FN ៖ កម្ពុជារកចំណូលបានជាង៤៤៥លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។
របាយការណ៍បានបញ្ជាក់ថា ចំណូលសរុប១០ខែ ឆ្នាំ២០២១ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៤៤៥,០០០,៩៩៨.៨៤ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័កៅស៊ូ ចំនួន ៤៤៣,៧៩៣,៥៥៣ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ១,២០៧,៤៤៥.៨៤ដុល្លារ។
ចំពោះបរិមាណនៃការនាំចេញ១០ខែ ឆ្នាំនេះ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន ២៦៦,៧៦៥តោន កើនឡើងចំនួន ២៣,៦៣៩តោន ស្មើនឹង១០% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ៥,១២៨ម៉ែត្រគូប។
សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម ចាប់ពីដើមឆ្នាំ រហូតមកដល់ខែតុលា ឆ្នាំ២០២១ ថ្លៃ១,៦៦៤ដុល្លារ ក្នុងមួយតោន បានកើនឡើងចំនួន៣៥៤ដុល្លារ ក្នុងមួយតោន ស្មើនឹង២៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
គិតត្រឹម១០ខែ ឆ្នាំ២០២១ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,១៦០ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៤,៣១៩ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,៨៤១ហិកតា ស្មើនឹង២២%។
គូររំលឹកផងដែរថា កម្ពុជាបានចាប់ផ្ដើមផលិតសំបកកង់រថយន្ត នាំចេញសាកល្បងជាលើកដំបូង ដែលជាការវិនិយោគរបស់ក្រុមហ៊ុន Cart Tire Co., Ltd លើផ្ទៃដីទំហំ៥០ហិកតា នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលវិនិយោគក្នុងទឹកប្រាក់៣៥០លានដុល្លារអាមេរិក។
ការសាកល្បងនាំចេញសំបកកង់រថយន្តនេះ ជារឿងអបអរសាទរមួយសម្រាប់ទីផ្សារកៅស៊ូកម្ពុជា ដែលអាចលក់ នៅក្នុងស្រុកបាន ទន្ទឹមពេលដែលច្បាប់វិនិយោគថ្មី លើកលែងពន្ធអាករលើតម្លៃបន្ថែម (VAT) ដែលធ្វើឲ្យចំការកៅស៊ូ អាចផ្គត់ផ្គង់ជូនរោងចក្របាន។
គូសបញ្ជាក់ថា ឆ្នាំ២០២០ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង ៣៥ម៉ឺនតោន ទទួលបានចំណូលជាង ៤៨២លានដុល្លារ។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី៕