FN ៖ រយៈពេល៦ខែ ដើមឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញទៅកាន់ប្រទេសថៃ មានទឹកប្រាក់ប្រមាណ៥១៦លានដុល្លារ ធ្លាក់ចុះ៣៣ភាគរយ ខណៈការនាំចូលពីថៃ មានទឹកប្រាក់រហូតដល់ជាង ៣,៤៦៦លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ។
ខណៈទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២១នេះ សម្រេចបានសរុបប្រមាណ ៣,៩៨២លានដុល្លារ ធ្លាក់ចុះ១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ មានចំនួន៤,០២៥លានដុល្លារ។
ចំពោះមុខទំនិញ ដែលកម្ពុជានាំចេញ ទៅទីផ្សារប្រទេសថៃ ភាគច្រើន គឺជាផលិតផលកសិកម្ម ខណៈផលិតផលនាំចូលពីប្រទេសថៃ មកកម្ពុជាវិញ មានដូចជា៖ រថយន្ត, ប្រេងឥន្ធនៈ, ជីកសិកម្ម, ផលិតផលចំណីអាហារ និងគ្រឿងថែសម្រស់ជាដើម -ល-។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ធ្លាប់បានបញ្ជាក់ឲ្យដឹងថា ការធ្លាក់ចុះ នៃការនាំចេញរបស់កម្ពុជា ទៅប្រទេសថៃនេះ គឺដោយសារតែបញ្ហាការរាលត្បាត នៃជំងឺកូវីដ-១៩។
លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ការធ្លាក់ចុះ ការនាំចេញរបស់កម្ពុជាទៅថៃ គឺអាចបណ្តាលមកពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅខេត្តតាមបណ្តោព្រំដែន កម្ពុជា-ថៃ ដែលធ្វើឲ្យមានការរឹតបន្តឹង លើការដឹកជញ្ជូនទំនិញ រវាងប្រទេសទាំងពីរ»។
បន្ថែមពីនោះទៀត លោក ប៉ែន សុវិជាតិ បានឲ្យដឹងផងដែរថា ការធ្លាក់ចុះ ការនាំចេញទំនិញកម្ពុជា ទៅកាន់ប្រទេសថៃនេះ មិនមែនមកពីកត្តាតម្រូវការប្រើប្រាស់ របស់ពលរដ្ឋថយចុះនោះឡើយ។
គូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ថៃ ឆ្នាំ២០២០ សម្រេចបានទឹកប្រាក់ ៧.២៥ពាន់លានដុល្លារ ធ្លាក់ចុះ២៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលាមានទឹកប្រាក់ ៩.៤ពាន់លានដុល្លារអាមេរិក៕