆ្នាំ២០០៧ នៅពេលបង្កើតសមាគមអតីតយុទ្ធជននោះទេ ពោលមានតាំងពីមុនមកម្ល៉េះ ប៉ុន្ដែការបង្កើតសមាគមនេះដើម្បីគៀរគរបន្ថែម
- សម្ដេចធិបតី ហ៊ុន ម៉ាណែត រំលឹករឿងពេលធ្វើការងារជាមួយ នាយឧត្តមសេនីយ៍ ប៉ុល សារឿន និងនាយឧត្តមសេនីយ៍ មាស សុភា លើការងារសមាគមអតីតយុទ្ធជន
- សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការកែសម្រួលរចនាសម្ព័ន្ធរបស់អតីតយុទ្ធជន នៅឆ្នាំ២០១៥ ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំង ដើម្បីកុំឲ្យអតីតយុទ្ធជនមានអារម្មណ៍រងារ ដែលធ្លាប់ជាកងកម្លាំងតែពេលចូលនិវត្តន៍ ទៅក្រោមការគ្រប់គ្រងរបស់ស៉ីវិលទៅវិញ
- សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលជួយឧបត្ថម្ភគាំទ្រដល់សមាគមអតីតយុទ្ធជន
- សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើជាក់ស្ដែងលើការគាំពារដល់អតីតយុទ្ធជន មិនមែនបានត្រឹមតែថានោះទែ
- សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់អភិបាលខេត្ត ត្រូវផ្ដល់ដីសម្រាប់កសាងស្នាក់ការសមាគមអតីតយុទ្ធជន សម្រាប់ខេត្តណាដែលមិនទាន់មានស្នាក់ការ។
- សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំអភិបាលខេត្ត ជួយចលនាសប្បុរសជនតាមមូលដ្ឋាន សម្រាប់សមាគមអតីតយុទ្ធជន
- សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រុមសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន ត្រូវបូកបន្ថែមទាំងបង្គន់អនាម័យ កុំធ្វើតែផ្ទះ
- សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ត្រូវផ្ដល់អាទិភាពមុន ដល់អតីតយុទ្ធជនដែលខ្វះខាតខ្លាំង
- សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់អតីតយុទ្ធជន ដែលបន្ដជឿទុកចិត្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងបន្ដបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់នីតិកាលទី៧នេះ។