FN ៖ ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ាន ក្នុងការនាំចេញកង់ ខណៈ៤ខែ ឆ្នាំ២០២២នេះ រកចំណូលបានជាង៣០៦លានដុល្លារ ពីការនាំចេញកង់។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ស៊ាង ថៃ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ាន ក្នុងការនាំចេញកង់ និងជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងពិភពលោក បន្ទាប់ពី ចិន តៃវ៉ាន់ ហូឡង់ និងអាល្លឺម៉ង់»។
លោក ស៊ាង ថៃ បានគូសបញ្ជាក់ថា ការនាំចេញកង់កម្ពុជា ៤ខែ ឆ្នាំ២០២២ សរុបទឹកប្រាក់៣០៦,៤៧៤,១១៤ដុល្លារ កើនឡើង៥៤ភាគរយ ដែលរួមមាន៖ អាមេរិក ១២៩,៣៤៤,០៥០ដុល្លារ, អាល្លឺម៉ង់ ៤៧,៩៩២,២៨៩ដុល្លារ, បែលហ្ស៊ីក ៤៧,០៦៩,៨៥២ដុល្លារ, អង់គ្លេស ២៣,៨៩៣,៣៤៦ដុល្លារ និងហូឡង់ ១២,២៤០,២៥៧ដុល្លារ។
ដោយឡែក ការនាំចូលកង់វិញ ៤ខែ ឆ្នាំ២០២២ សរុបទឹកប្រាក់២,០៣២,១២៨ដុល្លារ ថយចុះ១៤ភាគរយ ដែលរួមមាន៖ ជប៉ុន ៣,៧៤២,៥១៦ដុល្លារ, ចិន ៦៩៦,៥០៤ដុល្លារ , វៀតណាម ៤៣៥,៥៣៦ដុល្លារ, ថៃ ១៣៦,៨៦៦ដុល្លារ និងសហរដ្ឋអាមេរិក ១៥,២៨៣ដុល្លារ។
បច្ចុប្បន្នកម្ពុជាមានរោងចក្រ សម្រាប់ដំឡើងកង់ចំនួន៥ រួមមាន៖
* ទី១៖ A AND J (CAMBODIA) CO.,LTD.
* ទី២៖ SPEEDTECH INDUSTRIAL CO., LTD.
* ទី៣៖ SMART TECH (CAMBODIA) CO.,LTD.
* ទី៤៖ XDS BICYCLE (CAMBODIA) CO.,LTD
* ទី៥៖ EVERGRAND BICYCLE (CAMBODIA) CO., LTD។
សូមបញ្ជាក់ថា ឆ្នាំ២០២០ កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញកង់ សរុបចំនួន ៥២៧,០៨២,២២៨ ដុល្លារអាមេរិក កើនឡើង២៧.៧៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩។
ទីផ្សារគោលដៅដែលកម្ពុជានាំចេញរួមមាន៖ សហរដ្ឋអាមេរិក, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, ជប៉ុន, ចិន, អាស៊ាន, ប៊ែលហ្ស៊ិក, ហូឡង់, អូទ្រីស, ស៊ុយអែត, ដាណឺម៉ាក, អូស្ត្រាលី, សាធារណរដ្ឋឆែក, អ៊ីតាលី, កូឡុំប៊ី, សាធារណរដ្ឋកូរ៉េ, អេស្ប៉ាញ, ស្លូវេនី និងកាណាដា ជាដើម