FN ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៣៖៣០នាទីរសៀលនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីបិទ ការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅ OCIC ជ្រោយចង្វារ។
ភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាភាពយន្តបែប ប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុព្វហេតុជាតិមាតុភូមិនោះ បានថតចប់ជាស្ថាពរហើយ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
*សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដែលបានជួយរៀបចំសម្រាប់ការថតភាពយន្ត កូនប្រុសក្រោមពន្លឺព្រះចន្ទ។
*សម្តេចតេជោ ហ៊ុន សែន សោកស្តាយចំពោះការបាត់បង់ជីវិតរបស់តួអង្គមេបញ្ជាការ៤នាក់ ដែលបានស្លាប់ មុនពេលរឿងត្រូវបានបញ្ចប់ មិនបានមើលរឿងរបស់ខ្លួន។
*សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់សប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រដល់ការថតភាពយន្ត។ ភាពយន្តនេះ ជាភាពយន្តចំណាយច្រើនជាងគេក្នុងចំណោមភាពយន្តថតនៅកម្ពុជា។
*សម្តេចតេជោ ហ៊ុន សែន សំណូមពរកុំឱ្យមានរឿងប្រវត្តិសាស្ត្រ ហ៊ុន សែន ផ្សេងទៀត ដែលមានការបញ្ចូលគំនិតរបស់អ្នកនិពន្ធ ខុសពីការពិត។
*សម្តេចតេជោ ហ៊ុន សែន សម្តែងការសោកស្តាយមនុស្ស៤រូប នៅពេលភាពយន្តនេះចាប់ផ្តើមថតនៅមានជីវិត។ តែពេលនេះភាពយន្តចប់បានបាត់បង់ជីវិត រួមមានលោក សុខ សារឿន, សម្តេច ហ៊ុន ណេង, អ្នកគ្រូពេទ្យ តាំង លី និងប្អូនថ្លៃពៅរបស់សម្តេច។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពយន្តទាំង ៩៩ភាគ ត្រូវបានឆ្លងកាត់ការពិនិត្យរបស់គ្រប់ភាគ ហើយភាគខ្លះត្រូវបានសម្តេចតម្រូវឱ្យថតឡើងវិញ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្លងកាត់ការថតភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ធ្វើឱ្យសម្តេចយល់ច្បាស់ពីការលំបាករបស់អ្នកដឹកនាំថត និងអ្នកសម្តែង។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក ហ្វៃ សំអាង និងលោក ហេង ឡុង ដែលបានដឹកនាំថតភាពយន្តចម្រៀង ពាក់ព័ន្ធជីវិតរបស់សម្តេច។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាការគាប់ជួនណាស់ ថ្ងៃដែលសម្តេចប្រកាសលាឈប់ពីការធ្វើនាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មី ដោយប្រគល់ឱ្យអ្នកបន្តវេន កាលពីថ្ងៃទី២៥ ខែកក្កដា គឺជាប់ទាក់ទិនការប្រសូត ការកើតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បានចោទសួរថា តើមានមនុស្សប៉ុន្មាននាក់ បានលះបង់អំណាចក្នុងពេលមានថាមពល។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះ រាជរដ្ឋាភិបាលនីតិកាលថ្មី មានរយៈពេលជាងមួយខែហើយ តើមានពលរដ្ឋណាភ័យព្រួយ ឬសង្គមមានចលាចលហើយឬនៅ?
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្លងតាមការសម្រេចចិត្តនាពេលនេះ គឺបង្ហាញឱ្យឃើញពីការលះបង់ដ៏ធំមួយរបស់សម្តេច ដើម្បីសេចក្តីសុខរបស់ជាតិ និងប្រជាជនក្នុងរយៈពេលយូរអង្វែងទៀត។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលះបង់អំណាចរបស់សម្តេច គឺជាមេរៀនមួយសម្រាប់ក្រុមប្រឆាំងទៅលើការសម្រេចចិត្តរបស់សម្តេច ដែលពួកគេទាយមិនត្រូវ មើលមិនឃើញ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលនេះក្រុមប្រឆាំងបានប្រៀបធៀបទៀត និងចោទសួរទៀតហើយ ពាក់ព័ន្ធវិធានការចំពោះការជម្លៀសនិស្សិតខ្មែរនៅអ៉ីស្រាអែល។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនៅតែរក្សាជំហរដូចករណីនៅកូរ៉េខាងត្បូង និងនៅចិន គឺមិនជម្លៀសនិស្សិត និងពលរដ្ឋខ្មែរពីអ៉ីស្រាអែលនោះឡើយ បើរដ្ឋាភិបាលអ៉ីស្រាអែលមិនតម្រូវឱ្យជម្លៀសទេនោះ។
*សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការក្រាញននៀលនៅជាមួយអ៉ីស្រាអែល ជាការបង្ហាញនូវស្មារតីសាមគ្គីភាពជាមួយប្រជាពលរដ្ឋអ៉ីស្រាអែល។
*សម្តេចតេជោ ហ៊ុន សែន បានផ្តល់យោបល់ជូនរាជរដ្ឋាភិបាលថា ក្នុងករណីអ៉ីស្រាអែលតម្រូវឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីអ៉ីស្រាអែល គឺកម្ពុជា មិនខ្លាចនឹងជួលយន្តហោះទៅដឹកនិស្សិត និងពលរដ្ឋនោះឡើយ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថា តើអ៉ីស្រាអែល នឹងវាយបកក្រុមហាម៉ាស់ទៅដល់ណា?
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជាប្រធានបក្សកាន់អំណាច សម្តេចនៅតែមានអំណាចខាងនយោបាយ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនមានសិទ្ធិបញ្ជាកម្លាំង តែសម្តេចមានអំណាចក្នុងការចាត់ចែងការងារនានា។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានប្រែក្លាយពីក្មេងវត្ត ទៅជារដ្ឋមន្ត្រីការបរទេស ហើយទៅជានាយករដ្ឋមន្ត្រី។ ពេលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រែក្លាយពីកូនក្បត់អង្គការ ទៅជានាយករដ្ឋមន្ត្រី។
*សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបនឹងអ្នកនិយាយចរិតនៃសុន្ទរកថារបស់សម្តេចថា នៅពេលនេះសុន្ទរកថារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មានចរិតបង្គាប់បញ្ជាវិញហើយ។
*សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មទៅជនបរទេសមួយចំនួន ដែលបានអត្ថាធិប្បាយពាក់ព័ន្ធរបបដឹកនាំនៅកម្ពុជាថា ពួកគេនោះ មានសំណាងបានកើតលើប្រទេសមានការរីកចម្រើន តែខួរក្បាលរបស់ពួកគេមិនប្រាកដថាឆ្លាតជាងសម្តេច និងពលរដ្ឋខ្មែរនោះឡើយ។
*សម្តេចតេជោ ហ៊ុន សែន ស្នើលោក ហ្វៃ សំអាង ដកឈុតគេចាក់ស្រាលើក្បាល ក្នុងភាពយន្តចម្រៀងជីវិតក្មេងវត្ត។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មនុស្សដូចសម្តេច គ្មាននរណាអាចចាក់ស្រាលើក្បាលសម្តេចបាននោះឡើយ។