FN ៖ នៅឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណ ២៨០ ៤៥០តោន មានការថយចុះចំនួន ១១៧ ២១០តោន ស្មើនឹង-២៩.៤៧% បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៦ខែ ឆ្នាំ២០២០ ដែលមានចំនួន ៣៩៧ ៦៦០តោន។
តាមរបាយការណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា លទ្ធផលនៃការនាំចេញអង្ករ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២១ រួមមាន៖
* បរិមាណអង្ករនាំចេញ មានចំនួន ២៨០ ៤៥០តោន មានការថយចុះចំនួន ១១៧ ២១០តោន (-២៩.៤៧%) បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២០ ដែលមានចំនួន ៣៩៧ ៦៦០តោន
* ការនាំចេញអង្ករក្នុងខែមិថុនា ឆ្នាំ២០២១ មានចំនួន ៤៧ ៤១៩តោន កើនឡើងចំនួន ៥ ៨៥៦តោន (១៤.០៩%) បើធៀបនឹងខែមិថុនា ឆ្នាំ២០២០ ដែលមានចំនួន ៤១ ៥៦៣តោន។
* អង្ករក្រអូបគ្រប់ប្រភេទ មានចំនួន ១៩១ ៤៩២តោន ស្មើនឹង ៦៨,២៨% អង្ករសគ្រប់ប្រភេទមានចំនួន ៨៣ ៦៨៣តោន ស្មើនឹង ២៩.៨៤% និងអង្ករចំហុយមានចំនួន ៥ ២៧៥តោន ស្មើនឹង ១.៨៨%
* អង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២០ប្រទេស មានបរិមាណសរុបចំនួន ៦៧ ១៣៦តោន (ថយចុះចំនួន ៦៨ ៤៤០តោន ស្មើនឹង -៥០.៤៨%) * ទិសដៅប្រទេសចិន មានបរិមាណ សរុបចំនួន ១៤៣ ២៩៣តោន (ថយចុះចំនួន ៤ ៦៥៦តោន ស្មើនឹង -៣.១៥%)
* ទិសដៅអាស៊ានចំនួន៥ប្រទេស មានបរិមាណសរុបចំនួន ២៧ ១៣៦តោន(ថយចុះចំនួន ២៥ ៨៥១តោន ស្មើនឹង -៤៨.៧៩%) និងទិសដៅដទៃទៀត ចំនួន២១ប្រទេស មានបរិមាណសរុប ៤២ ៨៨៥តោន (ថយចុះចំនួន ១៨ ២៦៣តោន ស្មើនឹង -២៩.៨៧%)
* ក្រុមហ៊ុនដែលបាននាំចេញអង្ករ មានចំនួន ៥៦ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញ ដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ២០៣ ៨៤៧តោន (៧២.៦៩%) និងក្រុមហ៊ុន៤៦ដទៃទៀត បាននាំចេញត្រឹមតែ ៧៦ ៦០៣តោន (២៧.៣១%)៕