FN ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា គ្រាប់មីនកប់ក្នុងដីដ៏ច្រើន, ស្លាកស្នាមនៃពិការភាព, ការបាត់បង់អាយុជីវិត និងទុក្ខសោករបស់កុមារកំព្រារាប់ពាន់នាក់ ដែលកម្ពុជា បានហែលឆ្លងកាត់នាពេលកន្លងមក គឺជាតឹកតាង និងមេរៀនដ៏ឈឺចាប់ ដែលយើងទាំងអស់គ្នាត្រូវចងចាំជានិច្ច និងមិនត្រូវបំភ្លេចឡើយ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលរួម ក្នុងពិធីអបអរសាទរខួបលើកទី៣០ នៃការបង្កើតមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC-ស៊ីម៉ាក់) និងការបំពាក់ឋានន្តរស័ក្តិកងយោធពលខេមរភូមិន្ទ ជូនមន្ត្រីស៊ីម៉ាក់ចូលនិវត្តន៍ នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា អតីតកាលដ៏ខ្មៅងងឹតទាំងនេះ បង្ហាញប្រាប់យើងទាំងអស់គ្នាយ៉ាងច្បាស់ថា គ្មានអ្វីដែលប្រសើរជាងសុខសន្តិភាព, សុវត្ថិភាព និងសេរីភាព ដែលបានបង្ក លក្ខណៈឲ្យយើងអាចរស់នៅប្រកបដោយសេចក្តីសុខ និងសុភមង្គលពេញលេញ ជាមួយក្រុមគ្រួសាររៀងៗខ្លួន ខណៈពេលដែលកូនៗរបស់យើងអាចកាន់ប៊ិក ខ្មៅដៃ សៀវភៅ និងកំពុងសិក្សានៅក្នុងថ្នាក់រៀន ជំនួសដោយការកាន់កាំភ្លើង និងសព្វាវុធក្នុងជម្លោះហិង្សាដ៏គួរឲ្យស្អប់ខ្ពើម។ ជាងនេះទៅទៀត ពួកគេក៏អាចរត់លេងយ៉ាងសប្បាយរីករាយ និងមិនមានការព្រួយបារម្ភ ឬខ្វល់ខ្វាយអំពីសង្រ្គាមនិងគ្រាប់មីនឡើយ។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឲ្យដឹងថា បន្ទាប់ពីសង្គ្រាមស៊ីវិលត្រូវបានបញ្ចប់ទាំងស្រុង នៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់ សម្ដេចតេជោ នាយករដ្ឋមន្រ្ដី រាជរដ្ឋាភិបាលបានកំណត់ជ្រើសរើសយកកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ជាគោលដៅយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសជាតិឡើងវិញ ពីព្រោះបញ្ហាមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនេះ មិនត្រឹមតែជាការគំរាមកំហែងមកលើសេចក្តីសុខ សុវត្ថិភាព និងសន្តិភាពពេញលេញរបស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឧបសគ្គរាំងស្ទះដ៏ស្មុគ្រស្មាញចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ជារួមផងដែរ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្ដថា ដោយសារការប្តេជ្ញាចិត្តយ៉ាងមុតមាំនេះ អត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងរយៈពេលចុងក្រោយនេះបានធ្លាក់ចុះ គួរឲ្យកត់សម្គាល់។ ជាក់ស្តែង អត្រាអ្នកគ្រោះថ្នាក់ដោយសារគ្រាប់មីនក្នុងឆ្នាំ២០០០-២០០៥ ដែលមានរហូតដល់ជាង ៨០០ នាក់ ក្នុងមួយឆ្នាំៗ បានធ្លាក់ចុះមកក្នុងអត្រាប្រមាណ ៣២ នាក់ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២២ គិតត្រឹមខែមេសានេះ ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកន្លងមក បានខិតខំប្រឹងប្រែងគ្រប់លទ្ធភាព ទាំងស្មារតី ថវិកា និងធនធានដទៃៗទៀត សំដៅធ្វើយ៉ាងណាជំរុញ ឲ្យសកម្មភាពកម្ចាត់មីននេះ ឲ្យទទួលបានជោគជ័យ។ ក៏ប៉ុន្តែកម្ពុជា នៅបន្តត្រូវការធនធានជាច្រើនបន្ថែមទៀត ដើម្បីឲ្យកម្ពុជាអាចសម្រេចបាននូវទស្សនវិស័យដែលបានកំណត់ទុក។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានទទួលយក និងបន្តទទួលស្វាគមន៍ចំពោះការចូលរួមរបស់ដៃគូអភិវឌ្ឍន៍ និងបណ្តាប្រទេសជាមិត្ត ដែលបានផ្តល់ជំនួយគាំទ្រតាមគ្រប់រូបភាព ទាំងតាមរយៈយន្តការ រាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ផ្នែកឯកជន យន្តការទ្វេភាគី និងពហុភាគី សំដៅកម្ចាត់ឃាតកលាក់មុខទាំងនេះ ឱ្យបានឆាប់រហ័សបំផុត។
ក្នុងស្មារតីនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមលើកទឹកចិត្ត និងសូមស្វាគមន៍ចំពោះការគាំទ្រ ការផ្តល់ជំនួយ និងកិច្ចសហប្រតិបត្តិការពីគ្រប់ដៃគូអភិវឌ្ឍន៍ បណ្តាប្រទេសជាមិត្ត និងវិស័យឯកជនទាំងអស់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចនូវមហិច្ឆតាដ៏ធំធេង សំដៅផ្តល់ស្នាមញញឹមជូនបងប្អូនជនរួមជាតិរបស់យើង។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍន៍, បណ្តាប្រទេសជាមិត្ត ព្រមទាំងអង្គការ, ស្ថាប័ន, ក្រុមហ៊ុន និងសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជា ព្រមជាមួយនឹងសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ថ្លៃថ្លាទាំងនេះ នឹងនាំទៅដល់ការសម្រេចបាននូវទស្សនវិស័យរួម «កម្ពុជាសូន្យមីនក្នុងឆ្នាំ២០២៥» ដូចការរំពឹងទុកជាក់ជាមិនខាន។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏សូមអបអរសាទរចំពោះការប្រារព្ធខួបលើកទី៣០ នៃការបង្កើតមជ្ឈមណ្ឌលស៊ីម៉ាក់ និងសូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់កម្លាំង កាយចិត្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិកស៊ីម៉ាក់ទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចដ៏ថ្លៃថ្លា និងឧត្តុង្គឧត្តម ជូនជាតិមាតុភូមិរបស់យើង ដោយមិនគិតអំពីអាយុជីវិតរបស់ខ្លួន។ ពលិកម្ម និងភក្តីភាពចំពោះបុព្វហេតុជាតិទាំងនេះ គឺពិតជាគំរូវីរភាពដ៏ប្រពៃបំផុត ដែលប្រជាជនខ្មែរទាំងមូល គោរពដឹងគុណជានិច្ច៕