FN ៖ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសមិទ្ធផលថ្មីដ៏ពិសិដ្ឋនៃស្ថាបត្យកម្មរបស់ជាតិកម្ពុជា តម្លៃជាង២៨លានដុល្លារអាមេរិក បើកសម្ពោធជាផ្លូវការនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ពិធីនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសមិទ្ធផលមួយដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់ស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធ៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយចំពោះការបានមកសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា អគារក្រសួងនេះគ្រោងនឹងសម្ពោធកាលពីខែមេសា តែដោយសារជំងឺកូវីដ១៩ ក៏បានពន្យារពេលមកដល់ពេលនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ថា គន្លងថ្មីនៃការរស់នៅក្នុងសម័យកូវីដ១៩ បានធ្វើឱ្យសាលប្រជុំរបស់ក្រសួងដែលអាចដាក់បានមនុស្សរហូតដល់ទៅជាង ២ពាន់នាក់ តែត្រូវដាក់មកត្រឹមប្រមាណ ៥០០នាក់ប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ អាចបំផ្លាញការរស់នៅ តែមិនអាចបំផ្លាញដំណើរឈានទៅមុខរបស់កម្ពុជាបាននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញពីការដោះដូរទីតាំងក្រសួងមួយចំនួន ក្រោយពេលក្រសួងសាធារណការត្រូវបានសាងសង់នៅទីតាំងថ្មី។ មានដូចជាក្រសួងរ៉ែ និងថាមពល ក្រសួងអភិវឌ្ឍន៍ជនបទ និងទីតាំងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាដើម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី២៩ ខែធ្នូ ដែលជាខួប២៣ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនោះ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ក្រសួងការពារជាតិ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ក្រសួងមហាផ្ទៃក៏កំពុងសាងសង់ ហើយអាចដាក់ឱ្យប្រើប្រាស់នាពេលខាងមុខជាមួយតម្លៃ៦០លានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នជាដំណាក់កាលត្រូវសាងសង់កន្លែងធ្វើការរបស់មន្ត្រីរាជការ។ សមិទ្ធផលនេះ ក៏ជាបង្ហាញឱ្យឃើញការវិវឌ្ឍនៃសង្គមកម្ពុជា ដែលកាលពីអតីតកាលមិនមានទីតាំងសម្រាប់មន្ត្រីធ្វើការ។
* សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរលោកឧបនាយករដ្ឋមន្ត្រី ជា សុផារា សម្រាប់ការដឹកនាំកសាងអគារទីស្តីការក្រសួងនេះឡើង។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ម៉ារីស ផែន នឹងពិភាក្សាលើការងារជាច្រើន មានទាំងទ្វេភាគី និងតំបន់ ជាពិសេសពាក់ព័ន្ធនឹងប្រទេសផលិតប៉ារម៉ាណូ។
* សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតឆ្លើយតបថា គ្មានដំណើរភ្ញៀវបរទេសណាមួយ មកកៀបសង្កត់កម្ពុជានោះឡើយ បើកៀបសង្កត់លើកម្ពុជាមិនបាច់មកទេ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតបញ្ជាក់ពីការមិនបានទទួលរដ្ឋមន្ត្រីការបរទេសអង់គ្លេស ដែលមកទស្សនកិច្ចនៅកម្ពុជាកាលពីខែមិថុនាផងដែរ។ សម្តេចតេជោ បញ្ជាក់ថា ការមិនជួបនាពេលនោះមិនមែនខ្លាចទេ គឺដោយសារជាប់ធ្វើចត្តាឡីស័ក។
* សម្តេចតេជោ មានប្រសាសន៍ថា ដំណើររដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អាចនឹងមកពន្យល់ពីសម្ព័ន្ធភាពត្រីភាគី អាមេរិក អង់គ្លេស អូស្ត្រាលី (AUKUS)។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា និងអូស្ត្រាលី កំពុងមានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងល្អ ហើយទំនាក់ទំនងពាណិជ្ជកម្មនឹងកាន់តែប្រសើរទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងចាអក្សរ៣ឃ្លាជាមួយការសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ចំណារ៣ឃ្លានោះរួមមាន៖
