- លោកជំទាវ ហាក់ ចា ហាន់ មូន (Hak Ja Han Moon) សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសកល;
- លោកបណ្ឌិត ថូម៉ាស ជី វ៉ាលស៍ ( Thomas G. Walsh) ប្រធានសហព័ន្ធសន្តិភាពសកល;
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ខ្ញុំមានកិត្តិយស និងក្តីសោមនស្ស ដែលបានចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកម្មវិធី «មហាសន្និបាតនៃក្ដីសង្ឃឹមពិភពលោកលើកទី ៧៖ ស្ថាប័នស្រាវជ្រាវ ឆ្នាំ ២០២២» ក្រោមប្រធានបទ “សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក”។ ក្នុងនាមជាប្រទេសដែលផ្តល់តម្លៃមិនអាចកាត់ថ្លៃបានដល់សន្តិភាព, កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការរៀបចំមហាសន្និបាតនេះ ដើម្បីពង្រឹងវប្បធម៌សន្តិភាព និងការជឿទុក ចិត្តគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
បច្ចុប្បន្ននេះ, ព្រឹត្តិការណ៍ភូមិសាស្រ្តនយោបាយមួយក្នុងតំបន់ ដែលបាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានអន្តរជាតិ គឺការដកកងទ័ពរបស់សហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន និងការដណ្តើមកាន់កាប់ទីក្រុងកាប៊ុលទាំងស្រុងឡើងវិញដោយក្រុមតាលីបង់។ ព្រឹត្តិការណ៍នេះ គឺជាការរំលឹកយ៉ាងក្រៀមក្រំ និងជូរចត់ទៅដល់រឿងរ៉ាវដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ ដែលនៅពេលនោះ ខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ ដែលនេះគឺជាស្ថានភាពដ៏សោកសៅបំផុត ដែលកម្ពុជា និងប្រជាជនកម្ពុជា ចងចាំពីភាពខ្លោចផ្សា និងប្ដេជ្ញាបញ្ចៀសព្រឹត្តិការណ៍ស្រដៀងគ្នានេះមិនឱ្យកើតឡើងម្តងទៀតឡើយ។
ច្បាស់ណាស់ថា, ទិដ្ឋភាពភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ព្រមជាមួយនឹងការប្រែប្រួលតុល្យភាពអំណាចសកល និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលកាន់តែស្មុគស្មាញ, ស្រួចស្រាល់ និង គ្រោះថ្នាក់បំផុត។ ជាអកុសល នៅក្នុងកម្រិតណាមួយនោះ, ខ្សែបន្ទាត់ភូមិសាស្ត្រនយោបាយត្រូវបានគូសវាសឡើងរួចទៅហើយ ដែលការណ៍នេះអាចនឹងរុញច្រានឱ្យមានការកើតឡើងនូវនិន្នាការបន្ទច់បង្អាក់មិនប្រក្រតី នោះគឺរដ្ឋតូចៗកំពុងស្ថិតនៅក្រោមសម្ពាធឱ្យធ្វើការជ្រើសរើសភាគីម្ខាងៗ ដែលផ្ទុយពីឆន្ទៈ និង ផលប្រយោជន៍ជាតិរបស់ខ្លួន។
