FN ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ត្រូវមានមោទនភាពលើអ្វីដែលខ្លួនធ្វើបាន មិនបាច់ទៅខ្វល់នឹងរឿង Share និង Like នោះទេ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនី នៃសិល្បៈទាំង៧ទម្រង់ កាលពីថ្ងៃទីសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ។
តាមរយៈវីដេអូក្នុងពិធីសំណេះសំណាលដែលទើបបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៤ ខែសីហានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសរំលេចពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានត្អូញត្អែរពីស្នាដៃរបស់ខ្លួនជាមរតកសិល្បៈខ្មែរ ដូចជាចម្លាក់ជាដើម មិនសូវមានការគាំទ្រលើបណ្តាញសង្គម ពោលមិនមានអ្នក Share ឬ Like ច្រើនដូចរឿងរ៉ាវជម្លោះគ្រួសារ។
លោក ហ៊ុន ម៉ាណែត បានចាត់ទុកការត្អូញត្អែរបែបនេះ គឺជាការបន្ទាបតម្លៃស្នាដៃរបស់ខ្លួន។ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះ «កុំសំខាន់រឿង Like មិន Like នោះ។ វាអត់សំខាន់ វាសំខាន់យើងមានស្នាដៃលើកស្ទួយរួចទៅហើយ»។
លោកបានបន្ថែមថា «ខ្ញុំមិនចង់ឱ្យមានការបាក់ទឹកចិត្ត។ កុំផ្តោតលើរឿង Like មិន Like បើយើងមានរបស់ល្អបង្ហោះទៅឱ្យបងប្អូនគាត់មើល។ បងប្អូនគាត់ឃើញគាត់ Share តែ១នាក់ Share ក៏ល្អដែរ»។
ជាមួយនឹងការលើកឡើងបញ្ហានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានបង្ហាញការគាំទ្រចំពោះការវិវឌ្ឍនៃភាពយន្តកម្ពុជាផងដែរ។ លោកបានលើកឡើងថា ទោះបីភាពយន្តនោះមិនអាចប្រៀបធៀបជាមួយហូលីវូដ តែជារឿងកោតសរសើរព្រោះការផលិតនោះ មានកិច្ចខិតខំក្នុងការប្រមូលផ្តុំ និងកៀរគរដើម្បីផលិត។
នៅក្នុងវីដេអូនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានឆ្លៀតរំលេចបញ្ហារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពេលអញ្ជើញទៅដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក កាលពីខែឧសភាផងដែរ។
លោក ហ៊ុន ម៉ាណែត បានរំលឹកថា ដំណើរនាពេលនោះ មានប្រជាពលរដ្ឋខ្មែរជាច្រើនបានគាំទ្រសម្តេចតេជោ ដែលជាកិត្តិយសដ៏ធំធេងសម្រាប់កម្ពុជា ហើយមិនគួរទៅចាប់អារម្មណ៍នឹងបុគ្គលម្នាក់ដែលប្រព្រឹត្តទង្វើមិនគួរគប្បីលើសម្តេចនោះឡើយ៕