FN ៖ នៅរសៀលថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែ មេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជា អធិបតីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និង លើកទិសដៅឆ្នាំសិក្សា២០២៣-២០២៤។
ក្នុងពិធីបិទសន្និបាតនេះក៏មានការប្រគល់ពានរង្វាន់ជ័យលាភីនាយកសាលាល្អ គ្រូបង្រៀនល្អ សាលាស្អាត និងបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាផងដែរ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា៖
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សាលារៀនជាអង្គភាពផ្តល់សេវាសាធារណៈ ដែលស្ថិតនៅជិតប្រជាពលរដ្ឋ សាលារៀនត្រូវតែអនុវត្តនូវតួនាទី ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការបង្រៀន និងរៀន និងផ្ដល់នូវវិជ្ជ សម្បទា បំណិនសម្បទា និងចរិយាសម្បទា ដល់សិស្សានុសិស្សគ្រប់រូប ដែលទាមទារឱ្យសាលារៀនត្រូវ ពង្រឹងអភិបាលកិច្ច ប្រកបដោយភាពធន់ បុរេសកម្ម និងប្រមូល ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសហគមន៍ និងមាតាបិតា ក្នុងការអភិវឌ្ឍសាលារៀន គ្រប់ជ្រុងជ្រោយស្របតាមស្ដង់ដា សាលារៀនគំរូ ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពិតជាគាំទ្រចំពោះការវាយតម្លៃសាលារៀនទាំងបីកម្រិត ដែលក្រសួងបានជ្រើសរើស និងទទួលស្គាល់ជាសាលារៀនគំរូ ទាំង១២០សាលា នៅដំណាក់កាលដំបូងនេះ ក្នុងន័យទទួលស្គាល់នូវសមិទ្ធផលសាលារៀន ទាំងលទ្ធផលសិក្សារបស់សិស្សខ្ពស់ ទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន សិស្សានុសិស្ស និងគ្រួសារក្នុងការអភិវឌ្ឍសាលារៀន ជាសាលារៀន ជាប់ចំណាត់ថ្នាក់អង្គភាពសេវាសាធារណៈល្អ សាលារៀនស្អាត នាយកល្អ ។ល។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំត្រូវធ្វើឱ្យមួយជីវិត សូម្បីសម្តេចក៏ត្រូវរៀនជាប់ជាប្រចាំផងដែរ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាណាព្យាបាលគ្រប់រូបចង់ឱ្យកូនៗទទួលបានការអប់រំដ៏ប្រសើរ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឱ្យការអប់រំបានល្អប្រសើរ ត្រូវពង្រឹងមូលដ្ឋានពីថ្នាក់ក្រោមមក។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើតសាលាជំនាន់ថ្មី សាលាគំរូ… មិនមែនជាការបង្កើតដើម្បីប្រកួតប្រជែងគ្នានោះទេ គឺបង្កើតដើម្បីពង្រឹងការអប់រំ ហើយធ្វើជាដំណាក់កាល។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសយកសាលាបឋមសិក្សាចំនួន៥០ ពង្រឹងការអប់រំ ដោយបន្ថែមម៉ោងសិក្សា២ម៉ោងបន្ថែមទៀត។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជុំមិនបាច់វែងក៏បានដែរ សំខាន់ការដាក់ចេញគោលដៅ ហើយអនុវត្តន៍ឱ្យបានចេញជាលទ្ធផល។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការងារខ្លះកុំចាំបាច់តែជំនួយ ត្រូវចេះច្នៃប្រឌិត ដើម្បីបម្រើជាប្រយោជន៍។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យគ្រូបង្រៀនចេះច្នៃប្រឌិត ដើម្បីផ្តល់ការអប់រំបន្ថែមដល់សិស្ស។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំកុំឱ្យដាក់កាតព្វកិច្ចទៅអាណាព្យាបាលចូលរួមថវិកា ក្នុងកម្មវិធីលើកកម្ពស់អប់រំ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទំនាក់ទំនងរវាងគ្រូ អាណាព្យាបាល ជាមួយសិស្ស ជាកត្តាសំខាន់ជួយឱ្យការអប់រំទទួលបានផលល្អប្រសើរ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពង្រឹងតួនាទីការិយាល័យអប់រំស្រុក ដើម្បីពង្រឹងប្រសិទ្ធភាពអប់រំ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខចិត្តដើរយឺត តែរលូន ពេលរលូតស្មើនឹងលឿន, បើទាញសមីការនេះនាំឱ្យ យឹត ស្មើ លឿន។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា ដូចបានលើកឡើងនៅក្នុង របាយការណ៍សង្ខេបរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដែលពិតជាបានស្ដែងចេញនូវ កិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងស្អិតល្មួតរបស់ថ្នាក់ដឹកនាំ បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់, លោកគ្រូ អ្នកគ្រូ, មាតាបិតា, សហគមន៍ និងអាជ្ញាធរដែនដី ក្នុងការអភិវឌ្ឍវិស័យអប់រំឱ្យមានការរីកចម្រើនទៅមុខ ស្របតាមតួនាទី និងភារកិច្ចរៀងៗខ្លួនជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងគាំទ្រចំពោះកម្មវិធីកំណែទម្រង់វិធានការ និងអាទិភាព ដែលអង្គសន្និបាតបានដាក់ចេញ ដោយឈរលើមូលដ្ឋាននៃសមិទ្ធផលនាពេលបច្ចុប្បន្ន និងកាលានុវត្តភាពថ្មីៗ និងការកំណត់ទិសដៅ កំណែទម្រង់ច្បាស់លាស់ ប្រកបដោយភាពជាក់ស្តែងនិយម ជាមួយនឹងគោលដៅជាក់លាក់។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តផ្តល់អាទិភាព ក្នុងការជ្រើសរើសគ្រូបង្រៀន ទាំងគ្រូបង្រៀនមាន ក្របខ័ណ្ឌ និងគ្រូបង្រៀនកិច្ចសន្យាបច្ចេកទេស ដើម្បីបំពេញបន្ថែមនូវតម្រូវការគ្រូបង្រៀន និងប្រកបដោយគុណភាព។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែង ជំរុញបន្តលើកកម្ពស់វិស័យកីឡា ដើម្បីកសាងមនុស្សគ្រប់រូបឱ្យមានសុខភាព និងសុខុមាលភាពល្អ, កាយសម្បទាមាំមួន,ឆន្ទៈមោះមុត, អំណត់ព្យាយាម, មានវិន័យ, មានស្មារតីក្រុម, គំនិតច្នៃប្រឌិត, និងមានការតស៊ូស្វិតស្វាញ។