តាមរយៈបទពិសោធន៍ដែលស្ដែងចេញពីការវិវត្តនៃស្ថានការណ៍នយោបាយ នៅប្រទេសអាហ្វហ្គា-នីស្ថាន និងទីកន្លែងផ្សេងៗទៀត, យើងអាចយល់ច្បាស់បានថា មានតែភាគីពាក់ព័ន្ធនៅក្នុងប្រទេសមានជម្លោះតែប៉ុណ្ណោះ ដែលអាចចូលរួមចំណែកកសាងសន្តិភាព និងប្រទេសជាតិបាន។ ប្រទេសដទៃមិនអាចមកដើរតួជំនួសក្នុងការកសាងនេះបានឡើយ។ ក្នុងន័យនេះ, ខ្ញុំសូមគូសបញ្ជាក់ថា «ភាពជាម្ចាស់ប្រទេស» គឺជាគន្លឹះឈានឆ្ពោះទៅរកជោគជ័យ និងសន្តិភាពពេញលេញ ប្រកបដោយនិរន្តរភាព។ និយាយមួយបែបទៀតបានថា ប្រទេសដទៃមិនអាចមកបណ្ដុះគុណតម្លៃ និងប្រព័ន្ធនយោបាយឱ្យប្រទេសណាមួយបាននោះឡើយ ដោយសារមូលដ្ឋានគ្រឹះសំខាន់ទាំងនេះត្រូវការការរីកលូតលាស់ជាលំដាប់លំដោយ ស្របទៅតាមបរិបទនយោបាយ, សេដ្ឋកិច្ច, សង្គមកិច្ច និង វប្បធម៌របស់ប្រទេសនីមួយៗ។
ជាក់ស្ដែង, កម្ពុជា គឺជាឧទាហរណ៍គំរូមួយ ដែលគួរពិចារណាយកបទពិសោធន៍ ។ សន្តិភាពពេញលេញដែលយើងទទួលបាននាពេលនេះ គឺត្រូវបានកសាងឡើងដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេស។ ខ្ញុំសូមគូសបញ្ជាក់ថា នាដើមទសវត្សរ៍ឆ្នាំ ១៩៩០, កម្ពុជាមិនអាចសម្រេចបានសន្តិភាពពេញលេញនោះទេ បើទោះបីជាសហគមន៍អន្តរជាតិបានចំណាយថវិកាអស់ប្រមាណ ២ ពាន់លានដុល្លារអាមេរិក។ សង្រ្គាមនៅតែបន្តអូសបន្លាយរហូតដល់ខែ ធ្នូ ឆ្នាំ ១៩៩៨ ទើបកម្ពុជាអាចឈានទៅសម្រេចបានសន្តិភាពពេញលេញ បន្ទាប់ពីបានអនុវត្តនយោបាយឈ្នះ-ឈ្នះ ដើម្បីស្វែងរកដំណោះស្រាយនយោបាយរួមមួយក្នុងចំណោមជាតិសាសន៍របស់យើង។ ក្នុងន័យនេះ, ខ្ញុំសូមគូសបញ្ជាក់ជាថ្មីម្តងទៀតថា យើងត្រូវតែមាន “ភាពជាម្ចាស់ប្រទេស” នៅក្នុងការកសាងសន្តិភាព និង ការកសាងប្រទេសជាតិនៅក្រោយជម្លោះ។
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ខ្ញុំពិតជាមានមោទនភាព ដែលវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) របស់កម្ពុជា ត្រូវបានសហព័ន្ធសន្តិភាពសកល ជ្រើសរើសបំពេញតួនាទីជាលេខាធិការដ្ឋានប្រចាំអាស៊ីប៉ាស៊ីហ្វិកនៃកម្មវិធី «ស្ថាប័នស្រាវជ្រាវឆ្នាំ ២០២២»។ ខ្ញុំយល់ថាស្ថាប័នស្រាវជ្រាវ ក៏មានតួនាទីសំខាន់ក្នុងការចូលរួមចំណែកដោះ-ស្រាយបញ្ហាវិបត្តិ និងលើកកម្ពស់ការរក្សាសន្តិភាព តាមរយៈការវិភាគស៊ីជម្រៅ និងការបណ្តុះស្មារតីផ្លាស់ប្តូរមតិយោបល់ និងកិច្ចសន្ទនា។ លើសពីនេះ, ស្ថាប័នស្រាវជ្រាវត្រូវផ្ដល់អាទិភាពខ្ពស់លើភាពប្រាកដនិយម, រក្សាស្មារតីស្ថាបនា, មិនប្រកាន់និន្នាការជ្រុលនិយម, លើកកម្ពស់គោលការណ៍ស្វែងយល់ពីគ្នា និងផ្តល់តម្លៃដល់ភាពចម្រុះ (diversity) ក្នុងការសិក្សា, ការវិភាគ និងការដាក់ចេញនូវអនុសាសន៍នានា ក្នុងបុព្វហេតុស្វែងរក និងរក្សាសន្តិភាព ជាពិសេសការធានាបាននូវការអភិវឌ្ឍប្រកបដោយបរិយាបន្នដល់មនុស្សជាតិ។
ជាទីបញ្ចប់, ខ្ញុំសូមជូនពរគណៈប្រតិភូទាំងអស់ សូមមានសុខភាពល្អ និងសុភមង្គល ។ ខ្ញុំក៏សូមជូនពរ «មហាសន្និបាតនៃក្តីសង្ឃឹមលើកទី ៧» ឱ្យទទួលបានលទ្ធផលជោគជ័យជាផ្លែផ្កា។
សូមអរគុណ!