១៖ មានអគារលំបាកទៅហើយ តែការថែទាំអគារ ដើម្បីប្រើប្រាស់បានយូរអង្វែងក៏លំបាកដែរ។
២៖ បានកន្លែងធ្វើការល្អហើយ តែវានឹងកាន់តែល្អថែមទៀត បើធ្វើការងារកាន់តែមានប្រសិទ្ធភាព។
៣៖ សន្សំសំចៃភ្លើង និងទឹក។
* សម្តេចតេជោ បានមានប្រសាសន៍បើមានកន្លែងធ្វើការងារល្អ តែការងារមិនមានប្រសិទ្ធភាព ការងារមិនល្អ គឺស្មើសូន្យ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកពីរឿងប្រតិបត្តិការសង្គ្រោះមនុស្សក្នុងហេតុការណ៍រលំអគារកាលពីឆ្នាំ២០១៩។ សម្តេចតេជោ បានថ្លែងថា សម្តេចតក់ស្លុតណាស់ចំពោះព្រឹត្តិការណ៍នោះ នៅពេលមិនមានថ្នាក់ជាតិចុះអន្តរាគមន៍។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា តម្លៃអ្នកសង្គ្រោះ គឺស្ថិតនៅលើការសង្គ្រោះ ដោយមិនខ្វល់ពីជីវិតរបស់ខ្លួនឯង។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្រោយក្លាយជាប្រធានក្រុមប្រឹក្សារដ្ឋនៅឆ្នាំ១៩៨៥ ទើបសម្តេចស្នើបង្កើតអគ្គនាយកដ្ឋានសំណង់។ តែអគ្គនាយកដ្ឋាននោះ គិតគូរតែការរៀបចំសំណង់ អត់បានគិតគូររៀបចំដែនដីនោះឡើយ។ រហូតដល់ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ផ្នែកសំណង់ត្រូវបានបញ្ចូលក្រោមក្រសួងសាធារណការ។
* សម្តេចតេជោ ហ៊ុន សែន ហួសចិត្តអ្នកវិភាគមួយចំនួនចង់យកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទៅដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលចង់ហៅកិច្ចព្រមព្រៀងប៉ារីសមកវិញ គឺជាអ្នកចង់ហៅបរទេសមកគ្រប់គ្រងខ្មែរវិញ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ៊ុនតាក់ បានចប់ភារកិច្ចហើយ រដ្ឋធម្មនុញ្ញខ្មែរពេលនេះគឺព្រះមហាក្សត្រធំជាងគេ ហេតុអ្វីចង់ហៅបរទេសមកគ្រប់គ្រងខ្មែរវិញ។
* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកវិភាគនិយាយអ្វីនិយាយទៅ តែកុំព្រហើន បើខុសច្បាប់ គឺច្បាប់មានវិធានការហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចហ៊ានវៃខ្នោះអ្នកនយោបាយម៉ោង១២យប់ រឿងអ្វីមិនហ៊ានវៃខ្នោះអ្នកចោទប្រកាន់រដ្ឋសភាថាខុសច្បាប់។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ព្រឹត្តិការវាយប្រហារសម្តេចនៅសៀមរាបកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ គឺមានការណែនាំសម្តេចមិនឱ្យទៅ ព្រោះបានប្រមើមើលឃើញពីគម្រោងវាយប្រហារសម្តេច។ ទីបំផុតពិតជាមានការវាយប្រហារប្រាកដមែន តែមិនអាចសម្លាប់សម្តេច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលបែក ប៉ុលពត សម្តេចអ្នកប្រគល់ផ្ទះឱ្យប្រជាពលរដ្ឋសោះ តែពេលបោះឆ្នោតបែរចោទថាសម្តេចយកផ្ទះប្រជាពលរដ្ឋទៅវិញ។ សម្តេចតេជោ បានថ្លែងថា នេះជារឿងឈឺចាប់ណាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាមោទនភាពសម្រាប់រាជរដ្ឋាភិបាល ដែលថ្លុកត្រពាំង បានក្លាយទៅជាទីតាំងសំណង់អគារផ្សេងៗ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មចំពោះការរិះគន់រឿងជំនន់លិចភ្នំពេញ។ សម្តេចតេជោបញ្ជាក់ថា ការជន់លិចដោយសារទឹកភ្លើងវាធ្លាក់មកខ្លាំង។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចធ្លាប់រស់នៅសម័យសង្គមរាស្ត្រនិយម គឺទឹកលិចពេញភ្នំពេញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នករិះគន់រឿងការជន់លិចនៅភ្នំពេញ គឺជាការច្រណែនចំពោះសមិទ្ធផលនៃការអភិវឌ្ឍ។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍គាំទ្រការលុបស្រះទឹកមួយនៅក្នុង ហ្គ្រេនស៊ីធី របស់ក្រុមហ៊ុនជីបម៉ុង
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តម្រូវការប្រើប្រាស់ឈើរបស់ប្រជាពលរដ្ឋ ជាចំណែកនាំឱ្យបាត់បង់ព្រៃឈើនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានការអភិវឌ្ឍ គឺនឹងមានសម្ពាធទៅលើបរិស្ថាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីសង្គមរាស្ត្រនិយម លោក អ៉ិន តាំ សិរីមតនៈ និង ចេង ហេង ខូចជាងគេ។
* សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅអ្នកវិភាគរឿង២៣តុលា កុំចេះតែបកស្រាយបំពានលើស្ថាប័នជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ម៉ោងនេះហើយ នៅមានមនុស្សភ្លើមិនយល់រឿងកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ១៩៩១។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានឯករាជ្យភាពរបស់ខ្លួន ហើយប្រទេសនានាត្រូវគោរពឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើដល់ជនប្រឆាំងកុំឱ្យតាំងខ្លួនជាត្រីបក លើក្តារអុកអាស៊ាន។ សម្តេចតេជោ បានបញ្ជាក់ទោះត្រូវប្រើទូក ក៏តាមស៊ីត្រីឱ្យទាល់តែបាន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចការរបស់កម្ពុជា គឺកម្ពុជាជាអ្នកចាត់ចែង កុំយកអាស៊ានមកលូកលាន់។
* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យពិចារណាចំពោះជនលើកឡើងថា ការធ្វើវិសោធនកម្ម ២/៣ មក ៥០ បូក១ ជាការរំលោភរដ្ឋធម្មនុញ្ញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជនចោទសម្តេចមានសញ្ជាតិពីរ ជាឱកាសឱ្យសម្តេចផ្តួចផ្តើមបង្កើតច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលរបស់ជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានសញ្ជាតិខ្មែរតែមួយតាំងពីកំណើត ហើយមិនដែលយល់សប្តិចង់បានសញ្ជាតិនេះ ឬសញ្ជាតិនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើការងារចំនួន៣ ជូនទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យខិតខំបំពេញបន្ថែម។ ការងារទាំង៣នោះរួមមាន៖ បន្តខិតខំដោះស្រាយការចេញបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ, ខិតខំដោះស្រាយជម្លោះដីធ្លីដែលនៅសេសសល់ ឬទើបកើតដោយប្រើយន្តការសម្របសម្រួល ក្រៅប្រព័ន្ធតុលាការ និងត្រូវមានសុចរិតភាព, ខិតខំដោះស្រាយបញ្ហាដីសង្គមកិច្ច។ សម្តេចតេជោ ចាត់ទុកកិច្ចការដីសម្បទានសង្គមកិច្ច ជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាពចំពោះប្រជាពលរដ្ឋខ្មែរ ដែលបានប្រកាន់ខ្ជាប់វិធានការការពារជំងឺកូវីដ១៩ ដោយបានពាក់ម៉ាស់។ សម្តេចតេជោ បានសង្កេតឃើញថា តាមផ្លូវពីផ្ទះ មកទីតាំងប្រារព្ធពិធីឃើញមនុស្ស ៣នាក់ប៉ុណ្ណោះ អត់ពាក់ម៉ាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបើក ឌីស្កូ និង KTV ត្រូវរង់ចាំពិនិត្យក្រោយថ្ងៃទី៣០ ខែវិច្ឆិកា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិធីមង្គលការអនុញ្ញាតឱ្យមានអ្នកចូលរួមច្រើនបំផុត២០០នាក់ ដោយមិនរាប់បញ្ចូលអ្នកផ្តល់សេវានានា។
* សម្តេចតេជោ ហ៊ុន សែន ណែនាំកុំឱ្យទាន់បើកមត្តេយ្យសិក្សា។