FN ៖ ការកសាងផ្លូវនិងស្ពានបម្រើជាប្រយោជន៍ដល់ជាតិ និងប្រជាជន គឺជាគោលនយោបាយដ៏ចាំបាច់ ដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រកាន់យកតាំងពីពេលដែល សម្តេចតេជោ ហ៊ុន សែន ដឹកនាំមកម្ល៉េះ។ បន្តមកដល់អ្នកដឹកនាំឈាមថ្មី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នៅតែបន្តយកនូវគោលនយោបាយនេះផងដែរ។
នៅព្រឹកថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០ ២៤នេះ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលជាស្ពានឆ្លងកាត់ទន្លេក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញមួយខ្សែទៀត បានចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការហើយ។ ពិធីបើកការដ្ឋាន សាងសង់ស្ពានមួយខ្សែនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)៖
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនចរាចរណ៍កើនឡើងយ៉ាងឆាប់រហ័ស ដែលនាំឱ្យមានការកកស្ទះចរាចរណ៍ខ្លាំង។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅចម្បងរបស់រាជរដ្ឋាភិបាលរយៈពេលជាង៤០ឆ្នាំមកនេះ គឺការលុបបំបាត់ភាពក្រីក្រ និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការបិទបញ្ចប់ភ្លើងសង្គ្រាម និងជំរុញការអភិវឌ្ឍន៍។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ជួយឱ្យការធ្វើដំណើរប្រជាពលរដ្ឋកាន់តែងាយស្រួល កាន់តែលឿន កាត់បន្ថយពេលវេលាធ្វើដំណើរ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលគ្មានផែនការកំណត់ពិដានពលរដ្ឋនោះឡើយ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ប្រឹងប្រែងក្នុងការបញ្ចប់សង្គ្រាម ហើយសាងសុខសន្តិភាព។ ដូច្នេះទោះតម្លៃណាក៏ដោយត្រូវតែរួមគ្នារក្សាឱ្យបាននូវសុខសន្តិភាពទាំងពេលបច្ចុប្បន្ន ទៅអនាគត។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានផ្លូវកាន់តែរឹងមាំ ក្តីសង្ឃឹមកាន់តែរឹងមាំ មានផ្លូវកាន់តែច្រើន ក្តីសង្ឃឹមក៏កាន់តែច្រើន។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា មិនដកថយនោះឡើយ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្លូវ ដូចសរសៃឈាមអ៊ីចឹង ផ្លូវទៅដល់ទីណា ជួយចិញ្ចឹមសរីរាង្គនៅទីនោះ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្លូវមិនមែនប្រើសម្រាប់តែការធ្វើចំណាកស្រុកប៉ុណ្ណោះទេ តែផ្លូវបានរួមចំណែករុញរោងចក្រ និងការងារជូនប្រជាពលរដ្ឋ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នកម្ពុជាមានស្ពានឆ្លងកាត់ទន្លេចំនួន២៥ស្ពាន។ ក្នុងនោះ ស្ពានចំនួន១៩ ធ្វើរួចរាល់, ៣ស្ពានកំពុងសាងសង់ និង៣ស្ពានទៀត កំពុងសិក្សា។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កន្លែងណាធ្វើផ្លូវ បង្ហាញថា កន្លែងណុងមានប្រជាពលរដ្ឋ មានការអភិវឌ្ឍន៍។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល គ្មានផែនការរើរាជធានី ចេញពីភ្នំពេញនោះឡើយ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល គ្មានផែនការហាមប្រជាពលរដ្ឋយកកូន និងហាមពលរដ្ឋក្នុងការទិញយានយន្តនោះឡើយ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្លូវក្នុងរាជធានីភ្នំពេញ មិនអាចពង្រីកបានទៀតនោះឡើយ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរដ្ឋបាលរាជនីភ្នំពេញ ត្រៀមរៀបចំបញ្ចេញរថយន្តដឹកពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មហិច្ឆតារបស់កម្ពុជា មិនត្រឹមតែសាងសង់ផ្លូវប៉ុណ្ណោះទេ គឺសាងសង់ដោយខ្លួនឯងថែមទៀត តាមរយៈការបណ្តុះបណ្តាលវិស្វករ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្ន ចិនជួយសាងសង់ស្ពានឆ្លងទន្លេសរុបចំនួន១៦។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសចិន ក្លាយជាប្រទេសលំដាប់ទី១ ផ្តល់ឥណទានសម្បទាន និងជំនួយសម្រាប់ការអភិវឌ្ឍន៍កម្ពុជា។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើរដ្ឋាភិបាលចិន បន្តជួយដល់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដូចជា «គម្រោងព្រែកជីកតេជោ-ហ្វូណន ផ្លូវរថភ្លើងធុនស្រាល និងផ្លូវក្រោមដី។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានប្រឹងប្រែងប្រើរយៈពេលជាង២០ឆ្នាំ ក្នុងការកសាងរូបភាពកម្ពុជា មានសុខសន្តិភាព និងមានស្ថេរភាព តែមួយរយៈចុងក្រោយនេះ តាមរយៈបណ្តាញផ្សព្វផ្សាយបរទេស និងបញ្ហាមួយចំនួន ធ្វើឱ្យប៉ះពាល់ដល់រូបភាពស្ថេរភាពរបស់កម្ពុជា។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថា មានមនុស្ស ព្យាយាមអន្តរាគមន៍ជួយជនជាតិចិនតៃវ៉ាន់ពីរនាក់ ដែលផលិតវីដេអូប្រឌីតរឿងអាក្រក់ពីកម្ពុជា តែសម្តេចបានបដិសេធ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកដែលយកកម្ពុជាផលិតវីដេអូ ដើម្បីបានអ្នកទស្សនាច្រើន នឹងត្រូវចាត់វិធានការតាមច្បាប់។ ក្រោយចាត់វិធានការច្បាប់ហើយនោះ នឹងត្រូវដេញចេញពីកម្ពុជា។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានព្រមានដល់ជនមានចេតនាអាក្រក់ចំពោះកម្ពុជា កុំចេះតែហ៊ាន។ កម្ពុជា នឹងចាត់វិធានការម៉ឺងម៉ាត់ ចំពោះជនមានចេតនាអាក្រក់។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសង្ឃឹមថា ឆ្នាំផ្លាស់ប្តូរប្រជាពលរដ្ឋកម្ពុជា-ចិន នៅឆ្នាំ២០២៤ នឹងក្លាយជាចំណែកបន្សាបនូវព័ត៌មានខុសពីការពិតទាំងឡាយនាពេលកន្លងមក។
- សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកបើកបរកុំខ្លាចរឿងនគរបាលចាប់ ត្រូវមានស្មារតីគោរពច្បាប់បើកបរមិនលើសល្បឿន បើកបរមិនប្រើគ្រឿងស្រវឹង។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្វីដែលរាជរដ្ឋាភិបាលចង់បាន គឺអ្នកបើកបរ បើកបរដោយស្មារតីទទួលខុសត្រូវ យោគយល់អធ្យាស្រ័យ មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ។
- សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ កុំព្យាយាមគេចខ្លួន ត្រូវចូលខ្លួនទទួលខុសត្រូវ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកដឹកជញ្ជូនកុំដឹកលើសទម្ងន់កំណត់ និងពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ។